Sunday, 1 December 2024

កម្មករ និង​សហជីព​បារម្ភ​ថា សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ចំនួន​ ៨០ភាគរយ


ដោយ យ៉ង ចាន់តារា
2024.11.30

កម្មករ និង​សហជីព​បារម្ភ​ថា សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ចំនួន​ ៨០ភាគរយ  
បុគ្គលិក​ កម្មករ និង​សហជីព​នៅក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (Nagaworld) នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាំ​គ្នា​បន្ត​ការ​តវ៉ា និង​ទាមទារ​​ក្រុមហ៊ុន​ឱ្យ​គោរព​ច្បាប់​ការងារ និង​យក​ពួក​គាត់​ចូល​ធ្វើការ​វិញ។ 

កម្មករ និង​សហជីព​បារម្ភ​ថា សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន ៨០% ខណៈ​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស។ ពួកគាត់​លើកឡើង​ថា ប្រសិនបើ​កម្ពុជា​បាត់បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA នោះ គឺ​នឹង​ប៉ះពាល់​ដល់​អ្នក​វិនិយោគ ជាពិសេស កម្មករ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។

កម្មករ និង​សហជីព​វិស័យ​កាត់​ដេរ​មួយ​ចំនួន​ឲ្យ​ដឹង​ថា កម្មករ​នឹង​កាន់​តែ​ប្រឈម​វិបត្តិ​ធំធេង ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ៨០ភាគ​រយ​បន្ថែម​ទៀត។

តំណាង​កម្មករ នៃ​រោងចក្រ សិន តៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) លោក កឹម សុភេន ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៣០ ខែវិច្ឆិកា​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ EBA ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា ព្រោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ បាន​ភ្ជាប់​លក្ខខណ្ឌ​ជាមួយ​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​សេរីភាព​សហជីព​ជាដើម។ លោក បារម្ភ​ថា បើ​សភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​ទៀត គឺ​នឹង​ប៉ះពាល់​ដល់​អ្នក​វិនិយោគ ជាពិសេស គឺ​កម្មករ។

លោក កឹម សុភេន៖ «ខ្ញុំ​សូម​ស្នើសុំ និង​ទទូច​មែនទែន​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស ថ្នាក់​ដឹកនាំ​ខាង​លើៗ ដូច​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួង​ការងារ​ពិនិត្យ​ឲ្យ​បាន​ល្អិត​ល្អន់​មែនទែន វា​ដូច​ជា មិន​មែន​រឿង​អ្វី​អាក្រក់​នោះ​ទេ គឺ​ដើម្បី​ឲ្យ​យើង​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ឯង គោរព​សិទ្ធិ​ប្រជាជន​ខ្លួន​ឯង ហើយ​គេ​នឹង​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ»

 

ស្រដៀងគ្នា​នេះ ប្រធាន​សហព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ប្រចាំ​រោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី លោក សយ ចន្ធូ ថ្លែង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA) បាន​រួមចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវកម្ម និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​កម្មករ ។ លោក មិន​ចង់​ឃើញ​សហភាព​អឺរ៉ុប ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឡើយ។

លោក សយ ចន្ធូ៖ «ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្នុង​នាម​ខ្ញុំ​ជា​តំណាង​កម្មករ គឺ​សំណូមពរ​ដល់​រដ្ឋាភិបាល ឲ្យ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​គេ(សហភាព​អឺរ៉ុប) ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហើយ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​តាម​អ្វី ដែល​សហភាព​អឺរ៉ុប បាន​សំណូមពរ ដើម្បី​ជួយ​ដល់​កម្មករ​ឲ្យ​មាន​ការងារ​ធ្វើ និង​ទទួល​បាន​ប្រាក់​ខែ​ច្រើន»

ការ​លើកឡើង​ពី​ក្ដី​បារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សភា​អឺរ៉ុប បាន​ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប​ពិនិត្យ​សើរើ​ឡើងវិញ ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន៨០% ជាមួយ​កម្ពុជា និង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់​លាក់​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ។ ការ​ជំរុញ​នេះ ធ្វើឡើង​ក្នុង​សេចក្ដី​សម្រេច​ថ្មី​មួយ ដែល​ទើប​បាន​អនុម័ត​ដោយ​សភា​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ស្ដីពី​ការ​កាន់​តែ​រួម​តូច​ទៅៗ នៃ​លម្ហ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ជាពិសេស​ករណី​អង្គការ សង់ត្រាល់ (CENTRAL)

ជុំវិញ​បញ្ហា​នេះ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA) បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ការ​នាំចេញ​ទំនិញ ទៅ​កាន់​សភាព​អឺរ៉ុប ដោយ​មិន​គិត​ពន្ធ។ អនុប្រធាន​សម្ព័ន្ធ​សហជីព​រូប​នេះ បារម្ភ​ថា បើ​សហភាព​អឺរ៉ុប ដក​ផ្នែក​ខ្លះ នៃ​ប្រពន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ បន្ថែម​ទៀត អាច​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា ទៅ​កាន់​សហភាព​អឺរ៉ុប។

លោក អាត់ ធន់៖ «ក្នុង​នាម​ជា​សហជីព និង​កម្មករ​សំណូមពរ​ឲ្យ​ខាង​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាងណា​រក្សា​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឲ្យ​បាន ឬ​បាន​បន្ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ​ប្រសិនជា​មាន​ការ​ដក​បន្ថែម​ទៀត វា​នឹង​ខាតបង់ និង​បង្ក​ជា​ផល​ប៉ះពាល់»

Ath_Thorn_FB_2.jpg
លោក អាត់ ធន់ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU)។ រូប៖ ហ្វេសប៊ុកលោក អាត់ ធន់

ស្ថិតិ​ពាណិជ្ជកម្ម​អន្តរ​ជាតិ បញ្ជាក់​ថា ក្នុងរយៈ​ពេល ៧ខែ ឆ្នាំ២០២៤ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ១ពាន់ (.៦៧២) លាន​ដុល្លារ វៀតណាម​ជាង ២ពាន់ (.២០០) លាន​ដុល្លារ ចិន (China) ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត ១ពាន់​លាន​ដុល្លារ និង​ការ​នាំ​ចេញ​ធំ​បំផុត គឺ​ទៅ​កាន់​សហរដ្ឋ​អាមេរិក (United State) គឺ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៥ពាន់ (.៥០០) លាន​ដុល្លារ។

សហភាព​អឺរ៉ុប​បាន​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ពី​កម្ពុជា លើក​ទី១ កាល​ពី​ខែសីហា ឆ្នាំ២០២០ ចំនួន ២០ភាគរយ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ប្រមាណ ៧០ម៉ឺន​នាក់​ដោយ​ផ្ទាល់ និង​ប៉ះពាល់​ពលរដ្ឋ​ដោយ​ប្រយោល​ប្រមាណ ៣លាន​នាក់។

កម្មករ និង​សហជីព ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សេរីភាព​សង្គម​ស៊ីវិល ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.បី.អេ (EBA) របស់​សហភាព​អឺរ៉ុប ត្រឡប់​មក​វិញ៕

No comments: