Saturday 30 June 2018
មេធាវីអន្តរជាតិ ថាទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង ធ្វើឲ្យតុលាការ ICC មានភស្តុតាងបន្ថែម
ដោយ មួង ណារ៉េត
2018-06-28
rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សលោក ហ៊ុន សែន ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅទីបញ្ជាការដ្ឋានអង្គរក្ស ដែលមានតម្លៃដល់ទៅជាង ៤លានដុល្លារអាមេរិក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។
Photo courtesy of Hun Sen Facebook Page
មេធាវីអន្តរជាតិលោក រីឆាត រ៉ូជើរ (Richard Rogers) ថាទណ្ឌកម្មរបស់អាមេរិក លើមេកងអង្គរក្សលោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង នឹងធ្វើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ឬហៅកាត់ថា ICC មានភស្តុតាងបន្ថែម ក្នុងការដាក់បន្ទុកទៅលើមន្ត្រីរបបលោក ហ៊ុន សែន និងលោក ហ៊ុន សែន ផ្ទាល់ ក្នុងរឿងក្តីដែលលោកបានដាក់ប្ដឹង នៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។
ការិយាល័យកិច្ចការសាធារណៈ នៃនាយកដ្ឋានរតនាគារអាមេរិក ប្រកាសនៅថ្ងៃទី១២ ខែមិថុនា ដាក់មេកងអង្គរក្សលោក ហ៊ុន សែន ក្នុងបញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិមុនគេ ដោយបញ្ចូលទៅក្នុងបញ្ជីខ្មៅ នៃបុគ្គលដែលត្រូវរងទណ្ឌកម្ម ក្រោមច្បាប់ GLOBAL MAGNITSKY ដោយសារតែការចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ សហរដ្ឋអាមេរិក រកឃើញថា លោក ហ៊ីង ប៊ុនហៀង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងអំពើហិង្សានៅឆ្នាំ២០១៣ នៅក្បែរវត្តភ្នំ និងអំពើហិង្សាវាយដំតំណាងរាស្ត្របក្សប្រឆាំងពីររូប នៅមុខរដ្ឋសភា នៅឆ្នាំ២០១៥។ លោក ហ៊ីង ប៊ុនហៀង ក៏ជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ា និងសកម្មជនបក្សប្រឆាំង ដូចជាការបោកគ្រាប់បែកលើអ្នកតវ៉ាអហិង្សា កាលពីឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ រួមទាំងរបួសជនជាតិអាមេរិកមួយរូបផង។
មេធាវីជនជាតិអង់គ្លេស ដែលបានដាក់ពាក្យប្តឹងរបបលោក ហ៊ុន សែន ទៅតុលាការ ICC នោះអះអាងបន្ថែមថា នេះជារឿងដ៏កម្រមួយ ដែលរឿងរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ទើបតែត្រូវបានរដ្ឋាភិបាលអាមេរិកថ្កោលទោសជាផ្លូវការ និងជាសាធារណៈបែបនេះ។
លោក រីឆាត រ៉ូជើរ បន្តថា នេះជាសារមួយបញ្ជាក់ថា រដ្ឋាភិបាលបរទេស ចាប់ផ្ដើមអស់ការអត់ធ្មត់ និងចាត់វិធានការក្ដៅលើបញ្ហារំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដែលចំណាត់ការបែបនេះ ធ្វើឲ្យរឿងក្តីនៅចំពោះមុខតុលាការអន្តរជាតិ ប្រឆាំងនឹងរបបលោក ហ៊ុន សែន កាន់តែទាញការចាប់អារម្មណ៍ពីព្រះរាជអាជ្ញា ក្នុងពិនិត្យសំណុំរឿងនេះ៖ «រាល់ចំណាត់ការទាំងអស់នេះ បង្ហាញតុលាការ ICC និងតុលាការផ្សេងទៀត ដែលកាន់សំណុំរឿងជុំវិញការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ឲ្យឃើញថា បញ្ហានេះត្រូវបានរដ្ឋាភិបាលធំៗនៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិកជាដើម វាយតម្លៃថាមានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដែលតម្រូវឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ត្រូវតែចាត់វិធានការ ឲ្យបានឆាប់»។
បណ្តឹងដែលលោក រីឆាត រ៉ជើរ បានដាក់ប្ដឹងលោក ហ៊ុន សែន និងមន្ត្រីក្នុងរបបលោក កាលពីឆ្នាំ ២០១៤ គឺផ្ដោតទៅការរឹបអូសដីធ្លី និងបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ និងការធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានរិះគន់ប្រឆាំងនឹងរបបនេះ។ អ្នកហ៊ានរិះគន់ប្រឆាំងរបបលោក ហ៊ុន សែន នេះរួមមានតំណាងរាស្ត្រគណបក្សប្រឆាំង អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន ព្រះសង្ឃ និង សកម្មជនដីធ្លីជាដើម៖ «នៅពេលអ្នកទាំងនោះ រងការធ្វើទុក្ខបុកម្នេញ នៅពេលពួកគាត់រងការវាយដំ ចាប់ខ្លួន រងការធ្វើទារុណកម្ម រងការគំរាមកំហែង និងធ្វើឲ្យភ័យខ្លាចមិនអាចរស់នៅក្នុងស្រុកបាន ជាដើម ទាំងអស់នេះគឺជាធាតុផ្សំនៃបទល្មើស នៃការធ្វើទុក្ខបុកម្នេញ។ ហើយនៅពេលការធ្វើទុក្ខបុកម្នេញ កើតឡើងជាប្រព័ន្ធ និងទ្រង់ទ្រាយធំបែបនេះ វាបង្កើតបានជាធាតុផ្សំនៃបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដូចគ្នានឹងការរំលោភដីធ្លីដែរ»។
លោកអះអាងថា អំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលអាមេរិករកឃើញ ក្នុងការដាក់ទណ្ឌកម្មលើលោក ហ៊ីង ប៊ុនហៀង នេះ គឺជាផ្នែកមួយនៃសំណុំរឿង ដែលលោកដាក់ប្តឹងទៅតុលាការ ICC នោះឯង។ លោកថា ភស្តុតាងទាំងនោះ រួមនឹងការណ៍ដែលលោក ហ៊ីង ប៊ុនហៀង ឆ្លើយដាក់កំហុស ទៅលើលោក ហ៊ុន សែន ដែលថាលោកធ្វើទៅតាមតែបញ្ជារបស់លោក ហ៊ុន សែន នោះគឺជាភស្តុតាងដ៏រឹងមាំ ដែលតុលាការអន្តរជាតិ នឹងយកមកប្រើប្រាស់ ក្នុងសំណុំរឿងនេះ។
អាស៊ីសេរី មិនទាន់អាចសុំប្រតិកម្ម ពីអ្នកនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន បាននៅឡើយទេ កាលពីថ្ងៃទី២៧ ខែមិថុនា ម្សិលមិញនេះ។ ប៉ុន្តែ លោក ផៃ ស៊ីផាន ធ្លាប់បានអះអាងប្រាប់អាស៊ីសេរី ជាញឹកញាប់រួចទៅហើយថា របបលោក ហ៊ុន សែន មិនចាប់អារម្មណ៍នឹងរឿងក្តីនៅតុលាការ ICC នេះទេ។ លោកលើកឡើងថា តុលាការអន្តរជាតិមួយនេះ គ្មានយុត្តាធិការ ជំនុំជម្រះរឿងក្តីរបបកម្ពុជាឡើយ។
ទោះបីជាពេលនេះ មានតែមន្ត្រីរបបលោក ហ៊ុន សែន ម្នាក់រងការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលអាមេរិក ក៏នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បានអះអាងប្រាប់អាស៊ីសេរីថា មន្ត្រីគ្រាក់ៗជាច្រើនក្នុងរបបលោក ហ៊ុន សែន នឹងចូលក្នុងបញ្ជីខ្មៅ សម្រាប់ដាក់ទណ្ឌកម្មបន្តទៀត នៅពេលឆាប់ៗខាងមុខនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment