Thursday, 14 November 2024

សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​ដែល​​ធ្លាប់​ស្នើ​​​​ច្បាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថ្មី


ដោយ មាន ឫទ្ធិ
2024.11.14

សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​ដែល​​ធ្លាប់​ស្នើ​​​​ច្បាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថ្មី 

សមាជិក​​ព្រឹទ្ធសភា​​អាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) (ស្ដាំ) និង​ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump)។
AFP


សមាជិក​​ព្រឹទ្ធសភា​​អាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែល​ធ្លាប់​​​​ស្នើ​​​​ច្បាប់​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​គេ​រំពឹង​​ថា នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​ក្រោម​អាណត្តិ​ប្រធានាធិបតី​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ (Donald Trump)។ អ្នកវិភាគ​រំពឹង​ថា​លោក ម៉ាកូ រូប៊ីអូ នឹង​​​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ និង​សិទ្ធិ​មនុស្ស​កម្ពុជា​​​​ដូច​សកម្មភាព​ដែល​លោក​បាន​ធ្វើ​កន្លង​មក។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​​​នៅ​រដ្ឋហ្លរីដា (Florida) លោក ម៉ាកូ រូប៊ីអូ អាច​នឹង​ត្រូវ​បាន​តែង​តាំង​ជា​​រដ្ឋមន្ត្រី​​ការ​បរទេស​​អាមេរិក​​​ចាប់​ពី​ដើម​​ឆ្នាំ​២០២៥ខាង​មុខ។

កន្លង​មក​ សមាជិក​ព្រឹទ្ធសភា​ លោក ម៉ាកូ រូប៊ីអូ តែង​ខ្វល់ខ្វាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក ម៉ាកូ រូប៊ីអូ បាន​ចូល​រួម​សេចក្ដី​​​​ស្នើ​​​​ច្បាប់​​​ស្ដី​ពី​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​កម្ពុជា​ឆ្នាំ២០២១ ឬ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​គោលដៅ​លើកកម្ពស់​ការបោះឆ្នោត​ដោយសេរី ត្រឹមត្រូវ និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បាន​លើក​ឡើង​ក្នុង​​សេចក្ដី​​​​ស្នើ​​​​ច្បាប់​នេះ​ថា​​ របប​ផ្ដាច់ការ​​​​របស់​​អតីត​នាយករដ្ឋមន្ត្រី​​​ លោក ហ៊ុន សែន​ បាន​​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​បណ្ដោយ​​ឱ្យ​ប្រទេសជាតិ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​​​ចិន​កេងប្រវ័ញ្ច​​ ដូច្នេះ​សហរដ្ឋអាមេរិក​ត្រូវ​ឱ្យ​​​អ្នក​ប្រព្រឹត្ត​អាក្រក់​នៅ​កម្ពុជា​ទទួល​ខុស​ត្រូវ។



លោក ម៉ាកូ រូប៊ីអូ ក៏​បាន​ចូល​​​រួម​សេចក្ដី​​​​ស្នើ​​​​ច្បាប់​ស្ដីពី​គណនេយ្យភាព និង ​រ​ប្រតិបត្តិ​ការ​វិនិយោគ​នៅ​កម្ពុជា ឆ្នាំ​២០១៩ (Cambodia Accountability and Return on Investment Act of 2019) ​​ដើម្បី​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​របស់​​លោក ហ៊ុន សែន ងាក​មក​គោរព​គោលការណ៍ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឱ្យ​បាន​ពេញលេញ​ជាដើម។

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា សកម្មភាព​របស់ លោក ម៉ាកូ រូប៊ីអូ កន្លង​មក​​​​​មាន​ភាព​ម៉ឺងម៉ាត់​ប្រឆាំង​​នឹង​​គោល​នយោបាយ​ប្រទេស​ចិន​ និង​​​​​​​​ផ្ដោត​ទៅ​លើ​​​សេដ្ឋកិច្ច​​លើ​សហរដ្ឋអាមេរិក។ លោក សេង វណ្ណលី​ ថា​​លោក ម៉ាកូ រូប៊ីអូ នឹង​បន្ត​​គុណ​តម្លៃ​​ក្នុង​ការ​ស្ដារ​​បញ្ហា​សិទ្ធិមនុស្ស​​ និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​នោះ​រួម​ទាំង​នៅ​​កម្ពុជា​ផង។

    លោក សេង វណ្ណលី៖« អ៊ីចឹង​​ លោក ម៉ាកូ រូប៊ីអូ​ នេះ​គឺ​ជា​បុគ្គល​ដែល​មាន​បទ​ពិសោធន៍​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​កម្ពុជា​ ខ្ញុំ​ជឿជាក់​ថា​ក្រោម​ការ​ដឹក​នាំ​របស់ លោក ម៉ាកូ រូប៊ីអូ ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋអាមេរិក​ថ្មី​​​ ខ្ញុំ​គិត​ថា នឹង​មាន​ការ​ដាក់​សម្ពាធ​​​បន្ថែម​ទៀត​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ហើយ​ខ្ញុំ​គិត​​​ថា​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​របប​ភ្នំពេញ​​វិល​ទៅ​រក​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ»។

​​​​​​​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​​ អ្នក​នាំ​ពាក្យ​នាយក​រដ្ឋមន្ត្រី​ ​លោក មាស សោភ័ណ្ឌ និង​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី  បាន​ទេ នៅ​ថ្ងៃ​ទី១៣ វិច្ឆិកា។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​​ លោក ម៉ាកូ រូប៊ីអូ​​​​​ តែង​ទាមទារ​​រដ្ឋាភិបាល​​ដែល​ដឹក​នាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី ​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ​​អ្នក​ទោស​នយោបាយ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ព្រមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផង ហើយ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​ពួកគាត់។

ទោះ​ជា​យ៉ាង​ណា​ នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន ម៉ាណែត កាល​ល្ងាច​ថ្ងៃ​ទី០៦ ខែ​វិច្ឆិកា បាន​ផ្ញើ​សារ​លិខិត​អបអរសាទរ​ជូន​ដល់​ប្រធានាធិបតី​​ជាប់​ឆ្នោត​ លោក ដូណាល់ ត្រាំ (Donald Trump) ហើយ​​​កម្ពុជា​​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការ​ជា​មួយ​សហរដ្ឋអាមេរិក។

ក្រោម​រដ្ឋបាល​​​របស់​​​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ ​​ក្នុង​អាណត្តិ​ទី​១​ បាន​​​ទណ្ឌកម្ម​មន្ត្រី ​ជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​​ដាក់បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដែល​មាននៅ​អាមេរិក និង​ហាមប្រាម​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​រកស៊ី ឬ​ពាក់ព័ន្ធ​ជាមួយ។ ការ​ដាក់​ទណ្ឌកម្ម​ជា​បន្ត​​បន្ទាប់​នេះ ធ្វើឡើង​ក្រោម​ច្បាប់ ក្លូប៊ល ម៉ែកនីតស្គី (Global Magnitsky Act) ដែល​មាន​ស្រាប់​របស់​អាមេរិក ហើយ​ដែល​មាន​ក្រសួង​រតនាគារ​ជា​អ្នក​អនុវត្ត​។ យ៉ាង​ហោច​ណាស់ បុគ្គល​កម្ពុជា ៣ រូប​ រួមមាន មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន គឺ លោក ហ៊ីង ប៊ុងហៀង  ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ឧកញ៉ា ទ្រី ភាព និង​នាយ​ឧត្ដម​​សេនីយ៍​​ផ្កាយ​មាស ៤ លោក គន់ គីម ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម៕

No comments: