Sunday, 29 April 2018

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ប្រមូល​ស្នាម​មេដៃ​សមាជិក​ខ្លួន​ថ្វាយ​ព្រះមហាក្សត្រ និង​ជូន​អ.ស.ប


ដោយ អាស៊ីសេរី
2018-04-29
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ពេល​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ពេល​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo Provided




តំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រឆាំង​ម្នាក់ គ្រោង​អញ្ជើញ​សមាជិក​រដ្ឋសភា និង​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ របស់​គណបក្ស​សង្គ្រោះជាតិ ផ្ដិតមេដៃ​ដាក់ថ្វាយ​ព្រះមហាក្សត្រ និង​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើសុំ​ឲ្យ​អន្តរាគមន៍​ឲ្យ​ពួកគេ មាន​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។ អ្នកវិភាគ​យល់ថា សកម្មភាព​ប្រមូល​ស្នាម​មេដៃ​នេះ ជា​មធ្យោបាយ​ល្អ ប៉ុន្តែ អាច​មិន​មាន​ប្រសិទ្ធភាព ដោយសារ​របប​ក្រុងភ្នំពេញ ហើយ​ករណី​បក្ស​ប្រឆាំង តុលាការ​កំពូល​មិនបាន​អនុវត្ត​តាម​ច្បាប់​ទេ គឺជា​រឿង​នយោបាយ។

តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្ត​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​ថា មក​ដល់​ថ្ងៃ​ទី​២៩ មេសា​នេះ មាន​រយៈពេល​ជាង​កន្លះ​ខែ​ហើយ ដែល​មន្ត្រី​ខាង​ព្រះបរមរាជវាំង​មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​លោក ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ដើម្បី​ទម្លាក់​ចោល​បម្រាម​ហាម​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ១១៨​រូប ដែល​របប​លោក​ហ៊ុន សែន ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​នោះ។

លោក អ៊ូ ច័ន្ទរ័ត្ន បន្ត​ថា​មន្ត្រី​ព្រះបរមរាជវាំង​បាន​ប្រាប់​លោក​ថា សំណើ​ដែល​លោក​បាន​ដាក់​ថ្វាយ​ព្រះមហាក្សត្រ តាម​ផ្លូវ​ច្បាប់ គឺ​ព្រះមហាក្សត្រ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​នាយករដ្ឋមន្ត្រី​ពិនិត្យ​សិន ហេតុនេះ ទើប​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នឹង​សំណើ​នេះ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប្រាប់​ថា បើ​ទោះ​ជា​ព្រះ​រាជតម្រិះ​របស់​ព្រះមហាក្សត្រ​សម្រេច​បែប​ណា​ក៏​លោក រង់ចាំ​ទទួល​ការ​ឆ្លើយតប​វិញ​ដែរ។ ប៉ុន្តែ លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​ដឹង​ថា ជំហាន​បន្ត លោក​នឹង​អាច​អញ្ជើញ​ក្រុម​អ្នកតំណាងរាស្ត្រ និង​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ របស់​គណបក្ស​សង្គ្រោះជាតិ ដែល​រងគ្រោះ ដោយ​ការ​ដកហូត​តំណែង នាំគ្នា​ផ្ដិតមេដៃ​ថ្វាយ​ព្រះមហាក្សត្រ និង​អង្គការសហប្រជាជាតិ សហគមន៍​អន្តរជាតិ ឲ្យ​បាន​ដឹងឮ។ ទោះ​យ៉ាង​ណា លោក អ៊ូ ច័ន្ទរ័ត្ន ថា លោក​មិន​ចង់​ស្វែងរក​កិច្ច​អន្តរាគមន៍ ពី​អន្តរជាតិ​ទេ ដោយ​លោក​ចង់​ឃើញ​មានការ​សម្របសម្រួល​វាង​ខ្មែរ​និង​ខ្មែរ ដើម្បី​កុំ​ឲ្យ​អន្តរជាតិ​មើលងាយ។ «»

លោក អ៊ូ ច័ន្ទរ័ត្ន និង​តំណាងរាស្ត្រ​មួយ​ចំនួន​ទៀត របស់​គណបក្ស​សង្គ្រោះជាតិ មិន​សុខ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​បានសម្រេច​ដកហូត​តួនាទី​ក្នុង​រដ្ឋសភា​របស់​ពួកគេ ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ពលរដ្ឋ​ទូទាំង​ប្រទេស។ ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​២​ដង​ហើយ ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​សើរើ​ឡើងវិញ ចំពោះ​ករណី​ដកហូត​តំណែង​ដែល​ពលរដ្ឋ​ផ្ដល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ប្រទេស មាន​តំណាងរាស្ត្រ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

លោក អ៊ូ ច័ន្ទរ័ត្ន ថា លោក​មិន​សុខចិត្ត​នឹង​ការសម្រេច​របស់​តុលាការ​កំពូល​ទេ ដោយសារ​ការ​កាត់ទោស​រំលាយ​បក្ស​ប្រឆាំង ហាមឃាត់​ថ្នាក់ដឹកនាំ ១១៨​នាក់​ឲ្យ​ឈប់​ធ្វើ​នយោបាយ និង​ការ​ដកតំណែង​ក្រុមប្រឹក្សា​របស់​បក្ស​ប្រឆាំង​ទូទាំង​ប្រទេស ធ្វើ​ឡើង​ក្នុងពេលដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់ពន្ធនាគារ និង​មិន​មាន​លទ្ធភាព​តតាំង​តាម​ផ្លូវ​តុលាការ​បាន។ តំណាងរាស្ត្រ​រូប​នេះ បញ្ជាក់​ទៀត​ថា ការ​មិន​ដាក់​មេធាវី​ការពារ​ការ​រំលាយ​របស់​គណបក្ស ធ្វើឡើង​ដោយ​ថ្នាក់ដឹកនាំ​កំពូល​របស់​បក្ស​ប្រឆាំង ប៉ុន្តែ ការ​កាត់​ក្ដី​ហាមឃាត់​បុគ្គល ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួកគេ ដូច្នេះ​ត្រូវតែ​មាន​ការ​សើរើ​កាត់ក្ដី​ឡើងវិញ ចំពោះ​ករណី​បំបិទ​សិទ្ធិ​រូបវន្ត​បុគ្គល​ក្នុង​ការ​ធ្វើ​នយោបាយ។

រដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល ត្រង់​មាត្រា​៣៤​ថ្មី និង​មាត្រា​៣៥ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ។

ក្រៅពី​អ្នកនយោបាយ​នៅ​បក្ស​ប្រឆាំង សម្រាប់​អ្នកនយោបាយ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​ធ្លាប់​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​តុលាការ​កំពូល​ក្នុង​របប​ក្រុងភ្នំពេញ ដែល​សម្រេច​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់​ដែរ។

ប៉ុន្តែ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​សម្រាប់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ទាំងនេះ ដោយសារ​ភ័យខ្លាច​ពួកគេ​ប្រមូល​កម្លាំង ទៅ​ជ្រក​ក្រោម​ស្លាក​គណបក្ស​នយោបាយ​ផ្សេង ដែល​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ មិន​អាច​ឲ្យ​លោក អាច​បន្ត​ក្រាញ​អំណាច​អស់​មួយ​ជីវិត​បាន។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា ករណី​រំលាយ​បក្ស​ប្រឆាំង ហាមឃាត់​ថ្នាក់ដឹកនាំ​ធ្វើ​នយោបាយ ៥​ឆ្នាំ និង​ការរំលោភ​ឆន្ទៈ​រាស្ត្រ​កន្លងមក គឺ​តុលាការ​កំពូល​បាន​ប្រព្រឹត្តិ​ខុសច្បាប់ ដូច្នេះ​ក្នុង​ផ្លូវច្បាប់ ព្រះមហាក្សត្រ​មាន​ព្រះរាជ​សិទ្ធិ​ឲ្យ​សើរើ​កាត់ក្ដី​ឡើងវិញ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា គម្រោង​របស់​លោក អ៊ូ ច័ន្ទ​រ័ត្ន ក្នុង​ការ​ប្រមូល​ស្នាម​មេដៃ​សុំ​ព្រះរាជ​អន្តរាគមន៍ ពី​ព្រះមហាក្សត្រ និង​សហគមន៍​អន្តរជាតិ មិន​ខុសច្បាប់​ទេ ប៉ុន្តែ លទ្ធផល​ជោគជ័យ​ឬ​យ៉ាងណា មិន​អាច​សន្និដ្ឋាន​បាន​ទេ ព្រោះ​របប​លោក ហ៊ុន សែន មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា។ «»

លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា ការ​មិន​ដាក់​មេធាវី​ការពារ​ក្ដី​សំណុំរឿង​រំលាយ​បក្ស​ប្រឆាំង ជា​តួនាទី​របស់​មេដឹកនាំ​កំពូល​នៃ​បក្ស ប៉ុន្តែ​សម្រាប់​បណ្ដឹង​សើរើ ការ​ហាមឃាត់​សិទ្ធិ ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ចាំបាច់​ត្រូវតែ​សើរើ​ឡើងវិញ។ លោក អ៊ូ ច័ន្ទរ័ត្ន ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង​បាន​ចូលរួម ឬ​មិនបាន​ចូលរួម​បោះឆ្នោត​រដ្ឋសភា​អាណត្តិ​ទី​៦ ឬ​ក៏ បើ​ទោះ​ជា​អាច លោក​ទៅ​ធ្វើ​នយោបាយ​កន្លែង​ណា ក៏​នៅតែ​មាន​បេះដូង​ភក្ដីភាព​ជាមួយ​បក្ស​ប្រឆាំង ជាមួយ​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ដែរ៕

No comments: