ដោយ ទីន ហ្សាការិយ៉ា
2024.11.12
(ឆ្វេង) លោក ដួង តារា ជំនួយការផ្ទាល់លោក ហ៊ុន សែន និងលោក លី សាម៉េត ទីប្រឹក្សាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
រូប៖ ហ្វេសប៊ុកលោក លី សាម៉េត និង Duong Dara
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ចោទប្រកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរួមមានទីប្រឹក្សាប្រធានបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភារបស់លោក ហ៊ុន សែន គឺ លោក លី សាម៉េត អតីតរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ដួង តារា មន្ត្រីនគរបាលពាក់ផ្កាយ៣ លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយដោយប្រើឥទ្ធិពលក្នុងស្ថាប័នរដ្ឋដើម្បីទទួលបានផលប្រយោជន៍។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់សារព័ត៌មាន ស្និតនឹងរដ្ឋាភិបាល ហ្វ្រេសញូវ (Fresh News) ថា លោកបានសម្រេចចោទប្រកាន់លោក លី សាម៉េត ពីបទសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាម មាត្រា ២៩ ៥៩៥ និងមាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ។ ចំណែក លោក មួង ឃីម និង លោក ដួង តារា ត្រូវបានចោទប្រកាន់ពីបទជំនួញឥទ្ធិពលអកម្ម តាមមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ។ រីឯ លោក អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទជំនួញឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ។ ពួកគេត្រូវរងបទចោទប្រកាន់មួយបន្ថែមទៀតគឺ «បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ» តាមមាត្រា ៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
វិទ្យុអាស៊ីសេរីមិនអាចសុំឆ្លើយតបជុំវិញរឿងនេះពីអ្នកនាំពាក្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ នៅថ្ងៃទី១១ ខែវិច្ឆិកា។
មាត្រា៥៩៥ នៃក្រមព្រហ្មទណ្ឌ ចែងថា ជំនួញឥទ្ធិពលអកម្ម គឺជាអំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬដោយ ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលទទូចសុំ ឬយល់ព្រមទទួលនូវអំណោយ ជំនូន ការសន្យា ឬ អត្ថប្រយោជន៍ណាមួយ ដើម្បីទទួលបានពីស្ថាប័នរដ្ឋ។ រីឯ មាត្រា ៦០៦ វិញចែងថា ជំនួញឥទ្ធិពលសកម្ម សំដៅដល់ការប្រគល់អំណោយ ឬជំនូន ដល់អ្នករាជការសាធារណៈដើម្បីទទួលបានផលប្រយោជន៍ពីស្ថាប័នរដ្ឋ។ ប្រសិនបើតុលាការរកឃើញថា មានទោស ពួកគេអាចជាប់គុកពី ២ឆ្នាំ ដល់ ១០ឆ្នាំ។
អតីតរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ដួង តារា ក៏រងការចោទប្រកាន់ថា ចូលរួមបោកប្រាស់ពលរដ្ឋតាមទម្រង់ ផនហ្សី (Ponzi scheme) របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប នៅខេត្តស្វាយរៀង។ ចំណែកប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបកអាក្រាតទីប្រឹក្សារបស់ លោក គឺ លោក លី សាម៉េត ថា តែងប្រើឈ្មោះរបស់លោក ដើម្បីឆបោកលុយគេអស់រាប់លានដុល្លារ។ អ្នកដែលចាញ់បោក លោក លី សាម៉េត នេះ រាប់ទាំងអតីតអភិបាលស្រុកល្វាឯមលោក កន សុខកាយ ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ និងមនុស្សផ្សេងមួយចំនួនទៀត៕
No comments:
Post a Comment