ដោយ ម៉ម មុនីរតន៍
2017-02-08

លោក អំ សំអាត (ស្ដាំ) មន្ត្រីនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) និងលោក ចាន់ ពុទ្ធិស័ក្ដ (ឆ្វេង) សកម្មជនដីធ្លីសហគមន៍បឹងកក់ ពេលមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth
ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក ងិន ពេជ បានបញ្ចប់ការសាកសួរប្រធានផ្នែកអង្កេតអង្គការលីកាដូ (LICADHO) និងតំណាងសហគមន៍បឹងកក់ហើយនៅរសៀលថ្ងៃទី៨ កុម្ភៈ នេះ។ ពួកគេបានវិលត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការសាកសួរជុំវិញអង្គហេតុដែលរងការចោទថា បង្កហិង្សាកាលពីខែតុលា ឆ្នាំ២០១៦។
តុលាការក្រុងភ្នំពេញ ពុំបានចេញដីកាឃុំខ្លួន ឬសម្រេចចោទប្រកាន់ប្រឆាំងលោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ត ទេក្រោយសួរនាំដែលប្រើពេលជិត ២ម៉ោងរួចមក។
ថ្លែងក្រោយចេញពីបន្ទប់សាកសួរ លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតអង្គការលីកាដូ ឲ្យដឹងថា ចម្លើយដែលបានផ្ដល់នៅចំពោះមុខតំណាងអយ្យការលោក ងិន ពេជ នេះគឺជាការបញ្ជាក់ពីភាពស្អាតស្អំរបស់លោក ក្នុងនាមជាជនរងគ្រោះក្នុងអំពើហិង្សាប៉ុណ្ណោះ។ លោករំពឹងថា ព្រះរាជអាជ្ញារង លោក ងិន ពេជ នឹងមិនផ្ដល់ភាពអយុត្តិធម៌ណាមួយបន្ថែមទៀត ក្រោយពីក្រុមសន្តិសុខប្រើហិង្សា ខណៈលោកចុះឃ្លាំមើលការបង្ក្រាបពីក្រុមសមត្ថកិច្ចទាំងនោះប្រឆាំងពលរដ្ឋដែលហែក្បួនដោយអហិង្សាឡើយ។ លោកបន្តថា «ខ្ញុំបានបញ្ជាក់ប្រាប់ព្រះរាជអាជ្ញាអំពីថា ខ្ញុំជាជនរងគ្រោះ ហើយសន្តិសុខ ៥ ទៅ ៦នាក់ហ្នឹងគាត់វាយដំខ្ញុំតាមរបៀបយ៉ាងម៉េច? ហើយមានវីដេអូ មានរូបថត ហើយមានភស្តុតាងច្រើនដែលបង្ហាញថា សន្តិសុខទាំងអស់ហ្នឹងវាយដំមកលើរូបខ្ញុំ»។
លោក អំ សំអាត ឲ្យដឹងថា នៅក្នុងបន្ទប់សាកសួរកាលពីរសៀលថ្ងៃទី៨ កុម្ភៈ តំណាងអយ្យការពន្យល់ថា មូលហេតុដែលកោះហៅមកបំភ្លឺនេះ ដោយសារមានបណ្ដឹងមួយពីមន្ត្រីនគរបាល។ មួយវិញទៀត លោកក៏ពុំបានដឹងថា តើមានអ្វីកើតឡើង ហើយខាងណាខុស និងខាងណាត្រូវឲ្យប្រាកដនោះដែរ។
ក្រោយកើតហេតុកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ទាំងលោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ត បានអះអាងថា ពួកគេបានប្ដឹងភ្លាមដែរប្រឆាំងក្រុមសន្តិសុខខណ្ឌដូនពេញ ពីបទប្រើហិង្សា ក៏ប៉ុន្តែបណ្ដឹងរបស់ពួកគេបែរជាតុលាការមិនចាត់ការ ហើយថែមទាំងចេញដីកាកោះ និងដាក់ពួកគេថាជាជនសង្ស័យ តាមបណ្ដឹងរបស់កងសន្តិសុខខណ្ឌដូនពេញ ២នាក់ទៅវិញ។
នៅពេលតំណាងអយ្យការ លោក ងិន ពេជ កំពុងបន្តសាកសួរអ្នកការពារសិទ្ធិមនុស្សទាំងនេះ គេសង្កេតឃើញថា នៅខាងក្រៅរបងតុលាការមានមនុស្សជាច្រើននាក់ចូលរួម ក្នុងនោះមានអង្គការសង្គមស៊ីវិល ពលរដ្ឋ និងអង្គការសហប្រជាជាតិ ផង ចុះអង្កេត និងគាំទ្រ។ ទន្ទឹមនឹងនេះ កម្លាំងនគរបាលក៏ត្រូវគេដាក់បង្កប់នៅក្នុងតុលាការរួចជាស្រេចដែរ។ កម្លាំងនគរបាលដាក់ត្រៀមទាំងនោះ ទំនងដើម្បីចាប់ខ្លួនលោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ត ប្រសិនបើតុលាការសម្រេចចោទប្រកាន់មែន។
បើទោះជាបែបណា ពលរដ្ឋដែលចូលរួមគាំទ្របានស្ដីបន្ទោសតុលាការនៅខាងក្រៅថា ជាតុលាការធ្វើការតាមអំណាចបុគ្គល ជាពិសេសពួកគេប្រៀបធៀបតុលាការថា គឺមិនខុសទីផ្សារលក់ត្រី ឬជាតំបន់សេដ្ឋកិច្ចពិសេសឡើយ ព្រោះជាការកាត់ក្ដីអាស្រ័យលើទឹកលុយ ជាជាងផ្ដល់ភាពយុត្តិធម៌។ ពលរដ្ឋបន្តថា «ខ្ញុំមកអង្គុយហ្នឹងមួយម៉ោង អ្នកដែលឡើងតុលាការចេញមកចរចាគ្នាដែលមានលុយ អ! បងអើយសូមប្រាំរយៗ ហើយឲ្យតែគ្រប់បានតែមួយពាន់ បានខ្ញុំអាចធ្វើសំណុំរឿងហ្នឹងបាន។ ហ្នឹងចៅក្រម និងព្រះរាជអាជ្ញា»។
ទាក់ទិនរឿងនេះ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ឃើញថា នេះជាការដាក់សម្ពាធបន្ថែមទៀតប្រឆាំងអ្នកការពារសិទ្ធិមនុស្ស។ លោកបន្តថា ការអនុវត្តដូចនេះ ស្របពេលចំណាត់ការជាហូរហែកន្លងទៅមានមន្ត្រីការពារសិទ្ធិមនុស្សមួយចំនួន ត្រូវរងការចោទប្រកាន់បន្តបន្ទាប់រួចមកហើយតាមផ្លូវតុលាការ។ លោកបន្តថា «ខ្ញុំគិតថាវាជាកិច្ចការយុទ្ធសាស្ត្រមួយដែលធ្វើឲ្យគេមើលឃើញថា កម្ពុជា កាន់តែមានអំពើអាក្រក់ទៅៗពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌។ វាហាក់ដូចជាសទៅខ្មៅ ខ្មៅទៅជាស»។
ទាំងលោក អំ សំអាត និងលោក ចាន់ ពុទ្ធិស័ក្ត រំពឹងថា បណ្ដឹងរបស់ពួកគេដែលបានប្ដឹងក្រុមសន្តិសុខទាំងនោះពីបទបង្កហិង្សាកាលពីខែតុលា ឆ្នាំ២០១៦ ប្រឆាំងពលរដ្ឋដែលរៀបចំទិវាសិទ្ធិលំនៅឋានដោយអហិង្សា តុលាការនឹងចាត់ការ៕
1 comment:
ពួកគាត់មិនមានរឿងអ្វីផង ក៍គេយកទៅវាយក្បាលហើយអង្អែលខ្នងលេងទៅ តេថ្ងៃក្រោយក៍គេអាចយកទៅព្រៃសបានដែរ នេះជាល្បិចសម្រាប់បង្រកាបពួកគេណា ចយដឹកអើយ
Post a Comment