សន ចាន់រដ្ឋា
2018-07-17

ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
RFA
ពលរដ្ឋមួយចំនួន មិនជឿលើគោលនយោបាយ និងការសន្យាថ្មីៗរបស់គណបក្សកាន់អំណាច នោះទេ ខណៈពួកគេមើលឃើញថា គោលនយោបាយនិងការសន្យាកន្លងមកភាគច្រើន បានបរាជ័យ ដូចជាការដោះស្រាយបញ្ហាដីធ្លី ការទប់ស្កាត់បទល្មើសព្រៃឈើ ទីផ្សារកសិកម្ម និងកាត់បន្ថយ បញ្ហាពុករលួយជាដើម។ អ្នកវិភាគ យល់ថា ទោះបីជាគណបក្សកាន់អំណាចខំដាក់ចេញគោល នយោបាយថ្មីយ៉ាងណាក្តី ក៏មិនអាចស្អំបេះដូងម្ចាស់ឆ្នោត ហើយធ្វើឲ្យពួកគេទៅបោះឆ្នោតច្រើន ដែរ។
នៅឱកាសយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច ជាង៣០ឆ្នាំ បានខំបញ្ចេញវោហារសាស្ត្រ និងអួតសម្ញែងពីគោលនយោបាយ និងការសន្យារបស់ខ្លួនជាច្រើនហូរហែដោយផ្ដល់ក្ដីសង្ឃឹមថា ក្រោយបោះឆ្នោតហើយ គណបក្សដែលដឹកនាំដោយលោក ហ៊ុន សែន នឹងអាចឲ្យពលរដ្ឋម្ចាស់ឆ្នោតរស់នៅក្នុងសង្គមប្រកបដោយជីវភាពសម្បូរសប្បាយ ថ្លៃថ្នូរ និងមានសន្តិភាព ជាដើម។
ទោះយ៉ាងណាក្តី ពលរដ្ឋម្ចាស់ឆ្នោតមួយចំនួន អះអាងថា ពួកគេលែងជឿទុកចិត្តទៅលើគោលនយោបាយ និងការសន្យារបស់គណបក្សប្រជាជនកម្ពុជាទៀតហើយ ព្រោះពួកគេមើលឃើញថា នៅគ្រប់ការបោះឆ្នោតហើយម្តងៗ អ្នកនយោបាយមកពីគណបក្សកាន់អំណាច មិនបានគោរពតាមការសន្យានោះទេ។ ពេលខ្លះមន្ត្រីធំៗ និងអ្នកនយោបាយរបស់គណបក្សកាន់អំណាចតែម្ដងដែលធ្វើបាបប្រជាពលរដ្ឋដូចជា រំលោភប្លន់ដីប្រជាពលរដ្ឋ កាប់បំផ្លាញព្រៃឈើ រកស៊ីកេងបន្លំខុសច្បាប់ គំរាមកំហែងចាប់ពលរដ្ឋដាក់គុក និងប្រព្រឹត្តអំពើពុករលួយជាដើម។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ លោក រដ្ឋា រៀបរាប់ថា ពលរដ្ឋភាគច្រើនមិនចាប់អារម្មណ៍រឿង គោលនយោបាយរបស់គណបក្សនយោបាយទេ គឺចាប់អារម្មណ៍ទៅលើដៃគូប្រកួតប្រជែងរបស់ គណបក្សកាន់អំណាចដែលមានគីឡូស្រាល បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតប្រជែងដ៏ស្រួចស្រាល់នោះ ត្រូវបានបក្សកាន់អំណាចរំលាយចោលមុនការបោះឆ្នោត ព្រោះបារម្ភពីរឿងចាញ់ឆ្នោត។ លោកបន្តថា គោលនយោបាយបន្ថែមថ្មីៗរបស់គណបក្សកាន់អំណាចនេះ គ្រាន់តែ ជាលួងលោមឲ្យពលរដ្ឋ ចេញទៅចូលរួមបោះឆ្នោតបង្គ្រប់កិច្ចឲ្យបានច្រើនប៉ុណ្ណោះ ព្រោះបារម្ភខ្លាច មានបញ្ហាក្រោយបោះឆ្នោត។ «»
ពលរដ្ឋរូបនេះ បន្តថា ការបោះឆ្នោតនៅអាណត្តិនេះ គឺប្រជាពលរដ្ឋភាគច្រើនមិនចាញ់បោកគណបក្សកាន់អំណាចទៀតឡើយ ព្រោះពួកគេមានបទពិសោធន៍ជូរចត់ ៥អាណត្តិរួចទៅហើយ។ ប៉ុន្តែ លោកថា អាចនៅមានពលរដ្ឋតិចតួចដែលនៅតែចាញ់បោកគណបក្សកាន់អំណាចដោយសារ តែមានការផ្ដល់អំណោយទិញទឹកចិត្ត ការគំរាមកំហែងជាដើម។
ប្រជាពលរដ្ឋម្នាក់ទៀត រស់នៅខេត្តត្បូងឃ្មុំ លោក ធី ទេវា រៀបរាប់ថា ការដែលគណបក្សប្រជាជនកម្ពុជា ខំប្រឹងសន្យាជាច្រើនហូរហែ នៅមុនការបោះឆ្នោតនេះ គឺក្នុងបំណងបន្លំភ្នែកម្ចាស់ឆ្នោតមួយចំនួនដែលមិនបានតាមព័ត៌មាន និងរឿងនយោបាយ។ «»
នៅឱកាសឃោសនាបោះឆ្នោតជាតិអាណត្តិនេះ គណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញ ថា បានប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីដណ្ដើមប្រជាប្រិយភាព និងចង់ឲ្យពលរដ្ឋចេញទៅបោះឆ្នោតគាំទ្រ ដូចជាដើរគំរាមកំហែងបំភិតបំភ័យផង លួងលោមទិញទឹកចិត្តផង សន្យានិងដាក់ចេញគោល នយោបាយថ្មីៗយ៉ាងច្រើនគគោកផង។ ទាំងមន្ត្រីថ្នាក់ក្រោមរហូតដល់កំពូលនៃគណបក្សប្រជាជនកម្ពុជា មានលោក ហ៊ុន សែន ជាដើម សុទ្ធតែរវល់ដើរឃោសនា និងសន្យាជាមួយប្រជាពលរដ្ឋគ្រប់ច្រកល្ហកស្ទើរតែភ្លេចតួនាទីការងារនៅក្នុងក្រសួងស្ថាប័នរបស់ខ្លួន។ ពួកគេសន្យាថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺលើកស្ទុយជីវភាពប្រជាជន យុវជនគ្រប់រូប មានឱកាសអប់រំពេញលេញ មានការងារធ្វើ យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និងបុគ្គលិក ក្រុមហ៊ុនឯកជននានា។ លើសពីនេះ បញ្ចុះថ្លៃអគ្គិសនី ជំរុញអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព និងទឹកស្អាតជាដើម។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា ការសន្យាខ្លះនៅក្នុងគោលនយោបាយរបស់បក្សគណបក្សកាន់អំណាច គឺអាចអនុវត្តទៅបាន ដោយគ្រាន់តែផ្អែកសំខាន់ទៅលើឆន្ទៈ និងឧត្ដមគតិដើម្បីអនុវត្តតែប៉ុណ្ណោះ មិនចាំបាច់សន្យាពីមួយអាណត្តិទៅមួយអាណត្តិនោះទេ។ ឧទាហរណ៍ ដូចជាបញ្ហាតូចៗមានករណីចាស់ជរា ក្មេងកំព្រា និងរឿងសង្គមកិច្ចជាច្រើនទៀត។ ប៉ុន្តែប្រហែលជាការសន្យាខ្លះរបស់គណបក្សកាន់អំណាច គឺអាចគ្រាន់តែជាការសន្យាឲ្យតែហើយៗ ឬក៏ជានុយបញ្ឆោត។ «»
កញ្ញា លី ស្រីស្រស់ បន្ថែមថា ក្នុងបរិបទនយោបាយសព្វថ្ងៃនេះ ប្រជាពលរដ្ឋ មិនសូវចាប់អារម្មណ៍ ទៅលើគោលនយោបាយរបស់គណបក្សនយោបាយនោះទេ ព្រោះអវត្តមានគណបក្សសង្គ្រោះជាតិ។
របាយការណ៍ប្រចាំឆ្នាំស្ដីពីការឃ្លាំមើល និងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ ឬអនុវត្តន៍គោល នយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៥ ឆ្នាំទី៤ របស់អង្គការខុមហ្វ្រែល (COMFREL) បង្ហាញថា ក្នុងចំណោមគោលនយោបាយចំនួន ១៦ចំណុច ដែលមានសូចនាករច្បាស់លាស់ ដាក់ចេញដោយគណបក្សប្រជាជនកម្ពុជានោះ មានគោលនយោបាយចំនួន ១០ចំណុច បានបរាជ័យស្ទើរទាំងស្រុង ឬសម្រេចបានតិចតូច រួមមាន៖ គោលនយោបាយការរក្សាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ ការកែលម្អផ្លូវលំជនបទ ៣០០ ទៅ ៤០០គីឡូម៉ែត្រក្នុង ១ឆ្នាំ ការបន្តកសាងអនុវិទ្យាល័យឲ្យបានគ្រប់ឃុំ និងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិកក្នុងវិស័យឯកជន។ របាយការណ៍ដដែលនេះ ក៏រកឃើញដែរថា របបលោក ហ៊ុន សែន បរាជ័យមិនអាចសម្រេចបានទាំងស្រុង ឬសម្រេចបានខ្លះនូវគោលនយោបាយចំនួន ៦ចំណុច ក្នុងនោះរួមមាន៖ គោលនយោបាយនាំអង្ករចេញឲ្យបាន ១លានតោន ការរក្សាផ្ទៃនេសាទទឹកសាប ការចុះបញ្ជីដីធ្លី ប្រជាពលរដ្ឋទទួលសេវាទឹកស្អាត ការពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិឲ្យដល់ភូមិ និងគោលដៅចំនួនទេសចរណ៍ពីក្រៅប្រទេសឆ្នាំ២០១៨ជាដើម។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នៅ ពេលកម្មវិធីគោលនយោបាយអាទិភាពមួយចំនួន ត្រូវបានគេមើលឃើញថា បរាជ័យនោះគណបក្ស កាន់អំណាចបានបញ្ចេញនូវគោលនយោបាយមួយចំនួនផ្សេងទៀត ដើម្បីស្អំបេះដូងម្ចាស់ឆ្នោតដូចជា ការផ្ដល់សេវាសាធារណៈ និងការជួយឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកម្មករក្នុងវិស័យកាត់ដេរ ជាដើម ដើម្បីងាយធ្វើឲ្យគេចាប់អារម្មណ៍ និងងាយទទួលបានការគាំទ្រ។ ប៉ុន្តែការធ្វើបែបនេះ នៅតែត្រូវបានប្រជាពលរដ្ឋមួយចំនួនរិះគន់ដដែល។
លោក សន ជ័យ បន្ថែមថា ប្រសិនបើនៅប្រទេសជឿនលឿន ដែលមានប្រជាពលរដ្ឋមានចំណេះដឹងខ្ពស់ គឺអ្នកនយោបាយ គឺគេចមិនផុតពីការអនុវត្តនូវសន្យារបស់ខ្លួនឡើយ ប៉ុន្តែគួរអោយសោកស្ដាយដែលមកដល់ពេលនេះហើយ ប្រជាពលរដ្ឋកម្ពុជា នៅតែមិនទាន់ចេះគូសសន្លឹកឆ្នោត និង ត្រូវបានអ្នកនយោបាយបក្សកាន់អំណាច ដើរចាប់ដៃបង្រៀនគូសលើសន្លឹកទៀត។ «»
ប្រជាពលរដ្ឋ និងអ្នកវិភាគ រៀបរាប់បន្ថែមថា ទោះបីជាគណបក្សកាន់អំណាច ប្រឹងសន្យាយ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋ បានចងចាំការសន្យាកន្លងមក និងមើលឃើញច្បាស់ថា អត្រាអត់ការងារធ្វើនៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ អំពើពុករលួយដល់ឆ្អឹង ដឹកនាំប្រទេសបែបបក្ខពួកនិយម ជាដើម។ ចំណូលប្រជាជនទាប បើធៀបជាមួយប្រទេសជិតខាង និងក្នុងតំបន់។ ផលិតកសិកម្មរបស់ពលរដ្ឋមួយចំនួនធំគ្មានទីផ្សារ ប្រជាពលរដ្ឋ ក៏ធ្វើចំណាកស្រុកកើនឡើងឥតឈប់ ទោះបីប្រថុយប្រថានគ្រោះថ្នាក់ការងារនិងការចាញ់បោក ។ ប្រជាពលរដ្ឋ រស់នៅក្នុងភាពភ័យខ្លាចដោយសារអសន្តិសុខសង្គម ដោយសារ រីករាលដាលនៃគ្រឿងញៀន និងល្បែងស៊ីសងជាដើម។ ការអភិវឌ្ឍនានាក៏មិនឃើញរីកចម្រើនធំដុំនោះដែរ ទោះបីជារបបលោកហ៊ុន សែន បានជំនួយ និងកម្ចីពីបទេសសន្ធឹកសន្ធាប់ក្តី ជាក់ស្ដែង ផ្លូវនៅតែខូច មន្ទីរពេទ្យនិងសាលារៀននៅខ្វះ និងមិនសូវមានគុណភាព។ ចំណែកព្រៃឈើ និងធនធានធម្មជាតិ កំពុងត្រូវបាត់បង់។ ដីធ្លីប្រជាពលរដ្ឋជាច្រើនកន្លែង ត្រូវបានក្រុមហ៊ុននិងអ្នកមានអំណាចរំលោភយកតាមអំពើចិត្ត។ ការតវ៉ាដោយសន្តិវិធីត្រូវបានអាជ្ញាធរ វាយបំបែកស្ទើរគ្រប់ទីកន្លែងជាដើម។ ប្រព័ន្ធយុត្តិធម៌ មិនបានផ្លាស់ប្ដូរអ្វីជាដុំកំភួនទេមកដល់ពេលនេះ។
បញ្ហាទាំងអស់នេះហើយ អាចប្រជាពលរដ្ឋមួយចំនួន សម្រេចចិត្តមិនទៅចូលរួមបោះឆ្នោតនោះទេ ពីព្រោះគណបក្សតូចៗដែលមានឱកាសចូលរួមប្រកួតការបោះឆ្នោតអាណត្តិនេះ មិនមានសង្ឃឹមថា ឈ្នះឆ្នោត ហើយបើបោះឆ្នោតឲ្យគណបក្សកាន់អំណាច ក៏មិនសង្ឃឹមថា មានការផ្លាស់ប្ដូរសម្រាប់ជីវភាពរបស់ពួកគាត់ដែរ៕
1 comment:
It is time for Ah Chor Phnek Muoy Hun Sen to go to hell !!
Post a Comment