ដោយ ប្រាជ្ញ ចេវ
2017-02-08

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥
Photo: RFA
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស រំឭកសារនយោបាយមិនយកខ្មែរណាជាសត្រូវ បន្ទាប់ពីលោកព្រមានប្ដឹងលោក ហ៊ុន សែន និងលោក ហេង សំរិន ថ្នាក់ដឹកនាំបក្សកាន់អំណាចទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ចំណែកមន្ត្រីគណបក្សកាន់អំណាច ថាគ្មានអ្វីចំឡែកនោះទេចំពោះមេគណបក្សប្រឆាំងរូបនេះ ព្រោះចរិតរបស់លោក សម រង្ស៊ី ដូចខ្មោចចេញខ្មោចចូល និយាយមិនអាចយកជាការបាន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះតាមហ្វេសប៊ុក (Facebook) នៅថ្ងៃទី៨ ខែកុម្ភៈ ដោយសរសេរពាក្យមួយឃ្លាថា «យើងត្រូវចេះរស់នៅជាមួយគ្នា»។ ខាងក្រោមពាក្យមួយឃ្លានេះ ជាវីដេអូដែលមានរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គុយជាមួយគ្នាដែលលោក ហ៊ុន សែន ថ្លែងទៅពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៥។
វីដេអូនេះជាសារទី១ នៃរយៈពេលចុងក្រោយនេះ ក្រោយពេលប្រមុខគណបក្សកាន់អំណាចបិទផ្លូវចរចាជាមួយលោក សម រង្ស៊ី។ ស្របពេលគ្នានោះដែរ លោក សម រង្ស៊ី តែងបង្ហោះសារវាយប្រហារខ្លាំងៗ និងចំៗទៅប្រមុខគណបក្សប្រជាជនកម្ពុជា និងជាពិសេសគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ករណីជាក់ស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ លោកព្រមានប្ដឹងលោក ហ៊ុន សែន និងលោក ហេង សំរិន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ថ្លែងឲ្យអាស៊ីសេរីដឹងបន្ថែមតាមទូរស័ព្ទ លោក សម រង្ស៊ី និយាយថា ទោះនៅពេលនេះមានសភាពការណ៍នយោបាយតានតឹងយ៉ាងណាក្តី ប៉ុន្តែគួរមានការរំឭកខ្លឹមសារនយោបាយណាល្អសម្រាប់កម្ពុជា ដែលខ្មែរមិនត្រូវចាត់ខ្មែរណាជាសត្រូវ។ លោកថា នៅពេលនេះមិនទាន់មានសញ្ញាចរចាណាមួយរវាងគណបក្សទាំងពីរនៅឡើយទេ។ ជាងនេះទៅទៀត លោក សម រង្ស៊ី យល់ថា មានតែការជជែកគ្នាដោយសន្តិវិធី និងគោរពគ្នាទៅវិញទៅមកទេ ទើបអាចរកដំណោះស្រាយកំពុងកើតមានបាន៖ «យើងត្រូវរំឭកខ្លួនយើងគ្រប់គណបក្ស ត្រូវចងចាំប្រទេចយើងបាត់បង់ទឹកដី បរទេសមើលងាយ បរទេសកេងប្រវ័ញ្ច ធ្វើម៉េចកុំឈ្លោះគ្នា កុំកាប់សម្លាប់គ្នា គឺបរទេសឆ្លៀតឱកាសហ្នឹង»។
យ៉ាងណាក៏ដោយចុះ មុនមួយថ្ងៃដែលលោក សម រង្ស៊ី បង្ហាញសារបែបបន្ថយកម្ដៅនយោបាយដូចនេះ លោកបានព្រមានប្ដឹងលោក ហ៊ុន សែន និងលោក ហេង សំរិន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក ក្នុងសំណុំរឿងផែនការ "ក៥" ដែលលោកចោទប្រកាន់ថា មានការសម្លាប់រង្គាល ឬការកែនពលរដ្ឋស្លូតត្រង់ដោយបង្ខំ បញ្ជូនទៅឲ្យស្លាប់ចន្លោះពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨ ដើម្បីឲ្យតុលាការអន្តរជាតិមួយនេះតាមចាប់លោក ហ៊ុន សែន និងលោក ហេង សំរិន។ លោក សម រង្ស៊ី បញ្ជាក់បន្ថែមថា នៅពេលលោកប្រមូលភស្តុតាងដែលសាក្សី គឺជនរងគ្រោះ ឬក្រុមគ្រួសារ និងមិត្តភ័ក្ដិជនរងគ្រោះគ្រប់គ្រាន់ លោកនឹងដាក់ពាក្យទៅតុលាការ៖ «បើថាប្ដឹងចង់បានលុយខ្លួនឯង គឺអត់ទៀត ប្ដឹងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ»។
ជុំវិញជំហររបស់លោក សម រង្ស៊ី ដូចនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ចរិតលោក សម រង្ស៊ី ប្រែប្រួលមិនទៀង ម្តងខ្មៅម្តងស ដែលមិនអាចជឿទុកចិត្តបាន។ លោក សុខ ឥសាន យល់ថា ការថ្លែងចុងក្រោយរបស់លោក សម រង្ស៊ី ដែលនិយាយថា «យើងត្រូវចេះរស់នៅជាមួយគ្នា» គ្រាន់តែជាការស្ទង់សភាពការណ៍ ចង់មានមុខក្នុងការចរចា ប៉ុន្តែលោកថា គណបក្សប្រជាជនកម្ពុជា មិនអាចជជែកជាមួយទណ្ឌិតនោះទេ៖ «ស្ថិតនៅក្នុងដំណាក់កាលនៃការទាល់ច្រករបស់គាត់ (លោក សម រង្ស៊ី) ជិតអស់ជីវិតនយោបាយរបស់គាត់»។
ចំណែកអ្នកវិភាគនយោបាយ លោក សូ ចន្ថា យល់ថា សាររបស់លោក សម រង្ស៊ី នៅរយៈពេលចុងក្រោយនេះ ជាចំណុចចាប់ផ្ដើមនៃការបន្ថយកម្ដៅនយោបាយដែលកំពុងកើតមាន។ ជាងនេះទៅទៀត លោកយល់ថា ប្រសិនបើបក្សទាំងពីរមានការដោះដូរគ្នា ដែលជាការទម្លាក់ចោលបណ្ដឹងរៀងៗខ្លួន អាចនឹងជាសញ្ញាវិជ្ជមាននៃការចរចាឡើងវិញ៖ «ដូចដែលយើងឃើញថ្មីៗនេះ គឺតុលាការសហរដ្ឋអាមេរិក កំពុងដំណើរការរឿងក្តី ហើយក្រៅពីនេះទៀត មានបណ្ដឹងនៅផ្លូវវ៉េងស្រេង»។
ទាក់ទងរឿងក្តីក្ដាំនៅតុលាការនេះដែរ ភាគីគណបក្សប្រជាជនកម្ពុជា រួមមាន លោក ហ៊ុន សែន លោក ហេង សំរិន លោក វ៉ា គឹមហុង ជាដើមនោះ នាំគ្នាប្ដឹងលោក សម រង្ស៊ី ទៅតុលាការក្រុងភ្នំពេញ ទាមទារឲ្យចាប់ដាក់គុក និងទារសំណងជំងឺចិត្តរាប់លានដុល្លារសហរដ្ឋអាមេរិក រហូតព្រមានរឹបអូសទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ទៀតផង។
ចំណែកភាគីគណបក្សសង្គ្រោះជាតិ រួមមាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន និងភរិយារបស់មន្ត្រីជាន់ខ្ពស់នៃគណបក្សនេះដែលកំពុងជាប់ឃុំ លោក មាជ សុវណ្ណារ៉ា ប្ដឹងលោក ហ៊ុន សែន និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ពីបទធ្វើទារុណកម្ម ភេរវកម្មអន្តរជាតិ ការបំពារបំពានលើរូបរាងកាយ និងករណីមួយចំនួនទៀតទៅតុលាការសហរដ្ឋអាមេរិក។ ករណីចុងក្រោយនេះ លោក សម រង្ស៊ី ព្រមានប្ដឹងលោក ហ៊ុន សែន និងលោក ហេង សំរិន ទៅតុលាការអន្តរជាតិក្នុងសំណុំរឿងផែនការ "ក៥"។
ទាក់ទងរឿងនេះដែរ លោកមេធាវី ហុង គឹមសួន យល់ថា នៅពេលលោក សម រង្ស៊ី ដាក់ពាក្យបណ្ដឹង តុលាការនឹងទទួលពាក្យបណ្ដឹងនោះ ប៉ុន្តែមិនប្រាកដថា តុលាការព្រហ្មទណ្ឌអន្តរជាតិនឹងទទួលចាត់ការនោះទេ ព្រោះមុនពេលតុលាការនេះចាត់ការករណីណាមួយ លុះត្រាបណ្ដឹងនោះបានបំពេញបែបបទអន្តរជាតិត្រឹមត្រូវ។ លោកមេធាវីថា លោកមិនអាចវាយតម្លៃយ៉ាងណាចំពោះបណ្ដឹងនេះបានទេ ព្រោះលោកមិនបានឃើញពាក្យបណ្ដឹងរបស់លោក សម រង្ស៊ី៕
1 comment:
ខ្ញុំមិនយល់ទេ ខ្ញុំគ្រាន់តែឮថា ប្តឹង ហ៊ុន សែន នោះដូចជារាប់ដងមិនអស់ទៅហើយ តែលទ្ធផល ដូចចាមិនដែលឃើញ ឯ ហ៊ុន សែនវិញប្តឹងវីញ លទ្ធផល ចូលស្រុកមិនបាន ហើយបើចូលវិញនោះជាប់គុកពីជីវិតមិនអស់ផង ហើយឃើញសង្ឃឹមថាបោះឆ្នោតឈ្នះ ចុះបើគេមិនឲ្យឈ្នះទៅធ្វើអីគេទៅ? មិនយល់ទេ លោកអើយ ហើយកុំសង្ឃឹមថាអាគុកវាដើចេញស្រួលៗនោះ ឃើញទេ អាណាពូកែវាយខ្មែរ បានរង្វាន់ ហើយឡើងបុណ្យសក្តិទៀត លោកចង់អង្វរអាគុក ចង់ថាស្រឡាញ់អាគុកឬ? ចុះអាគុកដែលថាស្រឡាញ់លោកទេ?
Post a Comment