![]() |
លោក ហ្វា សាលី នៅក្នុងពេលចូលរួមតវ៉ានាពេលកន្លងទៅ។ រូបថត N.T.U.C |
ppp
Tue, 13 September 2016
គឹម សារុំ
សកម្មភាពធ្វើកូដកម្ម ឬបាតុកម្មរបស់កម្មករកាត់ដេរនៅតាមរោងចក្រនានាត្រូវបានគេមើលឃើញថាហាក់ដូចជាមិនសូវកើតមានដូចមុនៗទេ។
ប៉ុន្តែការស្ងប់ស្ងាត់នេះត្រូវបានមន្ត្រីសហជីពសម្ដែងការយល់ឃើញថាបញ្ហានេះវាមិនមែនស្ថានភាពការងាររបស់កម្មករ-កម្មការិនីទាំងនោះមានភាពល្អប្រសើរនោះទេតែផ្ទុយទៅវិញដោយសារតែច្បាប់សហជីពបាននិងកំពុងគាបសង្កត់លើសហជីពកម្មករខ្លាំងពេករួមទាំងការអនុវត្តច្បាប់ការងារមិនទាន់បានប្រសើរផងដែរ។
ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (N.T.U.C) មានខ្លឹមសារដូចខាងក្រោម៖
បច្ចុប្បន្ននេះស្ថានភាពកម្មករ និងរឿងធ្វើកូដកម្មបាតុកម្មហាក់ដូចជាមិនសូវកើតមានដូចមុនៗ តើលោកយល់ថាអ្វីដែលធ្វើឲ្យល្អប្រសើរនេះ?
ទាក់ទងទៅនឹងការធ្វើកូដកម្ម ឬបាតុកម្មដូចដែលលោកចាប់អារម្មណ៍ថាហាក់មិនសូវកើតមាននោះសម្រាប់ខ្ញុំ ខ្ញុំមើលឃើញថាបញ្ហានេះវានៅតែកើតមានបន្តបន្ទាប់ប្រៀបបីដូចជាភ្លៀងរលឹមអ៊ីចឹងនៅតាមបណ្តារោងចក្រកាត់ដេរនានានោះ។ ប៉ុន្តែការដែលលោកមើលឃើញថាកម្មករមិនសូវធ្វើកូដកម្ម-បាតុកម្ម ឬក៏មានតិចតួចនោះគឺវាស្របពេលដែលកម្មករនៅតាមសហជីពមួយចំនួនមានការព្រួយបារម្ភទាក់ទងនឹងច្បាប់សហជីពដែលថ្មីៗនេះត្រូវបានគេហាមប្រាមមិនឲ្យធ្វើកូដកម្ម ឬបាតុកម្ម។ បានន័យថាបើសហជីពនោះធ្វើបាតុកម្មនៅមុខរោងចក្រគឺនឹងត្រូវបានក្រសួងការងារព្រមាន។
ដូច្នេះបញ្ហានេះហើយទើបមេដឹកនាំសហជីពមានការព្រួយបារម្ភខ្លាំងទាក់ទងនឹងបញ្ហាទាំងអស់ហ្នឹង។ យើងមិនដឹងថាច្បាប់សហជីពដែលចេញថ្មីៗនេះគេប្រើរបៀបយ៉ាងម៉េចនោះទេ បើកម្មករពឹងពាក់ហើយយើងទៅធ្វើកូដកម្មគឺមានការពិបាក។
មួយវិញទៀតបើយើងនិយាយពីសិទ្ធិការងារវិញគឺមិនសូវជាល្អប្រសើរប៉ុន្មានទេ ព្រោះចាប់តាំងពីមានច្បាប់សហជីពថ្មីកើតឡើងមកគឺយើងឃើញថានិយោជកមានអារម្មណ៍ល្អ ប៉ុន្តែសិទ្ធិការងាររបស់កម្មករឃើញថាមិនសូវជាល្អប៉ុន្មានទេគឺនៅតែមានបញ្ហាប្រឈមដដែលពាក់ព័ន្ធនឹងសិទ្ធិសេរីភាពផ្សេងៗរបស់កម្មករនិយោជិត។
តើទាំងកម្មករ ទាំងថៅកែពួកគេបានគោរពច្បាប់ស្តីពីការងារបានកម្រិតណាដែរ?
បើយើងនិយាយពីកម្មករទាក់ទងនឹងការគោរពច្បាប់ការងារវិញគឺពួកគាត់ដូចជាមិនសូវពិបាកក្នុងការអនុវត្តទេនេះយើងមើលឃើញទាំងអស់គ្នា។ ក៏ប៉ុន្តែសម្រាប់និយោជកវិញគឺការអនុវត្តច្បាប់ស្តីពីការងារនេះឃើញថាពួកគាត់អនុវត្តនៅមានចន្លោះប្រហោងធំមែនទែន។ យើងសង្កេតឃើញថាការព្រួយបារម្ភរបស់កម្មករនៅតែកើតមានដូចជាការបញ្ឈប់កម្មករ ការប្រើកិច្ចសន្យារយៈពេលខ្លី។ បើតាមច្បាប់គេឲ្យហើយប៉ុន្តែទាក់ទងនឹងកិច្ចសន្យាខ្លីវានៅតែជាបញ្ហាប្រឈម។
ចំពោះការរំលោភសិទ្ធិពីសំណាក់ថៅកែមកលើកម្មករនោះនៅតែកើតមានមួយចំនួន។ ទាក់ទងនឹងកិច្ចសន្យាផ្សេងៗរួមនឹងបញ្ហាស្រ្តីមានផ្ទៃពោះជាដើមគឺវាពាក់ព័ន្ធទៅនឹងកិច្ចសន្យារយៈពេលខ្លីដូចគ្នា។
ដូច្នេះយើងឃើញថាការអនុវត្តច្បាប់របស់ថៅកែរោងចក្រកាត់ដេរនៅមានភាពចន្លោះប្រហោងច្រើនណាស់។
បើតាមច្បាប់ការងារនៅក្នុងរោងចក្រដូចជាកន្លែងហូបបាយជាដើមគឺកម្មករត្រូវមានកន្លែងហូបបាយសមរម្យតែផ្ទុយទៅវិញយើងឃើញថាកម្មករនៅតែអង្គុយហូបបាយតាមចិញ្ចើមថ្នល់នៅឡើយនាពេលបច្ចុប្បន្ន។ ករណីនេះធ្វើឲ្យសុខភាពរបស់ពួកគាត់កំពុងជួបបញ្ហាប្រឈមយ៉ាងខ្លាំង។ ចំពោះនៅក្នុងរោងចក្រវិញគឺថៅកែនៅតែប្រើកង្ហារដោយមិនព្រមប្រើចំហាយទឹកត្រជាក់ជាដើម។
បញ្ហាទាំងអស់នេះវាសុទ្ធតែមានចែងនៅក្នុងច្បាប់ដើម្បីឲ្យអនុវត្តតែថៅកែមិនអនុវត្ត។ បើតាមច្បាប់មានចែងចំពោះកម្មករនិយោជិតគឺនិយោជកត្រូវតែផ្តល់ឯកសណ្ឋានដល់កម្មករនិយោជិតក្នុង ១ ឆ្នាំ ២ កំប្លេ។ ប៉ុន្តែនៅពេលបច្ចុប្បន្នយើងឃើញថាថៅកែរោងចក្រស្ទើរតែ ៩០ ភាគរយទៅហើយដែលមិនបានបំពេញតួនាទី ឬកាតព្វកិច្ចទាំងអស់នោះទេគឺនៅតែមានចន្លោះប្រហោង។ រឿងពាក់ព័ន្ធនឹងសិទ្ធិបង្កើតសហជីពវិញពេលខ្លះថៅកែបញ្ឈប់តំណាងសហជីពដោយមិនគោរពតាមគោលការណ៍ច្បាប់ទេ។
ជាទម្លាប់ថៅកែបានអនុវត្តបែបនេះយូរហើយ ហើយស្របពេលច្បាប់សហជីពទើបដាក់ឲ្យអនុវត្តទៀតដែលថៅកែមិនបានបម្រើផលប្រយោជន៍របស់កម្មករផងវាបែរជាថៅកែបំពានរំលោភសិទ្ធិរបស់កម្មករកាន់តែខ្លាំងទៅៗវិញ។
អ្វីដែលលោកបានលើកឡើងថាថៅកែហាក់មិនអនុវត្តតាមស្តង់ដារនៃច្បាប់ តើក្រសួងការងារមានបានចុះត្រួតពិនិត្យតាមរោងចក្រដែរទេ?
ករណីនេះយើងឃើញថាមានកម្លាំងចម្រុះរបស់អធិការកិច្ចការងារចុះទៅតាមរោងចក្រក៏ប៉ុន្តែវានៅតែជាកង្វល់ដដែលដោយសាររដ្ឋមន្រ្តីក្រសួងការងារមិនបានចាត់វិធានការឲ្យបានតឹងរ៉ឹងដល់មន្រ្តីទាំងអស់នោះទេគឺច្បាប់ដែលត្រូវអនុវត្តលើថៅកែទាំងអស់នោះនៅមានកម្រិតហើយថៅកែក៏មិនខ្វល់ដែរ។ ខ្ញុំមានមិត្តភក្ដិជាអ្នករដ្ឋបាលនៅរោងចក្រគាត់ប្រាប់ខ្ញុំថានៅពេលរោងចក្រខ្លះត្រូវចុះអធិការកិច្ចអ៊ីចឹងគឺគេមិនចាំបាច់ចុះទេគឺគ្រាន់តែខាងរោងចក្រសរសេរស្អីមួយឬ មន្រ្តីអធិការកិច្ចជាអ្នកធ្វើឲ្យអ៊ីចឹងទៅនឹងមានស្រោមសំបុត្រក្រោមតុច្រើនគឺគេអត់ខ្វល់។
ដូច្នេះសង្គមមួយនេះនៅតែអ៊ីចឹងដដែលហើយរួមផ្សំនឹងក្រសួងការងារមិនបានរឹតបន្តឹងបញ្ហាទាំងអស់នោះផងនោះវានៅតែជាបញ្ហាប្រឈមដដែល។ គេឃើញថា រោងចក្រដែលគ្មានសម្ភារដូចជាម៉ាស៊ីនចំហាយទឹកត្រជាក់ធ្វើឲ្យកម្មករដួលសន្លប់ច្រើនហើយពេលមន្រ្តីអធិការកិច្ចចុះទៅរោងចក្រនោះគឺគាត់មិនអាចបញ្ជាថៅកែបានទេព្រោះថាថៅកែគេមានឆន្ទានុសិទ្ធិក្នុងការសម្រេចរបស់គេដែរ។ ដូច្នេះមន្រ្តីអធិការកិច្ចដូចជាគ្មានឥទ្ធិពលអ្វីលើថៅកែទេ។
ម៉្យាងវិញទៀតពាក់ព័ន្ធនឹងអំពើពុករលួយមួយចំនួនទៀតផងនោះធ្វើឲ្យថៅកែគេមិនញញើតមន្រ្តីដែលចុះធ្វើអធិការកិច្ចនោះទេ។ ដូចនេះហើយបញ្ហាទាំងអស់នេះបានជះឥទ្ធិពលអាក្រក់ដល់កម្មករដដែល។
រួមសេចក្តីមកច្បាប់ស្តីពីសហជីពគឺអាចនិយាយបានថាការពារថៅកែឬ?
សម្រាប់ខ្ញុំ ខ្ញុំធ្លាប់និយាយតាំងពីយូរមកហើយថាច្បាប់សហជីពបានបំពេញតម្រូវចិត្តថៅកែរោងចក្រហើយយើងឃើញថាគ្មាននរណាវែកញែកឲ្យបានច្បាស់លាស់នោះទេ។ សូម្បីតែមន្រ្តីក្រសួងការងារខ្លួនឯងក៏មិនទាំងដឹងថាត្រូវអនុវត្តរបៀបណាផងទាក់ទងនឹងច្បាប់សហជីពថ្មីហ្នឹង។
ដើម្បីឲ្យមានភាពល្អប្រសើរជុំវិញបញ្ហាកម្មករ ឬសហជីព តើសហជីពទាំងអស់បានជំរុញបែបណាដល់ក្រសួងការងារដើម្បីឲ្យគាត់កែលម្អទម្លាប់របស់មន្ត្រី?
យើងគ្រាន់តែជាសហជីពទេហើយប្រសិនបើរាជរដ្ឋាភិបាល ឬក្រសួងការងារចង់ឲ្យប្រទេសជាតិខ្លួនបានល្អជាប្រទេសនីតិរដ្ឋពិតប្រាកដគួរតែចាត់វិធានការឲ្យបានច្បាស់លាស់ដល់មន្រ្តីគ្រប់លំដាប់ថ្នាក់។ ព្រោះមានមន្រ្តីខ្លះជាអ្នកកាងរោងចក្រ ខ្លះជាទីប្រឹក្សារោងចក្រដែលទាំងអស់នេះហើយសុទ្ធតែជាបញ្ហា។ វាជាការធ្វើឲ្យប្រទេសមួយដែលគ្មានការអនុវត្តច្បាប់បានត្រឹមត្រូវ៕
No comments:
Post a Comment