ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសហូឡង់ (Holland) អ្នកស្រី គឹមសួគ៌ សុវណ្ណារី បានដាក់លិខិតផ្លូវការទៅក្រឡាបញ្ជីនៃតុលាការយុត្តិធម៌(ICJ) ដើម្បីឱ្យជួយរកដំណោះស្រាយវិវាទព្រំដែន តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមមាន់ធំ និង ប្រាសាទតាក្របី រួចរាល់ហើយនៅរសៀលថ្ងៃទី១៦ខែមិថុនា។

នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦មិថុនាថា កម្ពុជាមិនដកថយក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅទីតាំងទាំង៤ចំណុចនោះទេ។ លោក បញ្ជាក់ទៀតថា រដ្ឋាភិបាលនឹងបន្តធ្វើការងារនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ផលប្រយោជន៍ជាតិនិងពលរដ្ឋខ្មែរ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អបអរសាទរនឹងការដាក់លិខិតរបស់កម្ពុជានេះ។ លោកបញ្ជាក់ថា កម្ពុជានឹងឈ្នះក្ដីលើរឿងនេះទទួលបានទឹកដីត្រឡប់មកវិញនៅពេលខាងមុខ។
យើងយល់ថា ជារឿងល្អដោយសារតែកាលណាយើងឡើងទៅតុលាការអន្តរជាតិ អីចឹងគឺដើម្បីបញ្ចប់ជម្លោះព្រំដែននៅតំបន់ទាំង៤ហ្នឹង ដើម្បីកុំឱ្យមានសង្គ្រាមផងដែរ ព្រោះយើងដោះស្រាយតាមតុលាការគឺដើម្បីបញ្ចៀសសង្គ្រាម។ដូច្នេះជារឿងល្អយើងបានទឹកដីយើងមកវិញនៅពេលដែលយើងឈ្នះក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។
— លោក អ៊ុំ សំអាន
កាលពីថ្ងៃទី២៨ឧសភា កងទ័ពកម្ពុជានិងថៃបានផ្ទុះអាវុធដាក់គ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរបណ្ដាលឱ្យស្លាប់ទាហានខ្មែរម្នាក់ ហើយប្រទេសទាំងពីរបានបញ្ជូនកងទ័ពនិងអាវុធធន់ធ្ងន់ទៅប្រចាំការនៅតំបន់មានជម្លោះ៕
No comments:
Post a Comment