2025.02.12

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថា នឹងដកហូតទ្រព្យសម្បត្តិទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត ប្រសិនបើពួកគាត់គ្មានប្រាក់បង់ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារ ក្នុងរយៈពេលមួយខែ។ លោក រ៉ុង ឈុន ថា នេះគឺជាការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរ ដែលតុលាការគួរតែពិចារណាឡើងវិញ ខណៈអ្នកច្បាប់ចាត់ទុកថានេះ គឺជាល្បិចស្មោកគ្រោករបស់តុលាការ ដើម្បីផ្គាប់ចិត្តបក្សកាន់អំណាច។
អ្នកច្បាប់ និងមន្ត្រីបក្សប្រឆាំងចាត់ទុកការដាក់កំហិតរបស់សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត រួមគ្នាសងសំណងការខូចខាតចំនួន ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារ ឱ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាដើមបណ្ដឹង គឺជាការធ្វើទុក្ខបុកម្នេញនយោបាយ ពុំមែនជាអនុវត្តច្បាប់នោះទេ។ ពួកគាត់ថា នេះគឺជាល្បិចស្មោកគ្រោករបស់តុលាការ ដែលគេតែងប្រើក្នុងរបបផ្ដាច់ការ និងប្រទេសកុម្មុយនិស្ត។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកុម្ភៈ ថា ការបង្គាប់ឱ្យលោក រ៉ុង ឈុន និង សកម្មជនពីរនាក់ទៀត រួមគ្នាសងសំណងជាប្រាក់ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន គឺជាការអនុវត្តច្បាប់។ លោកបន្តថា ក្នុងករណីកូនបំណុលពុំមានប្រាក់សងនឹងត្រូវអនុវត្តទៅតាមនីតិវិធីនៃការអនុវត្តបង្ខំទារសំណងរដ្ឋប្បវេណី ពិនិត្យទៅលើទ្រព្យសម្បត្តិ ដែលអាចដកហូតបាន។
លោក អ៊ី រិន្ទ៖ «គេនឹងអនុវត្តតាមនីតិវិធីទាក់ទងនឹងការអនុវត្តបង្ខំនៅក្នុងសំណងនោះសិន គេពិនិត្យមើលទ្រព្យគាត់សិនណា»។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកុម្ភៈ បានចេញសេចក្ដីជូនដំណឹងបង្គាប់ឱ្យលោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល រួមគ្នាសង សំណងការខូចខាតចំនួន ១០ម៉ឺនដុល្លារទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។ ចំណែកប្រាក់ទាំងនោះ ត្រូវបង់ទៅឱ្យម្ចាស់បំណុល នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទទួលបានលិខិត។
ការបង្គាប់ឱ្យបង់ប្រាក់នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្ដន្ទាទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងបង់ប្រាក់ពិន័យចូលរដ្ឋ២លានរៀល ពីបទ «ញុះញង់បង្ក ឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធ នឹងសេចក្ដីថ្លែងការណ៍ អំពីបញ្ហាដីធ្លី នៅក្បែរតំបន់ព្រំដែន ខេត្តត្បូងឃ្មុំ នៅក្រោមការកាន់កាប់របស់ប្រទេសវៀតណាម។ រីឯសកម្មជនពីរនាក់ទៀត គឺកញ្ញា ស កណិការ និងលោក តុន និមល ក៏ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ខែ និងពិន័យប្រាក់ចូលរដ្ឋក្នុងម្នាក់ៗ ចំនួន ២លានរៀលពីបទញុះញង់ ផងដែរ។
អតីតមេដឹកនាំសហភាពសហជីពកម្ពុជា និងបច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកុម្ភៈ ថា ការដាក់កំហិតឱ្យលោកបង់ប្រាក់រាប់ម៉ឺនដុល្លារ និងព្រមានដកហូតទ្រព្យក្នុងករណី ដែលលោកគ្មានប្រាក់សងនេះ គឺជាការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរព្រោះថា លោកគ្មានកំហុស ដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកថា តុលាការគួរតែពិចារណាឡើងវិញ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើរូបលោក។
លោក រ៉ុង ឈុន៖ «ឱ្យតុលាការគិតឡើងវិញ នូវករណីដែលអនុវត្ត ដែលវាធ្ងន់ធ្ងរទារ សំណងហួសហេតុ។ អ្វីដែលខ្ញុំធ្វើកន្លងមកគឺទាក់ទង ធ្វើការងារសង្គម និងជួយដល់អ្នកទន់ខ្សោយដូចជាកម្មកជាប់ពន្ធនាគារ»។
បន្ថែមពីនោះ លោក រ៉ុង ឈុន បានបញ្ជាក់ថា មកទល់ពេលនេះ លោកនៅមិនដឹងនោះទេថា តើលោកនឹងសងប្រាក់ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ឬក៏យ៉ាងណា បើទោះបីជាពេលនេះ គេឃើញមានសកម្មជនបក្សកម្លាំងជាតិ និងអ្នកគាំទ្រ ស្រឡាញ់លោកជាច្រើន នាំគ្នាបរិច្ចាគថវិកាជាបន្តបន្ទាប់ក្ដី។ ទន្ទឹមនឹងនោះ លោក រ៉ុង ឈុន បានប្រកាសជំហរថា បើទោះជាពេលនេះ លោករងសម្ពាធគ្រប់រូបភាព ពីតុលាការក្ដី លោកនៅតែរក្សាជំហររឹងមាំ ដើម្បីយុត្តិធម៌សង្គមប្រជាធិបតេយ្យ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។
នៅថ្ងៃទី១២ ខែកុម្ភៈនេះ គណបក្សកម្លាំងជាតិបានចេញសេចក្ដីថ្លែងការណ៍ដោយលើកឡើងថា គណបក្សកម្លាំងជាតិ សោកស្ដាយចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជនការងារសង្គមពីររូបទៀត ត្រូវសងសំណងការខូចខាតចំនួន៤០០លានរៀល ដែលជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយទុកពេលវេលាឱ្យត្រឹមតែ ១ខែ ដើម្បីសង។
ជាមួយគ្នានោះ គណបក្សកម្លាំងជាតិ ចាត់ទុកចំណាត់ការរបស់តុលាការមកលើលោក រ៉ុង ឈុន ម្ដងហើយម្ដងទៀតនេះ គឺជាការដាក់សម្ពាធផ្នែកនយោបាយ ហើយអំពាវនាវដល់រដ្ឋាភិបាល និងតុលាការគួរតែទម្លាក់ការចោទប្រកាន់មកលើលោក រ៉ុង ឈុន ដើម្បីឱ្យលោកមានសេរីភាពធ្វើនយោបាយឱ្យបានពេញលេញ និងធានានូវបរិយាកាសនយោបាយនៅកម្ពុជា កាន់តែល្អប្រសើរឡើងវិញ។
អ្នកជំនាញផ្នែកច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើកឡើងថា ការដាក់កំហិតឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បង់ប្រាក់ទៅតុលាការច្រើនលើសលប់នេះ ពុំមែនជាការអនុវត្តច្បាប់នោះទេ តែជាការ គំរាមកំហែងធ្ងន់ធ្ងរ ផ្នែកនយោបាយ និងជាល្បិចដ៏ស្មោកគ្រោករបស់តុលាការក្រុងភ្នំពេញ ដែលធ្វើតាមខ្សែញាក់របស់បក្សកាន់អំណាច។
លោក វ៉ន ចាន់ឡូត៖ «ដូច្នេះវាជាតាក់ទិចនយោបាយមួយដ៏ស្មោកគ្រោក ដែល របបភ្នំពេញបានប្រើប្រាស់តាមរយៈតុលាការ ដើម្បីបន្ថយឥទ្ធិពលប្រជែងរបស់ខ្លួន ហើយដើម្បីធានាថា បក្សដែលជាដៃគូរប្រជែងរបស់ខ្លួនហ្នឹង ពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួត ដោយស្មើមុខស្មើមាត់»។
បន្ថែមពីនោះ លោក វន់ ចាន់ឡូត លើកឡើងថា ប្រសិនបើលោក រ៉ុង ឈុន នៅបន្តលេងល្បែងនយោបាយនេះ ជាមួយតុលាការក្រុងភ្នំពេញ មានតែកាតខាតបង់ពេលវេលា និងធនធាន ហើយលោក រ៉ុង ឈុន នៅតែបន្តរងការធ្វើទុក្ខបុកម្នេញដដែល។
លោក វន់ ចាន់ឡូត៖ «លោក រ៉ុង ឈុន គួរកាន់តែពង្រឹង នូវសកម្មភាពនយោបាយរបស់ខ្លួននៅមូលដ្ឋាន។ ជាពិសេស គួរតែគិតគូរ ដល់ធនធានដែលមានយកមកធ្វើសកម្មភាពនយោបាយ ប្រសើរជាងយកទៅឱ្យតុលាការ។ ទី៣ គួរពង្រឹងទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ ជំរុញឱ្យសហគមន៍ ទាំងនោះ គួរតែមានវិធានការជាក់លាក់។ ខ្ញុំគិតថា ចំណុចនេះ អាចជួយស្ដារស្ថានការណ៍បាន»។
លោក រ៉ុង ឈុន និងសកម្មជនពីរនាក់ទៀត ត្រូវបានដោះលែងពីពន្ធនាគារកាលថ្ងៃទី១២ វិច្ឆកា ឆ្នាំ២០២១ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ បានតម្កល់សាលក្រមសាលាដំបូងទុកជាបានការដដែល និងបន្ថយទោសឱ្យជាប់ពន្ធនាគារពី ២ឆ្នាំ មកនៅត្រឹមជាង ១៥ខែ។ ចំណែកឯទោស ដែលនៅសល់ត្រូវព្យួរ។ ទន្ទឹមគ្នានោះ សាលាឧទ្ធរណ៍ ក៏បានព្យួរទោសសាកល្បងលើលោក រ៉ុង ឈុន ៣ឆ្នាំបន្ថែមទៀត ជាមួយលក្ខខណ្ឌតឹងរ៉ឹងជាច្រើន។
បន្ថែមពីលើនេះ លោក រ៉ុង ឈុន ក៏កំពុងជាប់បណ្ដឹងនៅតុលាការមួយទៀត ក្រោមបទចោទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិមលើបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នៅក្នុងឆ្នាំ២០២៤ ដោយសារលោកនៅតែបន្តសកម្មភាពសង្គម និងនយោបាយ បន្ទាប់ពីចេញពីពន្ធនាគារ។ លោក រ៉ុង ឈុន លើកឡើងថា ការប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើទុក្ខបុកម្នេញមក លើរូបលោក ពុំអាចបញ្ឈប់សកម្មភាពលោកមិនឱ្យខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជាបាននោះទេ។
នៅថ្ងៃទី១២ ខែកុម្ភៈដដែលនេះ លោក រ៉ុង ឈុន បានចុះជួបជាមួយតំណាងកម្មករ-សហជីពជិត ២០នាក់ នៅខណ្ឌច្បារអំពៅ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្នែកច្បាប់ ពាក់ព័ន្ធនឹងការចងក្រងសហជីពឱ្យមានប្រសិទ្ធភាព។ លោកប្រាប់វិទ្យុអាស៊ីសេរីថា ជំនួបនេះ គឺដើម្បីលើកទឹកចិត្ត និងជំរុញឱ្យកម្មករ-សហជីពចេះ ស្រឡាញ់យុត្តិធម៌ និងការពារសិទ្ធិកម្មករ។
នៅក្នុងពេលជាមួយនេះ មានអ្នកគាំទ្រគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រលោក រ៉ុង ឈុន ជាច្រើននាំគ្នាបង្ហោះសារអំពាវនាវដល់សប្បុរសជនឱ្យចូលរួមបរិច្ចាគថវិកាជួយលោក រ៉ុង ឈុន ដើម្បីសងទៅតុលាការ។ អ្នកខ្លះបង្ហាញអំពីសន្ដានចិត្តជឿជាក់ពីភាពស្អាតស្អំរបស់លោក រ៉ុង ឈុន ហើយថា លោក រ៉ុង ឈុន គឺជាមនុស្សស្មោះត្រង់ ដែលធ្វើការងារសង្គម ដើម្បីផលប្រយោជន៍ជាតិ បូរណភាពទឹកដី និងដើម្បីផលប្រយោជន៍ពលរដ្ឋពិតប្រាកដ៕
No comments:
Post a Comment