Wednesday, 10 September 2025

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃពិភាក្សាលើសំណើបើកព្រំដែនមួយចំនួនឡើងវិញ


រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃបានពិភាក្សាគ្នាលើសំណើពីភាគីជប៉ុន ដើម្បីឱ្យបើកច្រកព្រំដែនមួយចំនួនឡើងវិញ សម្រាប់ការចរាចរទំនិញចាំបាច់។ ការពិភាក្សានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី១០ ខែកញ្ញា ដែលធ្វើឡើងនៅខេត្តកោះកុង។

Cambodian Defence Minister General Tea Seiha (R) and Thai Deputy Defence Minister Nattaphon Narkpha-nit shake hands for photos after the special meeting of General Border Committee (GBC) in Koh Kong on September 10, 2025.
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា (ស្ដាំ) និងលោក ណាត់ថាក់ផុន ណាកផានីត (Nattaphon Narkphanit) ចាប់ដៃគ្នាថតរូប បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី១០ ខែកញ្ញា ដែលធ្វើឡើងនៅខេត្តកោះកុង។ (រូបភាពពីហ្វេសប៊ុកក្រសួងការពារជាតិ)

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក ទៀ សីហា បាន​លើកឡើង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​លោក ណាត់ថាក់ផុន ណាកផានីត (Nattaphon Narkphanit) បាន​ពិភាក្សា​គ្នា​ដើម្បី​ដាក់​ចេញ​នូវ​ជំហាន​ជាក់ស្ដែង​នានា​ចាំបាច់ ដើម្បី​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធ​ភាព។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​កម្ពុជា​បាន​ជំរុញ​ឱ្យ​ថៃ​ដោះលែង​ទាហាន​កម្ពុជា​១៨នាក់ ឱ្យ​បាន​ឆាប់​រហ័ស​ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​សម្រាប់​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ដើម្បី​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​អនុម័ត។

លោក ទៀ សីហា បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ទៀត​ថា អង្គ​ប្រជុំ​ក៏​បាន​ពិនិត្យ​លើ​សំណូមពរ​របស់​ប្រទេស​ជប៉ុន ដែល​ចង់​ឱ្យ​ប្រទេស​ទាំង​ពីរ​ពិចារណា​បើក​ច្រក​ព្រំដែន​មួយ​ចំនួន​ឡើង​វិញ សម្រាប់​ដឹក​ទំនិញ​ចាំបាច់ ក្នុង​ការ​ធានា​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់។

មេបញ្ជាការ​ភូមិភាគ​របស់​ថៃ​បាន​ចេញ​បញ្ជា​ជា​ឯកតោ​ភាគី​ឱ្យ​បិទ​ច្រក​ព្រំដែន​អន្តរជាតិ​ទាំង​៧​ជាមួយ​កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ខែមិថុនា លើកលែង​ការ​ឆ្លង​កាត់​របស់​មនុស្សធម៌ ខណៈ​ពលរដ្ឋ​កម្ពុជា​បាន​ប្រកាស​ធ្វើ​ពហិកា​មិន​ប្រើប្រាស់​ទំនិញ​ពី​ប្រទេស​ថៃ ស្របពេល​ប្រទេស​ទាំង​ពីរ​កើនឡើង​ភាព​តានតឹង​ដោយសារ​ជម្លោះ​ព្រំដែន។

No comments: