Sunday, 18 May 2025

កម្ពុជាមិនទទួលបានលទ្ធផលក្នុងការចរចាជុំទី១រឿងពន្ធជាមួយអាមេរិក

 

តំណាងរដ្ឋាភិបាលកម្ពុជា បានជួបចរចារឿងពន្ធនៅជុំទី១ ជាមួយតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែមិនបានបង្ហាញលទ្ធផលជាវិជ្ជមាននោះទេ ដោយភាគីទាំងពីរបានត្រឹមឯកភាពគ្នា នឹងជួបចរចាជុំទី២ទៀត។ អ្នកឃ្លាំមើលលើកឡើងថា លទ្ធផលដែលទទួលបាននេះ ខុសពីការរំពឹងទុករបស់ភាគីកម្ពុជា។

Cambodian delegations for tariff talk meet  US senator Tammy Duckworth (M)
ឧបនាយករដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល (ឆ្វេង) សមាជិកព្រឹទ្ធសភាអាមេរិកអ្នកស្រី Tammy Duckworth (កណ្ដាល) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលដំណើរការចរចារឿងពន្ធ។ (រូបភាពពីហ្វេសប៊ុកលោក ស៊ុន ចាន់ថុល)

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​លើកឡើង​ថា តំណាង​ក្រុម​ចរចា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អ្នកស្រី ចម និម្មល និង​មន្ត្រី​មួយ​ចំនួន​ទៀត បាន​ជួប​ចរចា​ជុំ​ទី​១ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៥​ឧសភា ជាមួយ​ភាគី​តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គឺ​អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​អ្នកស្រី សារ៉ា អ៊ីលឡឺមេន (Sarah Ellerman)។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ មិន​បាន​បញ្ជាក់​ពី​លទ្ធផល​អ្វី​ឡើយ ដោយ​គ្រាន់​តែ​អះអាង​ថា ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​ត្រង់​ទៅ​ត្រង់​លើ​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពិភាក្សា​ស៊ី​ជម្រៅ​លើ​ឯកសារ​សេចក្ដី​ព្រាង​កិច្ចព្រៀង​ពាណិជ្ជកម្ម​បដិការ ហើយ​នឹង​ជួប​ចរចា​ជុំ​ទីពីរ​ទៀត នៅ​សប្ដាហ៍​ទី​១​ក្នុង​ខែ​មិថុនា​ក្រោយ​នេះ។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សាជាតិ​តស៊ូ​លោក គឹម សុខ បាន​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ហ៊ាន​បង្ហាញ​លទ្ធផល អាច​ដោយ​សារ​កិច្ច​ចរចា​រឿង​ពន្ធ​ជុំ​ទី​១ មិន​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ខ្ពស់ ក្នុង​ការ​ឈាន​ទៅ​រក​ការ​បន្ធូរបន្ថយ​អត្រា​ពន្ធ​ពី​សហរដ្ឋអាមេរិក។

ដែល​ថា​លទ្ធផល មិន​រំពឹង​ខ្ពស់ ពីព្រោះ​បញ្ហា​ពាណិជ្ជកម្ម​កម្ពុជា​និង​សហរដ្ឋអាមេរិក គ្រាន់​តែ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ ប៉ុន្តែ​បែរ​ជា​ចរចា​យ៉ាង​តឹងតែង លើក​ពេល​ម្ដង​ហើយ​ម្ដង​ទៀត។ ម៉្លោះហើយ វា​ដូច​មិន​មែន​ជារឿង​ពាណិជ្ជកម្ម​ឡើយ តែ​ជា​រឿង​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មើល​ងាយ​សហរដ្ឋអាមេរិក ដូចជា វ៉ៃ​ផ្លាក​កម្ពុជា​លើ​ទំនិញ​ចិន​នាំ​ទៅ​ទីផ្សារ​អាមេរិក បញ្ហា​សមុទ្ររាម ការ​រំលោភ​សិទ្ធិ​មនុស្ស​ចាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កញ្ញា សេង ធារី ដាក់​គុក​ដោយ​អយុត្តិធម៌​ជាដើម។

—  លោក គឹម សុខ

 

នេះ​គឺ​ជា​ការ​ជួប​ចរចា​ផ្ទាល់​លើក​ដំបូង បន្ទាប់​ពី​តំណាង​រដ្ឋាភិបាល​កម្ពុជា បាន​ចរចា​ចំនួន​២​លើក តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាមួយ​តំណាង​​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក គឺ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា និង​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ក្នុង​ការ​ស្នើសុំ​បន្ធូរបន្ថយ​ពន្ធ​ដែល​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trump) បាន​ប្រកាស​ដាក់​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា និង​ប្រទេស​លើ​ពិភព​លោក​ជាង​៧០​ប្រទេស​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា។ ប៉ុន្តែ​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ជាថ្មី ទុក​ពេល​៩០​ថ្ងៃ​ឱ្យ​ប្រទេស​ទាំង​នោះ​ចរចា ដោយ​ទុក​ឱ្យ​អនុវត្ត​ពន្ធ​ត្រឹម​តែ​១០​%​សិន។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដំឡើង​ពន្ធ​នេះ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ផ្ញើ​ទៅ​លោក ដូណាល់ ត្រាំ ដើម្បី​បញ្ជាក់​ថា កម្ពុជា​សុខចិត្ត​បន្ថយ​ពន្ធ​លើ​ក្រុម​ទំនិញ​១៩​មុខ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក គឺ​ពី​៣៥​% មក​នៅ​ត្រឹម​៥​% ជា​ថ្នូរ​សុំ​ចរចា​ឱ្យ​អាមេរិក​បន្ធូរបន្ថយ​ពន្ធ​៤៩​%​វិញ។ ទោះជាយ៉ាងណា សម្រាប់​អង្គការ​សង្គមស៊ីវិល និង​អ្នក​នយោបាយ​ប្រឆាំង​មើលឃើញ​ថា កម្ពុជា​អាច​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ចរចា ប្រសិន​ប្រកាស​ពី​ឆន្ទៈ ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ជាពិសេស​ការ​បង្ក្រាប​លើ​ការ​ក្លែងបន្លំ​ប្រភព​ទំនិញ នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​មើលឃើញ​ថា កម្ពុជា​បាន​បន្ទន់​ឥរិយាបថ​ការ​ទូត ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។ លោក​បន្ត​ថា ប៉ុន្តែ​អ្វី​ដែល​អាច​កំណត់​ពី​លទ្ធផល​នៃ​ការ​ចរចា​នាពេល​ខាង​មុខ​នេះ គឺ​អាស្រ័យ​ទៅ​លើ​ការ​រកឃើញ​របស់​សហរដ្ឋអាមេរិក និង​ការ​ចុះ​មក​សិក្សា​វាយតម្លៃ​ពី​ស្ថានភាព​ផ្ទាល់​នៅ​កម្ពុជា​របស់​គណៈប្រតិភូ​សហរដ្ឋអាមេរិក លើ​បញ្ហា​មួយ​ចំនួន ដូច​ជា​ការ​ឆបោក​តាម​អនឡាញ ការ​ជួញដូរ​មនុស្ស ការ​លាង​លុយ និង​ការ​បន្លំ​ប្រភព​ដើម​នៃ​ទំនិញ ដែល​បញ្ហា​ទាំង​នេះ កំពុង​កំរាមគំហែង​សន្ដិសុខ​ជាតិ​សហរដ្ឋអាមេរិក រួម​ទាំង​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាដើម។

អ៊ីចឹង ការ​ផ្ទៀងផ្ទាត់​នូវ​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រតិភូ​ទាំង​សង​ខាង (​ក្រុម​ចរចា​អាមេរិក​និង​កម្ពុជា) វា​ជា​មូលដ្ឋាន ដើម្បី​កំណត់​អនាគត ក៏​ដូច​ជា​សេចក្ដី​សម្រេច នៅ​ក្នុង​ដំណើរការ​នៃ​ការ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ក៏​ដូច​ជា អនាគត​នៃ​ការ​ធ្វើ​ទំនាក់ទំនង​ការទូត កិច្ចការ​បរទេស​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា។

—  លោក ឃុន ថារ៉ូ

កាល​ពី​ឆ្នាំ​២០១៩ សហរដ្ឋ​អាមេរិក​បាន​ពិន័យ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ដែល​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​រក​ឃើញ​ថា បាន​លួច​បន្លំ​ដាក់​ផ្លាក​ផលិត​នៅ​កម្ពុជា​លើ​ទំនិញ​មាន​ប្រភព​ចេញ​ពី​ប្រទេសចិន ដើម្បី​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក គេច​ចេញ​ពី​ការ​អនុវត្ត​ពន្ធ​រវាង​អាមេរិក​និង​ចិន។

កាល​ពី​ថ្ងៃ​ទី​២១​មេសា ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ក៏​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​បន្ទះ​សូឡា ឬ​ថាមពល​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ពី​កម្ពុជា​ចំនួន​៣៥០០% ដោយ​សហរដ្ឋអាមេរិក​ចោទ​ថា ក្រុមហ៊ុន​ផលិត​បន្ទះ​សូឡា​នៅ​កម្ពុជា​មួយ​ចំនួន ទទួល​បាន​ការ​ឧបត្ថម្ភធន​ពី​រដ្ឋអំណាច​ចិន ក្នុង​ការ​ផលិត​និង​នាំចេញ​បន្ទះ​សូឡា​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក ក្នុង​តម្លៃ​ថោក​ដើម្បី​បង្ខូច​ទីផ្សារ នាំ​ឱ្យ​ប៉ះពាល់​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​សហរដ្ឋ​អាមេរិក។

ក្រុម​អង្គការ​សង្គមស៊ីវិល និង​ក្រុម​សហជីព​ព្រួយបារម្ភ​ថា កម្មករ​និយោជិត​ជាង​៩​សែន (៩២៥.០០០) នាក់ ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតស្បែក​ជើង ផលិតផល​ធ្វើ​ដំណើរ និង​កាបូប អាច​នឹង​បាត់បង់​ការងារ​ធ្វើ៕

No comments: