ដោយ ច័ន្ទ ដារ៉ូ
2025.02.09
បាតុករខ្មែរជួបជុំគ្នាសម្តែងមតិនៅសួនច្បារ ហ៊ីប៊ីយ៉ា(Hibiya) ទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន នៅថ្ងៃទី៩ កុម្ភៈ ២០២៥។
រូប៖ ហ្វេសប៊ុក អូន មេត្តា
ប្រជាពលរដ្ឋខ្មែរធ្វើការ និងរស់នៅប្រទេសជប៉ុនចេញបាតុកម្មជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ និងរកយុត្តិធម៌ជូនលោក លិម គិមយ៉ា។ ក្រុមបាតុករទាមទារឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី បើសិនជាលោកអសមត្ថភាពដោះស្រាយបញ្ហាទាំងនោះ។
ដូចការគ្រោងទុក ពលរដ្ឋខ្មែរភាគច្រើនជាយុវជនធ្វើការ និងរស់នៅប្រទេសជប៉ុន (Japan) មកពីតំបន់ជិតឆ្ងាយជាង១០០នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃអាទិត្យ ទី៩ កុម្ភៈ។
បាតុកម្មនេះ មិនខុសពីបាតុកម្មនៅតាមបណ្តាប្រទេសផ្សេងទៀតនោះទេ គឺក្រុមបាតុករជួបជុំគ្នាសម្តែងមតិនៅសួនច្បារ ហ៊ីប៊ីយ៉ា(Hibiya) នៅម៉ោង១២ថ្ងៃត្រង់ បន្ទាប់មកពួកគាត់បានហែក្បូន លើកបដានៅកណ្ដាលទីក្រុងតូក្យូ (Tokyo) ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងទាមទារចំណែករបស់កម្ពុជានៅលើកោះគជ់ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ក្រៅពីនេះ ក្រុមបាតុករក៏ទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធចាប់ខ្លួនជនសង្ស័យពីរនាក់ដែលជាជនជាតិខ្មែរ គឺឈ្មោះ ពេជ្រ គិមស្រ៊ិន និងលី រតនៈរស្មី ដែលជាទីប្រឹក្សារបស់លោក ហ៊ុន សែន ប្រគល់ឱ្យអាជ្ញាធរថៃ ដើម្បីវែកមុខអ្នកនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា។
« កោះគជ់ជារបស់ខ្មែរ ជារបស់ខ្មែរ! យើងរួមគ្នាទាមទារកោះគជ់ ទាមទារ! រដ្ឋាភិបាលត្រូវរកយុត្តិធម៌ជូនលោក លិម គិមយ៉ា រកយុត្តិធម៌! »។
លោក មួន យន ស្ថិតក្នុងចំណោមបាតុករដែលចូលរួមបាតុកម្មនិយាយថា មូលហេតុដែលលោកចូលរួមធ្វើបាតុកម្មនេះ ដោយសារលោកមិនចង់ឃើញកោះគជ់ មានវាសនាដូចទៅនឹងកោះត្រល់ ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ។ លោកថា បញ្ហាបូរណភាពទឹកដីជាបញ្ហាជាតិរួម ដូច្នេះពលរដ្ឋខ្មែរត្រូវនាំគ្នាចេញតវ៉ាឱ្យបានផុលផុស ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងករណីកោះគជ់ទៅតុលាការអន្តរជាតិទាមទារចំណែករបស់កម្ពុជាមកវិញ។
លោក មួន យន៖ «សូមរដ្ឋាភិបាលបើចង់ធ្វើជាមេដឹកនាំល្អ ជាគំរូ ចង់ឱ្យពលរដ្ឋសរសើរ កុំឱ្យគេជេរ កុំឱ្យគេប្រឆាំង សូមរដ្ឋាភិបាលធ្វើឱ្យត្រូវ ដោយយកតួនាទីដែលខ្លួនជានាយករដ្ឋមន្ត្រីត្រូវចេញមុខដោះស្រាយបញ្ហាទឹកដីឱ្យពលរដ្ឋមានភាពកក់ក្តៅផង បើយើងមានមេដឹកនាំហើយ យើងមិនអាចការពារប្រទេសបានទេ សូមមេដឹកនាំដកខ្លួនចេញពីតំណែងទៅ ពីព្រោះប្រទេសជឿនលឿន កាលណាគេមិនអាចធ្វើឱ្យប្រទេសរបស់គេរីកចម្រើន ដោយមិនបាច់ពលរដ្ឋដេញទាន់ទេ គឺគេចុះចេញពីតំណែងភ្លាម ដោយមិនបាច់គេដេញ ឬគេធ្វើបាតុកម្មប្រឆាំងអ៊ីចឹងទេ»។
ស្រដៀងគ្នានេះដែរ បាតុករម្នាក់ទៀត គឺលោក សាន សុជា រិះគន់លោក ហ៊ុន ម៉ាណែត ថាអសមត្ថភាពដឹកនាំប្រទេសកម្ពុជាធ្វើឱ្យពលរដ្ឋរងទុក្ខលំបាក រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ។
លោក សាន សុជា៖ «សម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្មែរនៅតែទាមទារ ពីព្រោះយើងនៅលើទឹកដីប្រទេសជប៉ុនជាប្រទេសគោរពច្បាប់ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យពេញលេញ យើងឃើញដូច្នេះហើយបានជាខ្ញុំចូលរួមប្រឆាំងឱ្យរដ្ឋាភិបាលងាកមកដឹកនាំប្រទេសគោរពសិទ្ធិពលរដ្ឋឱ្យដូចប្រទេសជប៉ុនដែរបាទ»។
ចំណែក យុវជន ថា សាវុន ចងក្រណាត់លើក្បាល ដៃកាន់បដា និយាយថាលោកចូលរួមបាតុកម្ម មកពីលោកឈឺចាប់នឹងមេដឹកនាំក្រុងភ្នំពេញធ្វើបាបពលរដ្ឋខ្មែរនៅក្នុងប្រទេសឱ្យរងទុក្ខវេទនា ហើយលោកបារម្ភខ្លាចរដ្ឋាភិបាលត្រកូលហ៊ុនធ្វើឱ្យបាត់បង់កោះគជ់។ លោកយល់ថា ការតស៊ូមតិជំរុញឱ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងករណីកោះគជ់ទៅតុលាការអន្តរជាតិ គឺជាយន្តការបញ្ចប់វិវាទជាមួយប្រទេសថៃដោយសន្តិវិធី។
លោក ថា សាវុន៖ «ខ្ញុំអំពាវនាវសូមឱ្យបងប្អូនចូលរួមខ្វល់ខ្វាយពីបញ្ហាទឹកដី ដើម្បីជំរុញឱ្យរដ្ឋាភិបាលទាមទារនូវអ្វីដែលជារបស់ខ្មែរមកវិញ សូមបងប្អូនទាំងអស់កុំសម្ងំស្ងៀម ត្រូវនាំគ្នាចេញតវ៉ាទាមទារដើម្បីទឹកដី អធិបតេយ្យភាពកម្ពុជា សម្រាប់អនាគតរបស់យើង និងកូនចៅរបស់យើងជំនាន់ក្រោយផងដែរបាទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី៩ កុម្ភៈ។
កន្លងមក ក្រៅពីការគំរាមកំហែង និងវាយប្រហារលើអ្នកនយោបាយបក្សប្រឆាំងហើយ លោក ហ៊ុន ម៉ាណែត ចោទក្រុមប្រឆាំងថា យកបញ្ហាកោះគជ់តាមរករឿងរដ្ឋាភិបាលរបស់លោក ដើម្បីកេងចំណេញនយោបាយ។ លោកអះអាងថា រដ្ឋាភិបាលរបស់លោករក្សាភាពស្ងៀមស្ងាត់ក្នុងរឿងនេះ គឺជាភាពចាស់ទុំផ្នែកនយោបាយ និងថារដ្ឋាភិបាលប្រកាន់គោលការណ៍«មិនយកភ្លើងចូលផ្ទះ»។
មកទល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោកដែលជាមេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មិនទាន់បង្ហាញជំហរច្បាស់លាស់ក្នុងការទាមទារសិទ្ធិគ្រប់គ្រងកោះគជ់នៅឡើយទេ។ នេះគឺខុសពីមេដឹកនាំថៃទាំងឪពុកនិងកូនត្រកូលស៊ីណាវ៉ាត់ ដែលបានប្រកាសពីគោលជំហរច្បាស់ៗថាកោះគជ់ជាកម្មសិទ្ធិរបស់ថៃ។
ប្រធានសាខាគណបក្សកម្លាំងជាតិប្រចាំប្រទេសជប៉ុនលោក គា ថាណា ដែលចូលរួមបាតុកម្មនោះថ្លែងថា ប្រទេសកម្ពុជាមានចំណែកមួយផ្នែកនៅលើកោះគជ់ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លាក់លៀមជុំវិញអធិបតេយ្យរបស់កម្ពុជាលើកោះគជ់ ខណៈប្រជាពលរដ្ឋនៅក្នុងប្រទេសដែលឈឺឆ្អាលរឿងបូរណភាពទឹកដីត្រូវអាជ្ញាធរបង្រ្កាប លាបពណ៌ចោទប្រកាន់ ចាប់ដាក់ពន្ធនាគារទៅវិញ។
លោក គា ថាណា៖ «យើងប្រើប្រាស់យន្តការនេះ ប្តឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីជាជម្រើសដោះស្រាយបញ្ហារវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាង ខ្ញុំជឿថាយើងប្រាកដជាស្វែងរកសន្តិភាពពិតប្រាកដបាន។ លទ្ធិប្រជាធិបតេយ្យគឺប្រជាពលរដ្ឋជាម្ចាស់អំណាច ម្ចាស់ប្រទេស ដូច្នេះប្រជាពលរដ្ឋមានសិទ្ធិក្នុងការតវ៉ាទាមទាររាល់បញ្ហាទាំងឡាយណា ដែលយើងយល់ថារដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទឹកដី»។
ជុំវិញរឿងនេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្រ្តាលីលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា មកដល់ពេលនេះ អ្នកកាន់អំណាចមិនទាន់បង្ហាញជំហរទទួលខុសត្រូវក្នុងនាមជាមេដឹកនាំជុំវិញករណីកោះគជ់ និងឃាតកម្មលើអតីតមន្រ្តីបក្សប្រឆាំងលោក លិម គិមយ៉ា នោះទេ។ ផ្ទុយទៅវិញ លោកមើលឃើញថា ពួកគេព្យាយាមបង្វែរព្រឹត្តិការណ៍សង្គម កុំឱ្យមហាជនចាប់អារម្មណ៍ពីចលនាតស៊ូរបស់ពលរដ្ឋនៅក្រៅប្រទេស។ លោក ស៊ឹង សែនករុណា ជឿថាសកម្មភាពតស៊ូមតិរបស់ពលរដ្ឋខ្មែរ ជាពិសេសយុវជនខ្មែរនឹងជំរុញឱ្យមានដំណោះស្រាយ សម្រាប់ផលប្រយោជន៍ជាតិនៅពេលខាងមុខ។
លោក ស៊ឹង សែនករុណា៖ «ការថ្កោលទោសទៅលើអ្នកមានអំណាចធ្វើឱ្យប៉ះពាល់ដល់ទឹកដី ជោគវាសនាប្រទេសជាតិ គឺមេដឹកនាំទាំងអស់ហ្នឹងឯង អ៊ីចឹងអ្នកទាំងអស់ហ្នឹងនឹងត្រូវរងការថ្កោលទោសចំពោះមុខប្រវត្តិសាស្ត្រ បើពួកគេមិនដោះស្រាយបញ្ហាទាំងហ្នឹងទេ អ៊ីចឹងអ្វីដែលជាការកោតសរសើរ គឺយុវជនដែលបានលះបង់ពេលវេលាក្នុងការចេញទាមទារដោះស្រាយបញ្ហាប្រទេសជាតិហ្នឹងឯងបាទ»។
ក្រៅពីប្រទេសជប៉ុន ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលមិនពេញចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដូចជានៅប្រទេសអូស្ត្រាលី (Australia ) កូរ៉េខាងត្បូង (South Korea) សហរដ្ឋអាមេរិក(USA) ប្រទេសកាណាដា (Canada) និងបារាំង (French) ជាដើម ប្រកាសរួមកម្លាំងសាមគ្គីគ្នាចេញសម្តែងមតិ និងធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងរកយុត្តិធម៌ជូនលោក លិម គិមយ៉ា ឱ្យទាល់តែបាន។ ក្រុមបាតុករព្រមានថា ចរន្តនៃការតវ៉ាពីសំណាក់ពលរដ្ឋខ្មែរនឹងរីកកាន់តែធំឡើង បើសិនរដ្ឋាភិបាលមិនដោះស្រាយសំណើទាំងនោះឱ្យបានត្រឹមត្រូវទេនោះ៕
2 comments:
Hun Sen’s principles to stay in power and to perpetuate the Hun’s family power:
“Kampuchea Oss Ey Oss Touv: EBA, GSP, Oss Koh (island) Ey Oss Touv, Oss Ponmarn Khet (province) Oss Touv, Kom Oy Teh Anh Oss Amnach”.
“Khmer Ngorp PonMarn Kor Ngorp Touv, KomTich Oy Ktich Puok Ah Chrul Niyum, Kom Oy Teh Anh Oss Amnach”.
In Hun Sen’s language: “ Reaksa Sante Pheap Oy Barn Tuos Knong Damley Na Kor Doy”.
Thank You so much Khmer patriots in Japan for your sacrifice for Cambodia.
Post a Comment