Monday, 28 July 2025

កម្ពុជានិងថៃបានព្រមព្រៀងអនុវត្តបទឈប់បាញ់គ្នាចាប់ពីពាក់កណ្ដាលយប់នេះ

 

មេដឹកនាំកម្ពុជានិងថៃ បានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់គ្នាភ្លាមៗ និងគ្មានលក្ខខណ្ឌ នៅក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី និងសហការរៀបចំដោយសហរដ្ឋអាមេរិក និងប្រទេសចិន។

Malaysia's Prime Minister Anwar Ibrahim (C), Cambodia's Prime Minister Hun Manet (L) and Thailand's acting Prime Minister Phumtham Wechayachai (R) pose for photos as they shake hands following a press conference after talks on a possible ceasefire between Thailand and Cambodia in Putrajaya on July 28, 2025.
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) (កណ្ដាល) នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត (ឆ្វេង) និងនាយករដ្ឋមន្រ្តីស្តីទីថៃ លោក ភូមថាម វ៉េឆាយ៉ាឆៃ (Phumtham Wechayachai) (ស្តាំ) ចាប់ដៃគ្នា បន្ទាប់ពីកិច្ចពិភាក្សាស្តីពីបទឈប់បាញ់ នៅទីក្រុង ពូត្រាចយ៉ា (Putrajaya) ប្រទេសម៉ាឡេស៊ី (Malaysia) នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ (AFP)

ប្រធាន​ប្ដូរវេន​អាស៊ាន​​លោក​នាយក​រដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​ប្រកាស​នៅ​ក្រោយ​កិច្ច​ប្រជុំ​ថា បទ​ឈប់​បាញ់​គ្នា​នេះ នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ពាក់​កណ្ដាល​យប់​នេះ​ទៅ គឺ​ពី​ម៉ោង​១២​យប់។ លោក​បាន​បន្ត​ថា នេះ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ ដើម្បី​បន្ធូរបន្ថយ​ជម្លោះ និង​ស្ដារ​ឡើង​វិញ​នៃ​សន្ដិភាព និង​សន្ដិសុខ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​បន្ថែម​ទៀត​ថា ក្រុម​សង្កេតការណ៍​មួយ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​កម្ពុជា និង​ថៃ ដើម្បី​ស្ដារ​បណ្ដាញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។

លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​លើ​ហ្វេសប៊ុក​ដែរ​ថា នេះ​គឺ​ជា​លទ្ធផល​ដ៏​ត្រចេះត្រចង់ ដែល​លោក​និង​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ បាន​ឯកភាព​លើ​៣​ចំណុច គឺ​ទី១ ការ​ឈប់​បាញ់​ចាប់​ពី​ម៉ោង​១២​យប់​នេះ ទី២ កម្ពុជា​និង​ថៃ​នឹង​រៀបចំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​មេបញ្ជាការ​កងទ័ព​ភូមិភាគ​ជាមួយ​បណ្ដា​សេនានុព័ន្ធ​និង​អនុព័ន្ធ​យោធា ដឹកនាំ​ដោយ​ប្រធាន​អាស៊ាន​នៅ​ថ្ងៃ​ទី២៩ ខែកក្កដា បើ​មាន​ការ​ឯកភាព​គ្នា​ពី​ភាគី​ទាំង​ពីរ និង​ទី៣ កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា-ថៃ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៤ ខែសីហា ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទុះ។

 

លោក ហ៊ុន ម៉ាណែត ក៏​បាន​អរគុណ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​បាន​ផ្ដួចផ្ដើម និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ រួមទាំង​អរគុណ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ដែល​បាន​គាំទ្រ​ឱ្យ​កម្ពុជា​និង​ថៃ​ជួប​ចរចា​ដើម្បី​សម្រេច​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​ភ្លាមៗ ហើយ​និង​ការ​លើក​ទឹក​ចិត្ត​គាំទ្រ​ពី​ប្រទេស​ចិន។

លោក ហ៊ុន ម៉ាណែត សង្ឃឹម​ថា កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​នេះ នឹង​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​កសាង​ទំនុក​ចិត្ត​រវាង​គ្នា និង​ការ​កែលម្អ​ស្ថានការ​ឱ្យ​ប្រសើរ​ឡើង​វិញ ដើម្បី​ឈាន​ទៅ​រក​ភាព​ប្រក្រតី​នៅ​ពេល​អនាគត។

ចំណែក​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ប្រទេស​ថៃ​លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នេះ​ជា​លទ្ធផល​ដែល​ប្រទេស​ថៃ​តែង​មាន​បំណង​ប្រាថ្នា​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្ដិវិធី ហើយ​លោក​សង្ឃឹម​ថា កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​នេះ នឹង​ត្រូវ​អនុវត្ត​ដោយ​ជោគជ័យ​និង​ស្មោះត្រង់។

កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​នេះ បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ដែល​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​នាយក​រដ្ឋមន្ត្រីស្ដីទី​លោក លោក ភូមិថាំ វេឆាយ៉ាឆៃ ដោយ​តម្រូវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា បើ​កម្ពុជា​និង​ថៃ​ចង់​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក​បាន​ដំឡើង​ពន្ធ​លើ​កម្ពុជា​និង​ថៃ​ចំនួន​៣៦%ដូចគ្នា ហើយ​កម្ពុជា​និង​ថៃ កំពុង​ព្យាយាម​សុំ​ចរចា​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ចុះ​អត្រា​ពន្ធ​នេះ​បន្ថែម​ទៀត៕

No comments: