Tuesday 5 November 2024

វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​​សកម្មជន​ខ្មែរ​ក្រោម​​មិន​ឱ្យជួប​​​​​ថ្នាក់​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​បុណ្យ​កឋិន


Khmer Circle

This is more a propaganda coup/stun for Vietnam than it is for Cambodia given Hanoi's iron grip on the Hun regime at present.

So long as Khmer territory and waters - including the island of Koh Tral - have not been returned to Cambodia or the indigenous Khmers of Kapuchea Krom have not gained self-determination everything else is inconsequential at best.   

On the other hand, Hun Sen himself is hardly in any moral position to demand or request that Vietnam respect the rights of the Khmers of Kampuchea Krom [while Hanoi consistently demand of him that the same rights of Vietnamese in Cambodia be respected] when he is leading the abuse of these rights of Khmer people in Cambodia for decades with Vietnam's tacit support and encouragement.

^^^

ដោយ ប្រាជ្ញ ចេវ
2024.11.05

វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​​សកម្មជន​ខ្មែរ​ក្រោម​​មិន​ឱ្យជួប​​​​​ថ្នាក់​ដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​បុណ្យ​កឋិន 

ភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី (រូបកណ្ដាល) ដង្ហែអង្គកឋិនទៅ​កាន់​​វត្ត​ពោធិគិរីវង្សារាម ឬ​​ វត្ត​ស្វាយសៀម​ថ្មី​ក្នុង​ខេត្ត​ព្រះត្រពាំង ទឹក​ដី​កម្ពុជាក្រោម នៅ​ថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អាជ្ញាធរ​វៀតណាម​​ពង្រាយ​កម្លាំង​​ហាម​ឃាត់​មិន​ឱ្យ​សកម្មជន​ខ្មែរ​ក្រោម​​ប្រមាណ ៦០​នាក់​ជួប​​​​​ថ្នាក់​ដឹក​នាំ​កម្ពុជា​ដែល​ហែ​​កឋិន​ទៅ​កម្ពុជា​ក្រោម។ សកម្មជន​ខ្មែរ​ក្រោម​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ការ​លើក​ឡើង​របស់​សកម្មជន​ខ្មែរ​ក្រោម​​ទាំង​នេះ​​ ធ្វើ​ឡើង​ក្រោយ​​ភរិយា​របស់​ប្រធាន​ព្រឹទ្ធសភា​​លោក ​ហ៊ុន សែន​ គឺ​អ្នកស្រី ប៊ុន រ៉ានី និង ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រអ្នកស្រី ម៉ែន សំអន​ ​នៅ​ថ្ងៃ​ទី​០៤ ខែ​​វិច្ឆិកា​ បាន​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ និង​ប្រជា​ពល​រដ្ឋ​ ​​ដង្ហែ​អង្គ​កឋិន​ទាន​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ​ទៅ​កាន់​​វត្ត​ពោធិគិរីវង្សារាម ឬ​​ វត្ត​ស្វាយសៀម​ថ្មី​ក្នុង​ខេត្ត​ព្រះត្រពាំង ទឹក​ដី​កម្ពុជាក្រោម។



សកម្មជន​ខ្មែរ​ក្រោម លោក ថាច់ ង៉ា លើក​ឡើង​ថា អស់​​ពេល​ពីរ​ថ្ងៃ​ហើយ​ដែល​អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះត្រពាំង​​ប្រមាណ ៣០​នាក់​​បាន​​ដាក់​វេន​គ្នា​យាម​ផ្ទះ​របស់​លោក​មិន​ឱ្យ​ចេញ​ទៅ​ណា ជា​ពិសេស​មិន​ឱ្យ​​លោក​ទៅ​ចូលរួម​បុណ្យ​កឋិនទាន។ លោក​​អះអាង​ថា មូលហេតុ​ដែល​អាជ្ញាធរ​វៀតណាម​ឃ្លាំ​មើល​លោក​គឺ​ដោយ​សារ​តែ​លោក​ធ្លាប់​សរសេរ​លិខិត​ទៅ​​កាន់​ថ្នាក់​ដឹក​នាំ​កម្ពុជា​​ឱ្យ​ជួយ​​អន្តរាគមន៍​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដោះ​លែង​សកម្មជន​ខ្មែរ​ក្រោម​​ដែល​កំពុង​ជាប់​ពន្ធនាគារ។

លោក ថាច់ ង៉ា ថា អាជ្ញាធរ​វៀតណាម​​ក៏​បាន​ហាម​ឃាត់​សកម្មជន​​ខ្មែរ​ក្រោម​ប្រមាណ ៦០​នាក់​ផ្សេង​ទៀត​មិន​ឱ្យ​ទៅ​ចូល​រួម​បុណ្យ​កឋិនទាន​ដូច​រូប​លោក​ដែរ។ លោក​​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​​សេរីភាព​ជំនឿ​សាសនា។

    លោក ថាច់ ង៉ា៖ «គេ​ព័ទ្ធ​ជុំ​វិញ​ផ្ទះ​យើង​ គេ​ធ្វើ​ដូច​យើង​​ជា​កម្ចាត់​មេរោគ​​មួយ​ក៏​យើង​មិន​ដឹង​ ក៏​ប៉ុន្តែ​គំនិត​គេ​សំដៅ​មក​​ខ្ញុំ​បាទ​នេះ​ឯង​ គេ​ថា​​ខ្ញុំ​ដើរ​ទៅ​ណា​ក៏​ឃ្លាំ​មើល​​ និង​ហាម​ឃាត់​គ្រប់​វិធីសាស្ត្រ​​​ទាំង​អស់​​ដើម្បី​កុំ​ឱ្យ​បង​ប្អូន​ខ្មែរ​ក្រោម​ហ្នឹង​ទៅ​ជួប​បង​ប្អូន​​ខ្មែរ​​កណ្ដាល​ដែល​ធ្វើ​កឋិន​មហាសាមគ្គី​ខ្មែរ​​នៅ​ដែន​ដី​កម្ពុជា​ក្រោម​យើង​នេះ»។

ចំណែក​សកម្មជន​ម្នាក់​ទៀត​​រស់​នៅ​ខេត្ត​មាត់​ជ្រូក​​ដែល​វៀតណាម​ហៅ​ថា​ អានយ៉ាង (An Giang) លោក ចៅ លីណា ថា នគរបាល​​វៀតណាម​មួយ​ក្រុម​​ និង​ប្រធាន​ភូមិ​បាន​ចុះ​សួរ​​​​​លោក​ដល់​ផ្ទះ​នាំ​ក្នុង​រយៈ​៥​ថ្ងៃ​ចុង​​ក្រោយ​មក​នេះ ពាក់​ព័ន្ធ​នឹង​​ការ​ទៅ​ចូលរួម​បុណ្យ​កឋិនទាន។ លោក​ថា នគរបាល​វៀតណាម​ថ្ងៃ​​អាទិត្យ​នេះ​​បាន​ហាម​ឃាត់​មិន​ឱ្យ​​លោក​ទៅ​ផ្សារ​ និង​​ទាមទារ​​លោក​លុប​វីដេអូ​​ពី​សកម្មភាព​​ពួកគេ​ផង​ដែរ។

លោក ចៅ លីណា ព្រួយបារម្ភ​ថា អាជ្ញាធរ​​វៀតណាម​អាច​​នឹង​​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​បន្ត​ទៀត​​ ដូច្នេះ​លោក​អំពាវនាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​ជួយ​តាម​ដាន​ករណី​នេះ។

    លោក ចៅ លីណា៖ «ខ្ញុំ​មាន​សំណូម​ពរ​ទៅ​ដល់​​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ ឬ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​​នៅ​ទូទាំង​ពិភព​លោក​ សូម​ជួយ​សង្កេត​មើល​​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ដែន​ដី​កម្ពុជា​ក្រោម​ផង​ដែរ​ សព្វថ្ងៃ​នេះ​អាជ្ញាធរ​វៀតណាម​កំពុង​រឹតត្បិត​​សេរីភាព​​យ៉ាង​ខ្លាំង​ក្លា​​ ខ្ញុំ​មាន​សំណូមពរ​ប៉ុណ្ណឹង​​ ហើយ​ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​បើ​ខ្ញុំ​មាន​បញ្ហា​​​ត្រូវ​បាត់​ខ្លួន​ គ្រោះថ្នាក់​អ្វី​ ឬ​ក៏​មាន​រឿង​អ្វី​នោះ​​​ គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​ គឺ​អាជ្ញាធរ​វៀតណាម​គេ​ប៉ុន​ប៉ង​​ធ្វើ​អ្វី​មួយ​នៅ​ថ្ងៃ​ក្រោយ​ ខ្ញុំ​សូម​អរគុណ»។

ចំណែក​តារា​ចម្រៀង​​មក​ពី​ទឹក​ដី​កម្ពុជា​ក្រោម​ លោក ថាច់ សាថេន​ បាន​លើក​ឡើង​​លើ​ទំព័រ​ហ្វេសបុក​របស់​លោក កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ​ថា លោក​សោកស្ដាយ​ដែល​ លោក​ និង​តារា​ចម្រៀង​ផ្សេង​ទៀត​មិន​បាន​ចូលរួម​កម្មវិធី​បុណ្យ​កឋិនទាន​នៅ​កម្ពុជា​ក្រោម​ គឺ​ដោយ​សារ​​​​រដ្ឋាភិបាល​វៀតណាម​​​ហាមឃាត់​ ដោយ​លើក​ហេតុផល​ឬ​លេស​ថា ខ្លាច​មាន​ចំនួន​មនុស្ស​ចូល​រួម​ច្រើន​ពេក មិន​អាច​គ្រប់​គ្រង​បាន។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី៤ វិច្ឆិកា។

អាជ្ញាធរ​​វៀតណាម​ខេត្ត​លង់​ហោ​​​​​ដែល​វៀតណាម​ហៅ​ថា​ខេត្ត វិញឡុង (Vinh Long ) កាល​ពី​ខែ​មីនា បាន​ចាប់​ផ្សឹក​​ព្រះសង្ឃ​​​​គង់​នៅ​វត្ត​ប្រជុំ​ពល​មង្គលបូរី ឬ​ហៅ​ថា​វត្ត​ទ្រនំ​សេក​ចំនួន​៥អង្គ​​រួមមាន​ ព្រះចៅ​អធិការ​វត្ត​​​ទ្រនំ​សេក​ព្រះភិក្ខុ ថាច់ ចន្ទតារា​ និង​ព្រះភិក្ខុ យឿង ខាយ​ និង​​ចាប់​ឃុំ​ខ្លួន​​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​​​បី​នាក់​​ក្រោម​បទ​ចោទ​ប្រកាន់ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» តាម​មាត្រា ៣៣១ និង​ ​​ពី​បទ «ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​មាត្រា ១៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។ គិត​មក​ទល់​ពេល​នេះ​ មាន​ព្រះសង្ឃ សកម្មជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​ ១៣​អង្គ​នាក់​ហើយ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។

របាយការណ៍​​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ឆ្នាំ​២០២៣​ លើក​ឡើង​ថា រដ្ឋាភិបាល​កុម្មុយនិស្ត​​​វៀតណាម​​បន្ត​ធ្វើ​ទុក​បុក​ម្នេញ​ទៅ​លើ​​​​​​​ក្រុម​ជនជាតិ​ភាគ​តិច សាសនា ​ជាពិសេស​ជនជាតិ​​ភាគតិច​នៅ​តំបន់​ខ្ពង់​រាប​កណ្ដាល​ ខ្ពង់រាប​ខាង​ជើង​ និង​​​​ជនជាតិ​ខ្មែរ​ក្រោម​ដែល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​អស់​រយៈ​ពេល​ជា​​​ច្រើន​ឆ្នាំ​មក​ហើយ។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តែង​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​ធ្វើ​​ទុក្ខបុកម្នេញ​ទៅ​លើ​​​​សកម្មជន​ទាំង​នេះ​ និង​បើក​លំហ​​សេរីភាព​ជំនឿ​សាសនា​ឡើង​វិញ។

ងាក​មក​ពិធី​ហែ​កឋិនទាន​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ​ទៅ​កាន់​វត្ត​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​វិញ ​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិន​បាន​ចូលរួម​ហែ​ទៅ​ទេ ប៉ុន្តែ​លោក​ទាំង​ពីរ​បាន​ចូល​រួម​ជូន​ដំណើរ​មុន​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ។ ក្នុង​គ្រួសារ​លោក ហ៊ុន សែន អ្នក​ដែល​ដឹក​នាំ​ហែ​កឋិន​ទៅ​កាន់​វត្ត​ពោធិគិរីវង្សារាម ឬ​ វត្ត​ស្វាយ​សៀម​ថ្មី​ក្នុង​ខេត្ត​ព្រះ​ត្រពាំង ទឹក​ដី​កម្ពុជា​ក្រោម មានអ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត៕

No comments: