Thursday, 7 August 2025

កម្ពុជានិងថៃយល់ព្រមតាមលក្ខខណ្ឌបទឈប់បាញ់ និងឱ្យអាស៊ានជួយធ្វើជាអ្នកសង្កេតការណ៍


ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​អះអាង​ថា កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី (Malaysia) នៅ​ថ្ងៃ​ទី០៧ ខែសីហា​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​បរិយាកាស​ស្ថាបនា​និង​វិជ្ជមាន ហើយ​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា។ ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​អនុវត្ត​តាម​លក្ខខណ្ឌ​បទ​ឈប់​បាញ់ និង​ឱ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​តាមដាន​បទ​ឈប់​បាញ់។

Thai Deputy Defence Minister Nattaphon Narkphanit (R), Malaysian Prime Minister Anwar Ibrahim
 (C) and Cambodian Defence Minister General Tea Seiha (L) join hands for a group photo ahead of the Ex-traordinary General Border Committee (GBC) to discuss border dispute between Thailand and Cambodia, in Kuala Lumpur on August 7, 2025.
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា (ឆ្វេង) និងរដ្ឋមន្ត្រីការពារជាតិស្ដីទីថៃលោក ណាត់ថាក់ផុន ណាកផានីត (Nattaphon Nark-phanit) ចាប់ដៃគ្នាថតរូបជាក្រុម មុន កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ (រូបភាពពីហ្វេសប៊ុកលោក ទៀ សីហា)

សេចក្ដី​ថ្លែងការណ៍​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក ទៀ សីហា និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្ដីទី​ថៃ​លោក ណាត់ថាក់ផុន ណាកផានីត និង​មាន​អ្នក​ចូលរួម​សង្កេតការណ៍​ពី​ម៉ាឡេស៊ី សហរដ្ឋអាមេរិក និង​ប្រទេសចិន បាន​បង្ហាញ​ថា កម្ពុជា​និង​ថៃ​បាន​សម្រេច​លើ​កិច្ចព្រមព្រៀង​គ្នា​ចំនួន ១៣ចំណុច ក្នុង​នោះ លក្ខខណ្ខ​បទ​ឈប់​បាញ់​មាន​០៩ចំណុច យន្តការ​សម្រាប់​អនុវត្ត​តាម​លក្ខខណ្ឌ​បទ​ឈប់​បាញ់​មាន​៣​ចំណុច និង​មួយ​ចំណុច​ទៀត ជា​កាល​បរិច្ឆេទ និង​ទី​កន្លែង​នៃ​កិច្ច​ប្រជុំ GBC នៅ​ពេល​បន្ទាប់។

ចំពោះ​លក្ខខណ្ឌ​បទ​ឈប់​បាញ់​ទាំង​៩​ចំណុច រួមមាន ភាគី​ទាំង​ពីរ​ត្រូវ​បញ្ឈប់​ការ​បាញ់​គ្នា​ដោយ​ប្រើប្រាស់​អាវុធ​គ្រប់​ប្រភេទ ទាំង​លើ​ទីតាំង​ជនស៊ីវិល និង​យោធា និងត្រូវ​រក្សា​ចំនួន​កងទ័ព​ដដែល ដោយ​មិន​ត្រូវ​ចល័ត​ឬ​ដើរ​ល្បាត​ចូល​ទៅ​ទីតាំង​ឈរ​ជើង​របស់​ភាគី​ម្ខាង​ទៀត ចាប់​តាំង​ពី​​បទ​ឈប់​បាញ់​គ្នា​បាន​ចូល​ជា​ធរមាន​តាំង​ពី​ម៉ោង១២ យប់​ថ្ងៃ២៨ ខែកក្កដា​មក។ ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ឱ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​បណ្តោះអាសន្ន ដឹកនាំ​ដោយ​អនុព័ន្ធ​យោធា​ម៉ាឡេស៊ី ដើម្បី​ឃ្លាំមើល​ការ​អនុវត្ត​បទ​ឈប់​បាញ់ មុន​ពេល​ក្រុម​អ្នកសង្កេតការណ៍អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង។

No comments: