Wednesday, 18 July 2018

ពលរដ្ឋ​និង​​អ្នកវិភាគ​លែង​ជឿ​ការសន្យា និង​គោល​នយោបាយ​ថ្មីៗ​របស់​បក្ស​កាន់អំណាច


សន ចាន់រដ្ឋា
2018-07-17 

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA



ពលរដ្ឋ​មួយ​ចំនួន មិន​ជឿ​លើ​គោលនយោបាយ និង​ការសន្យា​ថ្មីៗ​របស់​គណបក្ស​កាន់អំណាច នោះ​ទេ ខណៈ​ពួកគេ​មើល​ឃើញ​ថា គោលនយោបាយ​និង​ការសន្យា​កន្លងមក​ភាគច្រើន បាន​បរាជ័យ ដូចជា​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី ការទប់ស្កាត់​បទល្មើស​ព្រៃឈើ ទីផ្សារ​កសិកម្ម និង​កាត់បន្ថយ បញ្ហា​ពុករលួយ​ជាដើម។ អ្នកវិភាគ យល់ថា ទោះបីជា​គណបក្ស​កាន់អំណាច​ខំ​ដាក់​ចេញ​គោល នយោបាយ​ថ្មី​យ៉ាងណា​ក្តី ក៏​មិន​អាច​ស្អំ​បេះដូង​ម្ចាស់​ឆ្នោត ហើយ​ធ្វើ​ឲ្យ​ពួកគេ​ទៅ​បោះឆ្នោត​ច្រើន ដែរ។



នៅ​ឱកាស​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច ជាង​៣០​ឆ្នាំ បាន​ខំ​បញ្ចេញ​វោហារសាស្ត្រ និង​អួត​សម្ញែង​ពី​គោលនយោបាយ និង​ការសន្យា​របស់​ខ្លួន​ជាច្រើន​ហូរហែ​ដោយ​ផ្ដល់​ក្ដី​សង្ឃឹមថា ក្រោយ​បោះឆ្នោត​ហើយ គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នឹង​អាច​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​រស់នៅ​ក្នុង​សង្គម​ប្រកបដោយ​ជីវភាព​សម្បូរ​សប្បាយ ថ្លៃថ្នូរ និង​មាន​សន្តិភាព ជាដើម។

ទោះ​យ៉ាង​ណា​ក្តី ពលរដ្ឋ​ម្ចាស់​ឆ្នោត​មួយ​ចំនួន អះអាង​ថា ពួកគេ​លែង​ជឿ​ទុកចិត្ត​ទៅលើ​គោល​នយោបាយ និង​ការសន្យា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតហើយ ព្រោះ​ពួកគេ​មើល​ឃើញ​ថា នៅ​គ្រប់​ការ​បោះឆ្នោត​ហើយ​ម្តងៗ អ្នកនយោបាយ​មកពី​គណបក្ស​កាន់អំណាច មិន​បាន​គោរព​តាម​ការ​សន្យា​នោះ​ទេ។ ពេលខ្លះ​មន្ត្រី​ធំៗ និង​អ្នកនយោបាយ​របស់​គណបក្ស​កាន់អំណាច​តែម្ដង​ដែល​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ដូចជា រំលោភ​ប្លន់​ដី​ប្រជាពលរដ្ឋ កាប់​បំផ្លាញ​ព្រៃឈើ រកស៊ី​កេង​បន្លំ​ខុសច្បាប់ គំរាមកំហែង​ចាប់​ពលរដ្ឋ​ដាក់គុក និង​ប្រព្រឹត្ត​អំពើពុករលួយ​ជាដើម។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក រដ្ឋា រៀបរាប់​ថា ពលរដ្ឋ​ភាគច្រើន​មិន​ចាប់អារម្មណ៍​រឿង គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​ទេ គឺ​ចាប់​អារម្មណ៍​ទៅលើ​ដៃ​គូ​ប្រកួតប្រជែង​របស់ គណបក្ស​កាន់អំណាច​ដែល​មាន​គីឡូ​ស្រាល បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​ដៃ​គូ​ប្រកួតប្រជែង​ដ៏​ស្រួចស្រាល់​នោះ ត្រូវ​បាន​បក្ស​កាន់អំណាច​រំលាយ​ចោល​មុន​ការបោះឆ្នោត ព្រោះ​បារម្ភ​ពី​រឿង​ចាញ់​ឆ្នោត។ លោក​បន្ត​ថា គោលនយោបាយ​បន្ថែម​ថ្មីៗ​របស់​គណបក្ស​កាន់អំណាច​នេះ គ្រាន់តែ ជា​លួងលោម​ឲ្យ​ពលរដ្ឋ ចេញទៅ​ចូលរួម​បោះឆ្នោត​បង្គ្រប់​កិច្ច​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ ព្រោះ​បារម្ភ​ខ្លាច មាន​បញ្ហា​ក្រោយ​បោះឆ្នោត។ «»

ពលរដ្ឋ​រូប​នេះ បន្ត​ថា ការបោះឆ្នោត​នៅ​អាណត្តិ​នេះ គឺ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ចាញ់បោក​គណបក្ស​កាន់អំណាច​ទៀត​ឡើយ ព្រោះ​ពួកគេ​មាន​បទពិសោធន៍​ជូរ​ចត់ ៥​អាណត្តិ​រួច​ទៅ​ហើយ។ ប៉ុន្តែ លោក​ថា អាច​នៅ​មាន​ពលរដ្ឋ​តិចតួច​ដែល​នៅតែ​ចាញ់បោក​គណបក្ស​កាន់​អំណាច​ដោយ​សារ តែ​មានការ​ផ្ដល់​អំណោយ​ទិញ​ទឹកចិត្ត ការ​គំរាមកំហែង​ជាដើម។

ប្រជាពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ខេត្ត​ត្បូងឃ្មុំ លោក ធី ទេវា រៀបរាប់​ថា ការដែល​គណបក្ស​ប្រជាជន​កម្ពុជា ខំប្រឹង​សន្យា​ជាច្រើន​ហូរហែ នៅ​មុន​ការបោះឆ្នោត​នេះ គឺ​ក្នុង​បំណង​បន្លំ​ភ្នែក​ម្ចាស់​ឆ្នោត​មួយ​ចំនួន​ដែល​មិន​បាន​តាម​ព័ត៌មាន និង​រឿង​នយោបាយ។ «»

នៅ​ឱកាស​ឃោសនាបោះឆ្នោត​ជាតិ​អាណត្តិ​នេះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ ថា បាន​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ​ដើម្បី​ដណ្ដើម​ប្រជាប្រិយភាព និង​ចង់​ឲ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​គាំទ្រ ដូចជា​ដើរ​គំរាមកំហែង​បំភិតបំភ័យ​ផង លួងលោម​ទិញ​ទឹកចិត្ត​ផង សន្យា​និង​ដាក់​ចេញ​គោល នយោបាយ​ថ្មីៗ​យ៉ាង​ច្រើន​គគោក​ផង។ ទាំង​មន្ត្រី​ថ្នាក់ក្រោម​រហូតដល់​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ហ៊ុន សែន ជាដើម សុទ្ធតែ​រវល់​ដើរ​ឃោសនា និង​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ច្រកល្ហក​ស្ទើរ​តែ​ភ្លេច​តួនាទី​ការងារ​នៅ​ក្នុង​ក្រសួង​ស្ថាប័ន​របស់​ខ្លួន។ ពួកគេ​សន្យា​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត គឺ​លើក​ស្ទុយ​ជីវភាព​ប្រជាជន យុវជន​គ្រប់រូប មាន​ឱកាស​អប់រំ​ពេញ​លេញ មាន​ការងារ​ធ្វើ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​របស់​មន្ត្រី​រាជការ គ្រូ​បង្រៀន កម្លាំង​ប្រដាប់​អាវុធ កម្មករ កម្មការិនី និង​បុគ្គលិក ក្រុមហ៊ុន​ឯកជន​នានា។ លើស​ពី​នេះ បញ្ចុះ​ថ្លៃ​អគ្គិសនី ជំរុញ​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព និង​ទឹក​ស្អាត​ជាដើម។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើង​ថា ការ​សន្យា​ខ្លះ​នៅ​ក្នុង​គោល​នយោបាយ​របស់​បក្ស​គណបក្ស​កាន់អំណាច គឺ​អាច​អនុវត្ត​ទៅ​បាន ដោយ​គ្រាន់តែ​ផ្អែក​សំខាន់​ទៅលើ​ឆន្ទៈ និង​ឧត្ដមគតិ​ដើម្បី​អនុវត្ត​តែប៉ុណ្ណោះ មិន​ចាំ​បាច់​សន្យា​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​នោះ​ទេ។ ឧទាហរណ៍ ដូចជា​បញ្ហា​តូចៗ​មាន​ករណី​ចាស់ជរា ក្មេង​កំព្រា និង​រឿង​សង្គមកិច្ច​ជាច្រើន​ទៀត។ ប៉ុន្តែ​ប្រហែលជា​ការសន្យា​ខ្លះ​របស់​គណបក្ស​កាន់អំណាច គឺ​អាច​គ្រាន់តែ​ជា​ការ​សន្យា​ឲ្យ​តែ​ហើយៗ ឬក៏​ជា​នុយ​បញ្ឆោត។ «»

កញ្ញា លី ស្រីស្រស់ បន្ថែម​ថា ក្នុង​បរិបទ​នយោបាយ​សព្វថ្ងៃ​នេះ ប្រជា​ពលរដ្ឋ មិន​សូវ​ចាប់អារម្មណ៍ ទៅ​លើ​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​នោះ​ទេ ព្រោះ​អវត្តមាន​គណបក្ស​សង្គ្រោះជាតិ។

របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​ឃ្លាំមើល និង​ការ​ផ្ដល់​ពិន្ទុ​លើ​លទ្ធផល​នៃ​ការ​បំពេញ ឬ​អនុវត្តន៍​គោល នយោបាយ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៥ ឆ្នាំ​ទី​៤ របស់​អង្គការ​ខុមហ្វ្រែល (COMFREL) បង្ហាញ​ថា ក្នុង​ចំណោម​គោលនយោបាយ​ចំនួន ១៦​ចំណុច ដែល​មាន​សូចនាករ​ច្បាស់លាស់ ដាក់​ចេញ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ មាន​គោលនយោបាយ​ចំនួន ១០​ចំណុច បាន​បរាជ័យ​ស្ទើរ​ទាំងស្រុង ឬ​សម្រេច​បាន​តិច​តូច រួមមាន​៖ គោលនយោបាយ​ការ​រក្សា​ផ្ទៃដី​ដែល​គ្របដណ្ដប់​ដោយ​ព្រៃឈើ ការ​កែ​លម្អ​ផ្លូវលំ​ជនបទ ៣០០ ទៅ ៤០០​គីឡូម៉ែត្រ​ក្នុង ១​ឆ្នាំ ការ​បន្ត​កសាង​អនុវិទ្យាល័យ​ឲ្យ​បាន​គ្រប់​ឃុំ និង​ការ​ដាក់​ឲ្យ​ដំណើរការ​របប​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករ​និយោជិក​ក្នុង​វិស័យ​ឯកជន។ របាយការណ៍​ដដែល​នេះ ក៏​រក​ឃើញ​ដែរ​ថា របប​លោក ហ៊ុន សែន បរាជ័យ​មិន​​​​​​អាច​សម្រេច​បាន​ទាំងស្រុង ឬ​សម្រេច​បាន​ខ្លះ​នូវ​គោលនយោបាយ​ចំនួន ៦​ចំណុច ក្នុង​នោះ​រួមមាន​៖ គោល​នយោបាយ​នាំ​អង្ករ​ចេញ​ឲ្យ​បាន ១​លាន​តោន ការ​រក្សា​ផ្ទៃ​នេសាទ​ទឹកសាប ការចុះ​បញ្ជី​ដីធ្លី ប្រជាពលរដ្ឋ​ទទួល​សេវា​ទឹក​ស្អាត ការ​ពង្រីក​ការ​ផ្គត់ផ្គង់​អគ្គិសនី​ពី​បណ្ដាញ​ជាតិ​ឲ្យ​ដល់​ភូមិ និង​គោលដៅ​ចំនួន​ទេសចរណ៍​ពី​ក្រៅ​ប្រទេស​ឆ្នាំ​២០១៨​ជាដើម។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា នៅ ពេល​កម្មវិធី​គោលនយោបាយ​អាទិភាព​មួយ​ចំនួន ត្រូវ​បាន​គេ​មើល​ឃើញ​ថា បរាជ័យ​នោះ​គណបក្ស កាន់​អំណាច​បាន​បញ្ចេញ​នូវ​គោលនយោបាយ​មួយ​ចំនួន​ផ្សេងទៀត ដើម្បី​ស្អំ​បេះដូង​ម្ចាស់​ឆ្នោត​ដូចជា ការ​ផ្ដល់​សេវា​សាធារណៈ និង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ជាដើម ដើម្បី​ងាយ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ និង​ងាយ​ទទួល​បាន​ការ​គាំទ្រ។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ នៅ​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះគន់​ដដែល។

លោក សន ជ័យ បន្ថែម​ថា ប្រសិន​បើ​នៅ​ប្រទេស​ជឿនលឿន ដែល​មាន​ប្រជាពលរដ្ឋ​មាន​ចំណេះ​ដឹង​ខ្ពស់ គឺ​អ្នក​នយោបាយ គឺ​គេច​មិន​ផុត​ពី​ការអនុវត្ត​នូវ​សន្យា​របស់​ខ្លួន​ឡើយ ប៉ុន្តែ​គួរ​អោយ​សោកស្ដាយ​ដែល​មក​ដល់​ពេល​នេះ​ហើយ ប្រជាពលរដ្ឋ​កម្ពុជា នៅតែ​មិនទាន់​ចេះ​គូស​សន្លឹកឆ្នោត និង ត្រូវ​បាន​អ្នកនយោបាយ​បក្ស​កាន់អំណាច ដើរ​ចាប់ដៃ​បង្រៀន​គូស​លើ​សន្លឹក​ទៀត។ «»

ប្រជាពលរដ្ឋ និង​អ្នកវិភាគ រៀបរាប់​បន្ថែម​ថា ទោះបីជា​គណបក្ស​កាន់អំណាច ប្រឹង​សន្យា​យ៉ាងណា​ក៏​ដោយ​ចុះ ប្រជាពលរដ្ឋ បាន​ចងចាំ​ការ​សន្យា​កន្លង​មក និង​មើល​ឃើញ​ច្បាស់​ថា អត្រា​អត់​ការងារ​ធ្វើ​នៅតែ​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អំពើពុករលួយ​ដល់​ឆ្អឹង ដឹកនាំ​ប្រទេស​បែប​បក្ខពួក​និយម ជាដើម។ ចំណូល​ប្រជាជន​ទាប បើ​ធៀប​ជាមួយ​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់។ ផលិត​កសិកម្ម​របស់​ពលរដ្ឋ​មួយ​ចំនួន​ធំ​គ្មាន​ទីផ្សារ ប្រជាពលរដ្ឋ ក៏​ធ្វើ​ចំណាក​ស្រុក​កើន​ឡើង​ឥត​ឈប់ ទោះបី​ប្រថុយប្រថាន​គ្រោះថ្នាក់​ការងារ​និង​ការ​ចាញ់​បោក ។ ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ដោយសារ​អសន្តិសុខ​សង្គម ដោយសារ រីក​រាលដាល​នៃ​គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម។ ការ​អភិវឌ្ឍ​នានា​ក៏​មិន​ឃើញ​រីកចម្រើន​ធំដុំ​នោះ​ដែរ ទោះបីជា​របប​លោក​ហ៊ុន សែន បាន​ជំនួយ និង​កម្ចី​ពី​បទេស​សន្ធឹកសន្ធាប់​ក្តី ជាក់ស្ដែង ផ្លូវ​នៅតែ​ខូច មន្ទីរពេទ្យ​និង​សាលារៀន​នៅ​ខ្វះ និង​មិន​សូវ​មាន​គុណភាព។ ចំណែក​ព្រៃឈើ និង​ធនធានធម្មជាតិ កំពុង​ត្រូវ​បាត់បង់។ ដីធ្លី​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង ត្រូវ​បាន​ក្រុមហ៊ុន​និង​អ្នក​មាន​អំណាច​រំលោភ​យក​តាម​អំពើ​ចិត្ត។ ការ​តវ៉ា​ដោយ​សន្តិវិធី​ត្រូវ​បាន​អាជ្ញាធរ វាយ​បំបែក​ស្ទើរ​គ្រប់​ទីកន្លែង​ជាដើម។ ប្រព័ន្ធ​យុត្តិធម៌ មិន​បាន​ផ្លាស់ប្ដូរ​អ្វី​ជា​ដុំកំភួន​ទេ​មក​ដល់​ពេល​នេះ។

បញ្ហា​ទាំងអស់​នេះ​ហើយ អាច​ប្រជាពលរដ្ឋ​មួយ​ចំនួន សម្រេចចិត្ត​មិន​ទៅ​ចូលរួម​បោះឆ្នោត​នោះ​ទេ ពីព្រោះ​គណបក្ស​តូចៗ​ដែល​មាន​ឱកាស​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​អាណត្តិ​នេះ មិន​មាន​សង្ឃឹមថា ឈ្នះ​ឆ្នោត ហើយ​បើ​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណាច ក៏​មិន​សង្ឃឹមថា មាន​ការ​ផ្លាស់ប្ដូរ​សម្រាប់​ជីវភាព​របស់​ពួកគាត់​ដែរ៕

1 comment:

Anonymous said...

It is time for Ah Chor Phnek Muoy Hun Sen to go to hell !!