Thursday, 12 December 2024

លោក ស សុខា ព្រមាន​អង្គការ​សង្គម​ស៊ីវិល​មិន​ឱ្យ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុម​ដែល​លោក​ចោទ​ថា​ជា «​ក្រុម​ជ្រុលនិយម»

 

ដោយ ប្រាជ្ញ ចេវ
2024.12.12

លោក ស សុខា ព្រមាន​អង្គការ​សង្គម​ស៊ីវិល​មិន​ឱ្យ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុម​ដែល​លោក​ចោទ​ថា​ជា «​ក្រុម​ជ្រុលនិយម»  
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចូលរួមជាអធិបតីពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ស សុខា
 

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ព្រមាន​អង្គការ​សង្គម​ស៊ីវិល​កុំឱ្យ​ភ្ជាប់​ទំនាក់​ទំនងជា​មួយ​ក្រុម​ដែល​លោក​ចោទ​ថា ជា​«​ក្រុម​ជ្រុលនិយម​» ដែល​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល។ ឆ្លើយតប​ការ​លើកឡើង​នេះ មន្ត្រី​សង្គម​ស៊ីវិល​ថា ពួកគេ​តែងតែ​គោរព​ច្បាប់ និង​ជំរុញ​ទៅ​ក្រសួង​មហាផ្ទៃ​វិញ ឱ្យ​បើក​លំហ​សេរីភាព​បញ្ចេញមតិ សិទ្ធិ​ជួបជុំ និង​អនុញ្ញាត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​បំពេញ​ការងារ​ដោយ​គ្មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព។

សារ​ព្រមាន​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា នៅ​ពេល​នេះ​ ​ធ្វើឡើង​ស្របពេល​ដែល​ប្រទេស​ផ្ដាច់ការ​មួយចំនួន​កំពុង​ដួល​រលំ​ជា​បន្តបន្ទាប់ ដោយសារតែ​ការ​ផ្ទុះ​ការ​តវ៉ា និង​ងើប​បះបោរ​ ​របស់​ពលរដ្ឋ​ ​និង​ធ្វើ​ឱ្យ​មេដឹកនាំ​ទាំងនោះ​ត្រូវ​បង្ខំចិត្ត​រត់ចោលស្រុក​សឹង​មិនទាន់​។ លោក ស សុខា ណែនាំ​អង្គការ និង​សមាគម​ចៀស​ចេញពី​ក្រុម​ដែល​លោក​ចោទ​ពេញៗ​មាត់​ថា ជា «​ក្រុម​ជ្រុលនិយម​»​ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល ប្រឆាំង​រដ្ឋធម្មនុញ្ញ និង​ជា​វិទ្ធង្សនា​លើ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្វីមួយ​ដែល​លោក​ហៅថា​ «​សន្តិភាព និង​ស្ថិរភាព​ជាតិ»។ សារ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក លោក ស ខេង អតីតមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ឪពុក​របស់​លោក ស សុខា នៅ​ថ្ងៃទី​១១ ខែ​ធ្នូ។ លោក ស សុខា ថ្លែង​បែប​នេះ ក្នុង​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ទី​៦ ក្រោម​ប្រធានបទ «​សិទ្ធិ​សេរីភាព​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​បរិបទ​នីតិរដ្ឋ​នៅ​កម្ពុជា​» ថ្ងៃទី​១១ ​ខែធ្នូ​ ​ឆ្នាំ​២០២៤។

 

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី​និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់​ថា ការព្រមាន​នេះ​ព្រោះ​រដ្ឋាភិបាល ទំនង​ជា​ខ្លាច​អង្គការ​សង្គម​ស៊ីវិល​លួច​ធ្វើ​ការងារ​ជាមួយ​ក្រុម​អ្នក​រិះគន់​ ​នៅ​ក្រៅ​ប្រទេស​។ ទោះ​យ៉ាងណា​លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល ដឹង​ខ្លួនឯង​ច្បាស់ ថា អ្វី​ជា​សកម្មភាព​ខុសច្បាប់ ហើយ​អង្គការ​សង្គម​ស៊ីវិល​តែងតែ​គោរព​ច្បាប់ ជាពិសេស​គឺ​បំពេញការងារ​ផ្អែកលើ​ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល។ «»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ទៅ​មន្ត្រី​អនុវត្ត​ច្បាប់​បំពេញការងារ​ដោយ​ការ​អនុវត្ត​ច្បាប់ ដូច​ការ​បំពេញ​ការងារ​របស់​សង្គម​ស៊ីវិល​ដែរ។ លោក យិន ម៉េងលី ទាមទារ​បែបនេះ ដោយ​លោក​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន បាន​រារាំង​សិទ្ធិ​ជួបជុំ​របស់​អង្គការ​សង្គម​ស៊ីវិល ដោយ​អាជ្ញាធរ​តែងតែ​តម្រូវ​អង្គការ​សង្គម​ស៊ីវិល​ដាក់​លិខិត​ជូនដំណឹង​ទៅ​អាជ្ញាធរ នៅពេល​មាន មានការ​ជួបជុំ ការ​ធ្វើ​សិក្ខាសាលា ឬ​ការ​បង្រៀន​ច្បាប់​ដល់​ពល​រដ្ឋ​នៅ​តាម​មូលដ្ឋាន។ លោក យិន ម៉េងលី ឱ្យ​ដឹង​ទៀត​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ជំរុញ​ទៅ​ក្រសួងមហាផ្ទៃ ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ ភាគី​ក្រសួង​មហាផ្ទៃ ត្រឹម​ឆ្លើយតប​ថា ក្រសួង​ជំនាញ​របស់​ក្រសួង​ជាប់រវល់​បំពេញការងារ​ផ្សេង​ដែល​មិន​ទាន់​មាន​ពេល​គ្រប់គ្រាន់​ក្នុង​រៀបចំ​កែ​ច្បាប់​នេះ​នៅឡើយ។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ហៅ​កាត់​ថា​ ​ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល បំពេញការងារ​របស់​ខ្លួន​ដើម្បី​ជួយ​ពលរដ្ឋ និង​រដ្ឋាភិបាល លើ​ផ្នែក​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ជាដើម។ មន្ត្រី​សង្គម​សិទ្ធិមនុស្ស​រូប​នេះ ចង់​ឃើញ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គួរ​បង្ក​បរិយាកាស​ល្អ​អង្គការ​សង្គម​ស៊ីវិល ដែល​មិនមែន​ជា​សារ​ព្រមាន​បែបនេះ​ទេ។ លោក​យល់​ថា សារ​ព្រមាន​របស់​លោក ស សុខា បែបនេះ ធ្វើ​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍ ឬ​ស្មារតី​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​ប្រសិនបើ​ក្រសួង​មហាផ្ទៃ​រក​ឃើញ​ថា អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជ្រុលនិយម ក្រសួង​គួរ​ជជែក ឬ​ព្រមាន​លើ​អង្គការ ឬ​សមាគម​នោះ។ «»

មិនអាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ទេ​នៅ​ថ្ងៃទី​១១ ខែ​ធ្នូ។ រដ្ឋាភិបាល​ត្រកូល​ហ៊ុន រង​ការ​រិះគន់​ថា កំពុង​ដើរចេញ​ចាក់​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​ការងារ​សង្គម​ជាដើម។

ចំណែក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​កៀរគរ​ពលរដ្ឋ​ក្នុង​និង​ក្រៅ​ប្រទេស​ដោយ​បង្កើត​ចលនា តស៊ូ​ប្រឆាំង​របប​ដឹកនាំ​គ្រួសារនិយម​របស់​លោក ហ៊ុន សែន៕

1 comment:

Anonymous said...

Hun Sen wanted to make Sar Sokha looked bad by ordering him to label Khmer patriots as extremists.