2025.02.03

យុវជនចលនាមាតាធម្មជាតិ និងយុវជនមួយចំនួនទៀត រំលឹកពីវីរភាពរបស់សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ក្រោយលោកជាប់ពន្ធនាគារជាង៧ខែ ដោយសារតែភាពសកម្មក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
យុវជនចលនាមាតាធម្មជាតិ និងយុវជន ដែលឈឺឆ្អាលបញ្ហាសង្គម រំលឹកដល់វីរភាពរបស់សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត បើទោះបីជាពេលនេះ លោកកំពុងជាប់ពន្ធនាគារក៏ដោយ។
ពួកគាត់បាននាំគ្នាបង្ហោះសាររបស់លោក លី ចាន់ដារ៉ាវុត នៅលើបណ្ដាញសង្គម ដែលលោកបាននិយាយនៅមុនពេលអាជ្ញាធរចាប់ខ្លួនទៅឃុំនៅពន្ធនាគារ។ សារនោះមានជាអាទិ៍ដូចជា «ថ្ងៃនេះយើងខ្លាច ថ្ងៃស្អែកយើងវេទនា» និងថា «ខ្ញុំសង្ឃឹមថា ការចាប់ខ្លួននរណាក៏ដោយ នឹងមិនក្លាយទៅជាការបាក់ទឹកចិត្តសម្រាប់យុវជនដទៃទៀត សម្រាប់យុវជនខ្មែរក្នុងការតស៊ូដើម្បីភាពយុត្តិធម៌របស់យើងឡើយ»។
សកម្មជនចលនាមាតាធម្មជាតិម្នាក់ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពនៅថ្ងៃទី២ ខែកុម្ភៈថា គិតមកទល់នឹងពេលនេះ សកម្មជនចលនាមាតាធម្មជាតិចំនួន៥នាក់ រួមទាំងលោក លី ចាន់ដារ៉ាវុត បានជាប់ពន្ធនាគារអស់រយៈពេលជាង ៧ខែមកហើយ ។ សកម្មជនរូបនេះ ថា លោក លី ចាន់ដារ៉ាវុត ជាកាតាលីករជំរុញ និងលើកទឹកចិត្តយុវជនផ្សេងទៀត ឲ្យបន្តសកម្មភាពការពារបរិស្ថាន និងសិទ្ធិសេរីភាពរបស់ខ្លួន។ ប្រភពដដែល មើលឃើញថា លោក លី ចាន់ដារ៉ាវុត និងសមាជិកផ្សេងទៀត មានឆន្ទៈពិតប្រាកដក្នុងការការពារបរិស្ថាន ដោយពុំគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ចំណែកឯប្រធានសមាគមប្រជាធិបតេយ្យខ្មែរនៅតំបន់ក្វាងជូ (GWANGJU) ប្រទេសកូរ៉េខាងត្បូង លោក លួន វិបុល ថ្លែងថា សកម្មភាពរបស់ចលនាមាតាធម្មជាតិនាពេល កន្លងទៅ ពិតជាមានគុណតម្លៃសម្រាប់មនុស្សជាតិ និងពិភពលោក រហូតដល់ពួកគេត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ផ្ដល់នូវពានរង្វាន់ជាបន្តបន្ទាប់ ។ លោកទាមទារឲ្យរដ្ឋាភិបាល ដោះលែងសកម្មជនចលនាមាតាធម្មជាតិ ទាំង៥នាក់ រួមទាំងលោក លី ចាន់ដារ៉ាវុត ឲ្យមានសេរីភាពឡើងវិញ។
លោក លួន វិបុល៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន គួរតែគិតពិចារណាឡើងវិញ ព្រោះគុណវិបត្តិ ឬកេរ្តិ៍ឈ្មោះអាក្រក់ៗ ដែលរដ្ឋាភិបាលបានធ្វើកន្លងមកទាំងការរំលោភសិទ្ធិមនុស្ស ទាំងការគាបសង្កត់ ការប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់ខ្លួនឯងហ្នឹង គឺច្រើនណាស់ហើយ អីចឹងគួរតែមើលពីគុណតម្លៃ ដែលយុវជនធ្វើកិច្ចការជំនួសរដ្ឋាភិបាល ដែលអសមត្ថភាព ។ ខ្ញុំនិយាយអសមត្ថភាពនេះ បើយើងនិយាយពីបរិស្ថាន អីចឹងយើងនិយាយទៅកាន់រដ្ឋមន្ត្រីក្រសួងបរិស្ថានទៀត គាត់មានតួនាទីទាក់ទងទៅនឹងរឿងព្រៃឈើ បើសិនគាត់ការពារមិនបានដូចជា តំបន់ព្រៃឡង់ ឬព្រៃធំៗហ្នឹងទេ អីចឹងគឺក្រុមយុវជនចលនាមាតាធម្មជាតិហ្នឹងហើយ ដែលដើរតួនាទីជំនួសឲ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ដែលគាត់គួរតែផ្ដល់ប័ណ្ណសរសើរ ឬលើកទឹកចិត្ត និងដោះលែងពួកគាត់ឲ្យមានសេរីភាព»។
ការរំលឹកឡើងវិញពីវីរភាពរបស់លោក លី ចាន់ដារ៉ាវុត នេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានឃុំខ្លួនលោក និងសកម្មជន៤នាក់ផ្សេងទៀតក្នុងពន្ធនាគារ អស់រយៈពេលជាង ៧ខែហើយ ពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថាន។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២ ខែកុម្ភៈ។
កាលពីថ្ងៃទី២ ខែកក្កដា តុលាការក្រុងភ្នំពេញ បានកាត់ទោសសកម្មជនបរិស្ថាន១០នាក់ ឱ្យជាប់ពន្ធនាគារពី៦ឆ្នាំ ដល់ ៨ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់» និង«ប្រមាថព្រះមហាក្សត្រ» ។ សកម្មជន៥នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងកម្រោលនៅជិតតុលាការ ខណៈពួកគេកំពុងតវ៉ាដោយសន្តិវិធីដោយស្លៀកពាក់ពណ៌ស។ អ្នកទាំង៥នាក់រួមមានលោក ថុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ។ អាជ្ញាធរបានយកពួកគាត់ទៅឃុំនៅក្នុងពន្ធនាគារដាច់ដោយឡែកពីគ្នា នៅតាមខេត្តឆ្ងាយពីក្រុមគ្រួសារ និងមេធាវី។ រីឯសកម្មជនបរិស្ថាន ៥នាក់ផ្សេងទៀត តុលាការបានកាត់ទោសពួកគាត់កំបាំងមុខ។
សហគមន៍ជាតិ-អន្តរជាតិ ចាត់ទុកការផ្ដន្ទាទោសលើក្រុមសកម្មជនចលនាមាតាធម្មជាតិ ជាការរិតត្បិតសិទ្ធិសេរីភាព និងលម្ហសង្គមស៊ីវិល ជាពិសេសសភាអឺរ៉ុប បានជំរុញឲ្យពិនិត្យសើរើឡើងវិញ នូវការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា អ៊ី.ប៊ី.អេ (EBA) ដែលនៅសល់ចំនួន៨០% ជាមួយកម្ពុជា ដោយសារតែការរួមតូចទៅៗ នៃលម្ហសិទ្ធិសង្គមស៊ីវិលនៅកម្ពុជា។
យុវជនស្នើដល់រដ្ឋាភិបាល ឲ្យដោះលែងសកម្មជនបរិស្ថានលោក លី ចាន់ដារ៉ាវុត និងសកម្មជនផ្សេងទៀត ឲ្យមានសេរីភាពឡើងវិញ ព្រមទាំងបើកលម្ហសិទ្ធិសេរីភាព ដើម្បីពួកគាត់បានចូលរួមការពារធនធានធម្មជាតិនៅកម្ពុជា៕
No comments:
Post a Comment