Monday, 20 January 2025

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ និង​អ្នកនយោបាយ​រួមគ្នា​ផ្លាស់ប្ដូរ​របប​ត្រកូល ហ៊ុន


ដោយ ជាតិ ចំណាន
2025.01.18

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ និង​អ្នកនយោបាយ​រួមគ្នា​ផ្លាស់ប្ដូរ​របប​ត្រកូល ហ៊ុន  
(រូបថតឯកសារ) លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ នៅ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២៥។
RFA

មេ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​លោក សម រង្ស៊ី អំពាវនាវ​ជា​ថ្មី​ឱ្យ​គ្រប់​គណបក្ស​នយោបាយ និង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​ដែល​ដឹក​នាំ​ដោយ​គ្រួសារ​លោក ហ៊ុន សែន។ ចំណែក​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​យុវជន​ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា ប្រសិនបើ​រដ្ឋាភិបាល​នៅ​តែ​គាបសង្កត់​ពលរដ្ឋ ហើយ​មិន​ព្រម​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​ជាប់​គាំង​ទេ នោះ​រដ្ឋាភិបាល​អាច​ប្រឈម​នឹង​ការ​ទម្លាក់​ចេញ​ពី​អំណាច។

ប្រធាន​ស្ដីទី​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី នៅ​ថ្ងៃ​ទី១៨ ខែមករា បាន​បង្ហោះ​សារ​នៅ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​ជំរុញ​ឱ្យ​ពលរដ្ឋ អ្នក​នយោបាយ​មក​ពី​គ្រប់​និន្នាការ​គណបក្ស និង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​រួមគ្នា​លុប​បំបាត់​អំពើ​ពុករលួយ ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​បក្ខពួក​និយម​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ស្វែង​រក​សុខ​សន្តិភាព និង​ឯករាជ្យ​ជាតិ​ពិតប្រាកដ​ជូន​ប្រជាពលរដ្ឋ។

លើស​ពី​នេះ​លោក សម រង្ស៊ី បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​រង​ការ​ជិះជាន់ និង​រង​នូវ​ភាព​អយុត្តិធម៌​សង្គម​គ្រប់​រូបភាព ដូច្នេះ​ដល់​ពេល​ហើយ​ដែល​ពលរដ្ឋ​ត្រូវ​រួបរួម​គ្នា​ប្រឆាំង​នឹង​របប​ផ្ដាច់​ការ​មួយ​នេះ។ ការ​ផ្ញើ​សារ​នយោបាយ​របស់​លោក សម រង្ស៊ី នេះ ជា​យុទ្ធនាការ​មួយ ដែល​លោក​ហៅថា «ផ្ការីក ឬ​ចលនា​ជាតិ​តស៊ូ» ក្នុង​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​ក្រោកឈរ ដើម្បី​តតាំង​នឹង​របប​ដឹកនាំ​ដោយ​ត្រកូល ហ៊ុន។

 

ប្រធាន​គណៈកម្មការ​នាយក នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ម៉ាត់ វណ្ណី ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៨ ខែ​មករា ថា លោក​គាំទ្រ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ជុំវិញ​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ពីព្រោះ​ការ​ដឹកនាំ​ប្រទេស​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន កន្លងមក​នេះ​គ្មាន​សុខ​សន្តិភាព​ពិតប្រាកដ​នោះ​ទេ។ លោក​ព្រមាន​ថា  ប្រសិនបើ​រដ្ឋាភិបាល​ឪពុក​កូន លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅតែ​មិន​ដោះស្រាយ​វិបត្តិ​នយោបាយ​ទេ នោះ​រដ្ឋាភិបាល​ប្រឈម​នឹង​ពលរដ្ឋ​ទម្លាក់​ចេញ​ពី​អំណាច​ដូច​មេ​ដឹកនាំ​ប្រទេស​បង់​ក្លាដេស្ហ។

លោក ម៉ាត់ វណ្ណី៖ «ក្នុង​ករណី​ស្ថានភាព​បែប​នេះ​ពលរដ្ឋ​ត្រូវ​ការ​ជាង​គេ គឺ​យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ​អ៊ីចឹង​ហើយ​មាន​តែ​ពលរដ្ឋ​ទេ​ដែល​អាច​ទាមទារ​យក​មក​បាន​កុំ​រំពឹង​បុគ្គល​ណា​ដោយ​ចំពោះ គឺថា​យើង​ខ្លួន​ឯង​ម្នាក់ៗ​តាំង​ខ្លួន​ជា​អ្នក​ស្រោចស្រង់​ជាតិ​របស់​យើង។ អ៊ីចឹង​ការ​ក្រោកឈរ​របស់​បងប្អូន​គឺជា​រឿង​ចាំបាច់​ណាស់​ក្នុង​ការ​ស្រោចស្រង់​ប្រទេស​ជាតិ​យើង​ទាមទារ​រក​យុត្តិធម៌ ទាមទារ​ប្រជាធិបតេយ្យ​ពីព្រោះ​ឥឡូវ​គេ​ដក​សិទ្ធិ​របស់​អស់​ហើយ​អ៊ីចឹង​បងប្អូន​ត្រូវតែ​ទាមទារ​យក​ត្រឡប់​មក​វិញ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​ប៉ៃលិន ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក ខឹម មុន្នីកុសល មើល​ឃើញ​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នេះ គឺ​គ្មាន​ចេតនា​ចង់​បង្រួបបង្រួម​ជាតិ​ឡើង​វិញ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​តែ​គំរាមកំហែង កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង ដែល​ទាមទារ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ លោក​បន្ត​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​មិន​ខុស​គ្នា​ពី​របប ប៉ុល ពត នោះ​ទេ​ពោល​គឺ អ្នក​ដែល​ហ៊ាន​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គម​រង​ការ​ចាប់​ដាក់​ពន្ធនាគារ និង​ប្រឈម​ការ​សម្លាប់​បំបិទ​មាត់។

លោក ខឹម មុន្នីកុសល៖ «ការ​ដឹកនាំ​រាល់ថ្ងៃ​គឺ​វា​ស្មើ​នឹង​ជំនាន់ ប៉ុល ពត ៣ឆ្នាំ​ហ្នឹង កម្ពុជា​រស់នៅ​ឯកោ​គ្មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិត​ខាង បរទេស​ទេ​ដោយសារតែ​នយោបាយ​នៃ​ការ​ដឹកនាំ ហើយ​ឈាន​ទៅ​រក​ការ​គំរាមកំហែង បំបិទ​សិទ្ធិ​ពលរដ្ឋ​គ្រប់​សព្វ​បែប​យ៉ាង ដូច្នេះ​អ្វី​ដែល​ជា​ការ​លើកឡើង​របស់ លោក សម រង្ស៊ី។ ខ្ញុំ​គិត​ថា ស្ថានភាព​សមរម្យ​​ហើយ ដែល​ប្រជាពលរដ្ឋ​ត្រូវ​តែ​គិតគូរ​អំពី​ប្រទេស​ជាតិ​របស់​ខ្លួន​សា​ឡើង​វិញ»

ចំណែក​ឯ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​វិញ ពួកគាត់​ចង់​ឃើញ​មេដឹកនាំ​បក្ស​កាន់អំណាច បើក​លំហ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ ដោះលែង​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​បរិស្ថាន​ឱ្យ​មាន​សេរីភាព​ឡើង​វិញ បញ្ឈប់​ការ​ចាត់​ទុក​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ ដែល​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ ហើយ​ងាក​មក​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ ស្រប​តាម​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើង​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទងអ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៨ ខែ​មករា។

ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​លើក​ឡើង កាល​ពី​ខែ​វិច្ឆិកា ដោយ​ចាត់​ការ​បង្កើត​ចលនា​ជាតិ​តស៊ូ​របស់​លោក សម រង្ស៊ី និង​ការ​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​ជឿ​ជាក់​លើ​រដ្ឋាភិបាល​របស់​លោក​ថា ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ចង់​បាន​អំណាច និង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ លុះ​ក្រោយ​មក​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន បាន​ព្រមាន​ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា «ក្រុម​ភេរវករ» ប្រសិនបើ​លោក សម រង្ស៊ី បង្ហាញ​រចនា​សម្ព័ន្ធ​ដឹក​នាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​របស់​លោក​នោះ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​អ្នក​នយោបាយ​គ្រប់​ភាគី​ងាក​ទៅ​រក​តុ​ចរចា​ដោយ​សន្តិវិធី និង​ប្រកួតប្រជែង​គ្នា​តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ។ លោក​បន្ត​ថា បើ​ទោះបីជា​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ទម្លាក់​រដ្ឋាភិបាល ក៏​មិន​ខុស​ទាស់​នោះ​ដែរ ពីព្រោះ​រដ្ឋាភិបាល​អសមត្ថភាព​ដោះស្រាយ​ជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក ស៊ឹង សែនករុណា៖ «មាន​យុទ្ធការ​បោះ​ឆ្នោត​ដោយ សេរី ត្រឹមត្រូវ ពីព្រោះ​ប្រទេស​ជា​ប្រទេស​ប្រជាធិបតេយ្យ បើ​យើង​អត់​អនុវត្ត​ប្រជាធិបតេយ្យ។ មេ​បក្ស​ប្រឆាំង​ច្បាស់​ជាង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ឬក៏​អ្នក​ប្រជាធិបតេយ្យ រួបរួម​គ្នា​គេ​អត់​ទៅ​បោះឆ្នោត​ទេ គេ​អាច​ទៅ​ផ្ដួល​រំលំ គេ​អាច​ប្រើប្រាស់​ហិង្សា​ជាដើម។ អា​ហ្នឹង​គេ​អាច​ធ្វើ​អ៊ីចឹង ពីព្រោះ​គេ​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ បែរជា​យើង​អត់​គោរព​សិទ្ធិ​គេ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​យើង​អត់​បើក​សិទ្ធិ​នយោបាយ​ឱ្យ​គេ​បាន​ប្រកួតប្រជែង​ឱ្យ​បាន​ត្រឹមត្រូវ»

ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត រយៈ​ពេល​ជាង ១ឆ្នាំ​មក​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សមាជិក​សង្គម​ស៊ីវិល និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ជាង ១០០នាក់ ក្នុង​នោះ​មនុស្ស ៨០នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយសារតែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន។ ករណី​ដ៏​កក្រើក​ចុងក្រោយ​នេះ គឺ​ករណី​ឃាតកម្ម​លើ​អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​លោក លិម គិមយ៉ា ដែល​គេ​មើល​ឃើញ​ថា អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​ត្រកូល ហ៊ុន ជា​អ្នក​ពី​ក្រោយ​ដោយសារតែ​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន គឺ​លោក លី រតនរស្មី ជា​អ្នក​បញ្ជា​ឱ្យ​ឃាតក​បាញ់​សម្លាប់​លោក លិម គិមយ៉ា។

អ្នក​ឃ្លាំ​មើល​សង្គម និង​មន្ត្រី​ប្រឆាំង​យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅ​មាន​ឱកាស​បង្រួបបង្រួម​ជាតិ និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ ប្រសិនបើ​រដ្ឋាភិបាល​បញ្ឈប់​ការ​យក​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ៕

1 comment:

Anonymous said...

Hun Sen’s principles to stay in power and to perpetuate the Hun’s family power:

“Kampuchea Oss Ey Oss Touv: EBA, GSP, Oss Koh (island) Ey Oss Touv, Oss Ponmarn Khet (province) Oss Touv, Kom Oy Teh Anh Oss Amnach”.

“Khmer Ngorp PonMarn Kor Ngorp Touv, KomTich Oy Ktich Puok Ah Chrul Niyum, Kom Oy Teh Anh Oss Amnach”.

In Hun Sen’s language: “ Reaksa Sante Pheap Oy Barn Tuos Knong Damley Na Kor Doy”.