Sunday, 15 June 2025

បារាំងសន្យាសម្របសម្រួលផ្ដល់ឯកសារពាក់ព័ន្ធលើព្រំដែនឱ្យកម្ពុជា

 

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា មេដឹកនាំបារាំងបានសន្យាជួយសម្របសម្រួលផ្ដល់ឯកសារនានា ប្រសិនបើភាគីកម្ពុជាត្រូវការដើម្បីយកទៅដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ មន្ត្រីបក្សប្រឆាំងបានយល់ឃើញថា នេះជារឿងល្អ និងនៅតែគាំទ្ររដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនជាមួយថៃទៅតុលាការយុត្តិធម៌អន្តរជាតិដដែល។

French President Emmanuel Macron (R) welcomes Cambodia's Prime Minister Hun Manet ahead of their meeting at the Prefecture on the sideline of the United Nations Ocean Conference (UNOC3), in Nice, on June 10, 2025.
ប្រធានាធិបតីបារាំងលោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) (ស្ដាំ) ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មុនចាប់ផ្ដើមជំនួបទ្វេភាគី អំឡុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣(UNOC3) នៅក្នុងទីក្រុងនីស (Nice) ប្រទេសបារាំង (France)។ (AFP)

នៅ​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​ទី១២​ខែ​មិថុនា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក តាន់ ហ្សង់ហ្វ្រង់ស័រ បាន​លើកឡើង​ថា ប្រធានាធិបតី​បារាំង​លោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បាន​សន្យា​ជួយ​សម្របសម្រួល​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​១០​ខែ​មិថុនា អំឡុង​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្តីពី​មហាសមុទ្រលើកទី៣​(UNOC3) នៅ​ក្នុង​ទីក្រុង​នីស (Nice) ប្រទេស​បារាំង (France)។

ប្រធានា​ធិបតី​បារាំង​លោក ម៉ាក្រុង បាន​ថ្លែង​បញ្ជាក់​ថា បារាំង​អាច​ជួយ​សម្របសម្រួល​ជាអាថ៌ តាមរយៈ​ការ​ផ្ដល់​ឯកសារ។ ឯកសារ​នេះ ឯកសារ​នោះ ដល់​ភាគី​ទាំង​ពីរ ដល់​ថៃ​ផង ដល់​កម្ពុជា​ផង ប្រសិន​បើ​មាន​ការ​ចាំបាច់​។

—  លោក តាន់ ហ្សង់ហ្វ្រង់ស័រ

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បាន​លើកឡើង​ទៀត​ថា ការថ្លែង​របស់​ប្រធានាធិបតី​បារាំង​នៅក្នុង​ជំនួប​នោះ ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​លើកឡើង​របស់​លោក​ ហ៊ុន ម៉ាណែត ស្ដីពី​ជំហរ​របស់​កម្ពុជា ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេសថៃ។

 

លោក​បាន​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​មេដឹកនាំ​បារាំង​ថា កម្ពុជា​បន្ត​ប្រកាន់​ភ្ជាប់​នូវ​សន្ដិភាព ដើម្បី​បន្ត​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក្នុងនោះ​ទាំង​ការសម្រេច​ដាក់​តំបន់​ជម្លោះ​ចំនួន​៤ គឺ​ប្រាសាទ​តាមាន់​តូច​ ប្រាសាទតាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់មុំបី ដើម្បី​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ហើយ​បញ្ហា​ព្រំដែន​ក្រៅ​ពី​តំបន់​ទាំង៤នោះ គឺ​កម្ពុជា​នឹង​បន្ត​ដោះស្រាយ​តាម​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ដូច​ជា​តាមរយៈ គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) ជាដើម។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាង​រាស្ដ្រគណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ​ សំអាន បាន​លើកឡើង​ថា ជា​រឿង​ល្អ​ដែល​មេដឹកនាំ​បារាំង​បាន​សន្យា​បែប​នេះ។ លោក​ក៏​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ត្រូវ​ស្នើ​ទៅ​ភាគី​បារាំង​ ឱ្យ​ជួយ​ផ្ដល់​ឯកសារ​ស្ដីពី​សន្ធិសញ្ញា​បារាំង​-សៀម​ឆ្នាំ​១៩០៤​និង​ឆ្នាំ​១៩០៧ រួមទាំង​ផែនទី​ដើម​ចំនួន​១១​ផ្ទាំង​នៃ​សន្ធិសញ្ញា​នេះ ដែល​កំពុង​តង្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ​មួយ​នៅទីក្រុង​ប៉ារីស(Paris) ពី​ព្រោះ​ជា​ឯកសារ​ទាំងនោះ​ មាន​តម្លៃ​សម្រាប់​ប្រើប្រាស់​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​សម្រាប់​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ហើយ​ម្យ៉ាង​ទៀត កម្ពុជា​គួរ​តែ​ស្នើសុំ​ជំនួយ​ពី​ភាគី​បារាំង គឺ​ជំនួយ​អ្នក​បច្ចេកទេស​បារាំង (ជំនាញ) ទៅ​លើ​ព្រំដែន​និង​ផែនទី​ទាំង​ហ្នឹង ដើម្បី​ឱ្យ​អ្នក​បច្ចេកទេស​បារាំង​ហ្នឹង​បញ្ជូន​មក​ស្រុក​ខ្មែរ ដើម្បី​កំណត់​ពី​លើ​ផែនទី​ជាក់ស្ដែង ទៅ​លើ​ដី​ជាក់ស្ដែង ថា​តើ​បង្គោល​ព្រំដែន​នៅ​កន្លែង​ឱ្យ​ពិតប្រាកដ។

—  លោក អ៊ុំ សំអាន

ចំណែក​អ្នកសិក្សា​បញ្ហា​សង្គម​និង​នយោបាយលោក ប៉ោ មករា បាន​មើលឃើញ​ថា ឯកសារ​ពាក់ព័ន្ធ​នឹង​ព្រំដែន​តម្កល់​នៅ​ប្រទេស​បារាំង​ គឺ​ឯកសារ​សំខាន់​សម្រាប់​កម្ពុជា​ ប៉ុន្តែ​លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​ គួរតែ​បង្កើត​គណៈកម្មការ​ថ្មី​មួយ​ ដែល​អាច​មាន​ជំនាញ​ខាង​ស្រាវជ្រាវ​ឯកសារ​ ដើម្បី​ជួយ​ឱ្យ​ការងារ​របស់​គណៈកម្មការព្រំដែន​កាន់តែ​មាន​សុក្រឹតភាព។

ពីព្រោះ​តួនាទី ពាក់ព័ន្ធ​នឹង​អ្នក​ស្រាវជ្រាវ ឬ​អ្នក​ពង្រឹង​ផ្នែក​ឯកសារ ផ្នែក​ច្បាប់ ផ្នែក​ប្រវត្តិសាស្ដ្រ វា​ជួយ​ទៅ​ដល់​គណៈកម្មការ​ព្រំដែន​មួយ​កម្រិត​ទៀត ដើម្បី​ឱ្យ​មាន​សុក្រិតភាព ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់ ឬ​ភាព​គតិយុត្តិ​។

—  លោក ប៉ោ មករា

កាលពី​ថ្ងៃ​ទី​១០​មិថុនា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​ បាន​សេចក្ដីសម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​ឯកសារ​ ដើម្បី​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ គណៈកម្មការ​នោះ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ​លោក​ ប្រាក់​ សុខុន​ និង​មាន​រដ្ឋមន្ត្រី​​មួយ​ចំនួន​ទៀត​ជា​អនុប្រធាន​និង​ជា​សមាជិក។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ដំណើរ​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ​ នឹង​មិន​ថយក្រោយ​ឡើ​យ​ បើទោះបី​ជា​ភាគី​ប្រទេស​ថៃ​បង្ហាញ​ជំហរ​ មិន​ចូល​រួម​ប្ដឹង​ក៏​ដោយ​៕

1 comment:

Anonymous said...

Thank You President Macron for your good deeds.