Tuesday, 8 July 2025

កម្ពុជាស្នើឱ្យថៃឈប់ប្រើផែនទីឯកតោភាគីដែលបំពានលើMoUឆ្នាំ២០០០


ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ប្រទេសថៃគួរបង្ហាញឱ្យឃើញភាពបរិសុទ្ធក្នុងការគោរពតាមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដើម្បីប្រើប្រាស់ផែនទីដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នា និងបញ្ឈប់ការទទូចប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី ដែលជាប្រភពនាំឱ្យកើតមានជម្លោះព្រំដែននៅពេលនេះ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) ជួបជាមួយរដ្ឋមន្រ្តីការបរទេសថៃលោក ម៉ារីស សាងៀមផុង្ស (Maris Sangiampongsa) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អំឡុងពេលចូលរួមវេទិកាអនាគតអាស៊ានលើកទី២ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន (ឆ្វេង) ជួបជាមួយរដ្ឋមន្រ្តីការបរទេសថៃលោក ម៉ារីស សាងៀមផុង្ស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អំឡុងពេលចូលរួមវេទិកាអនាគតអាស៊ានលើកទី២ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ (រូបភាពពីគេហទំព័រក្រសួងការបរទេសថៃ)

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី០៧ ខែកក្កដា បាន​ចេញ​សេចក្ដី​ថ្លែង​ថា កម្ពុជា​បាន​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ រួម​ទាំង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក​ឆ្នាំ២០០០ ដែល​មាន​ចែង​នៅ​មាត្រា១ថា ផែនទី​ផលិត​ដោយ​គណៈកម្មការ​បារាំង-សៀម តាមរយៈ​អនុសញ្ញា​ឆ្នាំ១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ១៩០៧ គឺ​ជា​មូលដ្ឋាន​សម្រាប់​ការ​កំណត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

សេចក្ដី​ថ្លែងការណ៍​បាន​បន្តថា ដោយឡែក ការ​ទទូច​របស់​ប្រទេស​ថៃ​ឱ្យ​ប្រើប្រាស់​ផែនទី​ខ្នាត​១​លើ​៥០ពាន់ ដែល​ថៃ​គូស​ដោយ​ខ្លួន​ឯង​ឬ​ឯកតោភាគី ហើយ​ទាត់​ចោល​ផែនទី​ខ្នាត​១​លើ​២០០ពាន់ ដែល​បាន​មក​ពី​អនុសញ្ញា​និង​សន្ធិសញ្ញា​បារាំង-សៀម ជា​ទង្វើ​បំពាន​ច្បាប់​អន្តរជាតិ និង​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០០។ 

 

ការ​ចេញ​សេចក្ដីថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ការបរទេស​ប្រទេស​ថៃ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា ការ​សម្រេច​បញ្ជូន​សំណុំ​រឿង​វិវាទ​ព្រំដែន​ចំនួន​៤ គឺ​ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និង​តំបន់​មុំបី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺ​មិន​មាន​ចែង​នៅ​ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០​នោះ​ទេ។

ទោះជាយ៉ាងណា ក្រសួង​ការបរទេស​កម្ពុជា​បាន​ឆ្លើយតប​ថា ការ​បញ្ជូន​តំបន់​មាន​វិវាទ​តំបន់​ទាំង៤ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ជា​ការ​ថ្លឹងថ្លែង​លើ​មូលដ្ឋាន​ច្បាប់ និង​ឆ្លើយតប​ដោយ​សន្ដិវិធី​ចំពោះ​ប្រទេសថៃ ដែល​តែង​រំលោភ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០០ រួម​ទាំង​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ ការ​ញុះញង់ និង​ការ​ខ្វះ​ឆន្ទៈ​របស់​ថៃ​គោរព​តាម​ក្របខណ្ឌ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា ដែល​ធ្វើ​ឱ្យ​យន្តការ​ទ្វេ​ភាគី លែង​មាន​លទ្ធភាព​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​ទាំង​៤​នោះ។

ការ​ឆ្លើយឆ្លង​គ្នា​រវាង​ក្រសួង​ការបរទេស​កម្ពុជា និង​ថៃ នៅ​ពេល​នេះ ស្របពេល​ភាព​តានតឹង​នៅ​តាម​ព្រំដែន​បន្ត​កើនឡើង​កម្ដៅ ខណៈ​ទាហាន​ថៃ​បន្ត​ធ្វើ​សកម្មភាព​រុល​ចូល​ដី​ខ្មែរ​បង្កហេតុ​កាន់​តែ​ញឹកញាប់ ដើម្បី​ញុះ​ឱ្យ​ទាហាន​ខ្មែរ​ឆេះ​កំហឹង រហូត​ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី។

កាល​ពី​ថ្ងៃ​ទី១៩ ខែមិថុនា តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោក កែវ ឈា បាន​ផ្ញើ​លិខិត​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដោយ​បាន​លើកឡើង​ថា ការ​សម្រេច​របស់​កម្ពុជា​ដើម្បី​បញ្ជូន​តំបន់​មាន​ជម្លោះ​ទាំង​៤​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយសារ​ប្រទេសថៃ កំពុង​ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រដាប់​អាវុធ​ដ៏​ធ្ងន់ធ្ងរ ចាប់តាំង​ពី​មាន​ការ​ចូល​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​នៅ​តំបន់​មុំបី​កាល​ពី​ថ្ងៃ​ទី២៨ ខែឧសភា និង​ការ​បញ្ជូន​ទ័ព​និង​សព្វាវុធ​ធុន​ធ្ងន់​របស់​យោធា​ថៃ​មក​កាន់​ព្រំដែន រួម​ទាំង​ការ​គំរាមកំហែង​ពី​មេទ័ព​ថៃ​ដើម្បី​បញ្ឆេះ​សង្គ្រាម​ជាមួយ​កម្ពុជា​ជាដើម ដែល​ទាំង​នេះ​ជា​ការ​គំរាមកំហែង​ដល់​សន្ដិសុខ​និង​ស្ថិរភាព​របស់​កម្ពុជា និង​តំបន់​ទាំង​មូល។

ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី៤ ខែកក្កដា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថ្មី​របស់​ថៃ គឺ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដែល​ទើប​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ព្យួរ​ពី​តំណែង​នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ថា ប្រទេស​ថៃ​សម្រេច​ផ្អាក​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​ចំនួន២០ដុំ​ឱ្យ​កម្ពុជា ដោយសារ​ប្រទេស​ថៃ​មិន​មាន​ថវិកា​សម្រាប់​ដឹកជញ្ជូន។

ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា អ្នកស្រី ភឿង សកុណា បាន​ផ្ញើ​លិខិត​រំឭក​ទៅ​អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថា អំឡុង​ពេល​អ្នកស្រី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី កាល​ពី​អំឡុង​ខែមេសា គឺ​មាន​ការ​ឯកភាព​គ្នា​បញ្ជូន​វត្ថុបុរាណ​ទាំង​២០​ដុំ​នោះ​មក​ឱ្យ​កម្ពុជា​វិញ ហើយ​ពិធី​ប្រគល់​និង​ទទួល ក៏​បាន​ឯកភាព​គ្នា​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​បាងកក នៅ​ក្នុង​ខែ​កក្កដា​នេះ ហើយ​ចំណែក​រាល់​ការ​ចំណាយ​សម្រាប់​ដឹកជញ្ជូន ជា​បន្ទុក​របស់​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថៃ បន្ត​គោរព​តាម​ពេលវេលា និង​កិច្ច​ព្រមព្រៀង​ដែល​បាន​ឯកភាព​ទាំង​នេះ ក្នុង​ការ​បញ្ជូន​វត្ថុ​បុរាណ​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ៕

No comments: