Monday, 6 February 2017
LDP នឹងដឹកនាំអ្នកគាំទ្រទៅបោះជំរំលើដីសកម្មជនដែលអាជ្ញាធរចាប់ខ្លួននៅខេត្តកំពត
ដោយ យ៉ង ចាន់តារា
2017-02-06
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ប្រកាសថា ពួកគេនឹងលើកគ្នាទៅបោះជំរំនៅលើដីជាង ២០ហិកតាររបស់សកម្មជនរបស់ខ្លួនដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ស្ថិតនៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ការប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី៦ កុម្ភៈ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែងក្នុងសន្និសីទសារព័ត៌មានថា គណបក្សរបស់លោកសម្រេចថានឹងមិនទៅធ្វើបាតុកម្មនៅតាមទីសាធារណៈណាទៀតហើយ ក៏ប៉ុន្តែនឹងនាំគ្នាទៅបោះជំរំនៅលើដីជាង ២០ហិកតាររបស់លោក លី គឹមហុង ដែលជាសកម្មជនរបស់ខ្លួននៅថ្ងៃទី៧ កុម្ភៈ។
ការប្រកាសរបស់លោក ខឹម វាសនា នេះ ក្រោយពេលអាជ្ញាធរខេត្តកំពត ចេញដីកាតាមចាប់ខ្លួនលោក លី គឹមហុង ពាក់ព័ន្ធនឹងវិវាទដីធ្លីនៅខេត្តកំពត ដែលឈានដល់ការឃាត់ខ្លួនមនុស្សចំនួន ១៣នាក់កាលពីរសៀលថ្ងៃទី៤ កុម្ភៈ កន្លងទៅ។
លោក ខឹម វាសនា បញ្ជាក់ទៀតថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានជួលមេធាវីរួចហើយ ដើម្បីរកយុត្តិធម៌តាមផ្លូវតុលាការជូនសកម្មជនរបស់ខ្លួនដែលត្រូវបានចាប់ខ្លួន៖ «យ៉ាងតិចបំផុតក៏យើងនៅទីនោះជាប្រចាំពី ៤០ ទៅ ៥០នាក់ ហើយយើងបានតាំងចិត្តរួចហើយ។ ឥឡូវចាប់គ្នាយើង ១៣នាក់ទៅហើយ បើ ៤០នាក់ហ្នឹងត្រូវបានគេចាប់ដោយចោទថាយើងទៅនៅលើដីសម្បទានសង្គមកិច្ច យើងនឹងបញ្ជូន ៥០នាក់ទៅទៀត។ យើងនឹងធ្វើរបៀបនេះជារៀងរហូតដល់បានជោគជ័យ រហូតដល់រាជរដ្ឋាភិបាលបានយល់ បង្កើតគណៈកម្មការពិតប្រាកដទៅត្រួតពិនិត្យមើលដីហ្នឹង រួចហើយវាស់វែងជូនប្រជាពលរដ្ឋដោយពិតប្រាកដ»។
មេដឹកនាំគណបក្សនយោបាយដែលនិយាយឥតសំចៃមាត់រូបនេះ បានចោទប្រកាន់អាជ្ញាធរខេត្តកំពត ថាបានបង្កើតរឿងដើម្បីរឹបអូសយកដីរបស់លោក លី គឹមហុង និងសកម្មជនរបស់ខ្លួន ដែលពួកគេធ្លាប់បានគ្រប់គ្រង និងអាស្រ័យផលលើដីទាំងនោះអស់រយៈពេលជាច្រើនឆ្នាំ មុនពេលដែលរដ្ឋាភិបាលសម្រេចកាត់ដីតំបន់នោះឲ្យអាជ្ញាធរខេត្តកំពត ធ្វើជាដីសម្បទានសង្គមកិច្ចជូនក្រុមសោធននិវត្តន៍នៅឆ្នាំ២០១១។
កាលពីរសៀលថ្ងៃទី៤ កុម្ភៈ កន្លងទៅ សមត្ថកិច្ចខេត្តកំពត បានចុះឃាត់ខ្លួនពលរដ្ឋចំនួន ១៣នាក់ ដែលអាជ្ញាធរចោទថា ពួកគេបានឈូសឆាយយកដីសម្បទានសង្គមកិច្ចរបស់រដ្ឋ បំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋផ្សេងទៀត និងដុតទន្ទ្រានព្រៃយកដីឧទ្យានជាតិធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្ត្រភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ អាជ្ញាធរថាការចុះអនុវត្តនេះ ផ្អែកលើបទល្មើសជាក់ស្តែង។
អ្នកទាំង ១៣នាក់ ត្រូវបានបញ្ជូនទៅសាកសួរនៅសាលាដំបូងខេត្តកំពត នៅរសៀលថ្ងៃទី៦ កុម្ភៈ។ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត លោក ខាន់ សុផល បញ្ជាក់ថា តុលាការនឹងសម្រេចចោទប្រកាន់ ឬមិនចោទប្រកាន់ពួកគេនៅព្រឹកថ្ងៃទី៧ កុម្ភៈ។
ទាក់ទងនឹងគម្រោងលើកគ្នាទៅបោះជំរំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អភិបាលរងខេត្តកំពត លោក ស៊ឹម វុទ្ធា បញ្ជាក់ថា អាជ្ញាធរខេត្តនឹងមានវិធានការចំពោះសកម្មភាពនេះ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋ។ លោកថា ការចុះបង្ក្រាប និងឃាត់ខ្លួនអ្នកឈូសរានទន្ទ្រានដីរដ្ឋ គឺជាការអនុវត្តច្បាប់ទៅលើបុគ្គលប្រព្រឹត្តល្មើស មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ៖ «កន្លងមក យើងចាប់ជនល្មើសទេ តែគាត់អះអាងថាចាប់កូនចៅគាត់ ចាប់សមាជិកគណបក្សគាត់ ហើយគាត់ត្រូវតែមកការពារ។ យើងមានការសោកស្ដាយ។ យើងមិនចង់ប្រឈមមុខជាមួយគណបក្សនយោបាយណាទេ។ យើងមិនចង់ប្រឈមមុខជាមួយបុគ្គលណាផ្សេងទេ។ គ្រាន់តែថាធ្វើយ៉ាងម៉េចឲ្យការគោលការណ៍ណែនាំ និងការគោរពច្បាប់រដ្ឋរវាងប្រជាពលរដ្ឋ និងអាជ្ញាធរឲ្យត្រឹមត្រូវទៅតាមច្បាប់ដែលយើងគ្រប់គ្នាថាចង់បាននីតិរដ្ឋ»។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក (ADHOC) ខេត្តកំពត លោក ហេង ភារៈ បញ្ជាក់ថា ទំនាស់ដីធ្លីរ៉ាំរ៉ៃនេះកើតចេញពីភាពឆកល្វែងនៃការអនុវត្តច្បាប់របស់អាជ្ញាធរ។ លោកថា ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទៅកាប់រានដីព្រៃ និងដាំដុះនៅលើដីទាំងនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ មុនពេលមានគម្រោងដីសម្បទានសង្គមកិច្ចនៅតំបន់នោះ។ ដូចនេះ ក្រុមពលរដ្ឋគួរតែទទួលបានដីទាំងនោះ។ លោកបន្តថា វិវាទនេះនឹងអាចដោះស្រាយបាន បើសិនជាអាជ្ញាធរអនុវត្តតាមអនុក្រឹត្យស្ដីពីដីសម្បទានសង្គមកិច្ចឲ្យបានខ្ជាប់ខ្ជួន៖ «អំពាវនាវដល់លោកព្រះរាជអាជ្ញា ដែលកាន់សំណុំរឿងការចាប់ខ្លួនពលរដ្ឋទាំង ១៣នាក់នោះ សូមលោកព្រះរាជអាជ្ញាមេត្តាពិនិត្យ ឬអង្កេតឲ្យបានជាក់លាក់។ បើសិនជារកមិនឃើញថា ប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសជាក់ស្តែង ឬមិនមានភស្តុតាងចង្អុលតម្រុយថាគាត់ប្រព្រឹត្តបទល្មើសជាក់ស្តែងទេ គួរតែដោះលែងប្រជាពលរដ្ឋឲ្យមានសេរីភាពវិញ ព្រោះថាការចាប់ខ្លួនពលរដ្ឋនេះប៉ះពាល់សិទ្ធិជាមូលដ្ឋានរបស់ជនជាប់ចោទ»។
តំបន់ដីសម្បទានសង្គមកិច្ចនៅតំបន់តេជោអភិវឌ្ឍន៍មានទំហំជាង ១.២៨០ហិកតារ គ្របដណ្ដប់ពាក់កណ្ដាលនៅភូមិតេជោក្បាលដំរី និងភូមិតេជោអន្លង់ក្មេងលេង។ អាជ្ញាធរខេត្តបញ្ជាក់ថា ពលរដ្ឋនៅភូមិតេជោក្បាលដំរី ត្រូវបានបែងចែកជាពីរក្រុម គឺអ្នកនៅក្រៅដីសម្បទានសង្គមកិច្ច និងអ្នកនៅក្នុងដីសម្បទានសង្គមកិច្ច។ ពលរដ្ឋដែលនៅក្រៅដីសម្បទានសង្គមកិច្ចជិត ១ពាន់គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ ដោយឡែកពលរដ្ឋនៅក្នុងដីសម្បទានសង្គមកិច្ចប្រមាណ ២០០គ្រួសារ អាជ្ញាធរអះអាងថា កំពុងរកដំណោះស្រាយជូនពួកគាត់៕
Subscribe to:
Post Comments (Atom)
1 comment:
I have listened almost all of Khem Veasna's speeches.
Most of his concepts are right, but they will benefit only Yuon and its puppet Hun Sen to stay in power.
For instance: The CPP is in power. Khem Veasna attacks both the CPP and the CNRP. Realistically, the only party who has a good chance to topple the CPP in this next election is the CNRP. So, attacking and weakening the CNRP is not a good strategy for Cambodia's survival.
Khem Veasna's ideas will serve Cambodia well if Cambodia is not controlled by Yuon.
The proper steps to save Cambodia is uniting to get rid of the Yuon slave party CPP first, then implementing Khem Veasna's concepts later.
In brief, Khem Veasna's ideas are right but cannot apply because of the wrong time (Yuon will not let Khem Veasna's ideas penetrate Khmer society).
The LDP party should slow down its attacks on its counterpart CNRP in order to stop the CPP from winning this next election. We need to win step by step.
Bun Thoeun
Post a Comment