ដោយ មួង ណារ៉េត
2020-12-05
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកយល់ព្រមពីដំបូង ឲ្យអ្នកដំណើរពីក្រៅប្រទេស ធ្វើចត្តាឡីស័កតែ ២ ថ្ងៃ ស្រាប់តែនៅពេលនេះ អះអាងថា ករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ គឺបណ្តាលមកពីការធ្វើចត្តាឡឺស័កមិនគ្រប់ថ្ងៃកំណត់នេះឯង។
លោក ហ៊ុន សែន ដែលមានរហ្សនាមថាជាបុរសសង្ហារដើរបញ្ច្រាសទិស កាលពីថ្ងៃទី៤ ខែធ្នូ បានថ្លែងតាមរយៈសារសំឡេង ទំនងជាធ្វើពីគេហដ្ឋានរបស់លោក ថាតាមការប៉ាន់ស្មានរបស់អ្នកបច្ចេកទេស និងការកត់សម្គាល់របស់លោក គឺកត្តានៃការធ្វើចត្តាឡីស័កមិនគ្រប់គ្រាន់ សម្រាប់ជនបរទេសមួយចំនួននោះឯង ដែលអាចបណ្ដាលឲ្យផ្ទុះជំងឺឆ្លងក្នុងសហគមន៍បែបនេះ។ លោកថា ជនបរទេស ដែលក្រសួងឲ្យធ្វើចត្តាឡីស័កតែរយៈពេលខ្លីបំផុតនេះ អាចជាប់ពាក់ព័ន្ធនឹងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ គឺលោក ឆែម សាវុធ និងគ្រួសាររបស់លោក ឆែម សាវុធ ដែលភាគច្រើន មានផ្ទុកជំងឺកូវីដ-១៩ តាំងពីថ្ងៃទី២៨ ខែវិច្ឆិកានោះ៖ «បន្ទាប់ពីយើងបានបន្ធូរបន្ថយ ឲ្យមកអ្នកបច្ចេកទេស អ្នកសេដ្ឋកិច្ច អ្នកធ្វើធុរកិច្ច ម្ចាស់ក្រុមហ៊ុន ធ្វើចត្តាឡីស័កត្រឹមតែ ២ថ្ងៃ។ ដូច្នេះ វាបានធ្លាយទៅដល់ការបង្កើតឡើងនូវជំងឺនៅក្នុងសហគមន៍ ដែលជាបញ្ហាដ៏គួរឲ្យសោកស្ដាយបំផុត»។
កន្លងមកក្រសួងសុខាភិបាល តាមការឯកភាពរបស់លោក ហ៊ុន សែន បានបន្ធូរបន្ថយឲ្យអ្នកធ្វើដំណើរទូទៅ នៅក្នុងយន្តហោះ ដែលគ្មានអ្នកផ្ទុកជំងឺនេះ រួមទាំងជនបរទេសមួយចំនួន ដូចជាអ្នកជំនាញបច្ចេកទេស អ្នកមានបេសកកម្មធុរកិច្ច និងម្ចាស់ក្រុមហ៊ុនជាដើម ធ្វើចត្តាឡឺស័កត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ។
ការធ្វើចត្តាឡឺស័កត្រឹមតែ ២ថ្ងៃ ចំពោះអ្នកដំណើរមកពីក្រៅប្រទេស បើទោះបីជាអ្នកទាំងនោះ មានសំបុត្រពេទ្យមុនធ្វើដំណើរ ៧២ ម៉ោង បញ្ជាក់ថា គ្មានជំងឺនេះ និងធ្វើតេស្តថាគ្មានជំងឺនេះ ក្នុងពេលមកដល់ប្រទេសកម្ពុជា នៅថ្ងៃដំបូងក៏ដោយ បើតាមការណែនាំរបស់អង្គការសុខភាពពិភពលោក គេមិនអាចរកឃើញជំងឺនេះ ក្នុងរយៈពេលខ្លីបែបនេះទេ ពោលគឺជំងឺកូវីដ-១៩ នេះអាចលាក់ខ្លួនសម្ងំក្នុងខ្លួនមនុស្សរហូតដល់ ១៤ ថ្ងៃ ឯណោះ។
កម្ពុជាខ្លួនឯង ក៏មានករណីជាច្រើន ដែលអ្នកធ្វើចត្តាឡីស័ក ទាល់តែថ្ងៃទី១៣ នៃរយៈពេលធ្វើចត្តាឡីស័កនេះ ទើបធ្វើតេស្តរកឃើញជំងឺនេះ។ ជាក់ស្ដែង ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែធ្នូ បានរកឃើញអ្នកដំណើរមកពីសហរដ្ឋអាមេរិក ៣នាក់ ឆ្លងជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទីពីរ នៅថ្ងៃទី១៣ នៃចត្តាឡីស័ក។
ព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ដែលមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ រួមទាំងលោក ហ៊ុន សែន ផង នាំគ្នាបំពានគោលការណ៍សុវត្ថិភាព ដោយបបួលគ្នាអត់ពាក់ម៉ាស់ មិនរក្សាគម្លាត និងចាប់ដៃគ្នា ដោយសារជឿជាក់លើវិញ្ញាបនបត្រពេទ្យមួយសន្លឹកថា គណៈប្រតិភូហុងគ្រី គ្មានជំងឺនេះ ៧២ម៉ោងមុនមកកម្ពុជា ធ្វើឲ្យមនុស្សបួននាក់នៅកម្ពុជាឆ្លងជំងឺនេះ និងមានមនុស្សរាប់ពាន់នាក់ ត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ ព្រឹត្តិការណ៍នោះ ត្រូវបានលោក ហ៊ុន សែន ប្រកាសឲ្យបិទបញ្ចប់កាលពីថ្ងៃទី២៥ ខែវិច្ឆិកាមែន ប៉ុន្តែមានមន្ត្រីរបបនេះជាច្រើន បានបំពានគោលការណ៍ចត្តាឡីស័ក ដោយអ្នកខ្លះបានចុះទៅមូលដ្ឋាន ជួបពលរដ្ឋតាមភូមិ។
បីថ្ងៃក្រោយមក គឺថ្ងៃទី២៨ ខែវិច្ឆិកានោះ ស្រាប់តែផ្ទុះករណីចម្លងក្នុងសហគមន៍។ ពលរដ្ឋសង្ស័យថា ករណីចម្លងក្នុងសហគមន៍នោះ អាចបណ្តាលមកពីព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកានោះ ប៉ុន្តែក្រសួងសុខាភិបាល អះអាងកាលពីថ្ងៃទី៣ ធ្នូ ថាបើតាមលទ្ធផលសិក្សាវត្ថុសំណាកអ្នកជំងឺ បង្ហាញថា មិនមានការទាក់ទងគ្នានឹងព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកានោះទេ។ ប៉ុន្តែ ក្រសួងបន្ថែមថា ក្រុមការងារកំពុងស្រាវជ្រាវបន្ថែម អំពីប្រភពចម្លងជំងឺកូវីដ-១៩ ដែលបណ្ដាលឲ្យផ្ទុះករណីចម្លងក្នុងសហគមន៍កាលពីថ្ងៃទី២៨ ខែ វិច្ឆិកានោះ។
ប្រហែលអាចមកពីបទពិសោធន៍ថ្លោះធ្លោយម្តងជាពីរដងនេះហើយ ទើបក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែ ធ្នូ កំណត់ឲ្យអ្នកធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់ ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ពេលមកដល់ប្រទេសកម្ពុជា មិនថាពួកគាត់មាន ឬគ្មានជំងឺកូវីដ-១៩។ វិធានការថ្មីនេះ នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១២ ខែធ្នូ។
ក្នុងពេលជាមួយគ្នានេះ ក្រសួងក៏បានសម្រេចបង្ហាញអត្តសញ្ញាណអ្នកផ្ទុកជំងឺកូវីដ-១៩ ទាំងអស់ ដោយក្រសួងអះអាង ថាធ្វើដូច្នេះដើម្បីងាយស្រួលរកអ្នកពាក់ព័ន្ធ ឲ្យបានឆាប់រហ័ស។ ក្រសួងនឹងប្រកាសអត្តសញ្ញាណនេះ នៅតាមបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងសុខាភិបាល។
កន្លងមកក្រសួងសុខាភិបាល រងការរិះគន់ថា មិនបានផ្តល់ដំណឹងឲ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅក្នុងព្រឹត្តិការណ៍ចម្លងជំងឺក្នុងសហគមន៍ថ្ងៃទី ២៨ ខែ វិច្ឆិកានោះ ដោយក្រសួងអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ នាំគ្នាមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក ប៉ុន្តែ មិនបានបញ្ជាក់លម្អិត ថាតើពួកគាត់ប៉ះពាល់នឹងអ្នកផ្ទុកជំងឺកូវីដ-១៩ ដោយរបៀបណានោះឡើយ។ ក្រសួងបានត្រឹមតែបញ្ជាក់ថា អ្នកពាក់ព័ន្ធមាននៅខេត្តចំនួន៧ និងក្រុងភ្នំពេញ។ ខេត្តទាំង ៧ នោះទៀតសោត ក្រសួងរាយឈ្មោះបានតែ ៦ គឺមានខេត្ត សៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង និងមណ្ឌលគិរី។ បាត់ខេត្តកំពង់ចាមមួយ ដែលទើបបែកធ្លាយដំណឹង ក្រោយរដ្ឋបាលខេត្តនេះ ចេញលិខិតបំភ្លឺ រឿងបែកធ្លាយឯកសារអំពីអ្នកជំងឺកូវីដ-១៩ ចំនួន ៦នាក់ ដែលបានទៅលេងបងប្អូន នៅស្រុកព្រៃឈរ កាលពីថ្ងៃទី២៤-២៥ ខែ វិច្ឆិកា គឺបីថ្ងៃ មុនក្រសួងសុខាភិបាលរកឃើញថា ពួកគាត់មានផ្ទុកជំងឺនេះ។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីមន្ត្រីនាំពាក្យក្រសួងសុខាភិបាលជុំវិញរឿងនេះជាច្រើនលើកច្រើនសា ប៉ុន្តែមិនបានចម្លើយចំសំណួរនោះទេ។
ភាពខ្វះព័ត៌មាន ខ្វះភាពស្មោះត្រង់ និងខ្វះសេចក្តីក្លាហាន ក្នុងការហ៊ាននិយាយការពិត ជុំវិញស្ថានភាពនៃជំងឺនេះ គឺមិនអាចជួយអ្វីបានដល់វិធានការបង្ការនោះទេ។ លោក ហ៊ុន សែន ស្តីបន្ទោសអ្នកឆ្លើយមិនពិត និងស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ហ៊ាននិយាយការពិត៖ «សុំឲ្យមានការស្មោះត្រង់ ឆ្លើយឲ្យត្រង់ៗ ពេលវេលានេះ គឺជាពេលវេលាចាំបាច់បំផុត ដែលត្រូវតែត្រូវការបំភ្លឺ ឲ្យបានច្បាស់លាស់ គឺមិនអាចប្រើវិធីតាមបែបចង់ឆ្លើយក៏ឆ្លើយ មិនចង់ឆ្លើយក៏ហី»។
តាំងពីផ្ទុះករណីរីករាលដាលជាសាកលនៃជំងឺផ្លូវដង្ហើមនេះមក កម្ពុជាទើបតែមានករណីចម្លងសហគមន៍ជាលើកដំបូង កាលពីថ្ងៃទី២៨ ខែវិច្ឆិកានោះ។ ទោះជាមានករណីធ្ងន់ធ្ងរបែបនេះក្តី កម្ពុជាមិនទាន់ប្រកាសបិទខេត្ត ក្រុង ឬប្រទេសនៅឡើយទេ គ្រាន់តែកែសម្រួលវិធានការបង្ការខ្លះប៉ុណ្ណោះ៕
2 comments:
ចុះយួនមិនព្រមរើតង់ បែជាសង់សំណង់រឹងតាមទល់ដែន
តើមកពីអ្វីដែរ ហ៊ុន សែន បុរសសង្ហារដើរបញ្ច្រាសទិស?
What happens Ah Norouk 31st February Hun Sen ?
Could it be the news of Mu Soch Huor's return to Cambodia trigger the COVID 19 ?
You (Ah Kwak Hun Sen ) have emulated so many tricks from your evil master Yuon. You are so cheap, cheaper than shit.
Post a Comment