Wednesday, 27 August 2025

ទាហានថៃត្រៀមរុះរើផ្ទះពលរដ្ឋខ្មែរ១៨ខ្នងនៅភូមិព្រៃចាន់

 

យោធាថៃត្រៀមរុះរើផ្ទះពលរដ្ឋខ្មែរ១៨ខ្នង ស្ថិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីក្រុមទាហានថៃបានរាយបន្លាលួសព័ទ្ធយក និងបណ្ដេញពលរដ្ឋខ្មែរចេញ។ ជាមួយគ្នានេះ មេបញ្ជាការយោធាភូមិភាគ២របស់ថៃបញ្ជាក់ថា ទាហានថៃនឹងមិនរុះរើបន្លាលួសដែលដាក់ពង្រាយនៅតាមព្រំដែនឡើយ។

Residents of Prey Chan village hold up banners in protest on August 15, 2025, after Thai soldiers erected barbed wire around their homes and evicted them.
ពលរដ្ឋនៅភូមិព្រៃចាន់ លើកបដាតវ៉ានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទាហានថៃរាយបន្លាលួសព័ទ្ធផ្ទះនិងបណ្ដេញពួកគាត់ចេញ។ (រូបភាពពីហ្វេសប៊ុកលោក អ៊ុំ រាត្រី)

អំឡុង​ពេល​ចុះ​ពិនិត្យ​ស្ថានភាព​ព្រំដែន​នៅ​ក្នុង​ខេត្តស្រះកែវ កាល​ពី​ថ្ងៃ​ទី២៦ ខែសីហា អ្នកនាំពាក្យ​រង​កងទ័ព​ថៃ​លោក​ឧត្តមសេនីយ៍ វ៉ាន់ឆាណា សាវ៉ាឌី (Wanchana Sawasdee) បាន​ប្រកាស​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ទទួល​ខុសត្រូវ​រុះរើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​១៨ខ្នង ស្ថិត​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ដែល​ទាហាន​ថៃ​ចូល​រាយ​បន្លាលួស និង​អះអាង​ថា​ជា​ទឹក​ដី​របស់​ថៃ។

លោក​បាន​បញ្ជាក់​ថា ការ​ជំរុញ​ឱ្យ​ភាគី​កម្ពុជា​រុះរើ​ផ្ទះ​ទាំង​១៨ខ្នង នឹង​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) នៅ​ពេល​ខាង​មុខ ហើយ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​រុះរើ នោះ​ទាហាន​ថៃ​នឹង​ប្រើ​សិទ្ធិ​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន ចុះ​ទៅ​រុះរើ​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ។

No comments: