ទំព័រហ្វេសប៊ុកក្រសួងការពារជាតិបានចុះផ្សាយថា នៅរសៀលថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ានចំនួន៧ប្រទេស រួមមានប្រ៊ុយណេ (Brunei ) ឥណ្ឌូនេស៊ី (Indonesia ) ឡាវ (Laos ) មីយ៉ាន់ម៉ា (Myanmar ) ហ្វីលីពីន (Philippines ) និងវៀតណាម (Vietnam ) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី បានចុះពិនិត្យស្ថានភាពបទឈប់បាញ់នៅតាមព្រំដែនកម្ពុជានិងថៃ ចំនួន៤ទីតាំង គឺនៅយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបង និងនៅច្រកព្រំដែនបឹងត្រកូន ច្រកព្រំដែនអូរបីជាន់ និងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។
នៅក្នុងខេត្តបន្ទាយមានជ័យ ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន បានចុះពិនិត្យទីតាំងដែលក្រុមយោធាថៃបានដាក់កង់ឡាន និងរាយបន្លាលួសបំពានចូលក្នុងទឹកដីកម្ពុជា និងព័ទ្ធផ្ទះពលរដ្ឋខ្មែរជាច្រើនខ្នង ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈពលរដ្ឋរស់នៅក្បែរច្រកបឹងត្រកួន ក្នុងឃុំបន្ទាយរមៀត ស្រុកថ្មពួក បានលើកឡើងតវ៉ា បន្ទាប់ពីក្រុមយោធាថៃប្រុងរាយបន្លាលួសចង់ព័ទ្ធផ្ទះពួកគាត់។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៤ ខែសីហាថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ននេះ ធ្វើឡើងស្របពេលក្រុមអ្នកសង្កេតការណ៍អាស៊ានផ្លូវការ កំពុងស្ថិតក្នុងការរៀបចំបង្កើតឡើងដើម្បីតាមដានបទឈប់បាញ់។
ការចុះពិនិត្យដោយផ្ទាល់នេះ ដើម្បីសង្កេតមើលស្ថានភាពសន្ដិសុខព្រំដែន និងផលប៉ះពាល់ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ និងស្ថានការណ៍ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសមាញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។— អ្នកស្រី ម៉ាលី សុជាតា
ការចុះពិនិត្យដោយផ្ទាល់នេះ ដើម្បីសង្កេតមើលស្ថានភាពសន្ដិសុខព្រំដែន និងផលប៉ះពាល់ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ និងស្ថានការណ៍ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសមាញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
កាលពីថ្ងៃទី១៣ ខែសីហា ក្រសួងការពារជាតិកម្ពុជាបានជំរុញឱ្យភាគីថៃ ចូលរួមសហការពន្លឿនបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានជាផ្លូវការ ស្របពេលយោធាថៃបន្តមិនគោរពតាមលក្ខខណ្ឌបទឈប់បាញ់គ្នា ដោយបានដាក់ពង្រាយកម្លាំងបន្ថែមតាមព្រំដែន បញ្ជូនគ្រឿងចក្រធ្ងន់ធ្ងរកាយដីធ្វើផ្លូវ និងជីកធ្វើលេណដ្ឋាន និងការរាយបន្លាលួសដោយឯកតោភាគី។
កាលពីថ្ងៃទី១៣សីហាក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលការលើកឡើងរបស់ក្រសួងការបរទេសថៃដែលចោទប្រកាន់ថាទាហានខ្មែរបានដាក់គ្រាប់មីនប្រឆាំងមនុស្សនៅតំបន់មុំបី អានសេះ តាសឹម និងប្រាសាទតាមាន់ធំដែលបានបណ្ដាលឱ្យទាហានថៃដើរជាន់ផ្ទុះរបួសជាបន្តជាបន្ទាប់។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាតំបន់ទាំងនោះមានគ្រាប់មីនសល់ពីសម័យសង្គ្រាមដែលត្រូវបានចុះបញ្ជីដោយភ្នាក់ងារដោះមីនជាតិនិងអន្តរជាតិថាជាចម្ការមីននិងដោយសារទាហានថៃដើរល្បាតបំពានចូលក្នុងទឹកដីកម្ពុជា៕
Post a Comment
No comments:
Post a Comment