លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ចាប់ពីឆ្នាំ២០២៦ ពលរដ្ឋគ្រប់អាយុនឹងត្រូវចូលបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ដើម្បីត្រៀមខ្លួនចូលការពារជាតិ ប៉ុន្តែយុវជនបារម្ភថា រដ្ឋាភិបាលអាចយកយុវជនទៅការពារអំណាចត្រកូល ហ៊ុន សែន មិនមែនបម្រើជាតិដូចច្បាប់ចែងឡើយ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា បើទោះបីជាបច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពគ្រប់គ្រាន់ការពារបូរណភាពទឹកដី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានពីប្រទេសជិតខាង ប៉ុន្តែកម្ពុជាក៏ចាំបាច់ត្រូវធ្វើកំណែទម្រង់វិស័យកងទ័ពបន្ថែមទៀតដែរ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ នៃទិវាកងរាជអាវុធហត្ថ នៅថ្ងៃទី១៤ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានថ្លែងថា លោកបានបញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឡើងវិញ ដើម្បីដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦។ លោកបានបន្តថា ការអនុវត្តកាតព្វកិច្ចយោធា ជាវិធីអាចឱ្យពលរដ្ឋក្លាយជាកងទ័ពអាជីពផង និងអាចលត់ដំឱ្យក្លាយជាពលរដ្ឋគំរូនៅក្នុងសង្គមផង។
ពីរឆ្នាំនេះ បើសិនគាត់មិនចូល (បំពេញកាតព្វកិច្ចយោធា) អាចដើរកាប់ចាក់ជាបងធំ ប៉ុន្តែបើគាត់បានបណ្ដុះបណ្ដាល មានកាតព្វកិច្ច ធ្លាប់ត្រូវបានអប់រំវិន័យ សណ្ដាប់ធ្នាប់ ឱកាសដែលគាត់ក្លាយជាបុគ្គលល្អរបស់សង្គម ក៏កាន់តែល្អប្រសើរ។ ហើយច្រើនឆ្នាំ យើងនឹងកសាងធនធានមនុស្ស ដែលមានការលត់ដំក្នុងកងយោធពលខេរមភូមិន្ទកាន់តែច្រើន។
— លោក ហ៊ុន ម៉ាណែត
ច្បាប់ស្ដីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ បានលើកឡើងថា ពលរដ្ឋគ្រប់រូបទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់ លើកលែងតែព្រះសង្ឃ ឬពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមតម្រូវការ។ ច្បាប់នេះចែងថា ពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធា ត្រូវអនុញ្ញាតឱ្យទៅកាន់ជីវភាពជាស៊ីវិលវិញ ក្នុងក្របខណ្ឌយោធាបម្រុង។
យុវជនធ្វើការងារសង្គម និងនយោបាយ លោក នាង សុឃុន យល់ថា ច្បាប់ដែលមានគឺល្អស្រាប់ហើយ។ ទោះយ៉ាងណាលោកថា ការតម្រូវឱ្យយុវជនបម្រើទ័ព ការពារជាតិ ជារឿងល្អ ប៉ុន្តែលោកបារម្ភថា រដ្ឋាភិបាលត្រកូល ហ៊ុន យកច្បាប់ធ្វើខែលដើម្បីយកយុវជនទៅបម្រើបក្សកាន់អំណាចឬបម្រើត្រកូលហ៊ុនប៉ុណ្ណោះ។ លោកលើកឧទាហរណ៍ជាក់ស្ដែងក្រុមយុវជន ស.ស.យ.ក របស់លោក ហ៊ុន ម៉ានី គឺជាយុវជនបម្រើបក្ស និងស្មោះស្ម័គ្រជាមួយត្រកូល ហ៊ុន។
ការប្រកាសហ្នឹង ខ្ញុំមើលឃើញថា វាជាចេតនាមួយដើម្បីកៀរគរកម្លាំងយុវជនហ្នឹង ដើម្បីមកការពារអំណាច ដើម្បីចងក្រងក្រុមយុវជនការពារអំណាច ការពារក្រុមគ្រួសាររបស់ខ្លួនទេ។
— លោក នាង សុឃុន
អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានយល់ឃើញថា កម្ពុជាគួរមានការអនុវត្តកាតព្វកិច្ចយោធា ប្រសិនបើជម្លោះព្រំដែនជាមួយប្រទេសថៃបន្តកើនឡើងភាពតានតឹង។
ប៉ុន្តែប្រសិនបើព្រំដែនមិនតានតឹងនោះទេ ខ្ញុំយល់ថា កម្ពុជាគួរតែផ្អាកសិនចំពោះការចាប់ផ្ដើមអនុវត្តកាតព្វកិច្ចយោធា ហើយខ្ញុំយល់ថា ការដោះស្រាយតាមយន្តការអន្តរជាតិ ជាជាងការធ្វើសង្គ្រាម វាជាការល្អប្រសើរជាង។ កម្ពុជាត្រូវតែប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ នៅតំបន់ទាំង៤ហ្នឹង ហើយតំបន់ផ្សេងៗទៀត ដែលមិនអាចដោះស្រាយតាមរយៈពេលយន្តការទ្វេភាគីជាមួយថៃបាន។
— លោក អ៊ុំ សំអាន
លោក ហ៊ុន ម៉ាណែត បានប្រកាសទៀតថា យោធាថៃនៅតែបន្តធ្វើសកម្មភាពបង្ករឿងជាបន្តបន្ទាប់នៅតាមព្រំដែន ដែលអាចនាំទៅដល់ការផ្ទុះអាវុធ ដោយសារតែទាហានថៃនៅតែបង្ហោះដ្រូនចូលមកទឹកដីកម្ពុជា ការឈូសឆាយធ្វើផ្លូវសម្រាប់បញ្ជូនរថក្រោះចូលមកកាន់តែជិតនឹងខ្សែត្រៀមរបស់ទ័ពកម្ពុជា និងការល្បាតទ័ពចូលមកទឹកដីកម្ពុជាជាដើម។
ចំណែកប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក៏បានព្រមាននៅថ្ងៃទី១៤ ខែកក្កដា ពីការផ្ទុះសង្គ្រាម ប្រសិនបើកងទ័ពថៃហ៊ានធ្វើរបងព័ទ្ធយកប្រាសាទតាមាន់ធំ៕
1 comment:
Each star costs $2.00. So 4 stars cost $8.00
Post a Comment