Wednesday, 25 March 2026

ស្ត្រីម្នាក់​ត្រូវបានតុលាការ​ផ្ដន្ទាទោស​២ឆ្នាំ ដោយសារ​បង្ហោះ​សារ​រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

May be an image of one or more people and text 


ប្ដី​របស់​កម្មការិនី​រោងចក្រ​ម្នាក់​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​ប្រពន្ធ​ឲ្យ​មាន​សេរីភាព​វិញ ដោយ​ថា​ប្រពន្ធ របស់​លោក​​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​ឡើយ​។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ផ្ដន្ទាទោស​កម្មការិនី​រោងចក្រ លោកស្រី ហ៊ុល មុន្នីសាមន ឲ្យ​ជាប់ ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤ លាន​រៀល ពាក់​ព​ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ រឿង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

ប្ដី​របស់​កម្មការិនី​រោងចក្រ អះអាង​ថា លោក​នឹង​ប្ដឹង​ជំទាស់​ចំពោះ​សេចក្ដីសម្រេច របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត ដោយ​លោក ចាត់ទុក​ការ ផ្ដន្ទាទោស​ប្រពន្ធ​របស់​លោក ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ ពី​បទ​«​ញុះញង់ និង​ប្រមាថ​» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ថា ជា​រឿង​អយុត្តិធម៌។

ប្ដី​របស់​កម្មការិនី​រោងចក្រ លោកស្រី ហ៊ុល មុន្នីសាមន គឺ​លោក ឆេង ចន្ទធា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែមីនា ថា ប្រសិនបើ​ប្រពន្ធ​របស់​លោក បញ្ចេញមតិ​ទៅ​ខុសឆ្គង គួរ​ធ្វើ​ការអប់រំ ពីព្រោះ​ប្រពន្ធ​របស់​លោក គ្រាន់តែ​ជា កម្មការិនី​រោងចក្រ ហើយ​មាន​ជំងឺ​ជាប់​ខ្លួន​ទៀត។

លោក ឆេង ចន្ទធា៖ «គេ​អ្នកខ្លះ​គ្រោះថ្នាក់​ចរាចរណ៍​បុក​ដល់​ស្លាប់​ដល់​អី ហើយ​គាត់ គ្រាន់តែ​និយាយ​លើ​បណ្ដាញ​សង្គម គាត់​ជា​ប្រជាពលរដ្ឋ​មួយ​រូប គ្រាន់តែ​និយាយ ប៉ុណ្ណឹង គាត់​មានទោស​ដល់​ជាប់គុក ជាប់​ច្រវាក់។ សំណូមពរ​ទៅ​ខាង​អាជ្ញាធរ សំណូមពរ​ទៅ​ខាង​តុលាការ ដោះលែង​គាត់ ដើម្បី​យក​គាត់​មក​ព្យាបាល នៅ​ខាងក្រៅ​វិញ»។

លោក ឆេង ចន្ទធា ទទូច​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទៅ​តុលាការ ដោះលែង​ប្រពន្ធ​ឲ្យ​មាន​សេរីភាព​វិញ ដោយ​ថា ប្រពន្ធ​របស់​លោក​គ្រាន់តែ ជា​ពលរដ្ឋ​សាមញ្ញ​ប៉ុណ្ណោះ។

 

ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​ឈឺឆ្អាល​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ បាន​លើកឡើង​ថា ការ​បញ្ចេញមតិ ឈឺចាប់ ចំពោះ ទង្វើ​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ មិន​មាន​អ្វី​ខុស​នោះ​ទេ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។

លោក ហ៊ុន ម៉ាណែត៖ «គាត់​អស់ខុស​ទេ​ព្រោះ​អារម្មណ៍​ជា​ខ្មែរ​គាត់​មាន​សិទ្ធិ​ឈឺចាប់ គាត់​មាន​សិទ្ធិ​ខឹង មាន​សិទ្ធិ​បញ្ចេញមតិ​របស់​គាត់។ ហើយ​វា​អត់​មាន​ប៉ះពាល់​ទៅដល់​ស្ថានភាព ឬក៏​ការ​ឆ្លើយ​ទៅលើ​ដី ដូច​ការ សម្រេចចិត្ត​របស់​រាជ រដ្ឋាភិបាល​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា ការសម្រេចចិត្ត​របស់​រាជ​រដ្ឋាភិបាល គ្រប់​ជំហាន​ទាំងអស់​គឺ​ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ និង​ប្រជាជន»។

ទោះបីជា​លោក ហ៊ុន ម៉ាណែត ប្រកាស​បែប​នេះ​ក៏ដោយ​អាជ្ញាធរ និង​តុលាការ ក្រោម​ការដឹកនាំ​របស់​លោក​នៅតែ​បន្ត​ចាប់ខ្លួន ចោទប្រកាន់ និង​ផ្ដន្ទាទោស​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។

ជាក់ស្ដែង លោកស្រី ហ៊ុល មុន្នីសាមន ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២៣ ខែមីនា ផ្ដន្ទាទោស ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ និង ពិន័យ​ជា ប្រាក់​ចំនួន ៤ លាន​រៀល ឬ​ស្មើ ១​ពាន់ ដុល្លារ ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ ឧក្រិដ្ឋ​ជាអាទិ៍​» និង​បទ «​ប្រមាថ​អ្នករាជការ​សាធារណ​:» ជុំវិញ​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។ គិត​មកដល់​បច្ចុប្បន្ន​លោកស្រី ហ៊ុល មុន្នីសាមន ជាប់ ពន្ធនាគារ​ប្រមាណ ៤​ខែ​ហើយ បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ អំឡុង​ពេល​លោកស្រី​កំពុង​ជិះ​កង់​ទៅ​ទិញ​ថ្នាំពេទ្យ​នៅ​ផ្សារ​ជម្ពូ​វ័ន ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត សង្កេតឃើញ​ថា អំឡុង​ពេល​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ អាជ្ញាធរ និង​តុលាការ បាន​ចាប់ខ្លួន ចោទប្រកាន់ និង​ផ្ដន្ទាទោស អ្នកសារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​ការងារ​សង្គម ដែល​បញ្ចេញមតិ និង​ចែករំលែក លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នេះ។

លោក​ចាត់ទុក​ការ​ផ្ដន្ទាទោស​កម្មការិនី​រោងចក្រ​នេះ​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​បន្ថែម​ទៀត។

លោក អំ សំអាត៖ «កម្ពុជា​យើង យើង​បាន​ផ្ដល់​សច្ចាប័ន និង​ទទួលស្គាល់​នូវ​បទដ្ឋាន​អន្តរជាតិ ស្ដីអំពី​សិទ្ធិមនុស្ស ក្នុង​នោះ យើង​ទទួលស្គាល់​អំពី​សេរីភាព នៅក្នុង​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន ហើយ​មាន​ចែង​នៅ​ក្នុង រដ្ឋធម្មនុញ្ញ​របស់​យើង​ទៀត។ អ៊ីចឹង​កម្ពុជា​ត្រូវតែ​មាន​ការគោរព​ទៅលើ​គោលការណ៍​ទាំងអស់​នេះ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ហ្នឹង​ធានា​អំពី​សិទ្ធិ និង​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន»។

អង្គការ​លីកាដូ ឲ្យ​ដឹង​ថា កម្មការិនី​រោងចក្រ គឺ​លោកស្រី ហ៊ុល មុន្នីសាមន គឺជា ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​មនុស្ស​ចំនួន ៩៧ នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារតែ​ការប្រើប្រាស់​សិទិ្ធ​សេរីភាព​បញ្ចេញមតិ​របស់​ពួកគេ៕

1 comment:

Anonymous said...

What happened to Ah Roleuy Hun Sen's comments to force Thailand to attack Cambodia and seized Khmer land?