ក្រុមអ្នកប្រជាធិបតេយ្យបានជួបសហភាពអឺរ៉ុបសុំឱ្យដាក់សម្ពាធលើរដ្ឋាភិបាលដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ។ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ក្រុមការងារប្រឹក្សាជាតិតស៊ូ និងក្រុមចលនាសង្គ្រោះជាតិប្រចាំប្រទេសបារាំង បានជួបសមាជិកសភាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងអ្នកធ្វើការផ្នែកមូលនិធិសេរីភាព រយៈពេលពីរថ្ងៃគឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមេសា ដើម្បី ជជែកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បានប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមរបស់លោកបានប្រាប់ទៅភាគីសហភាពអឺរ៉ុបថា នៅពេលនេះ ពលរដ្ឋខ្មែរមិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញឡើយ។ លោកបន្តថា ទាល់តែសហភាពអឺរ៉ុបដាក់គំនាបខ្លាំងទៅលើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទើបរដ្ឋាភិបាល ងាកមកគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ពីព្រោះកាលណា មានប្រជាធិបតេយ្យ មានគណបក្សប្រឆាំង។ EBA ក៏គេឱ្យទាំងដុំ១០០% GSPរបស់សហរដ្ឋអាមេរិក តាមខ្ញុំដឹងមក ក៏គេពិចារណាឱ្យ ហើយមុខមាត់របស់កម្ពុជាកាន់តែថ្លៃថ្នូរ ហើយប្រជាពលរដ្ឋមានការងារធ្វើ។
— លោក គឹម សុខ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី០១ ខែឧសភា បានចោទប្រកាន់ថា អ្នកស្រី មូរ សុខហួរ និងលោក គឹម សុខ មិនបានធ្វើអ្វីជួយពលរដ្ឋឡើយ ប៉ុន្តែតែងតែទៅប្ដឹងសហគមន៍អន្តរជាតិឱ្យធ្វើបាបពលរដ្ឋខ្មែរ។
ប្រជាជនកំពុងមានការលំបាក ទៅដើរអំពាវនាវឱ្យគេដាក់សម្ពាធបន្ថែម។ អាមេរិកដាក់មិនទាន់គ្រប់ទេ ទៅរំឭកអឺរ៉ុបកុំភ្លេចដាក់ថែមទៀត។
— លោក ហ៊ុន ម៉ាណែត
ឆ្លើយតបការចោទប្រកាន់នេះ លោក គឹម សុខា ថា អ្វីដែលក្រុមលោកបានធ្វើដើម្បីជួយជាតិ ជួយពលរដ្ឋ និងចង់ឃើញរដ្ឋាភិបាលដើរលើផ្លូវគោរពសិទ្ធិមនុស្ស។ លោកបន្តថា សហភាពអឺរ៉ុបប្ដេជ្ញា ជំរុញឱ្យមានការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា៕
1 comment:
Hun family is focusing on building Ah HUN Dynasty, maybe in hell.
Post a Comment