Thursday, 19 December 2024

អ្នកឃ្លាំមើល​ថា ​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ​នឹង​ងាក​ទៅ​ប្រទេស​លោក​សេរី​វិញ នៅ​ពេល​លែង​មាន​ចិន​ជា​បង្អែក​ផ្នែក​ហិរញ្ញវត្ថុ


ដោយ សុ ជីវី
2024.12.18

អ្នកឃ្លាំមើល​ថា ​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ​នឹង​ងាក​ទៅ​ប្រទេស​លោក​សេរី​វិញ នៅ​ពេល​លែង​មាន​ចិន​ជា​បង្អែក​ផ្នែក​ហិរញ្ញវត្ថុ  
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជួបមេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ​លោក សាមូអែល ប៉ាប៉ារូ (Samuel J. Paparo) នាវិមានសន្តិភាព នៅ​ថ្ងៃទី១៨ ធ្នូ ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ​ថា រដ្ឋាភិបាល​ត្រកូល ​ហ៊ុន​ នឹង​លែង​មាន​ជម្រើស​អ្វី​ទៀត​ក្រៅ​តែ​ពី​ងាក​ទៅ​រក​ប្រទេស​លោក​សេរី​វិញ នៅ​ពេល​លែង​មាន​ចិន​ជា​បង្អែក​ផ្នែក​ហិរញ្ញវត្ថុ។

ពួកគេ​ថា កម្ពុជា​មិន​អាច​លាក់​បាំង​បញ្ហា​នៅ​ចំពោះ​មុខ ដែល​ចិន​ផ្អាក​ផ្ដល់​កម្ចី​មក​ឱ្យ​កម្ពុជា​បាន​ទេ នៅ​ពេល​ដែល​ចិន​កំពុង​មាន​បញ្ហា​រឿង​ហិរញ្ញវត្ថុ និង​មិន​អាច​ផ្ដល់​កម្ចី​ជាច្រើន​ទៅ​ឱ្យ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

ការ​លើក​ឡើង​នេះ​ធ្វើឡើង​នៅ​ពេល​ដែល​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចេញ​វីដេអូ​ច្រានចោល​ព័ត៌មាន​ដែល​ថា ប្រទេស​ចិន​ផ្អាក​ផ្ដល់​កម្ចី​ឱ្យ​កម្ពុជា។

ប្រទេស​ចិន​កំពុង​ជួប​ប្រទះ​វិបត្តិ​ហិរញ្ញវត្ថុ​ខ្លួន​ឯង ដែល​តម្រូវ​ឱ្យ​ចិន​ប្រុងប្រយ័ត្ន​នូវ​រាល់​ការ​ប្រើប្រាស់​ថវិកា​របស់​ខ្លួន។ បញ្ហា​នេះ​ទំនង​ជាដើម​ចម​សំខាន់ ដែល​ធ្វើ​ឱ្យ​ចិន​ផ្អាក​ក្នុង​ការ​ផ្ដល់​កម្ចី​ថ្មី​ដល់​កម្ពុជា។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​ស្ថាបនិក​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក សេង វណ្ណលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៧ ខែធ្នូ ថា​ ចិន​បាន​ដឹង​ច្បាស់​ថា ​រដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចង់​បាត់បង់​អំណាច ហើយ​ទំនង​ពិបាក​នឹង​ងាក​ចេញ​ពី​ឥទ្ធិពល​របស់​ចិន ទើប​ចិន​ជ្រើសរើស​​ការ​សម្រេច​មិន​​ផ្ដល់​កម្ចី​ថ្មី​ឱ្យ​កម្ពុជា និង​ចង់​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ភាព​អត់​ធ្មត់​មួយ​រយៈ ​រហូត​ដល់​ចិន​អាច​ទប់ទល់​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស និង​ស្ថានភាព​គំរាមកំហែង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ពី​មហាអំណាច​ធំៗ​ ផ្សេងទៀត​ ជា​ពិសេស ​ពី​សហរដ្ឋអាមេរិក។

លោក សេង វណ្ណលី៖ «គាត់​គិត​ថា ក្នុង​កាលៈទេសៈ​នេះ​គាត់​ត្រូវ​ដោះស្រាយ​បញ្ហា​ខ្លួន​ឯង​ផង ហើយ​គាត់​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​យក​ចិត្ត​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ជនជាតិ​ចិន​ផង ដែល​មាន​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​អ្វី​ដែល​កើតឡើង​រវាង​ចិន​ជាមួយ​អាមេរិក ជាពិសេស ​សង្គ្រាម​ពាណិជ្ជកម្ម​ជាដើម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន​នេះ គឺ​គាត់​ត្រូវ​ដោះស្រាយ​បញ្ហា​របស់​គាត់​សិន។ ដូច្នេះ​ គាត់​ត្រូវ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​គាត់​សិន។ អ៊ីចឹង​ គាត់​ត្រូវ​តែ​ពន្យល់​ប្រាប់​ភាគី​កម្ពុជា​ថា ដែល​ចិន​មិន​ផ្ដល់​កម្ចី ឬ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្ដល់​ជំនួយ​បន្ថែម​អីហ្នឹង ​ក៏​ដោយសារ​គាត់​មាន​បញ្ហា​របស់​គាត់​ដែរ គាត់​ឱ្យ​ទ្រាំ ដោយសារតែ​ជា​ជនរងគ្រោះ​ដូចគ្នា»

 

បន្ថែម​ពី​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ ថ្លែង​ថា រដ្ឋាភិបាល​ត្រកូល​ ហ៊ុន មិន​អាច​លាក់​កំបាំង​រឿង​ចិន​មិន​ផ្ដល់​កម្ចី​នេះ​បាន​ទេ ហើយ​ករណី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នេះ​នឹង​លែង​មាន​ជម្រើស​ប្រសិនបើ​ចិន​លែង​ធ្វើ​ជា​ខ្នង​បង្អែក​តទៅ​ទៀត។

លោក គឹម សុខ៖ «ការដែល​មហាអំណាច​នៅ​ពី​ក្រោយ​ដូច​ជា​ចិន​នៅ​ពីក្រោយ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ផ្ដល់​ជំនួយ​ទាំង​ហិរញ្ញវត្ថុ ទាំង​អាវុធ ទាំង​កម្លាំង ទៅ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ទៀត​ទេ រដ្ឋាភិបាល​ហ្នឹង​អត់​បង្អែក ហើយ​តែ​កាលណា​អត់​បង្អែក​ហើយ នៅ​តែ​មានៈ​មិនព្រម​ទទួល​យក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ ទៀត ដូចជា ​អាមេរិក​ ដូចជា ​អឺរ៉ុប ​គឺ​អាច​ដួល​រលំ ដួល​រលំ​បន្ទាន់​តែម្ដង​ដូច​នៅ​ករណី​ប្រទេស​ស៊ីរី​អ៊ីចឹង»

ប្រតិកម្ម​នេះ​កើតឡើង​នៅ​ពេល​ដែល​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លោក មាស សុខសេនសាន បាន​និយាយ​នៅ​ក្នុង​វីដេអូ​រយៈពេល ២​នាទី ដែល​លោក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា កម្ពុជា និង​ចិន​ នៅ​តែ​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយគ្នា។ លោក​អះអាង​ថា កម្ពុជា និង​ចិន​នៅ​តែ​មាន​គម្រោង​ជាច្រើន ដែល​កំពុង​ពិនិត្យ​ក្នុង​ក្របខណ្ឌ​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​កិច្ចព្រមព្រៀង​ជំនួយ​ឥត​សំណង។ លោក មាស សុខសេនសាន ច្រានចោល​ព័ត៌មាន​ដែល​ថា​ ចិន​ផ្អាក​ផ្ដល់​កម្ចី​ឱ្យ​កម្ពុជា។

លោក មាស សុខសេនសាន៖ «ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដែល​បាន​​ចែកចាយ​ថា​ ចិន​ឈប់​ផ្ដល់​កម្ចី ឬ​យ៉ាងណា​នោះ ​ខ្ញុំ​ដូចជា​អស់​សំណើច ដែល​គម្រោង​ទាំងនេះ​ក្នុង​ពេល ដែល​យើង​កំពុង​តែ​សិក្សា​អំពី​សមិទ្ធិ​​លទ្ធភាព សិក្សា​អំពី​ផល​ប៉ះពាល់​ទាំង​សេដ្ឋកិច្ច ទាំង​សង្គម ដើម្បី​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​ជាក់លាក់ នៅ​ពេល​ឆាប់ៗ​ ខាងមុខ​នេះ បែរ​ទៅ​ជា​មាន​ព័ត៌មាន​ពី​ការដែល​យើង​ពុំ​មាន​ទទួល​បាន​កម្ចី។ ខ្ញុំ​គិត​ថា នេះ​ជា​ព័ត៌មាន​ដែល​អាច​ថា បំភាន់​សាធារណមតិ​ជា​ច្រើន ដែល​បងប្អូន​ប្រជាពលរដ្ឋ​អាច​មាន​ការ​ច្រឡំ»

លោក មាស សុខសេនសាន ថែម​ទាំង​អះអាង​ថា ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន​បាន​បង្ហាញ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​កាលពី​ពេល​ថ្មីៗ​ នេះ របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទៅ​ចិន និង​មន្ត្រី​ចិន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​វិញ​ដែរ។

តែ​ទោះជាយ៉ាងណាក្ដី ​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​លាស់​ទេ​ថា​ តើ​នៅ​ឆ្នាំ២០២៥ ខាង​មុខ​នេះ ​កម្ពុជា​នឹង​បាន​ទទួល​ប្រាក់​កម្ចី​ពី​ចិន​វិញ​ដែរ ឬ​យ៉ាងណា ឬ​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ។

បើ​ទោះជា​យ៉ាងណា​សារព័ត៌មាន រ៉យទ័រស៍ (Reuters) ផ្សាយ​កាលពីថ្ងៃទី១១ ខែធ្នូ ឱ្យ​ដឹង​ថា តាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ពុំ​មាន​កម្ចី​ណាមួយ ដែល​ចិន​ផ្ដល់​ឱ្យ​កម្ពុជា​ទេ រាប់​ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​កញ្ញា បើ​ទោះបីជា​ចិន​ជាម្ចាស់​បំណុល​ធំ​ជាងគេ​របស់​កម្ពុជា​ក៏​ដោយ។ ចំណុច​នេះ​បង្ហាញ​ពី​ភាព​ខុសគ្នា​កាល​ពី​រយៈ​ពេញ​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៣ ដែល​ចិន​បាន​ផ្ដល់​កម្ចី​ឱ្យ​កម្ពុជា​ចំនួន​សរុប​ជាង ៣០០លាន​ដុល្លារ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​ស្ថាបនិក​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក សេង វណ្ណលី ពន្យល់​ថា ពេល​នេះ​រដ្ឋាភិបាល​របស់ លោក ហ៊ុន ម៉ាណែត អាច​ជួប​ការ​លំបាក​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រាកដ​មែន នៅ​ពេល​ដែល​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​មុខ​ស្វះស្វែង​ទៅ​ប្រទេស​ចិន និង​ទៅ​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​ពេល​ថ្មីៗ​ នេះ និង​ការ​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ខ្លះៗ ​ឡើង​វិញ​ ជាមួយ​ប្រទេស​លោក​សេរី​ជាដើម។ ប៉ុន្តែ​លោក​ថា កម្ពុជា​មាន​បញ្ហា​ចាក់ស្រេះ​តាំង​ពី​អំពើ​ពុក​រលួយ បក្សពួកនិយម អយុត្តិធម៌​សង្គម អំពើ​ឆបោក​តាម​អនឡាញ ការ​គប់គិត​ជាមួយ​ឧក្រិដ្ឋជន រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ប្រជាធិបតេយ្យ ជាដើម ដែល​ធ្វើ​ឱ្យ​ខូច​មុខមាត់​កម្ពុជា​លោក​ឆាក​អន្តរជាតិ​ជាច្រើន​ឆ្នាំ​មក​ហើយ និង​ពិបាក​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​អ្នក​វិនិយោគ​ល្អៗ​ ជឿជាក់​កម្ពុជា។ លោក​ថា​ បើ​ទោះ​មាន​រឿង​រ៉ាង​ទាំង​នេះ​ក្ដី​ ក៏​លោក​នៅ​មិន​ទាន់​មើល​ឃើញ​ថា ​មេដឹកនាំ​បច្ចុប្បន្ន​នឹង​ងាក​មក​ស្ដារ​ស្ថានការណ៍ ដោយ​ការ​សម្របសម្រួល​នយោបាយ​ដែរ នៅ​ពេល​ដែល​ការ​សម្របសម្រួល​នោះ​នាំ​ឱ្យ​ពួកគេ​បាត់​អំណាច។ លោក​ថា ផល​ប៉ះពាល់​រឿង​នេះ​នឹង​ធ្លាក់​ទៅ​លើ​ពលរដ្ឋ ដែល​ជា​កម្លាំង​ចលករ​មួយ​នឹង​នាំ​ឱ្យ​មាន​ការផ្លាស់ប្ដូរ​ដែរ នៅ​ពេល​ដែល​ចំណូល​របស់​កម្ពុជា​ភាគ​ច្រើន​​ពឹង​ផ្អែក​លើ​ទុន​ពី​ក្រៅ​ប្រទេស។

លោក សេង វណ្ណលី៖ «ការ​តស៊ូ​ផ្នែក​នយោបាយ ប្រតិកម្ម​អវិជ្ជមាន​ទៅ​លើ​ការគ្រប់គ្រង​​របស់​អ្នកនយោបាយ​ជាទូទៅ​វា​កើត​ចេញ​អំពី​ការ​លំបាក ដែល​ប្រជាពលរដ្ឋ​ទទួល​រងគ្រោះ​ផ្ទាល់។ និយាយ​ត្រង់នេះ​មិនមែន​មាន​ន័យ​ថា​ ទាល់តែ​មាន​ការ​គាប​សង្កត់​ពី​បរទេស​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​រងគ្រោះ​ហើយ​ដឹង​ពី​ការគ្រប់គ្រង​ទេ។ ជាក់ស្ដែង​ យើង​ដឹង​ហើយ​ថា ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ គឺ​មិនអាច​បង្កើត ឬ​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន ខណៈ​ដែល​ស្ថានភាព​នៃ​ការប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ​បាន​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ហ្នឹង​ខ្លាំង»

តែ​ទោះជាយ៉ាងណា លោក សេង វណ្ណលី ផ្ដល់​ការវិភាគ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក និង​កូន​នាយក​រដ្ឋមន្ត្រី​អាច​នឹង​ប្រើ​យុទ្ធសាស្ត្រ​អូស​បន្លាយ​ពេល​វេលា ដោយ​យ៉ាង​ហោច​ពន្យារ​ឱ្យ​បាន​ដល់​ពេល​បោះឆ្នោតឆ្នាំ២០២៧ ដើម្បី​ឱ្យ​ខ្លួន​អាច​បន្ត​គ្រប់គ្រង​អំណាច​បាន​តទៅ​ទៀត។

គិត​មក​ដល់​ពេលនេះ​បំណុល​សាធារណៈ​របស់​កម្ពុជា​ឡើង​ដល់​ជិត ១ម៉ឺន ​២​ពាន់​លាន​ដុល្លារ។ ក្នុង​នោះ កម្ពុជា​ជំពាក់​ចិន​ស្ទើរ​តែ​ជិត​ពាក់​កណ្តាល​ គឺ​ប្រមាណ​ជាង ៤ពាន់​លាន​ដុល្លារ។

សារព័ត៌មាន​រ៉យទ័រស៍​រាយការណ៍​ថា ចិន​មិន​ផ្ដល់​កម្ចី​ឱ្យ​កម្ពុជា ដោយសារ​ចិន​បង្កើន​ការប្រុងប្រយ័ត្ន ក្នុង​ដំណាក់កាល ដែល​គម្រោង​ជាច្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​បាន​បរាជ័យ​ជា​បន្តបន្ទាប់​គ្នា។

ទោះជាយ៉ាងណាក៏ដោយ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​កម្ចី​មក​ពី​បណ្ដា​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត ​ក្នុង​ទំហំ​សរុប​ប្រមាណ ១ពាន់​លាន​ដុល្លារ។ ក្នុង​នោះ​ កម្ពុជា​បាន​កម្ចី​ពី​ធនាគារ​ពិភពលោក​ចំនួន ៥៦៤លាន​​ដុល្លារ ជា​ម្ចាស់​កម្ចីធំទី១ និង ២៦២លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន​ជាម្ចាស់​កម្ចីធំទី២ ក្នុង​ឆ្នាំ​២០២៤។ ដោយឡែក​ ក្នុងឆ្នាំ២០២២ ចិន​បាន​ផ្ដល់​កម្ចី​ឱ្យ​កម្ពុជា​ច្រើន​ជាងគេ​ក្នុង​ទំហំ​ទឹក​ប្រាក់ ៥៦៧លានដុល្លារ៕

No comments: