Sunday, 18 September 2016

គ្រឿងញៀន​ កំពុង​វាយលុក​នៅ​ខេត្ត​ភាគ​ឦសាន


សហគមន៍​នៅ​ភូមិ​សោមត្រកចាស់​ដែល​ត្រូវ​បាន​វាយតម្លៃ​ថា​មាន​ការ​ប្រើ​គ្រឿងញៀន​ខ្ពស់។
សហគមន៍​នៅ​ភូមិ​សោមត្រកចាស់​ដែល​ត្រូវ​បាន​វាយតម្លៃ​ថា​មាន​ការ​ប្រើ​គ្រឿងញៀន​ខ្ពស់។ រូបថត Athena Zalandonii


ppp
Mon, 12 September 2016
ផាក់ ស៊ាងលី and Alessandro Marazzi Sassoon



រតនគិរីៈ ខណៈ​ការ​ប្រើប្រាស់​សារធាតុ​ញៀន​កើនឡើង​យ៉ាង​ខ្លាំង​ពេញ​ផ្ទៃ​ប្រទេស​នោះ​អ្នក​ភូមិ​ចារ៉ាយ​ដែល​រស់នៅ​ក្នុង​ភូមិ​ដាច់ស្រយាល​មួយ​នា​ខេត្ត​រតនគិរី​ក៏​កំពុង​ប្រឈម​នឹង​ការ​មក​ដល់​នៃ​ប្រភេទ​ថ្នាំ​ញៀន​ដែល​ពួកគាត់​មិន​ស្គាល់​ឈ្មោះ​បាន​និង​កំពុង​បំផ្លាញ​ដល់​យុវជន​ក្នុង​ស្រុក​ភូមិ​របស់​ពួកគាត់​ផង​ដែរ។

បើ​យើង​គ្រាន់​តែ​ក្រឡេក​មើល​មួយ​ភ្លែត​ភូមិ​សោមត្រកចាស់​ក្នុង​ខេត្ត​រតនគិរី​ហាក់​ដូចជា​មាន​លក្ខណៈ​ខុស​ប្លែក​បន្តិច​ពី​សហគមន៍​ជនបទ​ដទៃ​ទៀត​ដែល​មាន​លក្ខណៈ​សាមញ្ញ។ យើង​ឮ​សំឡេង​ក្មេង​ទន្ទេញ​មេរៀន​របស់​ពួកគេ​នៅ​ក្នុង​ទីធ្លា​សាលា​រៀន​ដែល​មាន​ធូលី​ដី​ហុយ​ទ្រលោម។ មាន​ស្ត្រី​ជនជាតិ​ភាគតិច​ចារ៉ាយ​មួយ​ចំនួន​កំពុង​យួរ​កន្ត្រក​បុរាណ​ធ្វើ​ដំណើរ​ដោយ​អ្នក​ខ្លះ​កំពុង​ទៅ​ផ្សារ និង​អ្នក​ខ្លះ​ទៀត​ត្រឡប់​មក​ពី​ផ្សារ​វិញ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ឃើញ​មាន​ផ្ទះ និង​មាន​ជើង​សសរ​ខ្ពស់ៗ​នៅ​អម​សង​ខាង​ផ្លូវ​រួម​ទាំង​មាន​សត្វ​ជ្រូក​មួយ​ចំនួន​កំពុង​តែ​ដើរ​អ៊ីកអ៊ាកៗ​ផង​ដែរ។

លោក សាន ដា (ឈ្មោះ​ដាក់​ឲ្យ​ដើម្បី​ការពារ​សុត្ថិភាព) អាយុ ៤២ ឆ្នាំ​ជា​ប្រជាសហគមន៍​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ទីកន្លែង​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​គ្រឿងញៀន​ធ្ងន់ធ្ងរ​បំផុត។

លោក​បាន​ថ្លែង​ថា​ ដំបូង​គាត់​បាន​កត់សម្គាល់​ឃើញ​ថា​អ្នកភូមិ​ចាប់ផ្តើម​ប្រើ​គ្រឿងញៀន​នៅ​ឆ្នាំ ២០១២។ ចាប់​ពី​ពេល​នោះ​មក​គាត់​ថា​វា​ត្រូវ​បាន​គេ​ប្រើ​ជាទូទៅ​ជាពិសេស​ក្នុង​ចំណោម​បុរស និង​យុវជន​ក្មេងៗ។



លោក ដា បាន​ថ្លែង​ថា​បើ​ធ្វើ​ដំណើរ​តាម​រថយន្ត​ពី​ក្រុង​បានលុង​ទៅ​ភូមិ​សោមត្រកចាស់​ត្រូវ​ប្រើ​ពេល​ប្រហែល​ជាង​មួយ​ម៉ោង​បន្ទាប់​មក​ត្រូវ​ធ្វើ​ដំណើរ​ចុះ​ពី​ផ្លូវ​ជាតិ​ចូល​តាម​ផ្លូវលំ​ប្រហែល ១៥ នាទី​ទៀត​ទើប​ទៅ​ដល់។ ប៉ុន្តែ​ភូមិ​ដាច់ស្រយាល​ពី​គេ​ឯង​មួយ​នេះ​មិន​ត្រូវ​បាន​ការពារ​ពី​ការ​លុកលុយ​គ្រឿង​ញៀន និង​ជំងឺ​សង្គម​នោះ​ទេ។

លោក​បាន​បន្ត​ថា៖ «អ្នកញៀន​ថ្នាំ​ទាំង​នោះ​ទិញ​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់ និង​ប្រភេទ​ម្សៅ​ដែល​មាន​តម្លៃ​ចាប់​ពី ២០ ដុល្លារ ៣០ ដុល្លារ ឬ​ក៏ ១០០ ដុល្លារ​ហើយ​ប្រសិន​បើ​ពួកគេ​មិន​មាន​លុយ​ទិញ​ទេ​នោះ​ពួកគេ​នឹង​លួច​សត្វ​ជ្រូក លួច​គោក្របី ឬ​លួច​លុយ​របស់​សាច់ញាតិ​គេ​ជាដើម។ អ្នក​ញៀន​ថ្នាំ​ទាំង​នោះ​ពិត​ជា​សាហាវ​ណាស់។ ពួកគេ​វាយប្រហារ​យើង​គ្រប់​ពេល​នៅ​ពេល​ណា​ដែល​ពួកគេ​ខឹង»។

សាច់ញាតិ​លោក​ ដា ​មួយ​ចំនួន​ក៏​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ​ដែរ។ ក្មួយប្រុស​របស់​លោក ដា ម្នាក់​ដែល​មាន​អាយុ ១៥ ឆ្នាំ​បាន​ស្លាប់​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​បន្ទាប់​ពី​គាត់​បាន​ប្រើ​ថ្នាំញៀន​ហើយ​ជិះម៉ូតូ​ដួល។ មាន​បងប្អូន​ជីដូន​មួយ​គាត់​ម្នាក់​ទៀត​អាយុ​ជាង ២០ ឆ្នាំ​បាន​រកស៊ី​កាប់​ឈើ​លក់​បាន​លុយ ២ ពាន់​ដុល្លារ​ហើយ​បាន​ចំណាយ​លុយ​ទាំង​អស់​នោះ​ទៅ​លើ​ថ្នាំ​ញៀន។ មិន​តែ​ប៉ុណ្ណោះ​គាត់​បាន​លក់​ម៉ូតូ​នោះ​យក​លុយ​ទិញ​ថ្នាំ​ញៀន​បន្ថែម​ធ្វើ​ឲ្យ​ប្រពន្ធ​គាត់​ប្តឹង​លែងលះ​ទៀត​ផង។

លោក ដា បាន​បញ្ជាក់​ថា៖ «បងប្អូន​ជីដូន​មួយ​គាត់​ម្នាក់​ហ្នឹង​មាន​រាង​កាយ​ស្គម​ខ្លាំង​ណាស់​បន្ទាប់​ពី​គាត់​ប្រើ​ថ្នាំ​ញៀន»។

ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ភូមិ​នោះ​បន្តិច​ដោយ​ឆ្លងកាត់​ចម្ការ​ស្វាយចន្ទី​មួយ​ក្បែរ​នោះ​គឺ​មាន​គុម្ពោត​ព្រៃ​ឫស្សី​មួយ។ លោក ដា បាន​ចង្អុល​ទៅ​គុម្ពោត​ព្រៃ​ធម្មជាតិ​ដែល​ដុះ​ស៊ប់​ទ្រុប​នោះ​ថា​ជា​ព្រៃ​កើតឡើង​ដោយសារ​ទំពាំង។

ផ្លូវ​ដែល​ប្រសើរ​ជាង​គេ​អាច​ចូល​ទៅ​កាន់​ភូមិ​សោមចាស់​ជា​កន្លែង​ប្រើ​ថ្នាំញៀន។
ផ្លូវ​ដែល​ប្រសើរ​ជាង​គេ​អាច​ចូល​ទៅ​កាន់​ភូមិ​សោមចាស់​ជា​កន្លែង​ប្រើ​ថ្នាំញៀន។ រូបថត Athena Zalandonii


ដោយ​លូក​យក​បារី​មួយ​ដើម​មក​កាន់​លោក​បាន​ថ្លែង​ថា៖ «នេះ​គឺជា​កន្លែង​ដែល​ពួកគេ​ប្រើ​ថ្នាំ​ញៀន។ ពួកគេ​យក​ក្រដាស​រុំ​បារី​មក​ចាក់​ថ្នាំ​ញៀន​ដាក់​ខាង​ក្នុង​រួច​ដុត​ឲ្យ​ចេញ​ផ្សែង​ហើយ​ស្រូប​វា​ដោយ​ទុយោ ឬ​ក៏​ដាក់​ក្នុង​ដប​ដើម្បី​ហឺត»។

លោក​បន្ត​ថា​នេះ​មិនមែន​ជា​កន្លែង​តែ​មួយ​ដែល​អ្នក​ញៀន​ថ្នាំ​មក​ជក់​នោះ​ទេ​គាត់​បាន​ឃើញ​អ្នកភូមិ​មួយ​ចំនួន​ទៀត​ប្រើ​ថ្នាំញៀន​ក្នុង​ចម្ការ​ជិតៗ​ទីប្រជុំជន​តាម​បណ្តោយ​ចង្អូរ​ចម្ការ​ដំឡូងមី​ជាដើម។ ជាទូទៅ ​ការ​ប្រើ​ថ្នាំញៀន​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​រដូវ​ប្រមូលផល​ពេល​ដែល​កម្មករ​មាន​លុយ​បាន​ពី​ការ​ធ្វើការ​ក្នុង​រដូវ​ប្រមូលផល។ អ្នក​ខ្លះ​ទៀត​កាប់​ឈើ​ខុស​ច្បាប់​លក់​ឲ្យ​វៀតណាម​យក​ប្រាក់​មក​ទិញ​ថ្នាំញៀន​ដែល​ជា​ទម្លាប់​របស់​ពួកគាត់។

លោក​មេភូមិ លី សំអឿន បាន​ប៉ាន់​ប្រមាណ​ថា​មាន​បុរស និង​យុវជន​ក្មេងៗ​ប្រមាណ ៧០ ភាគរយ​ក្នុង​ភូមិ​សោមត្រកចាស់ កំពុង​ប្រើ​ថ្នាំ​ញៀន។ ប៉ុន្មាន​ឆ្នាំ​មក​នេះ​លោក​បាន​ដាក់​របាយការណ៍​ជា​ប្រចាំ​ទៅ​អាជ្ញាធរ​ឃុំ​ និង​ស្រុក​ និង​បាន​ធ្វើការ​មួយ​ចំនួន​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​ដល់​ឪពុកម្តាយ​ផង​ដែរ​ប៉ុន្តែ​វា​មិន​បាន​ជួយ​អ្វី​ច្រើន​ទេ។

លោក​ប្រធាន​ភូមិ​សោមត្រកចាស់ សំអឿន បាន​ថ្លែង​ថា៖ «ការ​ប្រើ​គ្រឿងញៀន​គឺជា​បញ្ហា​ដ៏ក្តៅ​បំផុត​ក្នុង​ភូមិ​ដែល​មាន​ជនជាតិ [ចារ៉ាយ] រស់​នៅ​នេះ។ ថ្មីៗ​នេះ​យើង​បាន​រារាំង​អ្នក​លក់​ស៊ុត​ម្នាក់​ដែល​មកពី​ស្រុក​បកែវ​មិន​ឲ្យ​ចូល​ក្នុង​ភូមិ​នេះ​ទេ»។

លោក​ថ្លែង​ថា៖ «ខ្ញុំ​បាន​តាមដាន​បុរស​ម្នាក់​នោះ​អស់​ពេល​ជាង ១០ ថ្ងៃ ហើយ​ខ្ញុំ​បាន​រកឃើញ​ថា​គាត់​ជា​អ្នក​លក់​ថ្នាំញៀន។ ដូច្នេះ​ខ្ញុំ​បាន​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ឆ្ងាយ​ពី​ភូមិ»។

ប៉ុន្ដែ​លោក សំអឿន បាន​ឲ្យ​ដឹង​ថា​ការ​ហាម​មិន​ឲ្យ​លក់​ថ្នាំញៀន​ក្នុង​ភូមិ​នេះ​គឺវា​ជួយ​បាន​តិចតួច​ប៉ុណ្ណោះ​ព្រោះ​យុវជន​ភាគច្រើន​តែងតែ​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​ខាង​ក្រៅ​ភូមិ​ ឬ​រៀបចំ​ការ​យក​ថ្នាំ​ញៀន​ចូល​ភូមិ​តាមរយៈ​ការ​ប្រើ​ទូរស័ព្ទ​ដើម្បី​ប្រាប់​ពី​ទីកន្លែង។

មេភូមិ​ដែល​ជា​ជនជាតិ​ចារ៉ាយ​ដែរ​នោះ​បាន​ថ្លែង​ថា​មាន​អ្នក​ចំណាក​ស្រុក​ជនជាតិ​ខ្មែរ​ប្រមាណ ២០ គ្រួសារ​ដែល​មក​តាំង​លំនៅ​ក្នុង​ភូមិ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ពួកគាត់​ទាំង​នោះ​គួរ​តែ​ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ការ​នាំឲ្យ​មាន​ការ​ប្រើ​គ្រឿងញៀន​ក្នុង​ភូមិ​នេះ។

លោក​ថា៖ «ជន​ចំណាកស្រុក​ជា​អ្នក​ដែល​បាន​ចាប់ផ្តើម​ប្រើ​ថ្នាំញៀន​មុន​អ្នក​ភូមិ​ជនជាតិ​ភាគ​តិច។ ការ​វាយតម្លៃ​នេះ​ត្រូវ​បាន​ចែក​រំលែក​ដោយ​លោក ឆាយធី ដែល​ជា​អ្នក​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត។ ថ្នាំញៀន​បាន​ហូរចូល​ក្នុង​តំបន់​ដាច់ស្រយាល​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ តាមរយៈ​កម្មករ​ចំណាក​ស្រុក​ជនជាតិ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នានា»។

អភិបាល​ស្រុក អូរយ៉ាដាវ លោក ម៉ា វិចិត្រ បាន​ទទួល​ស្គាល់​ថា​ការ​ប្រើ​ថ្នាំ​ញៀន​ក្នុង​ស្រុក​នេះ​គឺ​រាលដាល​យ៉ាង​ខ្លាំង​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​លោក​បាន​ចាត់​វិធានការ​ទប់ស្កាត់ និង​ពិនិត្យ​មើល​បញ្ហា​ឲ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត។ កាលពី​ខែ​មុន​យើង​ចាប់​ខ្លួន​អ្នក​ញៀន​ថ្នាំ​បាន​ជាង ១៦ នាក់​យើង​គ្រាន់​តែ​អប់រំ​ណែនាំ​ពួកគាត់​ហើយ​ឲ្យ​ត្រឡប់​ទៅវិញ។ លោក​បាន​បន្ថែម​ថា​អាជ្ញាធរ​ថ្នាក់​លើ​កំពុង​ស្វែងរក​ចាប់​ខ្លួន​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ទាំង​នោះ» ។

លោក​បាន​បន្ថែម​ថា​ថ្នាំញៀន​ត្រូវ​បាន​គេ​យក​មក​ពី​រាជធានី​ភ្នំពេញ។

លោក លី សំអឿន មេភូមិ​សោមត្រកចាស់​កាលពី​ខែ​មុន ។
លោក លី សំអឿន មេភូមិ​សោមត្រកចាស់​កាលពី​ខែ​មុន ។ រូបៈ Athena Zalandonii


លោក នាង បូណា ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​រតនគិរី​បាន​ឱ្យ​ដឹង​ថា​ យ៉ាម៉ា (មេតំហ្វេតាមីន) គឺជា​ប្រភេទ​ថ្នាំ​ញៀន​ដែល​ត្រូវ​បាន​គេ​ប្រើ​ច្រើន​បំផុត​ក្នុង​ខេត្ត​នេះ។ ផ្នែក​មួយ​នៃ​បញ្ហា​ទាំង​នេះ​គឺ​បណ្តាល​មកពី​កង្វះ​ការ​អប់រំ ឬ​ការ​យល់​ដឹង​អំពី​គ្រឿង​ញៀន​របស់​សហគមន៍។

លោក​បាន​ថ្លែង​ថា៖ «អ្នក​ប្រើ​ថ្នាំញៀន​តែង​យល់​ច្រឡំ​ថា​វា​ជា​ថ្នាំ​ប៉ូវកម្លាំង​ពីព្រោះ​អ្នក​លក់​ថ្នាំ​ញៀន​ទាំង​នោះ​តែង​ប្រាប់​ពួកគាត់​ថា​វា​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ផ្តល់​ថាមពល​កាន់តែ​ខ្លាំង​ហើយ​ជា​ការពិត​ណាស់​ឥទ្ធិពល​ថ្នាំ​ញៀន​នោះ​បាន​ធ្វើ​ឱ្យ​ពួកគាត់​មាន​អារម្មណ៍​អត់​ងងុយ​ដេក​ និង​ផ្តល់​ថាមពល​បន្ថែម​ដើម្បី​ឲ្យ​មាន​កម្លាំង​ដើម្បី​ធ្វើការ។ ប៉ុន្តែ​ពួកគាត់​មិន​បាន​ដឹង​ថា​វា [បង្ក​គ្រោះថ្នាក់] នោះ​ទេ»។

គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ភូមិ​សោមត្រកចាស់ អាច​ប្រាប់​ពី​ឈ្មោះ​ប្រភេទ​ថ្នាំ​ញៀន​ដែល​កំពុង​ត្រូវ​បាន​ប្រើ​ក្នុង​ភូមិ​ពួកគាត់​ទេ​ប៉ុន្តែ​ពួកគាត់​គ្រាន់​តែ​បាន​រៀបរាប់​ថា​វា​ជា​ប្រភេទ​ថ្នាំ​គ្រាប់ និង​ប្រភេទ​ម្សៅ​ពណ៌​ថ្លា​ដែល​ត្រូវ​បាន​ប្រើ​ដោយ​វិធី​ដុត​នឹង​ហឺត​ស្រូប​យក​ក្លិន​ និង​ផ្សែង​ដោយ​ប្រើ​ទុយោ​បឺត។ មាន​ការ​សង្ស័យ​តិចតួច​ថា​ពួកគាត់​កំពុង​ប្រើ​ថ្នាំ​ប្រភេទ​មេតំហ្វេតាមីន។

មេតំហ្វេតាមីន បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​អាច​រក​ទិញ​បាន​គ្រប់​កន្លែង​នៅ​ឆ្នាំ ១៩៥០។ តែ​គេ​បាន​ប្រើ​វា​ដោយ​ខុសច្បាប់​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​សប្បាយ​ក្រោយ​មក​វា​បាន​កើនឡើង​យ៉ាង​ឆាប់​រហ័ស​ចាប់​តាំង​ពី​ឆ្នាំ ១៩៨០ មក។

របាយការណ៍​គ្រឿង​ញៀន​ពិភពលោក​ឆ្នាំ ២០១៦ ចេញ​ដោយ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន​ និង​ប្រឆាំង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​បាន​កត់សម្គាល់​ឃើញ​ថា​ទីផ្សារ​គ្រឿង​ញៀន​ជាពិសេស​ថ្នាំ​ប្រភេទ​យ៉ាម៉ា​ និង​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​មាន​ការ​រីក​លូតលាស់​យ៉ាង​ខ្លាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ជាពិសេស​ថ្នាំ​ញៀន​ប្រភេទ​ម៉ាទឹកកក​នៅ​តែ​ជា​ប្រភេទ​ថ្នាំ​ញៀន​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត​នៅ​កម្ពុជា​ហើយ​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ថ្នាំ​ប្រភេទ​ម៉ាទឹកកក​ក៏​មាន​ទ្រង់ទ្រាយ​ជា​ថ្នាំ​គ្រាប់​ផង​ដែរ។

តាម​របាយការណ៍​នោះ​បាន​បង្ហាញ​ថា៖ «ទិន្នន័យ​លើ​ការ​ព្យាបាល​ដល់​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ប្រទេស​អាស៊ី​ខាង​កើត​ និង​អាស៊ីអាគ្នេយ៍​បាន​បង្ហាញ​ថា​ការ​ប្រើ​ថ្នាំ​ប្រភេទ​មេតំហ្វេតាមីន​បាន​ក្លាយ​ទៅ​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ»។

លោក​ មាស វិរិទិ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឱ្យ​ដឹង​ថា​ប្រហែល​ជា ៨៥ ភាគរយ​នៃ​ថ្នាំញៀន​ដែល​ប្រើ​នៅ​កម្ពុជា​គឺ​ជា​ប្រភេទ​មេតំហ្វេតាមីន ហើយ​ ៩០ ភាគរយ​នៃ​ថ្នាំ​ដែល​គេ​ប្រើ​នោះ​មាន​ពណ៌​ថ្លា។

លោក​ថ្លែង​ថា៖ «ដំបូង​វា​ត្រូវ​បាន​គេ​ប្រើ​តែ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ប៉ុណ្ណោះ»។

លោក វិរិទ្ធិ បាន​បន្ត​ថា៖ «ចាប់​ពី​ឆ្នាំ ២០០១ មក​អាជ្ញាធរ​បាន​រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​នៅ​គ្រប់​ខេត្ត​ទាំង​ទីក្រុង​ និង​ជនបទ។

ទោះ​យ៉ាងណា​លោក វិរិទ្ធិ បាន​ថ្លែង​ថា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​មិន​មាន​ព័ត៌មាន​ថា​តើ​ថ្នាំ​ញៀន​ទាំង​នោះ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាន់​ភូមិ​ជនជាតិ​ភាគតិច​ដាច់​ស្រយាល​នៅ​ខេត្ត​រតនគិរី​ដោយ​វិធី​ណា​ទេ»។

អ្វី​ដែល​កាន់តែ​ច្បាស់​នោះ​គឺ​ថា​ចំនួន​ករណី​ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​គឺ​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ ២០០០ មក។ នៅ​ឆ្នាំ​នោះ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​កត់ត្រា​ឃើញ​ថា​មាន​មនុស្ស​តែ ៥៩១ នាក់​ប៉ុណ្ណោះ​បាន​ប្រើ​ថ្នាំ​ញៀន​នៅ​ទូទាំង​ប្រទេស​តែ​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​បាន​កើនឡើង​ជិត​ដល់ ១៦ ៩០០ នាក់។

លោក វិរិទ្ធិ បាន​ថ្លែង​ថា​តួលេខ​ទាំង​ពីរ​ជា​តួលេខ​ប៉ាន់ស្មាន​ហើយ​តួលេខ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គឺ​ផ្អែក​លើ​អ្វី​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​លោក​មេភូមិ​និង «ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​ដែល​ពួកគាត់​មិន​ចេះ​សរសេរ​របាយការណ៍»។ នៅ​មាន​ការ​សង្ស័យ​តិចតួច​ពី​ចំនួន​ដែល​កំពុង​មាន​ការ​កើនឡើង​នេះ​តែ​វា​ជា​ការពិត​ទៅ​ហើយ​នៅ​តាម​ទីកន្លែង​ផ្សេងៗ​ទៀត​ដូចជា​ភូមិ​សោមត្រកចាស់​ជាដើម។

នៅ​ភូមិ​ផ្សេង​មួយ​ទៀត​លោក សេង ឃិត អាយុ ៥៤ ឆ្នាំ​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​ពិការ​ជើង​ម្ខាង​កំពុង​ធ្វើ​ចម្ការ​ដំឡូងមី​របស់​គាត់។ លោក​មាន​កូន ៧ នាក់​ហើយ​ម្នាក់​ក្នុង​ចំណោម​កូន​គាត់​គឺជា​កូន​ប្រុស​ដែល​មាន​អាយុ ១២ ឆ្នាំ​ហើយ​ថ្មីៗ​នេះ​វា​បាន​ដើរ​លេង​ចូល​ក្នុង​ក្រុម​មនុស្ស​ខិលខូច​ហើយ​បោះបង់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី ៦ ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ​កូន​ប្រុស​របស់​ខ្ញុំ​ញៀនថ្នាំ​វា​មិន​បាន​ញុំ​អាហារ​ទៀង​ពេល​ទេ​គឺ​កូន​ប្រុស​ខ្ញុំ​ញ៉ាំ​បាយ​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ប្រជាជន​ដែល​មាន​វ័យ​ក្មេងៗ​រស់នៅ​ក្នុង​ភូមិ​នេះ​គឺ​កំពុង​ថ្នាំញៀន។ ជាទូទៅ​ពួកគេ​បាន​ប្រើ​វា​ពេល​យប់​ប្រហែល​ម៉ោង ១១ យប់​ ឬ​ពាក់​កណ្តាល​អធ្រាត្រ។

លោក ឃិត មិន​បាន​ដឹង​ថា តើ​កូន​ប្រុស​គាត់​បាន​លុយ​ពី​ណា​ទិញ​ថ្នាំ​ញៀន​នោះ​ទេ​ប៉ុន្តែ​លោក​សន្និដ្ឋាន​ថា​មិត្តភក្តិ​វា​ជា​អ្នក​ទិញ​ឲ្យ។ លោក​បាន​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ឱ្យ​កូន​ប្រុស​គាត់​ឈប់​ប្រើ​ថ្នាំ​ញៀន។

លោក​បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ​កូន​ខ្ញុំ​មិន​ព្រម​ស្តាប់​ទេ។ នៅ​ពេល​ខ្ញុំ​សួរ​វា​ពី​ការ​ប្រើ​ថ្នាំញៀន​វា​បាន​និយាយ [កុហក] និង​ប្រាប់​ខ្ញុំ​ថា​វា​បាន​ឈប់​ហើយ។ កូន​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា​ការ​ប្រើ​ថ្នាំញៀន​ធ្វើ​ឱ្យ​មាន​អារម្មណ៍​សប្បាយ»។

លោក ឃិត បន្ថែម​ថា​រហូត​មក​ទល់​ពេល​នេះ​អាជ្ញាធរ​មិន​បាន​អើពើ​លើ​បញ្ហា​នេះ​ទេ។ ខ្ញុំ​ពិតជា​ព្រួយ​បារម្ភ​ខ្លាំង​ណាស់។ ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ណាស់​ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​បង្ក្រាប​ការ​ប្រើ​គ្រឿង​ញៀន​នេះ។ វា​កំពុង​បំផ្លាញ​អនាគត​របស់​កូនចៅ​យើង»។

នៅ​ជិត​តូប​មួយ​ក្នុង​បរិវេណ​សាលា​មាន​យុវជន​ដែល​ជា​ជនជាតិ​ចារ៉ាយ​ក្មេងៗ​មួយ​ក្រុម​កំពុង​ជជែក​គ្នា​លេង។ ក្នុង​ចំណោម​ពួកគេ​មាន​យុវជន​ម្នាក់​ឈ្មោះ សៀវ លីន អាយុ ២១ ឆ្នាំ​បាន​ថ្លែង​ថា៖ «មិត្តភក្តិ​របស់​ខ្ញុំ​ទាំងអស់​ប្រើ​ថ្នាំ​ញៀន»។ នៅ​ពេល​សួរ​ថា​តើ​គាត់​មាន​ប្រើ​ថ្នាំញៀន​ដែរ​អត់​យុវជន លីន សើច។ គាត់​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ប្រើ​ទេ​ប៉ុន្តែ​បើ​ខ្ញុំ​មាន​លុយ​នោះ​ខ្ញុំ​នឹង​ប្រើ​ដែរ»។

តើ​ថ្នាំ​ញៀន​រាលដាល​ទៅ​ដល់​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត​រតនគិរី​បាន​យ៉ាង​ដូចម្តេច?

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឱ្យ​ដឹង​ថា​មាន​កត្តា​មួយ​ចំនួន​ដែល​ជាប់​ទាក់ទង​នឹង​ការ​រីក​រាលដាល​នៃ​ការ​ប្រើ​គ្រឿង​ញៀន​នៅ​កម្ពុជា។ កត្តា​មួយ​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ​ធ្វើ​ចំណាក​ស្រុក​ទាំង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​គឺ​ថៃ​ និង​ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើ​នៅ​កម្ពុជា​ផ្ទាល់​តែ​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​ពួកគេ។

លោក មាស វិរិទ្ធិ ដែល​ជា​មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ថ្លែង​ថា​ជន​ចំណាក​ស្រុក​ដែល​ធ្វើ​ដំណើរ​ពី​បណ្តា​ខេត្ត​នានា​មក​ភ្នំពេញ​ជា​ចំណុច​ឆ្លងកាត់​សម្រាប់​ការ​ចរាចរ​ថ្នាំ​មេតំហ្វេតាមីន​ជា​កន្លែង​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​ប្រើ​គ្រឿងញៀន​ទាំង​នោះ។ បន្ទាប់​មក​ពួកគាត់​បាន​នាំ​យក​ទម្លាប់​ដែល​ធ្លាប់​ប្រើ​គ្រឿងញៀន​នោះ​មក​ខេត្ត​ពួកគាត់​វិញ​ពិសេស​ក្នុង​ពេល​ឈប់​សម្រាក​នៃ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​ដូចជា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​ចូលឆ្នាំ​ថ្មី​ជាដើម។

លើស​ពី​នេះ​ទៀត​លោក វិរិទ្ធិ បាន​ឱ្យ​ដឹង​ថា​ចាប់​តាំងពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ខែ​មករា​មក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​រកឃើញ​អ្នក​បើកបរ​រថយន្ត​ធំៗ​មួយ​ចំនួន​បាន​ប្រើ​ថ្នាំញៀន​មេតំហ្វេតាមីន​ហើយ​ពួកគាត់​បាន​ធ្វើ​ឲ្យ​រាលដាល​ដល់​ទី​ឆ្ងាយៗ​គ្រប់​កន្លែង​ដែល​ពួកគាត់​ទៅ​ដល់។

ខណៈ​ដែល​ដឹង​ថា​មាន​ថ្នាំ​ប្រភេទ​មេតំហ្វេតាមីន​បាន​ហូរ​ចូល​ដល់​ខេត្ត​ស្ទឹងត្រែង​ពី​ប្រទេស​ឡាវ​លោក វិរិទ្ធិ បាន​ថ្លែង​ថា​ការ​ធ្វើ​ចរាចរណ៍​ថ្នាំ​ញៀន​ភាគច្រើន​គឺ​សំដៅ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ហើយ​ថ្នាំ​ញៀន​ដែល​ឆ្លងកាត់​ព្រំដែន​ចូល​តាម​ខេត្ត​រតនគិរី​គឺ​មាន​ទិសដៅ​ទៅ​វៀតណាម​ជា​កន្លែង​ថ្នាំញៀន​មាន​តម្លៃ​ខ្ពស់។

គ្រាន់តែ​ជា​រោគ​សញ្ញា​នៃ​ប្រព័ន្ធ

ខេត្ត​រតនគិរី​ និង​ខេត្ត​ជាប់​គ្នា​គឺ​មណ្ឌលគិរី​បាន​រង​នូវ​វិបត្ដិ​សេដ្ឋកិច្ច​សង្គម​ធ្ងន់ធ្ងរ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏ខ្លាំងក្លា​ការ​កើនឡើង​នៃ​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​យ៉ាង​ច្រើន (ELCs) ដែល​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាំដំណាំ​កៅស៊ូ ស្វាយចន្ទី ដំឡូងមី និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​រួម​ជាមួយ​នឹង​ការ​ហូរចូល​នៃ​ជន​ចំណាក​ស្រុក​ដែល​ស្វែងរក​ដីធ្លី។

ការ​អនុវត្ត​វប្បធម៌​របស់​ជនជាតិ​ភាគតិច​ក្នុង​បណ្តា​ខេត្ត​ទាំង​នោះ​បាន​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​មាន​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

ការ​សេព​គ្រឿង​ស្រវឹង ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​មាន​ការ​កើនឡើង​ដែរ។

អ្នក​ជំនាញ​ម្នាក់​បាន​លើក​ឡើង​ថា​ ករណី​ទាំង​នេះ​គឺជា​រោគ​សញ្ញា​ពី​គំរូ​នៃ​ការ​អភិវឌ្ឍ​ដីសម្បទាន​សេដ្ឋកិច្ច (ELC) ដែល​វិស័យ​ឯកជន​ជា​អ្នក​ទទួល​បាន​ប្រយោជន៍​ហើយ​សង្គម​ជា​អ្នក​ខាត។

លោក មាស វិរិទ្ធិ បាន​បន្ត​ថា​ទំនាក់​ទំនង​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​ និង​ជំងឺ​សង្គម​គឺ​ទាំង​ពីរ​នេះ​បាន​បង្កើត​ចេញ​ជា​ទម្រង់​ជាច្រើន។ នៅ​ខេត្ត​ភាគ​ឦសាន​កម្ពុជា ​បញ្ហា​ភាគច្រើន​ដែល​កើតឡើង​នៅ​ទី​នោះ​គឺ​ទាក់ទង​នឹង​ការ​សេព​គ្រឿងញៀន​ជាង​ការ​ជួញដូរ​គ្រឿងញៀន​បើ​ទោះ​បី​ជា​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ថ្នាំញៀន​ចរាចរ​ឆ្លង​កាត់​ក្តី។

អ្នក​កាសែត​ជនជាតិ​អ៊ីតាលី​លោក Alessandro Scotti ដែល​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ ២០០២ លើ​គម្រោង​មួយ​ស្តី​ពី​ផ្លូវ​ចរាចរណ៍​គ្រឿង​ញៀន​របស់​ពិភពលោក​បាន​ថ្លែង​ថា​ប្រទេស​កូឡុំប៊ី​ប្រហែល​ជា​ប្រទេស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​បំផុត​ថា​ជា​ប្រទេស​ចរាចរណ៍​គ្រឿងញៀន​សកល។ លោក​ក៏​សង្កេត​ឃើញ​ពី​លំនាំ​ស្រដៀង​គ្នា​នៃ​ការ​អភិវឌ្ឍ​ដែល​នាំ​ទៅ​ដល់​ការ​រីកចម្រើន​នៃ​ការ​ជួញដូរ​កូកាអ៊ីន​ផង​ដែរ។

លោក Scotti បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់ Narcotica ថា៖ «ក្នុង​រយៈពេល ៤០ ឆ្នាំ​មក​នេះ​ទីក្រុង San Jose [នៅ​ក្នុង​ប្រទេស​កូឡុំប៊ី] ជា​ទីក្រុង​នៃ​បណ្តុំ​សេដ្ឋកិច្ច​សង្គម​ដែល​ទទួល​អ្នក​វិនិយោគ​មក​ពី​ទី​ឆ្ងាយៗ​តែ​បាន​ជំនួស​មក​វិញ​នូវ​វិបត្តិ​ដ៏ធ្ងន់ធ្ងរ»។ «ដំបូង​មាន​ដំណាំ​កៅស៊ូ​ដែល​ផ្តល់​ភាព​មាន​បាន​ដល់​ម្ចាស់​ចម្ការ​នៅ​ពេល​ដែល​ម្ចាស់​ចម្ការ​យក​ជនជាតិ​ដើម​ភាគតិច​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក​ជា​ពេលវេលា​នៃ​ការ​ធ្វើ​អាជីវកម្ម​ស្បែក និង​រោម​សត្វ​ដែល​អាជីវកម្ម​នោះ​ដំណើរការ​បាន​នៅ​ពេល​មាន​សត្វ​នៅ​ក្នុង​ព្រៃ។ ប៉ុន្តែ​វិបត្តិ​នៅ​ទីជនបទ​កាន់​តែ​ថយ​នៅ​ពេល​ដែល​អ្នក​ស្រុក​បាន​ភៀស​ខ្លួន​មក​កាន់​ទីក្រុង​ដើម្បី​ស្វែងរក​ការងារ​ចិញ្ចឹម​ជីវិត។ នៅ​ពេល​កូកាអ៊ីន​មក​ដល់​បាន​ធ្វើ​ឲ្យ​អ្នក​ជួញដូរ​រកស៊ី​មាន​បាន»។

ដូច​ដែល​បាន​រៀបរាប់​លោក​បាន​បន្ត​សរសេរ​ថា​ឫសគល់​នៃ​បញ្ហា​គឺ​រាប់​ចាប់​ពី​សង្រ្គាម​ស៊ីវិល​រហូត​ដល់​ការ​ចាប់​ជំរិត​ការ​សម្លុត​យក​ប្រាក់ និង​អំពើ​ឃាតកម្ម​ជាដើម»៕ NS

No comments: