Friday, 14 February 2025

លោក ហ៊ុន សែន បញ្ចេញ​សារ​សំឡេង ដែល​ប៉ុនប៉ង​ធ្វើឃាត​លោក


ដោយ ទីន ហ្សាការីយ៉ា
2025.02.13


លោក ហ៊ុន សែន បញ្ចេញ​សារ​សំឡេង ដែល​ប៉ុនប៉ង​ធ្វើឃាត​លោក
 
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទម្លាយ​សារ​សំឡេង​ចំនួន២ បង្ហាញ​ពី​ការ​រៀបចំ​ផែនការ សម្លាប់​លោក ដោយ​ប្រើ​យន្តហោះ​ដ្រូន (Drone) វាយ​ប្រហារ​ចូល​ភូមិគ្រឹះ របស់​លោក ក្នុង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ អ្នកវិភាគ និង​មន្ត្រី​បក្សា​ប្រឆាំង​ថា សារ​សំឡេង ដែល​លោក ហ៊ុន សែន បង្ហាញ​នៅ​ពេល​នេះ អាច​ជា​ល្បិចកល​របស់​លោក ហ៊ុន សែន ក្នុង​ការ​ជំរុញ​ច្បាប់​ដាក់​អ្នក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​ភេរវករ។

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំងលើកឡើង​ថា ការ​បញ្ចេញ​សារ​សំឡេង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ អាច​ជា​ល្បិចកល​របស់​លោក ក្នុង​ការ​ជំរុញ​ឲ្យ​ការ​បង្កើត​ច្បាប់​ដាក់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ជា​ភេរវករ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៣ ខែកុម្ភៈ​ថា លទ្ធភាព​របស់​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ជា​ដើម ទំនង​ជា​គ្មាន​លទ្ធភាព និង​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​ទំនើប ដូចជា ដ្រូន ឡើយ ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «រឿង​ដ្រូន​អ្នក​ដែល​ធ្វើ​បាន​មាន​តែ​អ្នក​នៅ​ជុំវិញ​គេហដ្ឋាន​គាត់​ហ្នឹង គ្មាន​អ្នក​ណា​អាច​ចូល​បាន​ទេ ប្រជារាស្ត្រ​ធម្មតា មិន​អាច​ទៅ​ជិត​ទេ មិន​អាច​ទេ ប្រោះ​អ្នក​យាម​ច្រើន​ណាស់ អង្គរក្ស​គាត់​ច្រើន​ណាស់ ។ បើ​ថា មាន​ដ្រូន​មែន គឺ​មាន​តែ​របស់​អង្គរក្ស​គាត់ ពួក​ទាហាន ដែល​នៅ​ជុំវិញ​គាត់ អត់​ពេញ​ចិត្ត​នឹង​គាត់ ។ អីចឹង​គណបក្ស​ប្រឆាំង គឺ​អត់​មាន​លទ្ធភាព​ទេ អីចឹង​ហើយ​កុំ​ចេះ​តែ​ចោទ​ប្រជាពលរដ្ឋ កុំ​ចេះ​តែ​ចោទ​គេ រឿង​ស្ដី​អី​នេះ​នោះ យក​មក​ចោទ​គេ អា​ហ្នឹង​មក​ពី​គាត់​ភ័យខ្លាច​ពេក  ។ ធ្វើ​តែ​ល្អ​ទៅៗ គាត់​អត់​ខ្លាច​អី​ទេ»

ការលើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី១៣ ខែ​កុម្ភៈ ទម្លាយ​សារ​សំឡេង ចំនួន២ នៅ​លើ​បណ្ដាញ​សង្គម ដែល​សារ​សំឡេង​នេះ ជា​ផែនការ​ភេរវកម្ម ប៉ុនប៉ង​ធ្វើឃាត​លោក និង​គ្រួសារ។ លោក ហ៊ុន សែន បន្ត​ថា «យើង​ដឹង​មេធំ​របស់​គេ​ជា​អ្នកណា​ហើយ​នៅ​ទីណា តែ​យើង​នៅ​មិន​ទាន់​បញ្ចេញ​នៅ​ពេល​នេះ​ទេ ព្រោះ​យើង​ត្រូវ​កំចាត់​ពួក​ជ្រុល​និយម និង​ហិង្សា​និយម​ឲ្យ​អស់​សិន»។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ប្រកាស​ថា លោក​នឹង​កម្ចាត់ចោល​អ្នកណា​ក៏ដោយ ដែល​ចង់​សម្លាប់​លោក និង​គ្រួសារ។

 

ងាក​មក​មើល​សារ​សំឡេង​ទាំង​ពីរ​នោះ​វិញ ជា​សារ​សំឡេង (Voice) ឆ្លើយឆ្លង​គ្នា នៅ​ក្នុង​ក្រុម​មួយ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​អំពី​ប្រភព នៃ​សារ​សំឡេង​នេះ​ឡើយ។

សារ​សំឡេង៖ «បើ​យើង​មាន​មតិ​ពិតប្រាកដ ទោះ​យើង​ធ្វើ​អ្វី​កើត ឬ​មិន​កើត ក៏​យើង​និយាយ​ស្មោះ​ចេញ​ពី​ចិត្ត​ទៅ! ជា​ពាក្យ​សម្ដី​យើង​ទៅ! ហើយ​និយាយ​ចំហ​ជា​ទូទៅ​ថា បើ​អា​កុម្មុយនិស្ត​នោះ​បាន​តែ​ទិញ​ដ្រូន​ដាក់​មួយ​ទៅ អ្នក​ណា​ក៏​គេ​និយាយ​អ៊ីចឹង​ដែរ​មួយ​ពិភពលោក។ គេ​និយាយ​តែ​អីចឹង​ដែរ។ ដល់​តែ​វា​យក​ប្រទេស​ទាំង​មូល​ហើយ គេ​ថា បាន​តែ​ទិញ​ដ្រូន​មួយ​ដាក់​អា​ហ្នឹង គឺ​អ៊ីចឹង​ឯង ហើយ​ទៅ​វៃ​ស្មៅ​បង្អើល​ពស់​ម៉េច បើ​ពួក​ចោរ​វា​យក​ប្រទេស​តែ​ម្នាក់​វា​ហើយ គេ​និយាយ​តែ​អ៊ីចឹង​គ្រប់​តែ​គ្នា បើ​អ្នក​ណា​ចង់​ធ្វើ​ក៏​ធ្វើ​ទៅ បើ​អ្នក​ណា​មិន​ធ្វើ​ក៏​ហី​ទៅ»

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ លោក គឹម សុខ ថ្លែង​ថា សារ​សំឡេង​របស់​ពលរដ្ឋ​នេះ ហាក់​បង្ហាញ​ពី​ការ​ឈឺ​ចាប់ ដែល​កំពុង​រស់នៅ​ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល ហ៊ុន។

លោក គឹម សុខ៖ «វិបត្តិ​ធំ​ទី១ គឺ​បញ្ហា​ជាតិ បញ្ហា​កោះគជ់ ការ​ទាមទារ​យុត្តិធម៌ ជូន​លោក លិម គិមយ៉ា ការ​ប្រឈម​នឹង​ការ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA) បន្ថែម​ទៀត​ពី​សហភាព​អឺរ៉ុប វិបត្តិ​បំណុល ការ​ឆបោក​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ទូទាំង​ប្រទេស រឿង​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​ក្រុម​គ្រួសារ ហ៊ុន ដោះស្រាយ​មិន​ចេញ​ទេ ម្ល៉ោះហើយ​ក៏​យក​ជីវិត​របស់​ពួកគេ ធ្វើ​ជា​ឧបករណ៍​បំភាន់ បំប៉ោង បំភ្លៃ​ក្នុង​ការ​សមានចិត្ត​ពី​ប្រជាពលរដ្ឋ»

កាល​ពី​ពេល​កន្លង​ទៅ លោក ហ៊ុន សែន បាន​ព្យាយាម​រក​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​ច្បាប់​ដាក់​មនុស្ស​មួយ​ក្រុម​ជា​ភេរវករ ប្រឆាំង​នឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ដែល​កំពុង​តែ​ធ្វើ​ចលនា​មហាជន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ការពារ​អធិបតេយ្យ​ភាព​កម្ពុជា។ ទន្ទឹម​នឹង​នេះ កាលពី​ថ្ងៃ​ទី៥ ខែ​ធ្នូ​កន្លង​ទៅ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ថា នឹង​បង្កើត​ច្បាប់ ដាក់​មនុស្ស​មួយ​ក្រុម​ជា​ក្រុម​ភេរវករ ប្រសិនបើ​លោក សម រង្ស៊ី ហ៊ាន​បង្ហាញ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន នៅ​ក្រៅ​ប្រទេស។ ការណ៍​នេះ​ហើយ ទើប​អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​យក​ជីវិត​លោក និង​គ្រួសារ​ជាដើម​ទុន ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ បិទ​បាំង​ភាព​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម និង​ជា​ល្បិច​កល ទម្លាក់​កំហុស​ឲ្យ​គណបក្ស​ប្រឆាំង ក្នុង​ការ​បង្កើត​ច្បាប់​ដាក់​អ្នកប្រឆាំង​ជា ភេរវករ៕

No comments: