Wednesday, 2 July 2025

តុលាការធម្មនុញ្ញថៃសម្រេចព្យួរតួនាទីនាយករដ្ឋមន្ត្រីពីអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់

 

តុលាការធម្មនុញ្ញប្រទេសថៃ នៅថ្ងៃអង្គារ ទី០១ ខែកក្កដា បានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជាបណ្ដោះអាសន្ន រហូតតុលាការចេញសេចក្ដីសម្រេចចុងក្រោយ។ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណៈការនៃគណបក្សភឿថៃ គឺលោក សូរិយា ជីងរុងរឿងគិត (Suriya Jungrungreangkit) ក្លាយជានាយករដ្ឋមន្ត្រីស្ដីទី។

Thailand’s Prime Minister Paetongtarn Shinawatra (C) and Cambodia's Prime Minister Hun Manet (L).
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត (ស្ដាំ) និងនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ធ្វើជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខា នៅវិមានសន្ដិភាព ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

ចៅក្រម​តុលាការ​ធម្មនុញ្ញ​ថៃ​ចំនួន ៧នាក់ ក្នុង​ចំណោម ៩នាក់ បាន​សម្រេច​ព្យួរ​តួនាទី​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ពី​តំណែង​នាយក​រដ្ឋមន្ត្រី បន្ទាប់ពី​តុលាការ​បាន​ទទួល​យក​ញត្តិ​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​ចំនួន ៣៦រូប ដែល​ចោទ​អ្នកស្រី​ថា​បាន​បំពាន​រដ្ឋធម្មនុញ្ញ និង​ស្នើសុំ​ឱ្យ​តុលាការ បើក​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​បែក​ធ្លាយ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​រវាង​អ្នកស្រី ផេថងថាន ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន។

អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ។ អ្នកស្រី​បាន​បញ្ជាក់​ថា នៅ​ក្នុង​សារ​សន្ទនា​តាម​ទូរស័ព្ធ​ជាមួយ​លោក ហ៊ុន សែន ដែល​អ្នកស្រី​និយាយ​បរិហារ​មេទ័ពភូមិ​ភាគ​២​របស់​ថៃ​ថា​ក្រុម​ប្រឆាំង គឺ​គ្រាន់​តែ​មាន​បំណង​ការពារ​កុំ​ឱ្យ​មាន​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​គ្នា​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ។ 

 

ទោះជាយ៉ាងណា អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ នឹង​បន្ត​ស្ថិត​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ដដែល ដោយ​ប្ដូរ​មក​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ក្រោយ​ពី​មាន​ការ​យល់​ព្រម​ពី​ព្រះមហាក្សត្រ ខណៈ​លោក សូរិយា ជីងរុងរឿងគិត នឹង​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី ចូល​ស្បថ​កាន់​តំណែង​នៅ​ថ្ងៃ​ទី០៣ ខែកក្កដា ខាង​មុខ​នេះ។

ជម្លោះ​ព្រំដែន​កម្ពុជា​និង​ថៃ​បន្ត​ភាពតានតឹង រហូត​ឈាន​ដល់​ការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​ឈប់​នាំ​ចូល​អគ្គិសនី អ៊ិនធឺណិត បន្លែ ផ្លែឈើ ប្រេងសាំង ពីប្រទេសថៃ។

ក្នុង​ពិធី​ទិវាមច្ឆជាតិ ១កក្កដា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា លោក​រង់ចាំ​អ្នក​មាន​អំណាច​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេសថៃ ដែល​អាច​សម្រេច​បិទ​បើក​ព្រំដែន។

ការ​ចរចា​រឿង​យោធា គឺ​ទាល់​តែ​បើក​ច្រក​ព្រំដែន​ទៅ​ធម្មតា​ឡើង​វិញ បាន​យើង​គិតគូរ​ពី​ការ​ជួប​គ្នា​រវាង​កងទ័ព​និង​កងទ័ព ព្រោះ​បើ​មិន​អ៊ីចឹង យើង​ទុក​ចិត្ត​រឿង​អី បើ​គ្រាន់​តែ​ក្រដាស​មួយ​សន្លឹក ជជែក​គ្នា​មិន​ត្រូវ​ផង (​កងទ័ព​ជើងគោក ជើងទឹក ក្រសួង​ការពារ​ជាតិ និង​ក្រសួង​ការបរទេស​ថៃ) ឱ្យ​ខ្ញុំ​ជឿ​ពី​ណា​ឥឡូវ។ អ៊ីចឹង កម្ពុជា​ពី​ដើម​ដល់​ឥឡូវ សំឡេង​អត់​មាន​ច្រើន​ទេ សំឡេង​នៃ​ការ​បើក​និង​ការ​បិទ។

—  លោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា រដ្ឋាភិបាល​នឹង​មិន​រាថយ​ក្នុង​ការ​យក​សំណុំ​រឿង​ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ ប្រាសាទតាក្របី និង​តំបន់​មុំបី​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (IJC) ឡើយ។ លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​បែប​នេះ បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​មេធាវី​អន្តរជាតិ​គឺ​សាស្ដ្រាចារ្យ សង់ ម៉ាក់សូរែល (Jean-Marc Sorel) នៅ​ថ្ងៃ​ទី០១ ខែកក្កដា ដើម្បី​ពិភាក្សា​ពី​នីតិវិធី​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ខណៈ​មេធាវី​ជនជាតិ​បារាំង​រូបនេះ ធ្លាប់​បាន​ជួយ​ឱ្យ​កម្ពុជា​ជោគជ័យ​ក្នុង​ការ​ប្ដឹង​បកស្រាយ​សាលក្រម​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ​ពី​ឆ្នាំ​២០១១ និង​ឆ្នាំ២០១៣៕

No comments: