ដោយ ច័ន្ទ ដារ៉ូ
2025.03.02
ទិដ្ឋភាពពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នាទីក្រុងសេអ៊ូល (Seoul) នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
រូប៖ ផ្ដល់ឱ្យ
ប្រជាពលរដ្ឋខ្មែរធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូងជាង ១ពាន់នាក់ នៅថ្ងៃទី២ ខែមីនា បានធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់យន្តការចរចាទ្វេភាគីជាមួយរដ្ឋាភិបាលថៃ ហើយប្តឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ អ្នកឃ្លាំមើលយល់ថា រដ្ឋាភិបាលគួរស្តាប់សំឡេងពលរដ្ឋ។
ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង(South Korea) រាប់រយនាក់មកពីទីជិតឆ្ងាយបានប្រមូលផ្តុំគ្នាតវ៉ា ទាមទារចំណែកកម្ពុជានៅលើកោះគជ់។ អ្នកចូលរួមបាតុកម្មបានលើកបដា វាយស្គរ និងស្រែកកងរំពងពេញទីលានប្រជាធិបតេយ្យជុងកាក់ (Jonggak) កណ្តាលទីក្រុងសេអ៊ូល (Seoul) ដោយរិះគន់ថា លោក ហ៊ុន សែន និងលោក ម៉ាណែត ជាមេដឹកនាំអសមត្ថភាពចំពោះការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយបរទេស។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលកម្ពុជាងាកមកស្តាប់សំឡេងពលរដ្ឋខ្មែរ ដោយប្តឹងករណីកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិ។
សម្រែកតវ៉ា៖ «ក្រោកឈរទាមទារ កោះគជ់! កោះខ្មែរ ក្រោកឈរទាមទារ កោះគជ់ កោះខ្មែរ! ជយោ វីរបាតុករខ្មែរនៅកូរ៉េ»។
អ្នកចូលរួមលើកដៃសម្រេច បង្កើត''ក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា''
ទន្ទឹមនឹងការតវ៉ានេះ ក្រុមបាតុករបានជួបជុំធ្វើសមាជស្ដីពីដំណោះស្រាយ បញ្ហាកម្ពុជា ដោយមានការចូលរួមពីតំណាងសមាគមខ្មែរនានានៅកូរ៉េខាងត្បូង ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ សកម្មជន និងអ្នកតាមដាននយោបាយនៅក្រៅប្រទេស ដូចជានៅអាមេរិក និងហ្វាំងឡង់ជាដើម។ អ្នកចូលរួមទាំងអស់បានលើកដៃសម្រេច បង្កើត''ក្រុមប្រឹក្សាជាតិដើម្បីបង្រួបបង្រួមកម្ពុជា'' ក្នុងគោលបំណងតស៊ូមតិជំរុញឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដោះស្រាយបញ្ហាជាតិធំៗ ដូចជាបញ្ហាបូរណភាពទឹកដី អយុត្តិធម៌សង្គម បញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាធិបតេយ្យជាដើម។
សម្រែកតវ៉ា៖ «តើខ្មែរយើងនៅស្ងៀមទេ! អត់ទេ! អ្នកណាសម្លាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា! លោក ហ៊ុន សែន!»។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអ្នកស្រី មូរ សុខហួរ ថ្លែងទៅកាន់អ្នកចូលរួមថា លោកស្រីចង់ឃើញកម្ពុជាមានប្រជាធិតបេយ្យ សេរីភាព សន្តិភាពពិតប្រាកសម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា។ អ្នកស្រីជឿថា សំឡេងរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនឹងជំរុញឱ្យមានដំណោះស្រាយសម្រាប់កម្ពុជា ខណៈ ពលរដ្ឋខ្មែរនៅក្នុងស្រុករស់នៅរងភាពអយុត្តិធម៌ គ្មានសិទ្ធិសេរីភាពក្រោមអំណាចដឹកនាំរបស់លោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត មកទល់បច្ចុប្បន្ន។
អ្នកស្រី មូរ សុខហួរ៖ «យើងយកសំឡេងយុវជនខ្មែរ កម្មករ ពលករ កសិករ មន្រ្តីរាជការជាធំ! ពិតឬមិនពិត? ពិតមែនហើយ! កុំបោកប្រាស់ថានៅប្រទេសកម្ពុជាមានសេរីភាព កុំបោកប្រាស់ឱ្យសោះថា នៅប្រទេសកម្ពុជាមានសន្តិភាព កុំបោកប្រាស់ឱ្យសោះ មែនទេបងប្អូន? ជយោ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា!»។
ប្រទសគេបើកតវ៉ាសេរី ឯខ្មែរតែងធ្វើទុក្ខបុកម្នេញ
ខុសពីអាជ្ញាធរខ្មែរដែលតែងតែបំបែក ឬបង្ក្រាបទៅលើការប្រមូលផ្តុំទាមទារយុត្តិធម៌របស់ពលរដ្ឋ អាជ្ញាធរកូរ៉េខាងត្បូងបានជួយការពារសន្តិសុខទៅទីតាំងបាតុកម្ម ព្រមទាំងជួយសម្រួលចរាចរណ៍ដល់ក្រុមបាតុករខ្មែរដែលហែក្បូនលើដងវិថីនៅកណ្តាលក្រុងសេអ៊ូលឱ្យប្រព្រឹត្តទៅដោយរលូន។
ស្ថិតក្នុងចំណោមបាតុករដែលចូលរួមបាតុកម្ម លោកស្រី ស យូណា និយាយថា មូលហេតុដែលលោកស្រីចូលរួមធ្វើបាតុកម្មនេះ ដោយសាររដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញជំហរជាក់លាក់ក្នុងការទាមទារចំណែកកម្ពុជានៅលើកោះគជ់ តាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ ហើយលោកស្រីចូលរួមបាតុកម្មប្រឆាំងនឹងមេដឹកនាំក្រុងភ្នំពេញដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ ធ្វើបាបពលរដ្ឋខ្មែរនៅក្នុងស្រុកឱ្យរស់នៅរងទុក្ខវេទនា គ្មានសិទ្ធិសេរីភាព។ លោកស្រីរួមជាមួយពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្ដេជ្ញាតស៊ូការពារទឹកដីខ្មែរឱ្យបានគង់វង្សសម្រាប់ខ្មែរជំនាន់ក្រោយ។
លោកស្រី ស យូណា៖ «នាងខ្ញុំមិនខ្លាច នាងខ្ញុំក្លាហាន នាងខ្ញុំពុះពារ ទោះបីជាមានការគំរាមកំហែងយ៉ាងណាក៏ដោយ ក៏នាងខ្ញុំនៅតែតស៊ូជួយប្រទេសជាតិរបស់យើងឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
ពលរដ្ឋមួយចំនួនទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ប្តឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិជាបន្តបន្ទាប់មកនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឪពុករបស់លោកដែលជាមេបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន មិនបានបង្ហាញជំហរច្បាស់លាស់ក្នុងការទាមទារសិទ្ធិគ្រប់គ្រងកោះគជ់។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ដែលចូលរួមបាតុកម្មតាមបណ្តាញសង្គមថ្លែងទៅកាន់អ្នកចូលរួមដែរថា បើតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងសាក្សីជាច្រើនទៀតបានបញ្ជាក់ច្បាស់ថា កម្ពុជាមានអធិបតេយ្យនៅលើកោះគជ់ និងដែនសមុទ្រនៅជុំវិញកោះនោះ។ លោកបញ្ជាក់ថា បច្ចុប្បន្នថៃកំពុងគ្រប់គ្រងនៅលើកោះគជ់រួចជាស្រេចហើយ ដូច្នេះយន្តការដែលរដ្ឋាភិបាលកម្ពុជាកំពុងចរចាទ្វេភាគីជាមួយថៃនឹងមិនទទួលបានលទ្ធផលឡើយ។ លោក វ៉ន ចាន់ឡូត ផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាត្រូវបង្ហាញភាពក្លាហានយកករណីកោះគជ់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីធានាបាននូវយុត្តិធម៌ដោយសន្តិវិធី។
លោក វ៉ន ចាន់ឡូត៖ «ការបន្តចរចាដូចសព្វថ្ងៃវាជារឿងឆោតល្ងង់ ពីព្រោះថៃបានគ្រប់គ្រងទៅលើកោះនេះរួចទៅហើយ ដូច្នេះមានតែយន្តការអន្តរជាតិតែប៉ុណ្ណោះទើបខ្មែរយើងអាចធានាបាននូវយុត្តិធម៌ និងជ័យជំនះ កត្តានេះហើយបានជំរុញឱ្យយើងទាំងអស់គ្នាជួបជុំនៅថ្ងៃនេះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី០២ ខែមីនា។
កន្លងទៅទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងឪពុករបស់លោក គឺលោក ហ៊ុន សែន តែងតែអះអាងប្រាប់ពលរដ្ឋថាកម្ពុជាបន្តចរចាព្រំដែនសមុទ្រជាមួយថៃ ប៉ុន្តែមេដឹកនាំទាំងឪពុកនិងកូនមិនបានបញ្ជាក់ជំហរទាមទារចំណែកកោះគជ់ជារបស់កម្ពុជាទេ។ លោ ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា រដ្ឋាភិបាលរបស់លោករក្សាភាពស្ងៀមស្ងាត់ក្នុងរឿងនេះ គឺជាភាពចាស់ទុំផ្នែកនយោបាយ និងថា រដ្ឋាភិបាលប្រកាន់គោលការណ៍«មិនយកភ្លើងចូលផ្ទះ»។ ជំហរមិនច្បាស់លាស់បែបនេះ គឺខុសពីមេដឹកនាំថៃដែលបានប្រកាសច្បាស់ៗថាកោះគជ់ជាកម្មសិទ្ធិរបស់ថៃ។
ប្រជាពលរដ្ឋខ្មែរ និងមន្ត្រីបក្សប្រឆាំងថា យន្តការចរចាតាមរយៈអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ រវាងរដ្ឋាភិបាលត្រកូលហ៊ុន ជាមួយត្រកូលស៊ីណាវ៉ាត់កំពុងធ្វើឱ្យកម្ពុជាបាត់ទឹកដី ជាពិសេសចំណែកកម្ពុជានៅលើកោះគជ់។ ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានប្ដេជ្ញាចិត្តចេញតស៊ូមតិ រហូតរដ្ឋាភិបាលត្រកូលហ៊ុន ដាក់សំណុំរឿងកោះគជ់ និងបញ្ហាទឹកដីនៅតាមបន្ទាត់ព្រំដែនប្តឹងទៅតុលាការអន្តរជាតិឱ្យកាត់សេចក្ដី ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ លើសពីនេះ ក្រុមបាតុករទាមទារឱ្យលោក ហ៊ុន ម៉ាណែត ចុះចេញពីតំណែងនាយករដ្ឋមន្រ្តី បើសិនជាលោកអសមត្ថភាពដោះស្រាយបញ្ហាទាំងនោះ៕
1 comment:
Thank You Khmer patriots in Korea for your dedication, your devotion, and your sacrifice to save our motherland.
It is too bad that Cambodia's leader was installed by Vietnam and he has been ceding land and maritime to Vietnam and Thailand in exchange for his power. The so-called peace through appeasement (giving land and ocean to Vietnam and Thailand) must be stopped. So this "Thank You peace" is a fake one. This Khmer leader Hun Sen is undeniably a Khmer traitor whereas Khmer patriots in Korea are our Khmer heroes.
Post a Comment