Monday, 9 December 2024

ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ជឿជាក់​ថា បាតុកម្ម​របស់​អ្នក​នៅ​ក្រៅប្រទេស​មាន​ឥទ្ធិពល


ដោយ សុ ជីវី
2024.12.09

ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ជឿជាក់​ថា បាតុកម្ម​របស់​អ្នក​នៅ​ក្រៅប្រទេស​មាន​ឥទ្ធិពល  
 
ទិដ្ឋភាពពលករខ្មែរ​ចេញ​ធ្វើបាតុកម្ម​នៅ​សួន​អាហ្សាកគូសា ហាណាកាវ៉ាឌូ (Asakusa Hanakawado) ក្នុង​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន នៅថ្ងៃទី៨ ធ្នូ ២០២៤។
រូប៖ ហ្វេសប៊ុក Kung Ji

ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​ជឿជាក់​ថា​បាតុកម្ម​របស់​អ្នក​នៅ​ក្រៅ​ប្រទេស​មាន​ឥទ្ធិពល​ទៅ​លើ​នយោបាយ​ដឹកនាំ​ប្រទេស​របស់​ឪពុក​កូន​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។ ពួកគេ​ថា បាតុកម្ម​របស់​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​នេះ​គឺ​ជា​មធ្យោបាយ​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​កាន់​ពិភពលោក។

ការ​លើកឡើង​នេះ​កើត​មាន​បន្ទាប់​ពី​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​របស់​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដើម្បី​អបអរសាទរ​ខួប​លើក​ទី៧៦ឆ្នាំ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស​ឡើង​វិញ​គឺ​គ្មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​កម្ពុជា​ឡើយ

ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​ដែល​សកម្ម​ចូលរួម​បាតុកម្ម​នានា រួម​ទាំង​បាតុកម្ម​អបអរសាទរ​ខួប​លើក​ទី៧៦ឆ្នាំ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស​ឡើង​វិញ នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ នៅ​តែ​មាន​សង្ឃឹម​ថា អ្វី​ដែល​ពួកគេ​ធ្វើ​នឹង​ជំរុញ​ឱ្យ​អន្តរជាតិ​ជួយ​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​នេះ​កែប្រែ​ស្ថានការណ៍​ទៅ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ។

 

ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង លោក លួន វិបុល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្នុង​ស្ថានភាព​ដែល​ពលរដ្ឋ​ក្នុង​ស្រុកខ្មែរ​ពិបាក​បញ្ចេញ​មតិ ពិបាក​ជួប​ប្រជុំ​សម្ដែង​មតិ និង​បង្ហាញ​ការពិត​ពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ កម្លាំង​អ្នក​នៅ​ក្រៅ​ស្រុក​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​អំពាវនាវ​ឱ្យ​អន្តរជាតិ​ស្ដាប់​ទុក្ខ​លំបាក​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ថា សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ប្រសិន​បើ​មិន​ចង់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ «គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែង​តែ​អាវុធ» EBA ដែល​នៅ​សល់​ចំនួន៨០% គឺ​ជាឧទាហរណ៍​បញ្ជាក់​ថា​សម្លេង​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​គឺ​មាន​ឥទ្ធិពល។

លោក លួន វិបុល៖ «ប្រសិនបើ​នៅ​ខាង​ក្រៅ​ឥតមាន​ឥទ្ធិពល​ទេ សភាអឺរ៉ុប គេ​មិន​អាច​កោះ​ប្រជុំ​គ្នា​លើកយក​EBA នៅ ៨% ហ្នឹង​យក​មក​ជជែក​ទេ។ ដូច្នេះ​ហើយ​ការ​ធ្វើ​របស់​បង​ប្អូន​ខ្មែរ​នៅ​ទូទាំង​ពិភពលោក នៅ​ខាង​ក្រៅ​ប្រទេស​នេះ​គឺ​មាន​ឥទ្ធិពល​បំផុត​ចំពោះ​ប្រទេស​កម្ពុជា ក៏​អាច​ជួយ​ជំរុញ​ទៅ​ដល់​ទឹកចិត្ត​ពលរដ្ឋ​ដែល​គាត់​ពុំ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ហ្នឹង​គឺ​ឱ្យ​គាត់​មាន​ភាព​ក្លាហាន ឱ្យ​ទឹក​ចិត្ត​របស់​ពួកគាត់​​នៅ​ជាមួយ​យើង​ខ្មែរ​នៅ​ខាង​ក្រៅ»

ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​ជាច្រើន​នាក់​បាន​ជួបជុំ​គ្នា​សម្ដែង​មតិ និង​ដង្ហែក្បួន​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ក្វាងជូ (Gwangju) កាលពី​ថ្ងៃ​ទី៨ ខែធ្នូ អបអរ​ទិវា​សិទ្ធិមនុស្ស ១០ធ្នូ ខួប​លើក​ទី៧៦។ ពួកគេ​លើក​យក​ប្រធាន​សំខាន់​មួយ​ចំនួន​មក​ធ្វើ​ជាគោល​នៃ​ការបញ្ចេញ​មតិ​នៅ​ក្នុង​ពេល​តវ៉ា ដែល​រួមមាន៖ ការធានា​សិទ្ធិ សេរីភាព សន្តិសុខ សុវត្ថិភាព​សង្គម និង​យុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់រូប ព្រមទាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ប្រទេស​ថៃ​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​អធិបតេយ្យ​ជាតិ ឬ​ភាព​ជាម្ចាស់​លើ​កោះ​គជ់។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន និង​ពលរដ្ឋខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន (Japan) បាន​ជួបជុំ​គ្នា​ដង្ហែក្បួន​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​តូក្យូ (Tokyo) ដើម្បី​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ចាប់ខ្លួន​ពលរដ្ឋ​តាម​ទំនើង​ចិត្ត ការ​ធ្វើ​ទុក្ខបុកម្នេញ​ឆ្លងដែន​លើ​អ្នក​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព បញ្ឈប់​ការ​ចាប់​ខ្លួន​ក្រុម​គ្រួសារ​សកម្មជន​នយោបាយ​ជា​ចំណាប់ខ្មាំង​បង្ខំ​ឱ្យ​ពួកគេ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ហើយ​ងាក​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

គណៈកម្មការ​រៀបចំ​បាតុកម្ម​ទាមទារ​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ ដើម្បី​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន លោក ម៉ាច ខេមរា ស្នើ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឈប់​លាប​ពណ៌​មក​លើ​ពលរដ្ឋ ដែល​ទាមទារ​សិទ្ធិ​សេរីភាព​ថា ជា​ក្រុម​ជ្រុល​និយម ពីព្រោះ​ការចោទប្រកាន់​របស់​លោក ហ៊ុន ម៉ាណែត គឺ​ជា​ការ​ធ្វើ​ឱ្យ​ជាតិ​បែក​បាក់។

លោក ម៉ាច ខេមរា៖ «សុំ​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ការ​បញ្ចេញ​មតិ​ដូច្នេះ​សូម​ឱ្យ​លោក ហ៊ុន សែន ហើយ​និង​លោក ហ៊ុន ម៉ាណែត ស្ដាប់​សំឡេង​របស់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​គាត់​ទាមទារ​តែ​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ធ្វើ​នយោបាយ​សិទ្ធិ​រស់រាន​មាន​ជីវិត​ស្រប​ទៅ​ច្បាប់​តែប៉ុណ្ណោះ។ ហើយ​បើ​លោក​មិន​ធ្វើតាម ឬ​ក៏​មិន​មាន​ការ​កែប្រែ កែលំអ​បើក​លំហ​សិទ្ធិ​សេរីភាព​វិញ​ទេ អ៊ីចឹង​សហភាព​អឺរ៉ុប​ហ្នឹង​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ៨០%បន្ទាប់​ទៀត»។ 

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស និង​នៅ​ប្រទេស​ជប៉ុន​នេះ​គឺ​ជា​រឿង​ឥត​ប្រយោជន៍ និង​ជា​ការ​កេង​ចំណេញ​នយោបាយ។ លោក​អះអាង​ថា ប្រសិនបើ​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​ទាំង​នោះ​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ពួកគេ​នឹង​អាច​មក​លេង​ស្រុក​កំណើត​វិញ​បាន។

លោក សុខ ឥសាន«គាត់​អត់​មាន​អ្នកណា​លាប​ពណ៌​គាត់​ទេ ឱ្យ​គាត់​ឈប់​ធ្វើ​សកម្មភាព​បម្រើ​ឧបាយកល​ទុច្ចរិត​របស់​លោក សម រង្ស៊ី ក្បត់ជាតិ​ដែល​កំពុង​នៅ​ក្រៅប្រទេស​អាង​ខ្លួន​នៅ​ក្រៅ​ប្រទេស​ខ្លួន​ចេះ​តែ​ធ្វើ​សកម្មភាព ដើម្បី​ញុះញង់​ឱ្យ​បងប្អូន​ប្រឆាំង​នឹង​ជាតិ​សាសន៍​ឯង​ជាតិ​ឯង»

បើ​ទោះជា​យ៉ាងណា​ខ្មែរ​រស់​ប្រទេស​ជប៉ុន លោក សោម សុជាតិ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ថា គ្មាន​ឥទ្ធិពល​នេះ​ជា​ការ​លើក​ឡើង​ឱ្យ​តែ​រួចពី​មាត់ ឬ​ពុំ​មាន​ស្មារតី​ឆ្លងកាត់​ការពិចារណា​ឱ្យ​បាន​ត្រឹមត្រូវ។

លោក សុជាតិ ថា​មេដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ជា​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​មុខ​ពលរដ្ឋ ប្រសិន​បើ​កម្ពុជា​បន្ត​បាត់​ប្រយោជន៍​សម្រាប់​ពលរដ្ឋ សម្រាប់​ទេស​ជាតិ​បន្ថែម​ទៀត​ដោយសារ​តែ​ការដឹកនាំ ដែល​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។

លោក សោម សុជា៖ «EBA នេះ​គេ​ឱ្យ​គឺ​គ្រាន់តែ​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស​កុំ​ធ្វើបាប​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ យើង​មិន​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ហើយ យើង​បាន​៧០០​លាន​ដុល្លារ​ក្នុង​១ឆ្នាំ​ទៀត តើ​លោក ហ៊ុន សែន ហ៊ុន ម៉ាណែត គួរ​ជ្រើសរើស​យក​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ហើយ​បាត់បង់៧០០លាន​ដុល្លារ​ក្នុង១ឆ្នាំ។ តើ​រដ្ឋាភិបាល​មួយ​នេះ​គួរ​ជ្រើសរើស​យក​មួយ​ណា? បើ​តាមខ្ញុំ ប្រសិនបើ EBA ត្រូវ​បាន​គេ​កាត់​មែន សូម​ឱ្យ​ពលរដ្ឋ​ទាំង២ភេទ យុវជន ប្រជាជន និង​បញ្ញាជន​ទាំង​អស់​ក្រោក​ឈរ​ឡើង​ចង្អុល​មុខ​លោក ហ៊ុន សែន ចង្អុល​មុខ​លោក ហ៊ុន ម៉ាណែត ចង្អុល​មុខ​រដ្ឋាភិបាល​មួយ​នេះ​អសមត្ថភាព ការពារ EBA គឺ​យើង​ត្រូវ​ទាមទារ​ដោយ​គ្មាន​ការលើកលែង»

ទាក់ទង​នឹង​ទិវា​សិទ្ធិមនុស្ស ១០ធ្នូនេះដែរ នៅ​ក្នុង​ស្រុក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ចប់​ដំណើរ​ធម្មយាត្រា សិទ្ធិ​យាត្រា ដោយ​ថ្មើរ​ជើង​រយៈពេល​៣ថ្ងៃ ដែល​បាន​ចេញ​ដំណើរ​ពី​ក្រុង​កំពត កាលពី​ថ្ងៃ​ទី៦ ខែធ្នូ មក​រាជធានី​ភ្នំពេញ ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ​នៃ​ការគោរព​សិទ្ធិមនុស្ស។ ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌដូនពេញ​ប្រមាណ៥០នាក់​បាន​រារាំង​ពួកគេ​មិន​ឱ្យ​បាន​បិទ​បញ្ចប់​ដំណើរ​ធម្មយាត្រា​ដោយ​ជួបជុំគ្នា​នៅ​ខាងមុខ​អតីត​ព្រះ​សក្យមុនី​ចេតិយ ឬនៅ​ខាង​មុខ​ស្ថានីយ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បុណ្យ​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​លះបង់​អាយុ​ជីវិត ដើម្បី​ប្រទេសជាតិ ដូច​ការ​គ្រោង​ទុក​ទេ ដោយ​បង្ខំ​ឱ្យ​រំសាយ​ក្បួន​ធម្មយាត្រា​នៅ​តំបន់​បឹងកក់ ខណ្ឌដូនពេញ។ ក្រោយ​ចរចា​គ្នា​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​តំណាង៧នាក់​ទៅ​អុជ​ធូប​នៅ​អតីត​ព្រះសក្យមុនីចេតិយ។

ជាមួយ​គ្នា​នេះ នៅ​ថ្ងៃទី៨ ខែ​ធ្នូ ដដែល សហជីព​ប្រមាណ​១០ស្ថាប័ន​ក៏​បាន​ដាក់​ញត្តិ​ស្នើ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំនួន ១៨ចំណុច ដើម្បី​ជួយ​លើក​កម្ពស់​សិទ្ធិ​ការងារ លក្ខខណ្ឌ​ការងារ និង​ផលប្រយោជន៍​ជូន​កម្មករ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ។

នៅ​ថ្ងៃ​ទី១០ ខែធ្នូ​ខាង​មុខ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​សមាគមន៍ និង​សហជីព​គ្រោង​ជួបជុំគ្នា​ដោយមាន​អ្នកចូលរួម​ប្រមាណ២ពាន់នាក់ (២ ០០០) ដើម្បី​រំលឹក​ខួប​ទិវា​មនុស្ស​អន្តរជាតិ​នៅ​ឆ្នាំ​២០២៤នេះ ដោយ​សម្រេច​ជ្រើស​យក​ប្រធានបទ​ដែល​ស្រប​នឹង​ប្រធានបទ​អង្គការ​សហប្រជាជាតិ គឺ «សិទ្ធិ​របស់​យើង អនាគត​របស់​យើង​នៅ​ពេល​ឥឡូវ​នេះ ៖ លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ ដើម្បី​សមភាព និង​យុត្តិធម៌»

រយៈពេល​១ឆ្នាំ ២០២៤​នេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​មិន​ខុស​ពី​រដ្ឋាភិបាល​ឪពុក​របស់​លោក គឺ លោក ហ៊ុន សែន ដែរ រង​ការរិះគន់​ជុំ​ទិស​ពី​អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការ​សហប្រជាជាតិ​ផង​ថា បាន​បន្ត​រំលោភ​សិទ្ធិមនុស្ស ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ ដែល​បញ្ចេញ​មតិ​រិះគន់ ឬ​មិន​ស្រប​រដ្ឋាភិបាល៕

No comments: