Monday, 11 August 2025

កងទ័ពថៃយកបាវខ្សាច់ធ្វើលេណដ្ឋានគ្រប់គ្រងប្រាសាទតាមាន់ធំ

 

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ លោកឧត្តមសេនីយ៍ នាក់ វង្ស បានប្រាប់បណ្ដាអនុព័ន្ធយោធាបរទេសនៅថ្ងៃទី១០ ខែសីហាថា ក្រោយបទឈប់បាញ់មួយថ្ងៃ កងទ័ពថៃបានបញ្ជូនកម្លាំងឡើងមកប្រាសាទតាមាន់ធំ និងបានដាក់បាវខ្សាច់ធ្វើលេណដ្ឋានសម្រាប់ឈរជើងគ្រប់គ្រងប្រាសាទ រួមទាំងបានរាយបន្លាលួសព័ទ្ធប្រាសាទ ហើយប្រើគ្រាប់ជំពាមបាញ់មកលើកងទ័ពកម្ពុជា។

General Naing Vong (L) told to the foreign military attachés of Australia, England, Canada, China, France, Japan, South Korea, Laos, and Vietnam on border situation in Oddar Meanchey province on August 10, 2025.
ឧត្តមសេនីយ៍ នាក់ វង្ស (ឆ្វេង) រាយការណ៍ពីស្ថានភាពព្រំដែននៅខេត្តឧត្តរមានជ័យ ទៅក្រុមអនុព័ន្ធយោធាបរទេស មកពីស្ថានទូតអូស្ដ្រាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ (AKP)

លោក​បាន​បញ្ជាក់​ថា ក្រោយ​កងទ័ព​ថៃ​មិន​ព្រម​ដក​ចេញ​ពី​ប្រសាទ​តាមាន់ធំ​វិញ​តាម​ការ​រារាំង​ពី​កងទ័ព​កម្ពុជា លោក​បាន​រាយការណ៍​ករណី​នេះ​ទៅ​ថ្នាក់លើ ហើយ​មិន​បាន​ប្រើប្រាស់​កម្លាំង​តបត​រំលោភ​លើ​បទ​ឈប់​បាញ់​ឡើយ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ក៏បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃ​ទី១០ ខែសីហា ស្នើ​ឱ្យ​សហគមន៍អន្តរជាតិ ដែល​បាន​ជួយ​ឱ្យ​កម្ពុជា​និង​ថៃ​មាន​បទ​ឈប់​បាញ់ ជំរុញ​ទៅ​ភាគី​ថៃ​ឱ្យ​គោរព​បទ​ឈប់​បាញ់​នេះ ក្រោយ​ពី​មេបញ្ជាការ​យោធ​ភូមិភាគ​ទី២​របស់ថៃ លោក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) បាន​ប្រកាស ពី​ផែនការ​មុន​ចូល​និវត្តន៍​របស់​ខ្លួន​ដែល​នៅ​សល់​តែ​៥១ថ្ងៃ​ទៀត គឺ​ចង់​ប្រើ​កម្លាំង​កងទ័ព​ជាលើក​ទី២ ដើម្បី​វាយ​ដណ្តើម​កាន់កាប់​ប្រាសាទ​តាក្របី​វិញ និង​ចង់​បិទ​ប្រាសាទ​តាមាន់ធំ ដែល​ជា​ប្រាសាទ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា។

ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា ការ​ប្រកាស​របស់​មេទ័ព​ភូមិ​ភាគ​ថៃ​រូប​នេះ ជា​ភស្តុតាង​បញ្ជាក់​ពី​ការ​បង្កហេតុ និង​ជា​ការ​ប៉ុនប៉ង​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ដោយ​ចេតនា និង​គិត​ទុក​ជាមុន៕

No comments: