ដោយ ខាន់ លក្ខិណា
2025.03.10
នាយឧត្តមសេនីយ៍លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ។
រូប៖ ហ្វេសប៊ុកក្រសួងការពារជាតិ
មេអង្គរក្សលោក ហ៊ុន សែន គឺលោកឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អះអាងថា លោកមិនដឹងពីការកោះហៅរបស់តុលាការបារាំង ក្នុងរឿងគប់គ្រាប់បែកសម្លាប់ បាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នោះទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថា ព័ត៌មាននៃការកោះហៅលោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ ដោយតុលាការបារាំង គឺជាការពិត ហើយនេះ ជាការកោះហៅលើកទី៣ហើយ ឱ្យមេទ័ពទាំងពីរចូលសវនាការបារាំង។ មន្ត្រីការពារសិទ្ធិមនុស្សថា ជនរងគ្រោះក្នុង សំណុំរឿងនេះ នឹងបានយុត្តិធម៌ពីតុលាការបារាំង។
មេបញ្ជាការនៃអគ្គបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ទទួលស្គាល់ថា តុលាការបារាំងមានយុត្តិធម៌ និងមិនចេះតែធ្វើតាមការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលប្រមាថថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងមេទ័ពឡើយ។ មេអង្គរក្សរូបនេះថា លោក សម រង្ស៊ី ទៅវិញទេ ដែលជាទណ្ឌិតក្បត់ជាតិ នឹងត្រូវចាប់ខ្លួន ប្រសិនបើលោក សម រង្ស៊ី ចូលទឹកដីកម្ពុជា។
ហ៊ីង ប៊ុនហៀង ថា គ្មានការចាំបាច់បញ្ជូនមេធាវីទៅការពារក្ដីនៅបារាំងទេ
លោក ហ៊ីង ប៊ុនហៀង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែមីនា ថា លោកមិនពាក់ព័ន្ធនឹងតុលាការបារាំងឡើយ ហើយគ្មានការចាំបាច់បញ្ជូនមេធាវីទៅការពារក្ដីនៅបារាំង ក្នុងរឿងបោកគ្រាប់បែកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ដែរ។ លោកអះអាងថា រឿងក្ដីនេះ កើតចេញពីការចោទប្រកាន់បែបសរសៃប្រសាទ និងគ្មានភស្តុតាងរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។
លោក ហ៊ីង ប៊ុនហៀង៖ «ខ្ញុំមើលទៅគាត់ ដូចជា គាត់ចោទតែពាសលើកងទ័ពលើកម្លាំងប្រដាប់អាវុធ គ្មានផលហេតុអំណះអំណាងណាមួយដែលមកចោទលើខ្ញុំ លើឯកឧត្ដម ហ៊ុយ ពិសិដ្ឋ ណាកើត។ ខ្ញុំគ្មានការចាប់អារម្មណ៍ណាមួយដែរ គឺថា សម្រាប់គាត់ គឺខ្ញុំចាត់ទុកថា នៅស្រុកខ្មែរនេះ គេបានចាត់ទុកថា គាត់ជនក្បត់ជាតិ ៣ ជំនាន់តាំងពីឪពុកគាត់មក ។ បើនៅតុលាការកម្ពុជា គេកំពុងតាមចាប់ខ្លួនគាត់រឿងហេតុផលវាអ៊ីចឹង ហើយមកចោទលើខ្ញុំប៉ុន្មាន ៣០ ឆ្នាំជាងហើយ មកទាក់ទិនការចោទប្រកាន់ថា អត់អំណះអំណាងណាដែលត្រូវ! មានរូបណាដែលខ្ញុំបញ្ជាឱ្យបោកគ្រាប់បែកទេ [តើ]មានរូបថតទេ?»។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៨ ខែមីនា ថា លោក ហ៊ីង ប៊ុនហៀង និង លោក ហ៊ុយ ពិសិដ្ឋ នឹងត្រូវកាត់ទោសនៅទីក្រុងប៉ារីស នៅថ្ងៃ ទី១៩-២០-២១ ខែមីនា ចំពោះការវាយប្រហារដោយគ្រាប់បែកដៃនៅទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។
តុលាការបារាំង កោះហៅអ្នកពាក់ព័ន្ធជាច្រើនជុំវិញករណីនេះ
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ែន សុថាវរិន្ទ្រ ដែលមនុស្សស្និទ្ធនឹងលោក សម រង្ស៊ី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែមីនា ថា ព័ត៌មានដែលលោក សម រង្ស៊ី បង្ហោះនៅលើហ្វេសប៊ុកនោះ គឺជាការពិត។ លោកថា តុលាការបារាំង កោះហៅអ្នកពាក់ព័ន្ធជាច្រើនទៀត ទាំងជនរងគ្រោះ សាក្សី រួមទាំងលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ឱ្យចូលសវនាការ។
លោក ម៉ែន សុថាវរិន្ទ្រ៖ « លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ឱ្យនៅក្នុងតុលាការនៅថ្ងៃទី១៩-២០-២១ [ខែមីនា]! បីថ្ងៃ ហើយថ្ងៃទី២១ [ខែមីនា] គេនឹងសម្រេចគាត់មកឬមិនមកគេនឹងសម្រេចកាត់ទោសកំបាំងមុខហើយ។ គេហៅគាត់មកនៅថ្ងៃទី១៩-២០-២១ ឱ្យមកចូលរួមសវនាការ ដែលមានពាក្យបណ្ដឹងគឺមានលោក សម រង្ស៊ី ហើយនឹង[អ្នកស្រី] សូមួរ៉ា ជូឡុង សាក្សីច្រើនទៀត [លោក] ប្រ៊ែត អាដាម ស្អីៗទៀត គេមានសាក្សីកម្មករដែលគ្រោះថ្នាក់គប់គ្រាប់បែកនោះក៏មានសាក្សី»។
លោក ម៉ែន សុថាវរិន្ទ្រ ថា ការកោះហៅលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដោយតុលាការបារាំងនៅពេលនេះ គឺជាលើកទី៣ហើយ ប៉ុន្តែលោក ហ៊ីង ប៊ុនហៀង ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនបានដឹងរឿងទេ។
ទោះបីជាពេលនេះលោក ហ៊ីង ប៊ុនហៀង ឆ្លើយមិនដឹងក៏ដោយ ក៏កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ អនុប្រធានផ្នែកស៊ើបអង្កេតនៃតុលាការយុត្តិធម៌ក្រុងប៉ារីស (Judiciaire de Paris) ចៅក្រម សាប៊ីន ឃេរីស (Sabine Khéris) បានចេញដីកាចាប់ខ្លួនលោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ក្នុងការរៀបចំផែនការ វាយប្រហារដោយគ្រាប់បែកលើ ការប្រមូលផ្ដុំបាតុកម្មរបស់ពលរដ្ឋនិងកម្មកររោងចក្រ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ បាតុកម្មនេះ ក៏មានការចូលរួមរបស់លោក សម រង្ស៊ី ដែរ ក្នុងគោលដៅសំខាន់ ដើម្បីទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធតុលាការ។
ដីកាចាប់ខ្លួនរបស់តុលាការយុត្តិធម៌បារាំងនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ លោក សម រង្ស៊ី។ ដីកាក៏បានកោះហៅលោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រី សម្រាប់តួនាទីរបស់លោក ពាក់ព័ន្ធនឹងការវាយប្រហារដែរ ប៉ុន្តែ រដ្ឋាភិបាលបារាំងបានរារាំងការចាប់ខ្លួនលោក ហ៊ុន សែន ដោយលើកហេតុផលពីអភ័យឯកសិទ្ធិរបស់លោកគ្រានោះ ជាប្រមុខរដ្ឋាភិបាល។
ជនសង្ស័យទាំងពីរសុទ្ធតែឡើងតួនាទីធំៗ
លោក ហ៊ីង ប៊ុនហៀង គឺជាមេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន រីឯលោក ហ៊ុយ ពិសិដ្ឋ ជាមេបញ្ជាការកងពលតូចលេខ៧០។ បច្ចុប្បន្នលោក លោក ហ៊ីង ប៊ុនហៀង ឡើងជាមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ថែមលើតួនាទីជាមេបញ្ជាការកងអង្គរក្សគ្រួសារលោក ហ៊ុន សែន ដដែល រីឯលោក ហ៊ុយ ពិសិដ្ឋ ឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជានាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែមីនា ថា លោកជឿជាក់លើ តុលាការបារាំង ដែលនឹងជម្រះសេចក្ដីដោយផ្អែកលើភស្តុតាង និងសាក្សី តាមរយៈការស៊ើបអង្កេតហ្មត់ចត់។ លោកថា តុលាការបារាំង មិនចេះតែសម្រេច ទៅតាមមាត់របស់បុគ្គលមានអំណាច ដែលឆ្លើយដោះសាយករួចខ្លួន ដូចតុលាការកម្ពុជានោះទេ។
លោក ស៊ឹង សែនករុណា៖«តុលាការបារាំងគេមិនមែនជាតុលាការលេងសើច ដូចដែលតុលាការយើងខ្វះឯករាជ្យភាព នៅក្រោមបញ្ជានយោបាយអីទេ គឺតុលាការបារាំងយើងដឹងហើយ អំពីគុណភាពហើយនឹងភាពជឿជាក់ទៅលើការផ្ដល់យុត្តិធម៌ គឺច្បាស់ណាស់អ្នកណារងគ្រោះអ្នកហ្នឹង នឹងទទួលបាននូវយុត្តិធម៌ហើយ។ ទោះបីថា អ្នកណាប្រព្រឹត្តដែលចេះតែថា ខ្លួនមិនពាក់ព័ន្ធ វាមិនមែននិយាយមិនពាក់ព័ន្ធហ្នឹងហើយរួចខ្លួនទេ»។
នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខមន្ទីររដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំង គ្រាប់បែកចំនួន ៤គ្រាប់ ត្រូវបានជនអនាមិកគប់ចូលក្នុងក្រុមបាតុករប្រមាណ ២០០នាក់ ដែលដឹកនាំដោយ លោក សម រង្ស៊ី ពេលនោះជាប្រធានគណបក្សជាតិខ្មែរ (KNP)។ ការគប់គ្រាប់បែកនោះ មានគោលដៅសម្លាប់លោក សម រង្ស៊ី នៅពេលលោកដឹកនាំការប្រមូលផ្ដុំអ្នកគាំទ្រ និងប្រជាពលរដ្ឋ ទៅតវ៉ានៅសួនច្បារ ទល់មុខមន្ទីររដ្ឋសភាចាស់ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រឆាំងអយុត្តិធម៌សង្គម និងអំពើពុករលួយ។
ការវាយប្រហារនោះ បានផ្ដាច់ផ្ដិលជីវិតមនុស្ស ចំនួន ១៦នាក់ និងជាង ១៥០ នាក់រងរបួស ដែលភាគច្រើនជាបាតុករ និងខ្លះជាអ្នកដែលឈរក្បែរហ្វូងបាតុកម្ម រួមមានកុមារផង។ ចំណែកឯលោក សម រង្ស៊ី បានគេចផុតពីគ្រោះបាត់បង់ជីវិត តែរងរបួសត្រង់ជើង ដោយសារអង្គរក្សរបស់លោកយកជីវិតទៅរងគ្រាប់ជំនួស។ ក្រៅពីការស្លាប់និងរបួសពលរដ្ឋខ្មែរ ក៏មានជនជាតិអាមេរិកម្នាក់ដែរ ដែលរងរបួសធ្ងន់ គឺលោក រ៉ន អាប់នី (Ron Abney) ដែលជាប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) នៃសហរដ្ឋអាមេរិក។
ក្នុងការស៊ើបអង្កេតរបស់ខ្លួនអេហ្វប៊ីអាយ (FBI) អាមេរិកបានសម្ភាសទាហាន និងមន្ត្រីខ្មែរតាមឋានានុក្រម នៃអំណាចពីក្រោមឡើងលើ។ លោក ហ៊ុយ ពិសិដ្ឋ ធ្លាប់បានសារភាពប្រាប់ FBI ថា លោកបានបញ្ជាឱ្យដាក់ពង្រាយកម្លាំង កងពលតូចលេខ៧០ ទៅកាន់កន្លែងកើតហេតុនៅថ្ងៃនោះ។ អ្នកស៊ើបអង្កេត FBI បានសន្និដ្ឋានថា មានតែលោក ហ៊ុន សែន ប៉ុណ្ណោះ ទើបអាចបញ្ជាឱ្យកងអង្គរក្សចូលទៅក្នុងសួនច្បារ ដែលក្រុមបាតុករធ្វើការតវ៉ា។
លោក សម រង្ស៊ី ធ្លាប់លើកឡើងថា លោក ហ៊ុន សែន មានការព្រួយបារម្ភ យ៉ាងខ្លាំង ពីព្រោះតុលាការបារាំង នឹងសហការជាមួយប៉ូលិសអន្តរជាតិ(Interpol) ដើម្បីចាប់ខ្លួន ពេលណាលោក ហ៊ុន សែន ទៅដល់ប្រទេសប្រជាធិបតេយ្យណា មួយ ក្រោយពីគាត់លែងមានអភ័យឯកសិទ្ធិ ក្នុងឋានៈជានាយករដ្ឋមន្ត្រី៕
1 comment:
Hing Bun Heang will not "CHAO" to nobody. He is the best shooter between the women's legs.
Post a Comment