Wednesday, 8 February 2017

តុលាការ​មិន​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិស័ក្ត ក្រោយ​សាកសួរ


ដោយ ម៉ម មុនីរតន៍
2017-02-08

លោក អំ សំអាត (ស្ដាំ) មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​លោក ចាន់ ពុទ្ធិស័ក្ដ (ឆ្វេង) សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់  ពេល​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
លោក អំ សំអាត (ស្ដាំ) មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​លោក ចាន់ ពុទ្ធិស័ក្ដ (ឆ្វេង) សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ ពេល​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
 RFA/Morm Moniroth



ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ងិន ពេជ បាន​បញ្ចប់​ការ​សាកសួរ​ប្រធាន​ផ្នែក​អង្កេត​អង្គការ​លីកាដូ (LICADHO) និង​តំណាង​សហគមន៍​បឹងកក់​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ នេះ។ ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​បញ្ចប់​ការ​សាកសួរ​ជុំវិញ​អង្គ​ហេតុ​ដែល​រង​ការ​ចោទ​ថា បង្ក​ហិង្សា​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។

តុលាការ​ក្រុង​ភ្នំពេញ ពុំ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន ឬ​សម្រេច​ចោទ​ប្រកាន់​ប្រឆាំង​លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិស័ក្ត ទេ​ក្រោយ​សួរ​នាំ​ដែល​ប្រើ​ពេល​ជិត ២​ម៉ោង​រួច​មក។



ថ្លែង​ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា ចម្លើយ​ដែល​បាន​ផ្ដល់​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ​លោក ងិន ពេជ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក ក្នុង​នាម​ជា​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ប៉ុណ្ណោះ។ លោក​រំពឹង​ថា ព្រះរាជអាជ្ញា​រង លោក ងិន ពេជ នឹង​មិន​ផ្ដល់​ភាព​អយុត្តិធម៌​ណា​មួយ​បន្ថែម​ទៀត ក្រោយ​ពី​ក្រុម​សន្តិសុខ​ប្រើ​ហិង្សា ខណៈ​លោក​ចុះ​ឃ្លាំ​មើល​ការ​បង្ក្រាប​ពី​ក្រុម​សមត្ថកិច្ច​ទាំងនោះ​ប្រឆាំង​ពលរដ្ឋ​ដែល​ហែ​ក្បួន​ដោយ​អហិង្សា​ឡើយ។ លោក​បន្ត​ថា «ខ្ញុំ​បាន​បញ្ជាក់​ប្រាប់​ព្រះរាជអាជ្ញា​អំពី​ថា ខ្ញុំ​ជា​ជន​រងគ្រោះ ហើយ​សន្តិសុខ ៥ ទៅ ៦​នាក់​ហ្នឹង​គាត់​វាយ​ដំ​ខ្ញុំ​តាម​របៀប​យ៉ាង​ម៉េច? ហើយ​មាន​វីដេអូ មាន​រូបថត ហើយ​មាន​ភស្តុតាង​ច្រើន​ដែល​បង្ហាញ​ថា សន្តិសុខ​ទាំងអស់​ហ្នឹង​វាយ​ដំ​មក​លើ​រូប​ខ្ញុំ»។

លោក អំ សំអាត ឲ្យ​ដឹង​ថា នៅ​ក្នុង​បន្ទប់​សាកសួរ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ តំណាង​អយ្យការ​ពន្យល់​ថា មូលហេតុ​ដែល​កោះ​ហៅ​មក​បំភ្លឺ​នេះ ដោយសារ​មាន​បណ្ដឹង​មួយ​ពី​មន្ត្រី​នគរបាល។ មួយ​វិញ​ទៀត លោក​ក៏​ពុំ​បាន​ដឹង​ថា តើ​មាន​អ្វី​កើត​ឡើង ហើយ​ខាង​ណា​ខុស និង​ខាង​ណា​ត្រូវ​ឲ្យ​ប្រាកដ​នោះ​ដែរ។

ក្រោយ​កើត​ហេតុ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦ ទាំង​លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិស័ក្ត បាន​អះអាង​ថា ពួក​គេ​បាន​ប្ដឹង​ភ្លាម​ដែរ​ប្រឆាំង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ពី​បទ​ប្រើ​ហិង្សា ក៏ប៉ុន្តែ​បណ្ដឹង​របស់​ពួក​គេ​បែរ​ជា​តុលាការ​មិន​ចាត់ការ ហើយ​ថែម​ទាំង​ចេញ​ដីកា​កោះ និង​ដាក់​ពួក​គេ​ថា​ជា​ជន​សង្ស័យ តាម​បណ្ដឹង​របស់​កង​សន្តិសុខ​ខណ្ឌ​ដូនពេញ ២​នាក់​ទៅ​វិញ។

នៅ​ពេល​តំណាង​អយ្យការ លោក ងិន ពេជ កំពុង​បន្ត​សាកសួរ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងនេះ គេ​សង្កេត​ឃើញ​ថា នៅ​ខាង​ក្រៅ​របង​តុលាការ​មាន​មនុស្ស​ជាច្រើន​នាក់​ចូលរួម ក្នុង​នោះ​មាន​អង្គការ​សង្គម​ស៊ីវិល ពលរដ្ឋ និង​អង្គការ​សហប្រជាជាតិ ផង ចុះ​អង្កេត និង​គាំទ្រ។ ទន្ទឹម​នឹង​នេះ កម្លាំង​នគរបាល​ក៏​ត្រូវ​គេ​ដាក់​បង្កប់​នៅ​ក្នុង​តុលាការ​រួច​ជា​ស្រេច​ដែរ។ កម្លាំង​នគរបាល​ដាក់​ត្រៀម​ទាំងនោះ ទំនង​ដើម្បី​ចាប់​ខ្លួន​លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិស័ក្ត ប្រសិន​បើ​តុលាការ​សម្រេច​ចោទ​ប្រកាន់​មែន។

បើ​ទោះ​ជា​បែប​ណា ពលរដ្ឋ​ដែល​ចូលរួម​គាំទ្រ​បាន​ស្ដីបន្ទោស​តុលាការ​នៅ​ខាង​ក្រៅ​ថា ជា​តុលាការ​ធ្វើ​ការ​តាម​អំណាច​បុគ្គល ជាពិសេស​ពួក​គេ​ប្រៀបធៀប​តុលាការ​ថា គឺ​មិន​ខុស​ទីផ្សារ​លក់​ត្រី ឬ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឡើយ ព្រោះ​ជា​ការ​កាត់​ក្ដី​អាស្រ័យ​លើ​ទឹក​លុយ ជា​ជាង​ផ្ដល់​ភាព​យុត្តិធម៌។ ពលរដ្ឋ​បន្ត​ថា «ខ្ញុំ​មក​អង្គុយ​ហ្នឹង​មួយ​ម៉ោង អ្នក​ដែល​ឡើង​តុលាការ​ចេញ​មក​ចរចា​គ្នា​ដែល​មាន​លុយ អ! បង​អើយ​សូម​ប្រាំ​រយៗ ហើយ​ឲ្យ​តែ​គ្រប់​បាន​តែ​មួយ​ពាន់ បាន​ខ្ញុំ​អាច​ធ្វើ​សំណុំ​រឿង​ហ្នឹង​បាន។ ហ្នឹង​ចៅក្រម និង​ព្រះរាជអាជ្ញា»។

ទាក់ទិន​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា នេះ​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ប្រឆាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា ការ​អនុវត្ត​ដូចនេះ ស្រប​ពេល​ចំណាត់ការ​ជា​ហូរហែ​កន្លង​ទៅ​មាន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ត្រូវ​រង​ការ​ចោទ​ប្រកាន់​បន្តបន្ទាប់​រួច​មក​ហើយ​តាម​ផ្លូវ​តុលាការ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​វា​ជា​កិច្ចការ​យុទ្ធសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា កម្ពុជា កាន់​តែ​មាន​អំពើ​អាក្រក់​ទៅៗ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​យុត្តិធម៌។ វា​ហាក់​ដូចជា​ស​ទៅ​ខ្មៅ ខ្មៅ​ទៅ​ជា​ស»។

ទាំង​លោក អំ សំអាត និង​លោក ចាន់ ពុទ្ធិស័ក្ត រំពឹង​ថា បណ្ដឹង​របស់​ពួក​គេ​ដែល​បាន​ប្ដឹង​ក្រុម​សន្តិសុខ​ទាំងនោះ​ពី​បទ​បង្ក​ហិង្សា​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦ ប្រឆាំង​ពលរដ្ឋ​ដែល​រៀបចំ​ទិវា​សិទ្ធិ​លំនៅឋាន​ដោយ​អហិង្សា តុលាការ​នឹង​ចាត់ការ៕

1 comment:

Anonymous said...

ពួកគាត់មិនមានរឿងអ្វីផង ក៍គេយកទៅវាយក្បាលហើយអង្អែលខ្នងលេងទៅ តេថ្ងៃក្រោយក៍គេអាចយកទៅព្រៃសបានដែរ នេះជាល្បិចសម្រាប់បង្រកាបពួកគេណា​ ចយដឹកអើយ