Saturday, 26 July 2025

កងទ័ពថៃប្រើគ្រាប់បែកចង្កោមវាយប្រហារចូលទឹកដីកម្ពុជា


កងទ័ពថៃបានបើកប្រតិបត្តិការវាយប្រហារកាន់តែខ្លាំងចូលទឹកដីកម្ពុជានៅថ្ងៃទី០២ នៃការផ្ទុះអាវុធដាក់គ្នាតាមព្រំដែន ក្នុងនោះ គឺការវាយសង្គ្រប់លើកងទ័ពកម្ពុជា ដើម្បីឈ្លានពានយកទឹកដីនៅប្រាសាទតាក្របី និងតំបន់ផ្សេងទៀតនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

People who fled their homes near the Cambodia-Thailand border rest on the grounds of a pagoda in Oddar Meanchey province on July 25, 2025.
ពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យបានភៀសខ្លួនទៅស្នាក់នៅក្នុងវត្តមួុយកន្លែង ស្របពេលការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃនៅតាមព្រំដែនឈានចូលថ្ងៃទី២ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ (AFP)

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​អ្នកស្រី ម៉ាលី សុជាតា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២៥ ខែកក្កដា​នេះ​ថា កងទ័ព​ប្រទេស​ថៃ​បាន​បន្ត​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 វាយប្រហារ​ចូល​ទឹក​ដី​កម្ពុជា ក្នុង​នោះ​បាន​វាយប្រហារ​ដោយ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ចំនួន​២លើក នៅ​តំបន់​ភ្នំខ្មោច និង​ស្ថិត​នៅ​ក្នុង​ភូមិ​តេជោ​ធម្មជាតិ ស្ថិត​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ។

អ្នកស្រីថា ម៉ាលី សុជាតា បាន​បញ្ជាក់​ដែរ​ថា កងទ័ព​ថៃ​ប្រើ​គ្រាប់​បែក​ចង្កោម ស្របពេល​ព្យាយាម​វាយ​សង្គ្រប់​លើ​កងទ័ព​កម្ពុជា ដើម្បី​ឈ្លានពាន​យក​ទឹកដី​នៅ​តំបន់​ប្រាសាទ​តាក្របី និង​ទីតាំង​មួយ​ចំនួន​ទៀត ដែល​ជា​ទង្វើ​ឃោឃៅ​និង​អមនុស្សធម៌ និង​បំពាន​ច្បាប់​អន្តរជាតិ រួម​ទាំង​អនុសញ្ញា​ស្ដីពី​ការ​ហាម​ឃាត់​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​របស់​អង្គការ​សហប្រជាជាតិ។

កាល​ពី​ថ្ងៃ​ទី២៤ ខែកក្កដា កងទ័ព​ថៃ​ក៏​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​បណ្ដាល​ឱ្យ​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​រង​ការ​ខូចខាត។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈកម្ពុជា ចេញ​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​លើ​ប្រាសាទ​ព្រះវិហារ ដែល​ជា​ទង្វើ​មិន​គោរព​តាម​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក និង​បាន​ស្នើ​ឱ្យ​អង្គការ​យូណេស្កូ (Unesco) ចាត់​វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ៕

No comments: