Saturday 30 June 2018
HRW ជំរុញកម្ពុជាបើកការស៊ើបអង្កេត "ឧត្ដមសេនីយ៍បាតដៃកខ្វក់១២រូប" របស់លោក ហ៊ុន សែន
ដោយ មាន ឫទ្ធិ
2018-06-27
rfa
រូបភាពគម្របខាងមុខនៃរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch)។
Photo: Printscreen
ក្រសួងការពារជាតិច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែនរ៉ាយ វ៉ច្ឆ (Human Rights Watch) ដែលចោទនាយឧត្ដមសេនីយ៍ក្នុងជួរកងកម្លាំងសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន១២រូបថា មានបាតដៃកខ្វក់ រំលោភសិទ្ធិមនុស្ស។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទើបតែបានចេញផ្សាយនូវរបាយការណ៍ថ្មីសន្លាងមួយ ស្ដីពី «បុគ្គលនាយឧត្ដមសេនីយ៍មានបាតដៃកខ្វក់១២រូបរបស់កម្ពុជា៖ ប្រវត្តិរំលោភសិទ្ធិមនុស្សដ៏យូរអង្វែងនៃនាយឧត្ដមសេនីយ៍របស់លោក ហ៊ុន សែន»។ របាយការណ៍ថ្មីនេះ លាតត្រដាងឲ្យឃើញថា កម្ពុជាកាន់តែប្រែក្លាយទៅរករបបផ្ដាច់ការ និងការដឹកនាំបែបឯកបក្ស ដោយសារតែនាយឧត្ដមសេនីយ៍មានបាតដៃកខ្វក់ទាំង១២រូប ក្នុងជួរកងកម្លាំងសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាខ្នងបង្អែកនៃរបបនយោបាយមួយពោរពេញទៅដោយអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងមានចរិតផ្ដាច់ការនិយម។ អង្គការនេះ ជំរុញឲ្យបញ្ឈប់ជាបន្ទាន់នូវវប្បធម៌និទ្ទណ្ឌភាព តាមរយៈការបើកការស៊ើបអង្កេតលើឧត្ដមសេនីយ៍បាតដៃកខ្វក់ទាំង១២រូបរបស់លោក ហ៊ុន សែន នេះ ដើម្បីយកពួកគេទៅកាត់ទោសតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិ។
បុគ្គលមានបាតដៃកខ្វក់១២រូបរបស់កម្ពុជា គឺជាឈ្មោះថ្មីដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ប្រសិទ្ធិនាមឲ្យនាយឧត្ដមសេនីយ៍គ្រាក់ៗ និងជាមនុស្សជំនិតៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អង្គការនេះ រកឃើញថា នាយឧត្ដមសេនីយ៍គ្រាក់ៗទាំង១២រូបនេះ សុទ្ធតែជាក្រុមបុគ្គលដែលមានជាប់ជំពាក់ក្នុងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពួកគេបានប្រព្រឹត្តិចាប់តាំងពីទសវត្សរ៍ទី៧០ រហូតមកទល់បច្ចុប្បន្ននេះ។
បុគ្គលមានបាតដៃកខ្វក់១២រូបរបស់កម្ពុជានេះ នៅពុំទាន់មាននៅឡើយទេ ឈ្មោះកូនប្រុសទាំងបីនាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមានកូនប្រុសទី១ គឺឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក កូនប្រុសទី២ ឧត្ដមសេនីយ៍ឯកផ្កាយមាស ៣ ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងកូនប្រុសពៅ គឺវរៈសេនីយ៍ឯក ហ៊ុន ម៉ានី ដែលជានាយទាហានការពារផ្ទាល់ នៃបញ្ជាការដ្ឋានកងអង្គរក្សរបស់លោក ហ៊ុន សែន។
របាយការណ៍កម្រាស់២២៣ទំព័រ របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទើបនឹងចេញផ្សាយនៅថ្ងៃទី២៨ មិថុនា នេះ ចង្អុលបង្ហាញថា នាយឧត្ដមសេនីយ៍របស់លោក ហ៊ុន សែន ល្បីនៅលើឆាកអន្តរជាតិថា មានបាតដៃប្រឡាក់ឈាមទាំងនោះ រួមមាន៖
១) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
២) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ
៣) នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៤) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
៥) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤
៦) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងយោធភូមិភាគទី៥
៧) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២
៨) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ចាប ភក្តី នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១
៩) ឧត្ដមសេនីយ៍ឯកផ្កាយមាស៣ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ
១០) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកអន្តោប្រវេសន៍
១១) នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន
១២) នាយឧត្ដមសេនីយ៍ផ្កាយមាស៤ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
របាយការណ៍ដដែលនេះ រកឃើញថា ភាគច្រើននៃនាយឧត្ដមសេនីយ៍របស់លោក ហ៊ុន សែន ទាំង ១២ នាក់នេះ សុទ្ធតែបានជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់កម្លាំងមិនចាំបាច់ ជ្រុលហួសហេតុ ដែលពេលខ្លះបណ្ដាលឲ្យស្លាប់ក្រុមអ្នកតវ៉ា អំពីការបោះឆ្នោតដែលមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ អំពីការរឹបអូសដីធ្លី ការរំលោភសិទ្ធិការងារ អំពីការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ជាដើម។ ក្រៅពីនេះ បុគ្គលទាំងនេះ ភាគច្រើន ក៏ពាក់ព័ន្ធនឹងការរំលោភបំពានដែលមិនមែនជារឿងនយោបាយ ប្រឆាំងនឹងពលរដ្ឋធម្មតា ដូចជាការរឹបអូសដីធ្លីដោយរំលោភបំពាន ការសម្លាប់ ការធ្វើទារុណកម្ម និងការឃុំឃាំងតាមអំពើចិត្ត ប្រព្រឹត្តិតាំងពីសម័យខ្មែរក្រហម សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សម័យរដ្ឋកម្ពុជា សម័យអ៊ុនតាក់ (UNTAC) សម័យរដ្ឋាភិបាលអន្តរកាល សម័យព្រះរាជាណាចក្រកម្ពុជាទី២ រួចបន្តរហូតមកទល់បច្ចុប្បន្ន។
របាយការណ៍ចង្អុលបង្ហាញថា ឧត្ដមសេនីយ៍ពីររូប ដែលមានកំណត់ត្រាពីការរំលោភសិទ្ធិមនុស្សយូរជាងគេ គឺលោក ប៉ុល សារឿន និងលោក គន់ គីម ពោលគឺតាំងពីសម័យខ្មែរក្រហមមកម្ល៉េះ។ បុគ្គលទាំងពីរគឺជាសមាជិកនៃកងសន្តិសុខយោធាបក្សកុម្មុយនិស្តកម្ពុជារបស់ ប៉ុល ពត ដែលកាលនោះ លោក ប៉ុល សារឿន ហៅ ម៉ម វុន ជាអនុលេខា នៃសេនាធិការយោធាភូមិភាគបូព៌ា ដែលគ្រប់គ្រងលើមន្ទីរសន្តិសុខតំបន់ ឈ្មោះ ស-៧៩ ចំណែកឯលោក គន់ គីម ជាប្រធានមន្ទីរសន្តិសុខស្រុកត្បូងឃ្មុំ នៃតំបន់ ២១។
ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បុគ្គល ១០រូប ក្នុងចំណោមឧត្ដមសេនីយ៍ទាំង ១២រូបនេះ មានជាប់ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយដាក់គុកទូទាំងប្រទេសដោយគ្មានការចោទប្រកាន់ ឬជំនុំជម្រះ និងប្រព័ន្ធធ្វើទារុណកម្មអ្នកជាប់ឃុំផ្នែកនយោបាយរាប់ពាន់នាក់ ព្រមទាំងអំពើប្រយុទ្ធប្រឆាំងនឹងចលនាអ្នកតស៊ូមិនមែនកុម្មុយនិស្តផ្សេងទៀត ដែលគេស្គាល់ ថា រណសិរ្សរួបរួមជាតិកម្ពុជា ដើម្បីឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការ ហៅកាត់ថា ហ៊្វុនស៊ិនប៉ិច (FUNCINPEC)។ ជនជាប់ឃុំទាំងនោះជាច្រើននាក់ បានស្លាប់ដោយសារការធ្វើបាប និងស្ថានភាពឃុំឃាំងដ៏អាក្រក់ហួសប្រមាណទាំងនោះ។ អំពើរំលោភបំពាននានា ត្រូវក្រុមឧត្តមសេនីយ៍ទាំងនោះ ប្រព្រឹត្តិឡើងដើម្បីបង្ក្រាបក្រុមអ្នកងើបតវ៉ាមិនពេញចិត្តនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយមានវៀតណាមជាខ្នងបង្អែកផង។
ដោយឡែក កាលពីសម័យអ៊ុនតាក់ បុគ្គលទាំង ១២ រូបនេះ បានពាក់ព័ន្ធច្រើនក្នុងអំពើហិង្សានយោបាយរបស់រដ្ឋកម្ពុជា ដែលរាប់ទាំងឃាតកម្មនយោបាយ សំដៅគណបក្ស ហ៊្វុនស៊ិនប៉ិច និងអ្នកនយោបាយប្រឆាំងអហិង្សាផ្សេងទៀត។ បុគ្គលទាំង១២រូបនោះ ជាអ្នកទទួលខុសត្រូវ ចំពោះព្រឹត្តិការណ៍សម្លាប់អ្នកនយោបាយប្រឆាំងចំនួន ៣៩ករណី ដែលបានធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្សចំនួន ៤៦នាក់ និងការសម្លាប់ ២៥នាក់ផ្សេងទៀត។ នៅមានករណីរំលោភបំពានរបស់រដ្ឋកម្ពុជា ដែលប្រព្រឹត្តិដោយបុគ្គលទាំងនោះ រាប់រយករណីទៀត រួមមានការបាត់ខ្លួនដោយបង្ខំ និងការធ្វើទារុណកម្មផង ដែលនេះនៅមិនទាន់រាប់ចំនួនករណីរំលោភបំពាន ដែលអ៊ុនតាក់ មិនអាចស៊ើបអង្កេតបានគ្រប់ករណីផង។
របាយការណ៍ឲ្យដឹងទៀតថា គិតចាប់ពីសម័យអ៊ុនតាក់រហូតមកទល់ពេលបច្ចុប្បន្ន ភាគច្រើននៃបុគ្គលទាំង ១២ រូប បានជាប់ពាក់ព័ន្ធនឹងអំពើហិង្សានយោបាយពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាពិសេស លោក គន់ គីម លោក ចាប ភក្ដី លោក ជា ម៉ន លោក ប៊ុន សេង លោក ជឿន សុវណ្ណថា លោក នេត សាវឿន និងលោក សៅ សុខា។ ភាគច្រើននៃបុគ្គលទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងរដ្ឋប្រហារបង្ហូរឈាមដឹកនាំដោយលោក ហ៊ុន សែន នៅថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ ១៩៩៧ ប្រឆាំងព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ និងគណបក្ស ហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គ។ រដ្ឋប្រហារនេះ បានសម្លាប់សមាជិកដែលមានភក្ដីភាពបំផុត ចំពោះគណបក្សរាជានិយម ជាង ១០០នាក់ ខណៈក្នុងហេតុការណ៍នោះ មានមនុស្សរាប់សិបនាក់ ត្រូវគេប្រហារជីវិតភ្លាមៗ ព្រមទាំងករណីឃាតកម្ម និងបាត់ខ្លួន ក្រោយរដ្ឋប្រហារ។
ក្រោយសម័យរដ្ឋប្រហារ គណបក្សកាន់អំណាចបន្តត្រួតត្រា និងកាន់អំណាច តាមរយៈការរៀបចំដំណើរការបោះឆ្នោតក្លែងក្លាយជាបន្តបន្ទាប់នៅឆ្នាំ ២០០៣ ២០០៨ និងឆ្នាំ២០១៣។ បុគ្គលទាំង១២រូបនោះ ជាអ្នកនៅពីក្រោយការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការចាប់ខ្លួន ការវាយដំ ការយាយីរំខាន និងការបំភិតបំភ័យ មកលើក្រុមអ្នកតវ៉ា ឬក្រុមអ្នករិះគន់របបលោក ហ៊ុន សែន ជាច្រើននាក់ ដូចជាអ្នកនយោបាយគណបក្សប្រឆាំង បុគ្គលិកសិទ្ធិមនុស្ស សកម្មជនសិទ្ធិការងារ សកម្មជនដីធ្លី បរិស្ថាន អ្នកកាសែត អ្នកសរសេរប្លុក (blogger) និងមនុស្សមួយចំនួនផ្សេងទៀត ដែលបញ្ចេញមតិទស្សនៈរបស់ខ្លួនតាមអនឡាញ (Online) ជាដើម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ គូសបញ្ជាក់ដោយត្រង់ៗថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា (CPP) បានទទួលប្រយោជន៍ជាច្រើនពីការគាំទ្រយ៉ាងច្បាស់ឥតសង្ស័យពីក្រុមមន្ត្រីក្នុងជួរកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ទាំង១២រូបនេះ ដើម្បីកម្ចាត់ចោលរាល់សមាសភាពប្រឆាំង និងរម្លាយគណបក្សប្រឆាំងធំមួយយ៉ាងមានប្រសិទ្ធភាព ក្នុងគោលបំណងធានានូវជ័យជម្នះរួចជាស្រេច នៅក្នុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។
លោក ប៊្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ មានប្រសាសន៍ ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី២៨ មិថុនានេះ ថា កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានបង្កើតក្រុមមន្ត្រីសន្តិសុខស្នូល ដ៏សាហាវឃោរឃៅមួយក្រុម សម្រាប់អនុវត្តបទបញ្ជារបស់គាត់។ លោកថា ក្រុមឧត្ដមសេនីយ៍កម្ពុជាទាំងនេះ បានបង្ហាញឱ្យឃើញច្បាស់ជាបណ្ដើរៗហើយ តាមរយៈយុទ្ធនាការ ដោយចំហគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនការបោះឆ្នោតខែកក្កដាមកដល់ ដូចជាពួកគេពាក់ព័ន្ធនឹងការបង្ក្រាបអ្នកកាសែត អ្នកនយោបាយប្រឆាំង និងអ្នកតវ៉ាប្រឆាំងរបបលោក ហ៊ុន សែន ជាដើម។
បន្ថែមពីលើនេះ លោក ប៊្រែដ អាដាម ប្រាប់អាស៊ីសេរីនៅប៉ុន្មានម៉ោងមុនការចេញផ្សាយ របាយការណ៍នេះបន្តិចថា «លោក ហ៊ុន សែន នឹងទទួលរងនូវភាពអាម៉ាស់ជាទីបំផុតដោយសារតែរបាយការណ៍នេះ។ ខ្ញុំរំពឹងថា នឹងទទួលបាននូវប្រតិកម្មជាអវិជ្ជមានខ្លាំងក្លា ដូចដែលលោក ហ៊ុន សែន ធ្លាប់បានធ្វើកាលពីពេលអតីតកាល»។ លោកបន្តថា «លោក ហ៊ុន សែន ត្រូវតែហ៊ានប្រឈមនឹងការពិត ពីព្រោះថា អ្នកដែលដឹងការពិតទាំងអស់នេះ គឺប្រជាពលរដ្ឋខ្មែរខ្លួនឯង។ ពលរដ្ឋខ្មែរទាំងអស់ដឹងច្បាស់ណាស់ថា បុគ្គលទាំងអស់នេះជានរណា បើទោះបីជាពួកគេមិនដឹងលម្អិតអំពីអ្នកទាំងអស់នោះក៏ដោយ។ ក៏ប៉ុន្តែ ពួកគេប្រាកដជាដឹងច្បាស់ណាស់ថា អ្នកណាជាអ្នកដឹកនាំប្រទេសឆ្ពោះទៅរកប្រព័ន្ធបែបផ្ដាច់ការ។ ពួកគេដឹងច្បាស់ណាស់ថា អ្នកណាជាអ្នកភ្ជង់កាំភ្លើងតម្រង់មករកពួកគេ។ ពួកគេដឹងច្បាស់ណាស់ថា អ្នកណាជាអ្នកលួចលុយជាតិរបស់ពួកគេ។ ពួកគេក៏នឹងដាក់ជាចម្ងល់ដែរថា ហេតុអ្វីបានជាក្រុមនាយឧត្ដមសេនីយ៍អស់ទាំងនេះ មានទ្រព្យសម្បត្តិអីក៏សម្បើមយ៉ាងនេះ? ហេតុអ្វីបានជាពួកគេមានទ្រព្យសម្បត្តិសម្បូរណ៍ហូរហៀរម្ល៉េះ ប្រសិនបើពួកគេគ្រាន់តែធ្វើការជាមន្ត្រីយោធា នគរបាល ឬកងរាជអាវុធហត្ថ ពេញមួយជីវិតយុវវ័យរបស់ពួកគេនោះ? តើប្រាក់ខែរដ្ឋ អាចឲ្យពួកគេ មានគេហដ្ឋានស្ដុកស្ដម្ភ រថយន្តទំនើបៗ និងមានប្រាក់តម្កល់នូវធនាគារបរទេសដែរឬ? ទាំងអស់នេះ គឺជាសំណួរដែលរបាយការណ៍នេះ ចោទសួរ ហើយខ្ញុំគិតថា វាអាស្រ័យទៅលើលោក ហ៊ុន សែន ខ្លួនឯង និងរបបរបស់លោកខ្លួនឯង ត្រូវតែផ្ដល់នូវចម្លើយដល់សំណួរទាំងនេះ»។
នាយឧត្ដមសេនីយ៍ផ្កាយមាស៤ សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកអន្តោប្រវេសន៍ ដែលមានឈ្មោះក្នុងចំណោមឧត្តមសេនីយបាតដៃកក្វក់ទាំង១២រូបក្នុងរបាយការណ៍នេះ បានព្យាយាមបដិសេធមិនផ្តល់ចម្លើយឲ្យអាស៊ីសេរី ដោយលោករុញឲ្យទៅទាក់ទងមន្ត្រីនាំពាក្យរបស់លោក គឺលោក កែវ វណ្ណថន ដែលទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។ ទោះជាយ៉ាងណា លោកសុខ ផល បានឆ្លើយដោយខ្លីយ៉ាងដូច្នេះ៖ «អា យូមែនរ៉ាយ វ៉ច្ឆ (Human Rights Watch) អាស៊ីសេរីហ្នឹង... ដាក់អីដាក់ទៅណាស់ ស្រេចខ្លួនឯងទេ។... លោកឯងខ្មែរដែរ ចេះគិតជាខ្មែរដែរខ្លះទេវ៉ី? អញឆ្ងល់ដែរអា! ហ្អែង គិតមនុស្សភាគច្រើន ឬភាគតិច? ... បានហើយ អញខ្ជិលនិយាយចូលណាស់!»
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បដិសេធមិនធ្វើអត្ថាធិប្បាយផ្ទាល់មាត់ទេ ជុំវិញករណីនេះ ដោយសារតែលោកជាប់រវល់ប្រជុំ៖ «ខ្ញុំប្រតិកម្មទៅតាមអ្វីដែលប្រកាសព័ត៌មានអស់ហើយ ប្រកាសព័ត៌មានក្រសួងការពារជាតិប្រកាសព្រឹកមិញហើយបាទ។ ខ្ញុំរវល់ធ្វើមីទីងនៅកន្លែងកងទ័ពនៅបាត់ដំបង។»
សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ ចុះថ្ងៃទី២៨ មិថុនា ច្រានចោលទាំងស្រុង និងមិនទទួលយកដាច់ខាតចំពោះការចោទប្រកាន់នៅក្នុងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ ដែលក្រសួងចាត់ទុកថាដោយប្រើពាក្យពេចន៍ធ្ងន់ៗថា ជារបាយការណ៍ប្រឌិតបែបឆ្កួតលីលា មានបង្កប់ឧបាយកលពិសពុល និងធ្វើឡើងតាមអំពើចិត្ត ក្នុងគោលបំណងញុះញង់ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមិនសមហេតុផល មកលើមន្ត្រីជាន់ខ្ពស់ទាំង១២រូប នៃកងកម្លាំងប្រដាប់អាវុធ។ ក្រសួងការពារជាតិ បានហៅទង្វើរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះថា ជាការរំលោភបំពានម្ដងហើយម្ដងទៀត មកលើអធិបតេយ្យ ឯករាជភាព និងនីតិរដ្ឋរបស់កម្ពុជា ដើម្បីបម្រើនយោបាយទុច្ចរិត របស់ជនបរទេសមួយចំនួន និងក្រុមអ្នកនយោបាយក្បត់ជាតិ ដែលបានប៉ុនប៉ងបង្កើតបដិវត្តពណ៌ និងបំផ្លិចបំផ្លាញដល់សន្តិភាព និងសេចក្ដីសុខរបស់ប្រជាពលរដ្ឋខ្មែរ។
អាស៊ីសេរី ក៏បានព្យាយាមសុំប្រតិកម្មពីឧត្ដមសេនីយ៍ដែលមានឈ្មោះដទៃទៀតក្នុងរបាយការណ៍នេះ តែទូរស័ព្ទរបស់ពួកលោក មិនអាចទាក់ទងបាន។
យ៉ាងណាក៏ដោយ លោក ប្រ៊ែដ អាដាម បញ្ជាក់ថា ដោយសារតែការជាប់ជំពាក់របស់ឧត្ដមសេនីយ៍ទាំង១២រូបនោះទៅនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនេះ របាយការណ៍នេះ នឹងក្លាយជាកំណត់ត្រា និងឯកសារដាក់បន្ទុកបន្ថែមទៀតចំពោះអ្នកទាំងនោះ ដែលអាចធ្វើឲ្យសំណុំរឿងបទឧក្រិដ្ឋរបស់ពួកគេ ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ យកទៅពិចារណាកាត់ទោសនៅថ្ងៃណាមួយនាពេលអនាគតជាក់ជាមិនខាន។
លោក ប្រ៊ែដ អាដាម សង្កត់ធ្ងន់ៗថា «ប្រសិនបើគេពិនិត្យមើលលក្ខន្តិកៈ ទីក្រុងរ៉ូម ដែលជាច្បាប់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ រាល់បទឧក្រិដ្ឋនានាដែលក្រុមនាយឧត្ដមសេនីយ៍ទាំងនោះបានប្រព្រឹត្ត គឺពិតជាមានចែងនៅក្នុងនោះ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ការខកខានរបស់រដ្ឋាភិបាលក្នុងការមិនកាត់ទោសក្រុមបុគ្គលទាំងនោះ ឲ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់ ក៏រាប់បញ្ចូលជាបទល្មើសនោះដែរ ពីព្រោះថាតុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងកោះហៅរដ្ឋាភិបាលទាំងឡាយណា ដែលមានចេតនា ឬមិនមានបំណងយកអ្នកដែលប្រព្រឹត្តិបទឧក្រិដ្ឋទាំងនោះ មកទទួលខុសត្រូវ»។
លោក ប្រ៊ែដ អាដាម ថា របបលោក ហ៊ុន សែន បានសម្ដែងឲ្យគេឯងឃើញយ៉ាងច្បាស់ថា ខ្លួនមិនអាច ហើយមិនមានបំណងដើម្បីធ្វើដូច្នោះឡើយ។ លោកថា គេអាចមើលឃើញថា គ្មានមន្ត្រីណាម្នាក់នៃក្រុមនាយឧត្ដមសេនីយ៍ទាំងនោះ ត្រូវបានគេកោះហៅឲ្យចេញមកទទួលខុសត្រូវឡើយ បើទោះបីជាភស្តុតាងបានបង្ហាញយ៉ាងច្បាស់ក្រឡែត ១០០ភាគរយក៏ដោយ ជាក់ស្ដែង ដូចករណីរដ្ឋប្រហារឆ្នាំ១៩៩៧ជាដើម។ លោកបន្តថា បើទោះបីជាលោកមិនគិតថា ពួកគេនឹងត្រូវតុលាការនេះកោះហៅនាពេលឆាប់ៗខាងមុខក៏ដោយ ក៏ប៉ុន្តែលោករំពឹងថា ថ្ងៃណាមួយ តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងមកគោះទ្វារផ្ទះលោក ហ៊ុន សែន និងមន្ត្រីបរិវាររបស់លោកទាំងនោះ ដើម្បីយកអ្នកទាំងនោះទៅកាត់ទោសតាមផ្លូវច្បាប់។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ប្រហែលជាមានមូលដ្ឋាន និងមានការស្រាវជ្រាវច្បាស់លាស់ ទើបបានជាអង្គការនេះ ហ៊ានបញ្ចេញរបាយការណ៍នេះ៖ «ជាការល្អដែរបើសិនជាមាសសុទ្ធ មិនខ្លាចភ្លើង អញ្ចឹងគឺអាចនឹងមានការធ្វើការស្រាវជ្រាវ ឬបង្ហាញនូវលទ្ធផលរបស់ខ្លួន ឬបង្ហាញនូវតម្លាភាព និងភាពយុត្តិធម៌សម្រាប់អ្នកទាំងអស់ហ្នឹង បើសិនជាមិនមានការពាក់ព័ន្ធទេ យើងបង្ហាញអំពីបញ្ហាតម្លាភាព និងយុត្តិធម៌សម្រាប់ពួកគាត់។ បញ្ហាទី២ ខ្ញុំថា នេះក៏ជាការចាប់ផ្ដើមហើយ។ យើងឃើញថា ពីមុនមកគឺសហរដ្ឋអាមេរិក មានការដាក់ទណ្ឌកម្មទៅលើលោក ហ៊ីង ប៊ុនហៀង ទាក់ទងនឹងការបង្កកទ្រព្យសម្បត្តិ ហើយក៏មានការឆ្លើយតបជាបន្តបន្ទាប់។ ហើយឥឡូវយើងឃើញថា យូមែនរ៉ាយ វ៉ច្ឆ (Human Rights Watch) គាត់លើកនូវបញ្ហាមួយចំនួនទៀត នេះក៏ជាគំរូមួយសម្រាប់ទៅដល់ ការអនុវត្តការងាររបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទៅក្រោយទៀត ធ្វើឲ្យគាត់មានការពិចារណាគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការអនុវត្តអ្វីមួយ កុំឲ្យមានការរិះគន់ ឬការថ្កោលទោសអីមួយ ឬក៏បញ្ហាបង្កកទ្រព្យសម្បត្តិអីទៀត។»
លោក អំ សំអាត គូសបញ្ជាក់ថា អង្គការលីកាដូរបស់លោក នឹងយករបាយការណ៍នេះ មកធ្វើការពិនិត្យ សិក្សា និងស្រាវជ្រាវបន្ថែម ជុំវិញបញ្ហានៃការរំលោភសិទ្ធិមនុស្សផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី មើលឃើញថា រៀងរាល់ករណីនៃអំពើឧក្រិដ្ឋកម្ម ឬការបង្កឲ្យមានអំពើហិង្សាផ្សេងៗ ចាំបាច់ត្រូវតែមានការស៊ើបអង្កេត មិនថាតែនៅក្នុងប្រទេសកម្ពុជា ឬនៅក្នុងប្រទេសណានោះទេ។ លោកថា៖ "បើសិនរបាយការណ៍ហ្នឹង ជារបាយការណ៍មួយដែលអាចយកជាការបាន ហើយច្បាស់លាស់ ថាតើនឹងមានយន្តការណាមួយសម្រាប់ការស៊ើបអង្កេតយ៉ាងណានោះ... តែបើសិនជាកិច្ចការនេះ នឹងប្រគល់មកឲ្យអាជ្ញាធរខ្មែរសម្រាប់ស៊ើបអង្កេត ខ្ញុំគិតថានឹងមិនមានអ្នកណានឹងធ្វើនោះទេ បាទ!"
របាយការណ៍បិទបញ្ចប់ ដោយជំរុញឲ្យមានការបើកការស៊ើបអង្កេតទៅលើក្រុមបុគ្គលដែលមានឈ្មោះក្នុងរបាយការណ៍នេះ ដើម្បីកាត់ទោសពួកគេតាមច្បាប់អន្តរជាតិ។ អនុសាសន៍សំខាន់មួយចំនួន ដាក់ចេញដោយរបាយការណ៍នេះ រួមមាន ការធ្វើកំណែទម្រង់ទាំងស្រុងលើវិស័យសន្តិសុខនៅកម្ពុជា ដើម្បីធានាឲ្យបាននូវកងកម្លាំងសន្តិសុខប្រកបដោយវិជ្ជាជីវៈ និងមានឯករាជ្យដាច់ស្រឡះពីការត្រួតត្រារបស់គណបក្សកាន់អំណាច ដែលពិតជាមានសារៈសំខាន់បំផុត ដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងបង្កើតបានស្ថាប័នប្រជាធិបតេយ្យពិតប្រាកដមួយ។ របាយការណ៍ ទាមទារឲ្យរដ្ឋាភិបាលដែលពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយដល់កម្ពុជា អង្គការសហប្រជាជាតិ និងតួអង្គដែលមានឥទ្ធិពលផ្សេងទៀត ពិចារណាដាក់ទណ្ឌកម្មតាមគោលដៅលើក្រុមបុគ្គលដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬមន្ត្រីទាំងនោះ ដូចជាការហាមប្រាមលើការធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ ជាដើម ដូចដែលសហរដ្ឋអាមេរិកបានដាក់ចេញមកលើនាយឧត្ដមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ុន សែនកាលពីពេលថ្មីៗនេះ ជាដើម។
នេះមិនមែនជាលើកទីមួយទេដែលមន្ត្រីគ្រាក់ៗក្នុងរបបលោក ហ៊ុន សែន ត្រូវបានលាតត្រដាងថាមានជាប់ពាក់ព័ន្ធទៅនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធនេះ។ កាលពីដើមខែកុម្ភៈនេះ លោក ហ៊ុន សែន ក៏ធ្លាប់ត្រូវបានសហព័ន្ធភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំង ដាក់បញ្ចូលទៅក្នុងបញ្ជីនៃឈ្មោះក្រុមមេដឹកនាំ ដែល «បង្កការគំរាមកំហែងប្រចាំតំបន់អាស៊ីអាគ្នេយ៍» ផងដែរ។ កាលណោះ របាយការណ៍របស់ភា្នក់ងារនេះ សរសេរថា មេដឹកនាំខ្មែររូបនេះ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបង្ក្រាបមកលើស្ថាប័នប្រជាធិបតេយ្យ និងសង្គមស៊ីវិល ចាត់ចែងប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងស្ថាប័នតុលាការ ប្រើប្រាស់ប្រព័ន្ធសែស្រឡាយ និងអំពើហិង្សាផ្នែកនយោបាយ ក្នុងគោលបំណងដើម្បីធានាបន្តការក្ដោបក្ដាប់អំណាចរបស់លោក ឲ្យបានយូរអង្វែងតទៅមុខទៀតនៅក្រោយការបោះឆ្នោតជាតិខែកក្កដា ខាងមុខ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment