ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថា ប្រសិនបើសាលាឧទ្ធរណ៍ឈរលើស្មារតីឯករាជ្យ និងវិជ្ជាជីវៈ លោកនឹងទទួលបាននីតិសម្បទា ឬធ្វើនយោបាយឡើងវិញ។ មន្ត្រីសង្គមស៊ីវិលថា ការផ្ដល់យុត្តិធម៌ជូនលោក រ៉ុង ឈុន នឹងផ្ដល់ប្រយោជន៍ច្រើនដល់កម្ពុជា។

លោក រ៉ុង ឈុន ប្រកាន់ជំហរថា នឹងចូលរួមសវនាការនៅសាលាឧទ្ធរណ៍ នៅថ្ងៃទី១២ ខែឧសភាខាងមុខ ស្តីពីសំណុំរឿង «ផ្តល់នីតិសម្បទាឡើងវិញ» ក្រោយពីលោកបានចេញពីពន្ធនាគារជាង៣ឆ្នាំកន្លងមកនេះ។
លោក រ៉ុង ឈុន បានប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៩ ខែមេសា ថា ប្រសិនបើតុលាការផ្ដល់នីតិសម្បទាឡើងវិញ លោកនឹងមានឱកាសធ្វើនយោបាយ ឬដឹកនាំគណបក្សកម្លាំងជាតិ។ ប៉ុន្តែលោកថា ប្រសិនបើតុលាការមិនបានផ្ដល់យុត្តិធម៌ឱ្យលោកទេ គឺលោកត្រូវរង់ចាំទៅដល់ចុងឆ្នាំ២០២៦ ទើបទទួលបាននីតិសម្បទា ឬមានសិទ្ធិពេញលេញដូចពលរដ្ឋទូទៅដោយស្វ័យប្រវត្តិ។
ប៉ុន្តែបើសិនជាតុលាការមិនឈរលើវិជ្ជាជីវៈ មិនឈរលើភាពឯករាជ្យទទួលឥទ្ធិពលនយោបាយយើងមើលឃើញថា មានសង្ឃឹមតិចទូចបំផុត។
— លោក រ៉ុង ឈុន
សវនាការផ្តល់នីតិសម្បទាជូនលោក រ៉ុង ឈុន នៅពេលខាងមុខនេះ ទាក់ទងសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរ ដែលបាត់បង់ដីធ្លីនៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ទៅឱ្យប្រទេសវៀតណាម កាលពីឆ្នាំ២០២១។ តាមនីតិវិធី នៅពេលជនណាម្នាក់ចេញពីពន្ធនាគារ គឺមិនទាន់អាច មានសិទ្ធិគ្រប់គ្រាន់ដើម្បីធ្វើនយោបាយឡើយ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា បានសង្កេតឃើញថា លោក រ៉ុង ឈុន ទំនងមិនទទួលផលជាវិជ្ជមានឡើយ ខណៈវិបត្តិនយោបាយមិនទាន់មានដំណោះស្រាយ។ ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរូបនេះ ចង់ឃើញតុលាការសម្រេចក្ដីឈរលើគោលការណ៍យុត្តិធម៌ ផ្អែកលើទង្វើរបស់លោក រ៉ុង ឈុន ដែលលោកបានធ្វើឡើងដើម្បីប្រយោជន៍ជាតិ។
និយាយទៅលំបាក ស្ថានភាពហ្នឹងតែម្ដង មិនទាន់មានដំណោះស្រាយរួមសម្រាប់កម្ពុជាទេ ការអនុវត្តនយោបាយនៅក្នុងប្រទេសកម្ពុជា តែងតែមានការលំបាក។
— លោក រស់ សុដ្ឋា
កាលពីសប្ដាហ៍មុន សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងរបស់លោក រ៉ុង ឈុន ពីបទមិនរាងចាលនៅក្នុងសំណុំរឿងញុះញង់ដែលតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី០៥ ខែឧសភា ខាងមុខ។ តុលាការក៏ទើបចេញដីកាបង្ខំឱ្យលោក រ៉ុង ឈុន លក់ផ្ទះ ដើម្បីសងជំងឺចិត្តទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែននៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចំនួន១០ម៉ឺនដុល្លារផងដែរ៕
1 comment:
This crazy dog Hun Sen knew exactly how unpopular his Hun family and the CPP are. That's why he is so afraid of any Khmer patriot's party.
Post a Comment