Monday 4 November 2024

សាច់ញាតិ​កញ្ញា នួន តឿន ថា ថៅកែ​រោងចក្រ​បញ្ឈប់​គាត់​ពី​ការងារ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ


ដោយ ច័ន្ទ ដារ៉ូ
2024.11.04

សាច់ញាតិ​កញ្ញា នួន តឿន ថា ថៅកែ​រោងចក្រ​បញ្ឈប់​គាត់​ពី​ការងារ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ 

កញ្ញា នួន តឿន ពលករ​ខ្មែរ ដែល​​អាជ្ញាធរ​​ម៉ាឡេស៊ី ចាប់​បញ្ជូន​មក​ឱ្យ​អាជ្ញាធរកម្ពុជា​ដាក់ពន្ធនាគារព្រៃ​ស។​
រូប៖ ហ្វេសប៊ុកកញ្ញា នួន តឿន


សាច់ញាតិ​ពលករ​ខ្មែរ​​កញ្ញា នួន តឿន ដែល​អាជ្ញាធរ​​ចាប់​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី​យក​មក​​ជាប់គុក​នៅ​កម្ពុជា ខកចិត្ត និង​ចាត់ទុក​ថៅកែ​រោងចក្រ​កាត់ដេរ​ដែល​សម្រេច​បញ្ឈប់​ការងារ​ថា ជា​ការរើសអើង​ផ្នែក​នយោបាយ។ មន្រ្តី​សង្គម​ស៊ីវិល​ថា ប្រសិន​បើ​ការបញ្ឈប់​ការងារ​ម្តាយមីង​របស់​កញ្ញា នួន តឿន ដោយសារតែ​មាន​ក្មួយស្រី​ជាប់គុក ព្រោះ​និយាយ​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​នោះ​ជា​រឿង​មិន​ត្រឹមត្រូវ និង​ធ្វើ​ឱ្យ​គ្រួសារ​រួម​ទាំង​ជនជាប់ចោទ​កាន់តែ​រង​សម្ពាធ ឈឺចាប់​ថែម​ទៀត។

សាច់ញាតិ​របស់​កញ្ញា នួន តឿន មិន​សុខចិត្ត​ចំពោះ​ថៅកែ​រោងចក្រ ឃីង អេសជី អឺភែរីល (KING SG APPAREL) នៅ​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​បាន​បញ្ឈប់​លោកស្រី​ពី​ការងារ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ។

ម្តាយមីង​របស់​កញ្ញា នួន តឿន គឺ​លោកស្រី ឆេង ថុល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ថា បុគ្គលិក​នៅ​ការិយាល័យ​រដ្ឋបាល​រោងចក្រ ឃីង អេសជី អឺភែរីល បាន​បញ្ជូន​ឯកសារ​ទៅ​ឱ្យ​ថៅកែ ព្រមទាំង​ហៅ​លោកស្រី​ទៅ​ជួប​ភ្លាមៗ ដើម្បី​បញ្ចប់​កិច្ចសន្យា​ការងារ​ចាប់​ពី​ថ្ងៃទី១៣ ខែ​វិច្ឆិកា​ត​ទៅ គឺ​កើត​ឡើង​បន្ទាប់​ពី​លោកស្រី​ត្រឡប់​ពី​សួរសុខទុក្ខ​ក្មួយស្រី​នៅ​ពន្ធនាគារ​ រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២ ខែ​វិច្ឆិកា។ លោកស្រី​បន្ត​ថា​ ទោះបីជា​តំណាង​សហជីព​នៅក្នុង​រោងចក្រ​ជួយ​អន្តរាគមន៍​យ៉ាង​ណាក្តី ក៏​ភាគី​រោងចក្រ​មិន​ព្រម​បន្ត​កិច្ចសន្យា​ការងារ​នេះ​ដែរ ដោយ​លើក​មូលហេតុ​ថា លោកស្រី​សុំច្បាប់​ឈប់​សម្រាក​ទៅ​មើល​ក្មួយស្រី​នៅក្នុង​ពន្ធនាគារ​ចំនួន​ពីរ​ដង ។លោកស្រី​យល់​ថា ហេតុផល​ដែល​ភាគី​រោងចក្រ​លើកឡើង​ដូច្នេះ​មិន​សម​ហេតុផល និង​មិន​អាច​ទទួលយក​បាន​នោះ​ទេ ពីព្រោះ​កន្លងមក​លោកស្រី​ប្រឹងប្រែង​ធ្វើការ ហើយ​ការ​ដាក់​ច្បាប់​សម្រាក​ទៅ​មើល​ក្មួយស្រី​នៅ​ពន្ធនាការ លោកស្រី​ក៏​បាន​សុំច្បាប់​ថៅកែ​ត្រឹមត្រូវ។ លោកស្រី​ថា​ការ​សម្រេច​បែបនេះ គឺ​អយុត្តិធម៌ ខណៈ​កម្មករ​មួយចំនួន​នៅក្នុង​ក្រុម​ជាមួយ​លោកស្រី​ធ្លាប់​សុំច្បាប់​សម្រាក​ច្រើន​ដង អ្នក​ទាំងនោះ​ត្រូវ​បាន​ថៅកែ​បន្ត​កិច្ចសន្យា​ការងារ ស្របតាម​តម្រូវការ​របស់​រោងចក្រ​ដែល​កំពុង​រើស​កម្មករ​ថ្មី​ឱ្យ​ចូល​ធ្វើការ​ថែម។ លោកស្រី​ថា ករណីនេះ​អាច​ពាក់ព័ន្ធ​ការរើសអើង ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ក្នុង​គោល​បំណង​ដាក់​សម្ពាធ​ទាំង​ផ្លូវចិត្ត និង​សេដ្ឋកិច្ច​លើ​គ្រួសារ​លោកស្រី ដែល​កំពុង​ទីទាល់​ក្រ​ស្រាប់​ឱ្យ​កាន់តែ​លំបាក ដោយសារ​ក្មួយ​របស់​លោកស្រី​ជា​អ្នករិះគន់​រដ្ឋាភិបាល​កន្លង​មក។



    លោកស្រី ឆេង ថុល៖ «ដាក់​សម្ពាធ​ហ្នឹង​ណា បើ​មិន​អ៊ីចឹង​គឺ​ខ្ញុំ​ធ្វើ​ការសុខៗ​គេ​ហៅ​ខ្ញុំ​ឡើង​ទៅ​ដល់​ការិយាល័យ​របស់​គេ ខ្ញុំ​ជឿ​ថា​រឿង​ហ្នឹង​ ដោយសារ​ខ្ញុំ​​ជា​ម្តាយមីង​អ៊ីចឹង​បាន​ជា​គេ​ធ្វើ​ឱ្យ​យើង​រក​ការងារ​មិន​បាន​ធ្វើ។ ខ្ញុំ​ពិបាក​ខ្លាំង​ណាស់ រាល់​ថ្ងៃ​​ខ្ញុំ​អត់​មាន​ការងារ​អ្វី​ធ្វើ​ទេ ខ្ញុំ​ពិបាក​តែម្តង»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​រក​ប្រភព​ទាក់ទង​ភាគី​ថៅកែ​រោងចក្រ​ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ នៅ​ថ្ងៃ​ទី៣ វិច្ឆិកា។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ក៏​វិទ្យុអាស៊ី​មិន​អាច​ទាក់ទង​បាន​​ដែរ។

 ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ​(CCAWDU) លោក អាត់ ធន់ លើកឡើង​ថា ច្បាប់​ធានា​ចំពោះ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​រក​ការងារ ឬ​ទទួល​បាន​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹម​ជីវិត​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា​បើសិន​ការ​បញ្ឈប់​និយោជិត ដោយសារតែ​ការ​សុំច្បាប់​សម្រាក​ទៅ​មើល​សាច់ញាតិ​កំពុង​មាន​ទុក្ខ​នោះ វា​គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​ពី​សំណាក់​ថៅកែ។

    លោក អាត់ ធន់៖ «បើសិន​ជា​គាត់​មិន​មាន​ជីវភាព​សមរម្យ មិន​​មាន​​ការងារ​ធ្វើ​ដើម្បី​ដោះស្រាយ​​ជីវភាព ហើយ​​គាត់​​បាត់បង់​​ការងារ​នេះ​ យើង​គួរ​ឱ្យ​អាណិត​គាត់​មែនទែន ពីព្រោះ​ច្បាប់​ហ្នឹង​ការពារ​មែនទែន គឺ​សូម្បី​បញ្ឈប់​ការងារ​រួម​ក៏​ដោយ ក៏​អ្នក​ដែល​មាន​កូន ឬ​អ្នក​ដែល​មាន​បន្ទុក​គ្រួសារ​ធ្ងន់​ហ្នឹង​ គឺ​គេ​អត់​បញ្ឈប់​ភ្លាមៗ​ទេ ឧទាហរណ៍​វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​ក្រុមហ៊ុន​មិន​អាច​ដំណើរការ​បាន ក៏​គេ​ទុក​អ្នក​ទាំង​ហ្នឹង​ក្រោយ​គេ​ដែរ »។

 កាល​ពី​ល្ងាច​ថ្ងៃ​ទី៣០ ខែ​កញ្ញា ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ និង​ជា​សមាជិក​បណ្ដាញ​យុវជន​កម្ពុជា​សកល ប្រចាំ​ប្រទេស​ម៉ាឡេស៊ី គឺ​កញ្ញា នួន តឿន ទៅ​កម្ពុជា​តាម​សំណើ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ។ តុលាការ​បាន​ចោទប្រកាន់​កញ្ញា នួន តឿន ពី​បទ​« ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​មាន​ការរើសអើង» និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ម២ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា។

 អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ឱ្យ​ដឹង​ថា មេធាវី​ការពារក្តី​បាន​ទៅ​ជួប​កញ្ញា នួន តឿន នៅ​ក្នុង​ពន្ធនាគារ​កាលពី​ពេល​ថ្មីៗ ហើយ​នីតិវិធី​បន្ទាប់មក​ទៀត​មេធាវី​នឹង​គ្រោង​ដាក់​ពាក្យ​ស្នើសុំ​តុលាការ​ដោះលែង​កញ្ញា នួន តឿន ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ខាងមុខនេះ។ លោក​មើលឃើញ​ថា​ សហគមន៍​អន្តរជាតិ​នៅតែ​ចាត់ទុក​ការ​ចាប់ខ្លួន​ពលករ​ខ្មែរ​រូប​នេះ​ដាក់​ពន្ធនាគារ ជា​ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ដែល​គាំទ្រ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

    លោក យិន ម៉េងលី៖ «ការ​រិតត្បិត​នូវ​សេរីភាព​បញ្ចេញមតិ​នេះ វា​បាន​ជះឥទ្ធិពល​មិន​ល្អ​ដល់​មុខមាត់​របស់​រដ្ឋាភិបាល ក៏​ដូច​សេដ្ឋកិច្ច​ផ្សេងៗទៀត​ដែល​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​បាន​បង្ហាញ​កង្វល់​អំពី​សេរីភាព​ទាំងនេះ »។

កញ្ញា នួន តឿន មាន​ស្រុកកំណើត​នៅ​ស្រុក​បរសេដ្ឋ  ខេត្ត​កំពង់ស្ពឺ និង​ជា​កូន​កំព្រា​ឪពុក​ម្តាយ។ នាង​គឺ​ជា​ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់​ជាង១៦ឆ្នាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ចេញមុខ​គាំទ្រ​គណបក្ស​ប្រឆាំង។ កញ្ញា​តែង​ប្រើប្រាស់​បណ្ដាញ​សង្គម​និយាយ​រឿង​អយុត្តិធម៌​នានា ដូចជា​បញ្ហា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាពិសេស​រិះគន់​ខ្លាំងៗ​ជុំវិញ​ការដឹកនាំ​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។

ម្តាយមីង​របស់​កញ្ញា នួន តឿន លោកស្រី ឆេង ថុល ឱ្យ​ដឹង​ទៀត​ថា ក្រៅតែ​ពី​លោកស្រី​ជួប​បញ្ហា​ត្រូវ​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ​ហើយ កូនប្រុស​របស់​លោកស្រី​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ជិះ​ម៉ូតូ​ដេញ​បុក​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ដេក​សន្លប់​ស្តូកស្តឹង នៅម្តុំ​ចំណត​ឡាន​ឈ្នួល​ផ្លូវជាតិ​លេខ៥១ ស្ថិត​នៅ​ក្រុង​ឧដុង្គម៉ែជ័យ ខេត្ត​កំពង់ស្ពឺ មុន​ពេល​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា។ លោកស្រី​បន្ថែម​ថា មក​ទល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​វែកមុខ​ជន​ដៃដល់​យក​មក​ទទួល​ខុសត្រូវ​តាមផ្លូវ​ច្បាប់​នៅ​ឡើយ។

ម្តាយ​មីង​កញ្ញា នួន តឿន ត្អូញត្អែរ​អំពី​ទុក្ខ​លំបាក​និង​បញ្ហា​ជីវភាព​គ្រួសារ​ខ្វះខាត​ដែល​នាំ​ឱ្យ​ពួកគេ​គ្មាន​លទ្ធភាព​ចូល​សួរសុខទុក្ខ ឬ​ផ្គត់ផ្គង់​ម្ហូបអាហារ​ដល់​ក្មួយ​នៅ​ក្នុង​ពន្ធនាគារ។ លោកស្រី អំពាវនាវ​ដល់​ពលរដ្ឋខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ​បន្ត​លើក​ទឹកចិត្ត និង​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​គ្រួសារ​ជន​ជាប់ឃុំ​ដោយ​អយុត្តិធម៌​នៅ​ក្នុង​គ្រា​លំបាក​នេះ៕

No comments: