Friday, 22 November 2024

តុលាការ​ផ្ដន្ទាទោស​លោក នី ណាក់ ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ក្នុង​សំណុំរឿង​ញុះញង់ ប្ដឹង​ដោយ​លោក ហេង សួរ


ដោយ ថា ថៃ
2024.11.21

តុលាការ​ផ្ដន្ទាទោស​លោក នី ណាក់ ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ក្នុង​សំណុំរឿង​ញុះញង់ ប្ដឹង​ដោយ​លោក ហេង សួរ 

អ្នកជំនាញ​កសិកម្ម​លោក នី ណាក់។ រូបបង្ហោះលើហ្វេសប៊ុក នៅថ្ងៃទី២១ វិច្ឆិកា ២០២៤។
រូប៖ ហ្វេសប៊ុកលោក នី ណាក់


គ្រួសារ​ខក​ចិត្ត ដែល​តុលាការ​ផ្ដន្ទាទោស​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០០លាន​រៀល ឬ​ស្មើ​​ប្រមាណ ៥ម៉ឺន​ដុល្លារ ឱ្យ​ទៅ​ដើម​បណ្ដឹង​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង។ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នី ណាក់ ថា នឹង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ ដោយ​ចាត់​ទុក​ថា​នេះ គឺ​ជា​រឿង​អយុត្តិធម៌។ ភរិយា​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ឱ្យ​លោក នី ណាក់ ចាញ់​ក្ដី ហើយ​ត្រូវ​រង​ពិន័យ​ឱ្យ​បង់​លុយ​ទៅ​តុលាការ​ជាង ៧០០ដុល្លារ និង​ឱ្យ​ទៅ​លោក ហេង សួរ ប្រមាណ ៥ (៥០.០០០)ម៉ឺន​ដុល្លារ​នេះ​ថា ជា​រឿង​ដែល​ឈឺ​ចាប់ និង​អយុត្តិធម៌។

ប្រពន្ធ​លោក នី ណាក់ លោកស្រី សុខ ស៊ីណែត ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា ការ​សម្រេច​ផ្ដន្ទាទោស​របស់​តុលាការ ឱ្យ​ប្ដី​លោកស្រី​ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ច្រើន​លើស​លប់​នេះ គឺ​ជា​រឿង​មិន​សម​ហេតុផល ព្រោះ​ថា ប្ដី​លោកស្រី ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោកស្រី​សង្ឃឹម​ថា តុលាការ​នឹង​ពិចារណា​ឡើង​វិញ ក្នុង​ការ​បន្ធូរបន្ថយ ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ប្ដី​លោកស្រី និង​ដោះ​លែង​គាត់​ឱ្យ​មាន​សេរីភាព​វិញ ដោយ​ឥត​លក្ខខ័ណ្ឌ។ ជាមួយ​គ្នា​នោះ លោកស្រី​ព្រួយ​បារម្ភ​ពី​សុខ​ភាព​ប្ដី ព្រោះ​ថា លោក នី ណាក់ កំពុង​មាន​ជំងឺ​ថ្លើម​ប្រភេទ ប៊ី(B) ដែល​ត្រូវ​ការ​ពិនិត្យ​សុខភាព​ឱ្យ​បាន​ត្រឹម​ត្រូវ ខណៈ​ដែល​សព្វថ្ងៃ លោក នី ណាក់ មាន​សុខភាព​មិន​សូវ​ល្អ ស្រក​ទម្ងន់​អស់​ជា​ច្រើន ដោយសារ​តែ​ហូប​ចុក​មិន​គ្រប់​គ្រាន់ ហើយ​ដេក​មិន​សូវ​លក់។



    លោកស្រី សុខ ស៊ីណែត៖ «ខ្ញុំ​គិត​ថា វា​មិន​អយុត្តិធម៌​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ តុលាការ ​និង​សាលាឧទ្ធរណ៍​នឹង​ដោះលែង​ប្ដី​ខ្ញុំ ហើយ​ទម្លាក់​បទ​ចោទ​ទាំង​អស់​ឱ្យ​គាត់​មាន​សេរីភាព ដោយ​មិន​បាច់​សង​លុយ​ទៅ​ភាគី​ណា​មួយ។ ការ​ចោទ​ហ្នឹង ដោយ​សារ​តែ​គាត់​បញ្ចេញ​មតិ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​នេះ​វា​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​គាត់ ការ​យល់​ឃើញ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្នាក់។ គាត់​អត់​មាន​បំណង​ទុច្ចរិត​ណា​មួយ​ទៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ក៏​ទៅ​បបួល​នរណា​ម្នាក់​ឱ្យ​ញុះញង់ ឬ​ស្អប់​នរណា​ម្នាក់ គឺ​អត់​មាន​ទេ»។

អ្នក​បញ្ចេញ​មតិ​បញ្ហា​​សង្គម​​លោក នី ណាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មករា ក្រោម​បទ​ចោទ​ «ការ​មិន​រាង​ចាល​ក្នុង​បទមជ្ឈិម បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម​បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ដែល​ប្ដឹង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​របស់​លោក នី ណាក់ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក រឿង​ដែល​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាត់​ដី​ជិត ១០០ហិកតារ​នៅ​ខេត្តកំពត​ឱ្យ​ទៅ​បុគ្គល​ឈ្មោះ ហេង សួរ។ ក្រោយ​មក លោក ហេង សួរ បាន​ចេញ​មក​អះអាង​ថា បុគ្គល​ឈ្មោះ ហេង សួរ ដែល​លោក​នី ណាក់ សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេបប៊ុក​នោះ ពុំ​មែន​ជា​រូប​លោក​នោះ​ទេ ហើយ​បាន​ចោទ​លោក នី ណាក់ ថា ផ្សាយ​ព័ត៌មាន​មិន​ពិត មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ញុះញង់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា។

រីឯ​នៅ​ក្នុង​បន្ទប់​ប្រកាស​សាល​ក្រម​កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ខែវិច្ឆិកា​នេះ ក្នុង​សំលៀកបំពាក់​ជា​អ្នក​ជាប់​ឃុំ​ពណ៌ស្លាទុំ លោក នី ណាក់ ដែល​បាន​ចូល​រួម​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​ដែល​នោះ​ បាន​បង្ហាញ​អាការៈ​មិន​សប្បាយ​ចិត្ត ប៉ុន្តែ លោក​ពុំ​បាន​តវ៉ា​នៅ​ចំពោះ​មុខ​ចៅក្រម​ដែល​បាន​សម្រេច​ឱ្យ​លោក​ចាញ់​ក្ដី​ជា​មួយ​នឹង​ លោក ហេង សួរ ដែល​ជា​ដើម​បណ្ដឹង​នោះ​ទេ។ ក្រោយ​ចប់​ការ​ប្រកាស​សាលក្រម​ លោក នី ណាក់ បាន​ផ្ដាំ​មេធាវី​ឱ្យ​ទៅ​ជួប​លោក នៅ​ឯ​ពន្ធនាគារ​មណ្ឌល​កែប្រែ​ទី៣ «ម៣» ខេត្ត​ត្បូង​ឃ្មុំ ដើម្បី​រៀបចំ​បណ្ដឹង​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ។

មេធាវី​ការ​ពារ​ក្ដី​ឱ្យ​លោក នី ណាក់ លោក ជូង ជូងី ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា​ដំបូង ក្រោយ​ពេល​ប្រកាស​សាលក្រម​រួច​ថា ការ​សម្រេច​ផ្ដន្ទាទោស​របស់​តុលាការ​ឱ្យ​កូន​ក្ដី​របស់​លោក​ចាញ់​ក្ដី និង​បន្ត​ជាប់​ពន្ធនាគារ​ទៀត​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​ថា កន្លង​ទៅ​កូន​ក្ដី​របស់​លោក​គ្រាន់​តែ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ខ្វល់ខ្វាយ​ពី​បញ្ហា​ប្រទេស​ជាតិ ដូច្នេះ ពុំ​មែន​ជា​បទល្មើស​នោះ​ឡើយ។

    លោក ជូង ជូងី៖ «ខ្ញុំ​ជា​មេធាវី​មើល​ឃើញ​ថា អ្វី​ដែល​លោក នី ណាក់ គាត់​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កន្លង​មក​ហ្នឹង គឺ​គាត់​អត់​មាន​ញុះញង់​អី​ទេ គឺ​គាត់​បង្ហាញ​ពី​ទស្សនៈ​យល់​ឃើញ​របស់​គាត់​ និង​ការ​បារម្ភ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រឿង​សង្គម។ អ៊ីចឹង​ខ្ញុំ​យល់​ឃើញ​ថា ការ​សម្រេច​ក្ដី​នេះ​ អយុត្តិធម៌​សម្រាប់​គាត់​ពេក​ណាស់»។

ទាក់ទិន​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ការ​សម្រេច​ផ្ដន្ទាទោស​របស់​តុលាការ​ឱ្យ​លោក នី ណាក់ ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជាង ២០០លាន​រៀល​នេះ គឺ​ជា​រឿង ដែល​គួរ​ឱ្យ​សោកស្ដាយ។ លោក​អះអាង​ថា ករណី​លោក នី ណាក់ នេះ គឺ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​សុទ្ធសាធ។ ដូច្នេះ តុលាការ​មិន​គួរ​កាត់​ក្ដី​ឱ្យ​គាត់​មាន​ទោស​នោះ​ទេ ព្រោះ​ថា​ ការ​ផ្ដន្ទាទោស​នេះ គឺ​ជា​រូបភាព​បំភិតបំភ័យ​ដល់​អ្នក ដែល​ហ៊ាន​បញ្ចេញមតិ ជុំវិញ​បញ្ហា​អយុត្តិធម៌​នៅ​ក្នុង​សង្គម។

    លោក អំ សំអាត៖ «យើង​មើល​ឃើញ​ថា ការ​ផ្ដន្ទាទោស និង​ការ​បន្ត​ដាក់​ពន្ធនាគារ​លោក នី ណាក់ គឺ​មិន​មាន​ផល​ចំណេញ​អ្វី​ទេ ផ្ទុយ​ទៅ​វិញ នឹង​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ​ទៅ​វិញ​ទេ»។

អ្នក​ជំនាញ កសិកម្ម​លោក នី ណាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឱ្យ​ជាប់​ពន្ធនាគារ១៨ខែ​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ២០២១ ពី​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង និង​ការ​ប្រមាថ​ជា​សាធារណៈ​ចំពោះ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បែប​ចំអក​របស់​លោក ទាក់ទង​នឹង​ការ​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់ ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

ក្រោយ​ចេញ​ពី​ពន្ធនាគារ លោក នី ណាក់ នៅ​តែ​បន្ត​បញ្ចេញមតិ​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​សង្គម ហើយ​ក៏​ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ ប្រដាប់​ដោយ​ដំបង​ដែក​ព្រួត​គ្នា​វាយ​ទាំង​កណ្ដាល​ថ្ងៃ ក្នុង​ទី​ក្រុងភ្នំពេញ កាល​ពី​​​ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២៣ បណ្ដាល​ឱ្យ​បែក​ក្បាល ហូរ​ឈាម​ស្រោច​ខ្លួន​ សន្លប់​ស្ដូក​ស្ដឹង​នៅ​នឹង​កន្លែង​តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​បាន​នៅ​ឡើយ បើ​ទោះ​ជា​មាន​ការ​ប្ដឹង​ផ្ដល់​ពី​លោក នី ណាក់ ក៏​ដោយ៕

No comments: