Wednesday, 14 May 2025

ជនជាតិដើមភាគតិចថា បទល្មើសព្រៃឈើនៅព្រៃព្រះរការ ជារបាយការណ៍ពិត

 

សកម្មជននិងសហគមន៍បានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំមន្ត្រីចុះពិនិត្យផ្ទាល់នៅទីតាំង ដែលពួកគាត់បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ នៅក្នុងខេត្តព្រះវិហារ។ ការអំពាវនាវនេះ ខណៈជនជាតិដើមភាគតិចកួយអះអាងថា ការរកឃើញរបស់សកម្មជនលោក ម៉ា ចិត្រា ពីបទល្មើសព្រៃឈើ គឺជារបាយការណ៍ពិតប្រាកដ។

Indigenous people in Preah Vihear found the deforestation in Prey Preah Rokar.
ជនជាតិដើមភាគតិចកួយ វាស់វែងពីទំហំដើមឈើដែលត្រូវបានអារផ្ដួលរំលំ ក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ អំឡុងពេលចុះល្បាតពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ (រូបភាពពីហ្វេសប៊ុកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ)

នៅ​ថ្ងៃ​ទី​១២​ឧសភា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ចេញ​ផ្សាយ​របាយការណ៍ ស្ដីពី​ការ​រកឃើញ​បទល្មើស​ព្រៃឈើ​ជាង​៣រយ (៣៣៤) ករណី បន្ទាប់​ពី​ពួកគាត់​រួម​ទាំង​សកម្មជន​ជាង​១០​នាក់ បាន​ចុះ​ល្បាត​រួមគ្នា​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​បច្ចុប្បន្នភាព​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ អស់​រយៈពេល​៣​ថ្ងៃ​៣​យប់ កាល​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​ខែ​ឧសភា​នេះ។

របាយការណ៍​បន្ត​ថា នៅ​ក្នុង​បទល្មើស​ទាំង​នោះ គឺ​ពួកគាត់​បាន​រកឃើញ​ដើម​ឈើ​តូចធំ​ត្រូវ​បាន​កាប់​ផ្ដួល​រំលំ ដូច​ជាដើម​ឈើទាល ដើមរាំង ដើមគគីរ និង​ដើម​សុក្រម ដែល​ខ្លះ​មាន​មុខកាត់ ចាប់​ពី​កន្លះ​ម៉ែត្រ ទៅ​ជាង​១​ម៉ែត្រ​កន្លះ ហើយ​ភាគច្រើន ត្រូវ​បាន​គេ​កាប់​នៅ​ចំណុច​ជាំទឹកខ្មៅ អូរស្កាច និង​អូររំស៊ែ រួម​ទាំង​ការ​រកឃើញ​ទី​កន្លែង​បោះតង់​អ្នក​អារ​ឈើ ម៉ាស៊ីន​អារ​ឈើ និង​សម្ភារៈ​ជួសជុល​ម៉ាស៊ីន​អារ​ឈើ​ជាដើម។

ជនជាតិ​ដើម​ភាគ​តិច​កួយ​បាន​លើកឡើង​ថា បទល្មើស​ព្រៃ​ឈើ​ទាំង​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រពៃណី ទំនៀមទម្លាប់ និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ ដែល​ពឹង​អាស្រ័យ​អនុផល​ព្រៃឈើ តាមរយៈ​ការ​ចូល​ព្រៃ​ប្រមូល​ជ័រ​ទឹក បេះផ្លែ​ឈើ និង​ប្រមូល​ទឹក​ឃ្មុំ។ 

 

ការ​ចេញ​របាយការណ៍​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​បរិស្ថាន កាល​ពី​ទី​១០​ឧសភា បាន​ចេញ​បដិសេធ​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩​ឧសភា ដែល​បាន​ដក​ស្រង់​សម្ដី​សកម្មជន​បរិស្ថាន​លោក ម៉ា ចិត្រា ជា​អ្នក​ចុះ​សិក្សា​ផ្ទាល់ និង​បាន​រកឃើញ​បទល្មើស​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ។ ក្រសួង​បរិស្ថាន​ចោទប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​ថា នោះ​ជា​ព័ត៌មាន​មិន​ពិត ញុះញង់ ដោយសារ​បាន​ប្រើ​រូបភាព​ចាស់​និង​ព័ត៌មាន​ចាស់ ហើយ​ក្រសួង​ថែម​ទាំង​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​សកម្មជន​បរិស្ថាន​ទៅ​ទៀត។

ទោះជាយ៉ាងណា ការ​បដិសេធ​របស់​ក្រសួង​បរិស្ថាន បាន​ទទួល​រង​ការ​រិះគន់ ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាពិសេស​ពី​ក្រុម​សកម្មជន​បរិស្ថាន ដែល​ពួកគេ​លើកឡើង​ថា ក្រសួង​កំពុង​តែ​គេចវេះ​មិន​ព្រម​ទទួលស្គាល់​ការ​ពិត និង​កំពុង​តែ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​បំផ្លាញ​ព្រៃឈើ។

យុវជន​ជនជាតិ​ដើម​ភាគ​តិច​កួយ​លោក ខាក់ ភារិទ្ធម៉ាស៊ី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​សោកស្ដាយ​ដែល​ក្រសួង​បរិស្ថាន​ចោទប្រកាន់​លើ​សកម្មជន​បរិស្ថានលោក ម៉ា ចិត្រា ថាបាន​ញុះញង់ ទាំង​ដែល​ក្រសួង​មិន​ទាន់​បាន​ចុះ​ស្រាវជ្រាវ​រក​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ។ លោក​បន្ត​ថា ទង្វើ​នេះ​ធ្វើ​ឱ្យ​លោក​កាន់​តែ​គ្មាន​ជំនឿ​លើ​ការងារ​របស់​ក្រសួង​បរិស្ថាន ក្នុង​ការ​ការពារ​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ។

ដើម្បី​ឱ្យ​តម្លាភាព មន្ត្រី​បរិស្ថាន​គួរ​តែ​ស៊ើបអង្កេត​ឱ្យ​ច្បាស់ មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ថា រាល់​ការ​ចោទ​ប្រកាន់​នរណា​ម្នាក់ យើង​ត្រូវ​តែ​ស៊ើប​ឱ្យ​ច្បាស់​មុន​សិន ដោយសារ​កុំ​ឃើញ​គេ (​លោក ម៉ា ចិត្រា​) ផុស (​លើហ្វេសប៊ុក​) ភ្លាម ហើយ​ចោទប្រកាន់​គេ​ភ្លាម ដោយ​អត់​មាន​ការ​ស៊ើបអង្កេត។

—  លោក ខាក់ ភារិទ្ធម៉ាស៊ី

ចំណែក​អ្នក​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា លើកឡើង​ដែរ​ថា របាយការណ៍​ពី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​រស់​នៅ​ក្បែរ​តំបន់​ការពារ​ព្រៃ​ព្រះរការ​ផ្ទាល់ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ហើយ​ដូច​អ្វី​ដែល​លោក​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​មួយ​នេះ។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឬ​ក្រសួង​បរិស្ថាន គួរ​តែ​បើក​ការ​ស៊ើបអង្កេត​រក​ការ​ពិត​ពី​មូលហេតុ​ដែល​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន មិន​បាន​បង្ក្រាប​លើ​បទ​ល្មើស​ព្រៃឈើ។

ការ​ចោទប្រកាន់​ខ្ញុំ ថា​ខ្ញុំ​បង្ហោះ​ព័ត៌មាន​មិន​ពិត បង្ហោះ​ព័ត៌មាន​ញុះញង់​ជាដើម ខ្ញុំ​ថា​ជា​លិខិត​មួយ (លិខិតរបស់ក្រសួងបរិស្ថាន) ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​ប្រសិន​បើ​ពួកគាត់​មាន​ការ​ទទួល​ខុស​ត្រូវ​មែន គួរ​យក​ពេល​សរសេរ​លិខិត​នេះ ចុះ​ទៅ​ពិនិត្យ​មើល​ខ្លួន​ឯង​ផ្ទាល់​ទៅ ហើយ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​លើ​ទៅ ថា​បញ្ហា នុ៎ង (​បទល្មើស​ព្រៃឈើ​) យ៉ាង​ម៉េច ហើយ​ចាំ​គិត​ទៀត។ យើង​ធ្វើ​វីដេអូ​អី​ហើយ គាត់​មិន​ទាន់​ទាំង​បាន​ចុះ​ទៅ​មើល​ផង គាត់​ថា​យើង​ធ្វើ​វីដេអូ​មិន​ពិត គាត់​ឆ្លើយ​ទាំង​មិន​មាន​ការ​ទទួល​ខុស​ត្រូវ។

—  លោក ម៉ា ចិត្រា

លោក ម៉ា ចិត្រា បញ្ជាក់​ថា រូបភាព​បង្ហាញ​ពី​គល់​ឈើ​ជាច្រើន​ដើម ដែល​ត្រូវ​ជនល្មើស​អារ​ផ្ដួល​រំលំ ហើយ​លោក​បាន​ផ្ដល់​មក​ឱ្យ​វិទ្យុ​អាស៊ីសេរី​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩​ឧសភា​នោះ គឺ​រូបភាព​ដែល​លោក​បាន​ថត​នាពេល​ចុះ​ល្បាត​ជាមួយ​សហគមន៍​ជនជាតិ​ដើម​កាល​ពី​សប្ដាហ៍​មុន ហើយ​មាន​ចុះ​លេខនិយាមកាល​ច្បាស់លាស់​និង​មិន​មែន​ជា​រូបភាព​ចាស់ ឬ​ព័ត៌មាន​ចាស់ ដូច​ការ​ចោទ​ប្រកាន់​ពី​ក្រសួង​បរិស្ថាន​នោះ​ទេ។

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា សង្កេតឃើញ​ថា លោក ម៉ា ចិត្រា និង​យុវជន​មួយ​ចំនួន​ទៀត​បាន​លះបង់​ពេល​វេលា​ផ្ទាល់ខ្លួន ចូលរួម​ការពារ​ព្រៃឈើ​ដោយ​សុចរិត​ទៀងត្រង់ ដើម្បី​កុំ​ឱ្យ​ព្រៃឈើ​ដែល​សេសសល់​ចុងក្រោយ ត្រូវ​រង​ការ​បំផ្លិចបំផ្លាញ។ លោក​បន្ត​ថា ក្រសួង​បរិស្ថាន​មិន​គួរ​ប្រើប្រាស់​រូបភាព​កំរាមគំហែង​បំបាក់​ស្មារតី​លើ​ក្រុម​យុវជន​ទាំង​នោះ​ទេ។

អ៊ីចឹង គ្មាន​ហេតុផល​អ្វី ដែល​ប្អូន ម៉ា ចិត្រា រួម​ទាំង​សកម្មជន​សហគមន៍​ផ្សេង​ទៀត ទៅ​ប្រឌិត​ព័ត៌មាន ដើម្បី​ឱ្យ​មាន​បញ្ហា​មក​ដល់​ខ្លួន​នោះ​ទេ គឺ​អ្វី​ៗ​ទាំង​អស់​នោះ​កើតឡើង ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​នូវ​ធនធាន​ធម្មជាតិ​ទាំង​នេះ​ឯង។

—  លោក ស៊ឹង សែនករុណា

ទិន្នន័យ​មួយ ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៤ ដោយ​សាកលវិទ្យាល័យ ម៉ារីលែន (University of Maryland) របស់​សហរដ្ឋអាមេរិក និង​អង្គការ​ឃ្លាំមើល​ព្រៃឈើ​សាកល (Global Forest Watch) បាន​រកឃើញ​ថា ក្នុង​ឆ្នាំ​២០២៣ នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​បាត់បង់​តំបន់​ព្រៃឈើ​ជាង ១សែន (១២១,០០០) ហិកតារ ដែល​ស្មើ​នឹង​ទំហំ​ទីក្រុង ឡូស អែនជេឡេស (Los Angeles) មួយ។ ទិន្នន័យ​ដដែល​បន្ត​ថា ព្រៃឈើ​ទាំង​នោះ ភាគច្រើន​ជា​តំបន់​ការពារ​របស់​ក្រសួង​បរិស្ថាន ហើយ​ក្នុង​នោះ​ជាង​៤​ម៉ឺន​៨​ពាន់​ហិកតារ ជា​តំបន់​ព្រៃស្រោង។

សកម្មជន​បរិស្ថាន និង​សហគមន៍​នៅ​ព្រៃព្រះរការ បន្ត​អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន គួរ​បើក​ទូលាយ​ឡើង​វិញ អនុញ្ញាត​ឱ្យ​សហគមន៍ សកម្មជន និង​ពលរដ្ឋ​ទូទៅ អាច​ចូលរួម​ល្បាត​ការពារ​ព្រៃឈើ​ឡើង​វិញ ហើយ​ឈប់​ចាត់ទុក ក្រុម​ពលរដ្ឋ​ជា​ក្រុម​ខុស​ច្បាប់​តទៅទៀត ទើប​អាច​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅពេល​នេះ​បាន៕

No comments: