Wednesday, 8 February 2017

លោក សម រង្ស៊ី រំឭក​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​បន្ទាប់​ពី​ព្រមាន​ប្ដឹង​ប្រមុខ​បក្ស​កាន់​អំណាច


ដោយ ប្រាជ្ញ ចេវ
2017-02-08

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥

Photo: RFA



លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស រំឭក​សារ​នយោបាយ​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ បន្ទាប់​ពី​លោក​ព្រមាន​ប្ដឹង​លោក ហ៊ុន សែន និង​លោក ហេង សំរិន ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ចំណែក​មន្ត្រី​គណបក្ស​កាន់​អំណាច ថា​គ្មាន​អ្វី​ចំឡែក​នោះ​ទេ​ចំពោះ​មេ​គណបក្ស​ប្រឆាំង​រូប​នេះ ព្រោះ​ចរិត​របស់​លោក សម រង្ស៊ី ដូច​ខ្មោច​ចេញ​ខ្មោច​ចូល និយាយ​មិន​អាច​យក​ជា​ការ​បាន។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដោយ​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា «យើង​ត្រូវ​ចេះ​រស់នៅ​ជាមួយ​គ្នា»។ ខាង​ក្រោម​ពាក្យ​មួយ​ឃ្លា​នេះ ជា​វីដេអូ​ដែល​មាន​រូប​លោក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អង្គុយ​ជាមួយ​គ្នា​ដែល​លោក ហ៊ុន សែន ថ្លែង​ទៅ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១៥។



វីដេអូ​នេះ​ជា​សារ​ទី​១ នៃ​រយៈពេល​ចុង​ក្រោយ​នេះ ក្រោយ​ពេល​ប្រមុខ​គណបក្ស​កាន់​អំណាច​បិទ​ផ្លូវ​ចរចា​ជាមួយ​លោក សម រង្ស៊ី។ ស្រប​ពេល​គ្នា​នោះ​ដែរ លោក សម រង្ស៊ី តែង​បង្ហោះ​សារ​វាយ​ប្រហារ​ខ្លាំងៗ និង​ចំៗ​ទៅ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាពិសេស​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ករណី​ជាក់ស្តែង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ លោក​ព្រមាន​ប្ដឹង​លោក ហ៊ុន សែន និង​លោក ហេង សំរិន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

ថ្លែង​ឲ្យ​អាស៊ីសេរី​ដឹង​បន្ថែម​តាម​ទូរស័ព្ទ លោក សម រង្ស៊ី និយាយ​ថា ទោះ​នៅ​ពេល​នេះ​មាន​សភាពការណ៍​នយោបាយ​តានតឹង​យ៉ាង​ណា​ក្តី ប៉ុន្តែ​គួរ​មាន​ការ​រំឭក​ខ្លឹមសារ​នយោបាយ​ណា​ល្អ​សម្រាប់​កម្ពុជា ដែល​ខ្មែរ​មិន​ត្រូវ​ចាត់​ខ្មែរ​ណា​ជា​សត្រូវ។ លោក​ថា នៅ​ពេល​នេះ​មិន​ទាន់​មាន​សញ្ញា​ចរចា​ណា​មួយ​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ឡើយ​ទេ។ ជាង​នេះ​ទៅ​ទៀត លោក សម រង្ស៊ី យល់​ថា មាន​តែ​ការ​ជជែក​គ្នា​ដោយ​សន្តិវិធី និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ទេ ទើប​អាច​រក​ដំណោះស្រាយ​កំពុង​កើត​មាន​បាន៖ «យើង​ត្រូវ​រំឭក​ខ្លួន​យើង​គ្រប់​គណបក្ស ត្រូវ​ចងចាំ​ប្រទេច​យើង​បាត់បង់​ទឹកដី បរទេស​មើលងាយ បរទេស​កេងប្រវ័ញ្ច ធ្វើ​ម៉េច​កុំ​ឈ្លោះ​គ្នា កុំ​កាប់​សម្លាប់​គ្នា គឺ​បរទេស​ឆ្លៀត​ឱកាស​ហ្នឹង»។

យ៉ាង​ណា​ក៏ដោយ​ចុះ មុន​មួយ​ថ្ងៃ​ដែល​លោក សម រង្ស៊ី បង្ហាញ​សារ​បែប​បន្ថយ​កម្ដៅ​នយោបាយ​ដូចនេះ លោក​បាន​ព្រមាន​ប្ដឹង​លោក ហ៊ុន សែន និង​លោក ហេង សំរិន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​លោក ក្នុង​សំណុំ​រឿង​ផែនការ "ក​៥" ដែល​លោក​ចោទ​ប្រកាន់​ថា មាន​ការ​សម្លាប់​រង្គាល ឬ​ការ​កែន​ពលរដ្ឋ​ស្លូត​ត្រង់​ដោយ​បង្ខំ បញ្ជូន​ទៅ​ឲ្យ​ស្លាប់​ចន្លោះ​ពី​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ​១៩៨៨ ដើម្បី​ឲ្យ​តុលាការ​អន្តរជាតិ​មួយ​នេះ​តាម​ចាប់​លោក ហ៊ុន សែន និង​លោក ហេង សំរិន។ លោក សម រង្ស៊ី បញ្ជាក់​បន្ថែម​ថា នៅ​ពេល​លោក​ប្រមូល​ភស្តុតាង​ដែល​សាក្សី គឺ​ជន​រងគ្រោះ ឬ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​ជន​រងគ្រោះ​គ្រប់គ្រាន់ លោក​នឹង​ដាក់​ពាក្យ​ទៅ​តុលាការ៖ «បើ​ថា​ប្ដឹង​ចង់​បាន​លុយ​ខ្លួន​ឯង គឺ​អត់​ទៀត ប្ដឹង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ»។

ជុំវិញ​ជំហរ​របស់​លោក សម រង្ស៊ី ដូចនេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ចរិត​លោក សម រង្ស៊ី ប្រែប្រួល​មិន​ទៀង ម្តង​ខ្មៅ​ម្តង​ស ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។ លោក សុខ ឥសាន យល់​ថា ការ​ថ្លែង​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី ដែល​និយាយ​ថា «យើង​ត្រូវ​ចេះ​រស់នៅ​ជាមួយ​គ្នា» គ្រាន់​តែ​ជា​ការ​ស្ទង់​សភាពការណ៍ ចង់​មាន​មុខ​ក្នុង​ការ​ចរចា ប៉ុន្តែ​លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ជជែក​ជាមួយ​ទណ្ឌិត​នោះ​ទេ៖ «ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ទាល់ច្រក​របស់​គាត់ (លោក សម រង្ស៊ី) ជិត​អស់​ជីវិត​នយោបាយ​របស់​គាត់»។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា សារ​របស់​លោក សម រង្ស៊ី នៅ​រយៈពេល​ចុង​ក្រោយ​នេះ ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​បន្ថយ​កម្ដៅ​នយោបាយ​ដែល​កំពុង​កើត​មាន។ ជាង​នេះ​ទៅ​ទៀត លោក​យល់​ថា ប្រសិន​បើ​បក្ស​ទាំង​ពីរ​មាន​ការ​ដោះដូរ​គ្នា ដែល​ជា​ការ​ទម្លាក់​ចោល​បណ្ដឹង​រៀងៗ​ខ្លួន អាច​នឹង​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ចរចា​ឡើង​វិញ៖ «ដូច​ដែល​យើង​ឃើញ​ថ្មីៗ​នេះ គឺ​តុលាការ​សហរដ្ឋ​អាមេរិក កំពុង​ដំណើរការ​រឿង​ក្តី ហើយ​ក្រៅ​ពី​នេះ​ទៀត មាន​បណ្ដឹង​នៅ​ផ្លូវ​វ៉េងស្រេង»។

ទាក់ទង​រឿង​ក្តី​ក្ដាំ​នៅ​តុលាការ​នេះ​ដែរ ភាគី​គណបក្ស​ប្រជាជន​កម្ពុជា រួម​មាន លោក ហ៊ុន សែន លោក ហេង សំរិន លោក វ៉ា គឹមហុង ជាដើម​នោះ នាំ​គ្នា​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​ក្រុង​ភ្នំពេញ ទាមទារ​ឲ្យ​ចាប់​ដាក់​គុក និង​ទារ​សំណង​ជំងឺ​ចិត្ត​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក រហូត​ព្រមាន​រឹបអូស​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង។

ចំណែក​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន និង​ភរិយា​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​ដែល​កំពុង​ជាប់​ឃុំ លោក មាជ សុវណ្ណារ៉ា ប្ដឹង​លោក ហ៊ុន សែន និង​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ពី​បទ​ធ្វើ​ទារុណកម្ម ភេរវកម្ម​អន្តរជាតិ ការ​បំពារបំពាន​លើ​រូប​រាងកាយ និង​ករណី​មួយ​ចំនួន​ទៀត​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក។ ករណី​ចុង​ក្រោយ​នេះ លោក សម រង្ស៊ី ព្រមាន​ប្ដឹង​លោក ហ៊ុន សែន និង​លោក ហេង សំរិន ទៅ​តុលាការ​អន្តរជាតិ​ក្នុង​សំណុំ​រឿង​ផែនការ "ក​៥"។

ទាក់ទង​រឿង​នេះ​ដែរ លោក​មេធាវី ហុង គឹមសួន យល់​ថា នៅ​ពេល​លោក សម រង្ស៊ី ដាក់​ពាក្យ​បណ្ដឹង តុលាការ​នឹង​ទទួល​ពាក្យ​បណ្ដឹង​នោះ ប៉ុន្តែ​មិន​ប្រាកដ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​ទទួល​ចាត់ការ​នោះ​ទេ ព្រោះ​មុន​ពេល​តុលាការ​នេះ​ចាត់ការ​ករណី​ណា​មួយ លុះត្រា​បណ្ដឹង​នោះ​បាន​បំពេញ​បែបបទ​អន្តរជាតិ​ត្រឹមត្រូវ។ លោក​មេធាវី​ថា លោក​មិន​អាច​វាយ​តម្លៃ​យ៉ាង​ណា​ចំពោះ​បណ្ដឹង​នេះ​បាន​ទេ ព្រោះ​លោក​មិន​បាន​ឃើញ​ពាក្យ​បណ្ដឹង​របស់​លោក សម រង្ស៊ី៕

1 comment:

Anonymous said...

ខ្ញុំមិនយល់ទេ ខ្ញុំគ្រាន់តែឮថា ប្តឹង ហ៊ុន សែន នោះដូចជារាប់ដងមិនអស់ទៅហើយ តែលទ្ធផល ដូចចាមិនដែលឃើញ ឯ ហ៊ុន សែនវិញប្តឹងវីញ លទ្ធផល ចូលស្រុកមិនបាន ហើយបើចូលវិញនោះជាប់គុកពីជីវិតមិនអស់ផង ហើយឃើញសង្ឃឹមថាបោះឆ្នោតឈ្នះ ចុះបើគេមិនឲ្យឈ្នះទៅធ្វើអីគេទៅ? មិនយល់ទេ លោកអើយ ហើយកុំសង្ឃឹមថាអាគុកវាដើចេញស្រួលៗនោះ ឃើញទេ អាណាពូកែវាយខ្មែរ បានរង្វាន់ ហើយឡើងបុណ្យសក្តិទៀត លោកចង់អង្វរអាគុក ចង់ថាស្រឡាញ់អាគុកឬ? ចុះអាគុកដែលថាស្រឡាញ់លោកទេ?