Monday, 4 September 2017

សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា


ដោយ យ៉ង ចាន់តារា
2017-09-03

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth



សហគមន៍​អន្តរជាតិ​ថ្កោលទោស​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា យ៉ាង​តក់ក្រហល់ ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ សហគមន៍​អន្តរជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​មាន​សេរីភាព​វិញ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​សកម្មជន​ដើម្បី​ធានា​បាន​នូវ​បរិយាកាស​នយោបាយ​ល្អ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។



​ក្រោយ​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទាំង​កណ្ដាល​អធ្រាត្រ​នោះ សហគមន៍​អន្តរជាតិ​បាន​ចេញ​មុខ​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ជា​បន្តបន្ទាប់ ថា​ជា​ការ​វាយ​ប្រហារ​សេរីភាព​ខាង​នយោបាយ និង​ជា​ការ​រំលោភ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ។

​ប្រធាន​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​ជា​សមាជិកសភា​ម៉ាឡេស៊ី (Malaysia) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែង​នៅ​ក្នុង​សារ​អេឡិចត្រូនិក ឬ​អ៊ីម៉ែល នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ គឺ​ជា​ការ​បង្ក្រាប​ដល់​កម្រិត​ប្រកាស​អាសន្ន​ថ្មី​មួយ​ទៀត ដោយ​គណបក្ស​កាន់​អំណាច។

លោក​បន្ត​ថា ខណៈ​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​វា​ច្បាស់​ណាស់​ថា គ្មាន​អ្វី​ក្រៅ​ពី​រឿង​ប៉ុនប៉ង​កម្ចាត់​បក្ស​ប្រឆាំង​មុន​ពេល​យុទ្ធនាការ​បោះឆ្នោត​ចាប់​ផ្ដើម​នោះ​ទេ៖ "ជា​ច្រើន​ខែ​មក​នេះ យើង​សង្កេត​ឃើញ​ថា បំណង​កម្ចាត់​បក្ស​ប្រឆាំង​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ កាន់​តែ​រីក​ធំ​ឡើង​ជា​លំដាប់ ប៉ុន្តែ​ពេល​នេះ​វា​បាន​លេចចេញ​មក​ហើយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិត​ជា​ខ្លាច​អ្វី​ដែល​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ ហេតុ​ដូច្នេះ​គាត់​នឹង​មិន​ផ្ដល់​ឱកាស​សម្រាប់​ការ​ប្រកួត​ប្រជែង​សូម្បី​តែ​បន្តិច។ ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​គាត់ ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ជា​ការ​មាក់ងាយ​នីតិរដ្ឋ។ លោក កឹម សុខា គួរ​តែ​ត្រូវ​បាន​ដោះលែង​ភ្លាមៗ និង​ដោយ​ឥត​លក្ខខណ្ឌ។ ប្រសិនបើ​សហគមន៍​អន្តរជាតិ ជាពិសេស​ម្ចាស់​ជំនួយ​ធំៗ មិន​ហើប​មាត់ និង​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​ទេ​នោះ មាន​ន័យ​ថា ពួកគេ​កំពុង​ចូល​ដៃ​ប្រែក្លាយ​កម្ពុជា ឱ្យ​ទៅ​ជា​ប្រទេស​ផ្ដាច់ការ​យ៉ាង​ពេញ​ទំហឹង"។

​ចំណែក​សមាជិកសភា​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal)  វិញ ថ្លែង​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ប្រជាជន​កម្ពុជា ត្រូវ​ឆ្លង​កាត់​ព្យុះ​បោកបក់​ដ៏​ខ្លាំង​មួយ​ទៀត​ហើយ ជាមួយ​នឹង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ដោយ​រដ្ឋាភិបាល​កម្ពុជា។

លោក​បន្ត​ថា ចលនា​ប្រឆាំង​នឹង​ប្រជាធិបតេយ្យ​បែប​នេះ គឺ​នៅ​តែ​ជា​មធ្យោបាយ​វាយ​ប្រហារ​សេរីភាព​នយោបាយ​ដោយ​របប​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន ក្នុង​គោលបំណង​កាត់​ផ្ដាច់​សេរីភាព​ខាង​នយោបាយ​ពី​ប្រជាពលរដ្ឋ​កម្ពុជា៖ "​វា​គឺ​ជា​ក្ដី​ព្រួយ​បារម្ភ​ដ៏​ធំ​របស់​សហគមន៍​អន្តរជាតិ ដែល​ថា​លោក ហ៊ុន សែន គ្មាន​បំណង​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ។ ប្រជាពលរដ្ឋ​កម្ពុជា ស៊ូទ្រាំ​រស់​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ជាង​បី​ទសវត្សរ៍​ទៅ​ហើយ ដូច្នេះ​ពួកគេ​សក្ដិសម​នឹង​ទទួល​បាន​នូវ​សិទ្ធិ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ចំពោះ​ការសម្រេច​ជោគវាសនា​ជាតិ​ដោយ​ខ្លួន​ឯង។ សំឡេង​របស់​ពលរដ្ឋ​កម្ពុជា ត្រូវ​បាន​គេ​បំបិទ។ សហរដ្ឋអាមេរិក មិន​អាច​អង្គុយ​ឱប​ដៃ​មើល​ការ​ជាន់​ឈ្លី​រដ្ឋធម្មនុញ្ញ​កម្ពុជា បែប​នេះ​ឡើយ”។

​លោក​អះអាង​ថា លោក​នឹង​បន្ត​ការ​តស៊ូ​មតិ​លើ​រឿង​នេះ តាម​រយៈ​ក្រសួង​ការបរទេស​អាមេរិក សេត​វិមាន និង​តាម​រយៈ​អង្គការ​សហប្រជាជាតិ ដើម្បី​បញ្ឈប់​ការ​រំលោភ​បំពាន​ទាំង​នេះ និង​ធានា​ឱ្យ​បាន​នូវ​សិទ្ធិ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ មិន​ឱ្យ​សិទ្ធិ​នេះ​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ប្រជាពលរដ្ឋ​កម្ពុជា នោះ​ឡើយ។


ទិដ្ឋភាព​ខាង​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៧។ RFA/Leng Maly ​


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ដីកា​ពី​តុលាការ​ឡើយ ដោយ​អាជ្ញាធរ​អះអាង​ថា វា​ជា​បទល្មើស​ជាក់ស្ដែង ដោយ​សម្អាង​ទៅ​លើ​វីដេអូ​ឃ្លីប​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ​២០១៤ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​ដោយសារ​ព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នៅ​យប់​ថ្ងៃ​ទី​២ ខែ​សីហា ដោយ​មាន​រូប​លោក កឹម សុខា កំពុង​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី។

ក្នុង​វីដេអូ​នោះ លោក កឹម សុខា បាន​រៀបរាប់​ពី​ការ​តស៊ូ​រយៈពេល​ជាង ២០​ឆ្នាំ​របស់​លោក​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ និង​ជា​ការ​សន្សំ​ការ​តស៊ូ​ជា​យូរ​ណាស់​មក​ហើយ ហើយ​ថា ការ​ដែល​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ក្រោយ​ការ​បោះ​ឆ្នោត​នោះ គឺ​កើត​ឡើង​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​អ្នក​ប្រឆាំង ដោយ​មាន​អ្នក​ជំនាញ និង​សាស្ត្រាចារ្យ​ពី​ប្រទេស​ប្រជាធិបតេយ្យ ដូច​សហរដ្ឋអាមេរិក ជួយ​ផ្ដល់​យោបល់។ ក៏ប៉ុន្តែ​ថា តើ​សំឡេង​នោះ​ជា​សំឡេង​កាត់​ត ឬ​យ៉ាង​ណា​នោះ? អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​បញ្ជាក់​ពី​លោក កឹម សុខា បាន​នៅ​ឡើយ ព្រោះ​លោក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ជា​ជន​ក្បត់​ជាតិ ហើយ​លោក​ក៏​បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​ក្រុម​បាតដៃ​ទី​បី​ផង​ដែរ៖ «»។

​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ ក៏​បាន​ព្រមាន​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​កុំ​ឱ្យ​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍​ករណី​នេះ ព្រោះ​វា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា។

ក៏​ប៉ុន្តែ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​នេះ ត្រូវ​បាន​លោក ប្រ៊ែដ អាដាម (Brad Adams) ដែល​ជា​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រតិកម្ម​តប​វិញ​ថា អ្នក​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​​អំពើ​ក្បត់​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​គ្នា​ជាមួយ​បរទេស​នោះ គឺ ហ៊ុន សែន ខ្លួន​ឯង​ទៅ​វិញ​ទេ ព្រោះ​លោក​បាន​ពឹង​ពាក់​ប្រទេស​វៀតណាម និង​ចិន ដើម្បី​កាន់​អំណាច និង​បន្ត​កាន់​អំណាច​ដល់​ពេល​បច្ចុប្បន្ន៖ "យើង​ទាំង​អស់​គ្នា សុទ្ធតែ​ដឹងឮ​គ្រប់​គ្នា​ថា លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាច​ពី​ដំបូង ដោយសារ​រដ្ឋាភិបាល​វៀតណាម ជា​អ្នក​លើក​បន្តុប ហើយ​យើង​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន ពឹង​វៀតណាម និង ចិន ដើម្បី​បន្ត​កាន់អំណាច​តាំង​ពី​ដើម​រហូត​ដល់​សព្វថ្ងៃ​នេះ។ ដូច្នេះ ខ្ញុំ​គិត​ថា បើ​គាត់​ឆ្លាត គាត់​គួរ​រិះរក​បទ​ចោទ​ណា​ឲ្យ​វា​ទំនង​ជាង​នេះ ដើម្បី​ចោទ​លោក កឹម សុខា។ បើ​ចោទ​បែប​នេះ គឺ​មិន​ខុស​អី​ពី​ចោទ​ខ្លួន​ឯង​នោះ​ទេ"។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​ថ្កោលទោស​លោក ហ៊ុន សែន និង​កោះ​ហៅ​ឯកអគ្គរាជទូត​កម្ពុជា ឲ្យ​ពន្យល់​ពី​សកម្មភាព​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​បន្ត​ថា អស់​រយៈពេល ៣៣​ឆ្នាំ​ហើយ​ដែល​លោក ហ៊ុន សែន ប្រើ​អំពើ​ហិង្សា ការ​គំរាមកំហែង ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ប្រើប្រាស់​តុលាការ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ហើយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​លោក ហ៊ុន សែន បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើងៗ។

​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ​ដែរ មន្រ្តី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក អារ៉េនដ៍ ស្វតចិស្ស (Arend Zwartjies) បាន​ថ្លែង​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (Email) នៅ​ថ្ងៃ​ទី​៣ កញ្ញា ថា ស្ថានទូត​មាន​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​គួរ​ឱ្យ​គោរព​ម្នាក់។ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ចោទ​ប្រកាន់​មួយ​ក្នុង​ចំណោម​ការ​ចោទ​ប្រកាន់​ដទៃ​ទៀត ដែល​ឆ្លុះ​បញ្ចាំង​ពី​រឿង​នយោបាយ។

​ចំណែក​អ្នកនាំពាក្យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) វិញ បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី ថា អ្នកស្រី​បាន​ទាក់ទង​ទៅ​សហការី​រួច​រាល់​ហើយ​អំពី​ករណី​នេះ ហើយ​ខាង​អ្នកស្រី​នឹង​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៕

1 comment:

Anonymous said...

Who really is Khmer traitor?

In the 1980s, the government of Penn Sovann fiercely defied Yuon's orders and protected Cambodia's interest.

Hun Sen colluded with Yuon to topple Penn Sovann.

That was an act of treason.

Therefore, Ah Kouk Hun Sen should arrest himself.

Ah Runteas Banh Hun Sen Euy !! Khmer people have had enough of you Ah Choy Marai !!


93 Years Old Woman