2024.11.26
ជនភៀសខ្លួនខ្មែរ ៦នាក់ ដែលអាជ្ញាធរថៃបញ្ជូនទៅកម្ពុជាវិញ តាមសំណើរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នោះ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនពួកគាត់នៅពន្ធនាគារផ្សេងគ្នា អំពីបទក្បត់ជាតិ។ ប៉ុន្តែ គ្រួសារ គណបក្សប្រឆាំង រួមទាំងមន្ត្រីសិទ្ធិមនុស្សចាត់ទុកករណីនេះថា ជាការធ្វើទុក្ខបុកម្នេញឆ្លងដែនលើសកម្មជនបក្សជំទាស់។
ជនភៀសខ្លួនដែលសមត្ថកិច្ចថៃចាប់បញ្ជូនឱ្យអាជ្ញាធរកម្ពុជាវិញ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំតាមពន្ធនាគារនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀត។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក ឃៀង សុណាឌីន ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាថា មន្ត្រីពន្ធនាគារទទួលឃុំខ្លួន អ្នកទាំង ៦នាក់នោះ ពាក់ព័ន្ធពួកគេបានប្រព្រឹត្តអំពើល្មើសច្បាប់កម្ពុជា និងអនុវត្តតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគាររូបនេះឱ្យដឹងថា ជនជាប់ចោទទាំងនោះត្រូវបានតុលាការចោទប្រកាន់អំពីបទ «អំពើក្បត់ជាតិ» ដោយបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួន។ ដូចជាលោក ប៉ែន ចាន់សង្រ្គាម ឃុំនៅពន្ធនាគារត្រពាំងផ្លុង (ម៣) ចំណែកលោកស្រី ហុង អាន លោកស្រី យ៉ិន ចន្ធូ លោកស្រី វ៉ន ច័ន្ទរចនា ឃុំនៅពន្ធនាគារ ម២ នៅរាជធានីភ្នំពេញ រីឯលោកស្រី សឺង គន្ធា និងលោក មាន ចាន់ថុន បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្តាល។
លោក ឃៀង សុណាឌីន៖ «ជនទាំង ៦នាក់នេះឃុំខ្លួនតាមដីកាបង្កាប់របស់សាលាដំបូងរាជធានីភ្នំពេញ។ បច្ចុប្បន្នជនទាំង ៦នាក់នេះ សាលាដំបូងរាជធានីភ្នំពេញដាក់ឱ្យពិនិត្យអំពីបទ អំពើក្បត់ជាតិ ដូចមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
ចំណែកគ្រួសារជនជាប់ចោទវិញ ប្រាប់វិទ្យុអាស៊ីសេរីថា ចៅប្រុសរបស់លោកស្រី ហុង អាន ដែលបានបញ្ជូនពីថៃមកកម្ពុជាទៅជាមួយគ្នានោះ សមត្ថកិច្ចបានដោះលែងឱ្យទៅជួបគ្រួសារវិញ។
កូនស្រីរបស់លោកស្រី ហុង អាន គឺលោកស្រី សៀន ស៊ីនួន ហៅការចាប់បញ្ជូនម្ដាយរបស់លោកស្រី និងជនភៀសខ្លួនផ្សេងទៀតពីប្រទេសថៃយកមកដាក់ពន្ធនាគារនៅកម្ពុជា នៅពេលនេះជាអំពើព្រៃផ្សៃ។
លោកស្រី សៀន ស៊ីនួន៖ «ការចាប់ខ្លួនពួកគាត់នេះ វាជាការចាប់ខ្លួនដោយបង្ខិតបង្ខំ បិទសិទ្ធិនិយាយស្ដី ការបញ្ចេញមតិ ដល់ធ្វើអ៊ីចឹងវាសាហាវពេក ខ្ញុំស្នើដល់រដ្ឋាភិបាល និងតុលាការឱ្យឆាប់បានដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ពីព្រោះពួកគាត់អត់មានកំហុសអ្វីទេ ពួកគាត់បញ្ចេញមតិក៏ដើម្បីប្រទេសជាតិ និងសង្គមទាំងគ្នាដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា។
សមត្ថកិច្ចថៃបានឡោមព័ទ្ធចាប់ខ្លួនជនភៀសខ្លួននយោបាយ ចំនួន៧នាក់ដល់ក្នុងបន្ទប់ជួល នៅម្ដុំស៊ីម៉ាំមឿង (Si Mum Muang) ខេត្តប៉ាធុមថានី (Pathum Thani) កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ហើយបានបញ្ជូនឱ្យអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កាលពីនៅថ្ងៃទី២៥ ខែវិច្ឆិកា ទោះបីជាមានការជួយអន្តរាគមន៍ពីមន្ត្រីនៃឧត្ដមស្នងការអង្គការសហប្រជាជាតិក៏ដោយ។ អ្នកទាំងនោះ រួមមានលោក លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន ជាមួយចៅប្រុសអាយុ៧ឆ្នាំ សមាជិកបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ លោក មាន ចាន់ថុន ព្រមទាំងជនភៀសខ្លួនខ្មែរក្រោមបីនាក់ទៀត គឺលោកស្រី យ៉ិន ចន្ធូ លោកស្រី សឺង គន្ធា និងលោកស្រី វ៉ន ច័ន្ទរចនា ផងដែរ។
ក្នុងចំណោមសកម្មជនទាំងនោះ លោក ប៉ែន ច័ន្ទសង្គ្រាម និងលោកស្រី ហុង អាន ធ្លាប់ជាប់ពន្ធនាគារម្តងហើយ កាលពីអំឡុងឆ្នាំ២០២១ ដោយតុលាការក្រុងភ្នំពេញចោទប្រកាន់ពួកគាត់អំពីបទញុះញង់ ពាក់ព័ន្ធការតវ៉ាទាមទារឱ្យរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយរឿងអយុត្តិធម៌នៅក្នុងសង្គម។ កាលណោះ ក្រោយពួកគាត់ចេញពីពន្ធនាគារវិញ នៅតែប្ដេជ្ញាចិត្តបន្តសកម្មភាពជាមួយគណបក្សជំទាស់ដដែល ហើយពួកគាត់បានសម្រេចចិត្តរត់ភៀសខ្លួនទៅប្រទេសថៃ ដើម្បីរក្សាសុវត្ថិភាព រហូតសមត្ថកិច្ចថៃ និងកម្ពុជាសហការគ្នាចាប់ពួកគាត់ដាក់ពន្ធនាគារនៅប្រទេសកំណើតជាលើកទីពីរ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថារដ្ឋាភិបាលថៃមានកាតព្វកិច្ចការការពារជនភៀសខ្លួន ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ ប៉ុន្តែលោកថា ជារឿងសោកស្ដាយ ដែលអាជ្ញាធរថៃជារឿយៗ មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនទេ បែរជាចាប់បញ្ជូនសកម្មជននយោបាយខ្មែរ ឲ្យអាជ្ញាធរកម្ពុជាយកទៅឃុំខ្លួនក្នុងពន្ធនាគារទៅវិញ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ចាត់ទុកនេះជាអំពើរំលោភសិទ្ធិជនភៀសខ្លួន រំលោភច្បាប់អន្តរជាតិនានា ដែលអង្គការសហប្រជាជាតិត្រូវអន្តរាគមន៍ដោះស្រាយ ចំពោះរដ្ឋសមាជិកទាំងឡាយរំលោភលើកាតព្វកិច្ចរបស់ខ្លួន បើមិនដូច្នេះទេជនភៀសខ្លួននឹងរងគ្រោះបន្តទៀត។
លោក នី សុខា៖ «យើងមានការសោកស្ដាយណាស់ មិនគួរឥរិយាបថនៃរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរថៃ ចាប់បញ្ជូនពួកគាត់មកវិញនេះ ជារឿងអាម៉ាស់មុខណាស់នៅលើឆាកអន្តរជាតិ ចំពោះប្រទេសមួយចំនួនណាក៏ដោយ ការចាប់បញ្ជូនជនភៀសខ្លួន ដោយសារកត្តានយោបាយ សង្គមផ្សេងៗ គឺមិនមែនជាបទឧក្រិដ្ឋ ឬបទល្មើសអ្វីទេ នេះអាម៉ាស់ណាស់នៅលើឆាកអន្តរជាតិ»។
ជនភៀសខ្លួនទាំងនេះ គឺជាសកម្មជនគណបក្សប្រឆាំង ដែលគាំទ្រលោក សម រង្ស៊ី។ ពួកគាត់រស់នៅភៀសខ្លួនក្នុងប្រទេសថៃ និងត្រូវបានទទួលស្គាល់ឋានៈជាជនភៀសខ្លួនដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។ កាលពីពេលកន្លងទៅ ពួកគាត់តែងតែធ្វើវីដេអូ ឬបង្កើតមាតិកាព័ត៌មានជាច្រើន ផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដោយជជែកគ្នាអំពីរឿងបញ្ហាសង្គម បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាពិសេស រិះគន់ភាពអសកម្ម ចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាដើម។ ជាក់ស្ដែង សកម្មភាពនៅលើប្រព័ន្ធហ្វេសប៊ុកនោះ មានអ្នកចូលមើលរាប់ម៉ឺននាក់ ឬលោតដល់ចំនួនលាននាក់ក៏មាន៕
No comments:
Post a Comment