Sunday 6 December 2020

លោក ហ៊ុន សែន ថា ការ​ផ្ទុះ​ជំងឺ​កូវីដ​-១៩ ក្នុង​សហគមន៍ មកពី​ធ្វើ​ចត្តាឡីស័ក​មិន​គ្រប់​ថ្ងៃ​កំណត់


ដោយ មួង​ ណារ៉េត
2020-12-05

លោក ហ៊ុន សែន ថា ការ​ផ្ទុះ​ជំងឺ​កូវីដ​-១៩ ក្នុង​សហគមន៍ មកពី​ធ្វើ​ចត្តាឡីស័ក​មិន​គ្រប់​ថ្ងៃ​កំណត់
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូប​ពីហ្វេសប៊ុក​លោក ហ៊ុន សែន


 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អ្នក​យល់ព្រម​ពី​ដំបូង ឲ្យ​អ្នកដំណើរ​ពី​ក្រៅ​ប្រទេស ធ្វើ​ចត្តាឡីស័ក​តែ ២ ថ្ងៃ ស្រាប់តែ​នៅ​ពេល​នេះ អះអាង​ថា ករណី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ គឺ​បណ្តាល​មក​ពី​ការ​ធ្វើ​ចត្តាឡឺស័ក​មិន​គ្រប់​ថ្ងៃ​កំណត់​នេះឯង។

លោក ហ៊ុន សែន ដែល​មាន​រហ្សនាម​ថា​ជា​បុរស​សង្ហារ​ដើរ​បញ្ច្រាស​ទិស កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ បាន​ថ្លែង​តាមរយៈ​សារ​សំឡេង ទំនងជា​ធ្វើ​ពី​គេហដ្ឋាន​របស់​លោក ថា​តាម​ការ​ប៉ាន់ស្មាន​របស់​អ្នកបច្ចេកទេស និង​ការ​កត់សម្គាល់​របស់​លោក គឺ​កត្តា​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​មិន​គ្រប់គ្រាន់ សម្រាប់​ជនបរទេស​មួយ​ចំនួន​នោះ​ឯង ដែល​អាច​បណ្ដាល​ឲ្យ​ផ្ទុះ​ជំងឺឆ្លង​ក្នុង​សហគមន៍​បែបនេះ​។ លោក​ថា ជនបរទេស ដែល​ក្រសួង​ឲ្យ​ធ្វើ​ចត្តាឡីស័ក​តែ​រយៈពេល​ខ្លី​បំផុត​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​លោក ឆែម សាវុធ និង​គ្រួសារ​របស់​លោក ឆែម សាវុធ ដែល​ភាគ​ច្រើន មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ តាំងពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នោះ៖ «បន្ទាប់ពី​យើង​បាន​បន្ធូរបន្ថយ ឲ្យ​មក​អ្នកបច្ចេកទេស អ្នកសេដ្ឋកិច្ច អ្នកធ្វើ​ធុរកិច្ច ម្ចាស់​ក្រុមហ៊ុន ធ្វើ​ចត្តាឡីស័ក​ត្រឹមតែ ២​ថ្ងៃ​។ ដូច្នេះ វា​បាន​ធ្លាយ​ទៅដល់​ការ​បង្កើត​ឡើង​នូវ​ជំងឺ​នៅ​ក្នុង​សហគមន៍ ដែល​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត»។


កន្លងមក​ក្រសួង​សុខាភិបាល តាម​ការ​ឯកភាព​របស់​លោក ហ៊ុន សែន បាន​បន្ធូរបន្ថយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទូទៅ នៅ​ក្នុង​យន្តហោះ ដែល​គ្មាន​អ្នក​ផ្ទុក​ជំងឺ​នេះ រួម​ទាំង​ជនបរទេស​មួយ​ចំនួន ដូចជា​អ្នក​ជំនាញ​បច្ចេកទេស អ្នកមាន​បេសកកម្ម​ធុរកិច្ច និង​ម្ចាស់​ក្រុមហ៊ុន​ជាដើម ធ្វើ​ចត្តាឡឺស័ក​ត្រឹមតែ ២ ថ្ងៃ​ប៉ុណ្ណោះ។

ការធ្វើ​ចត្តាឡឺស័ក​ត្រឹមតែ ២​ថ្ងៃ ចំពោះ​អ្នកដំណើរ​មក​ពី​ក្រៅ​ប្រទេស បើ​ទោះ​បី​ជា​អ្នក​ទាំងនោះ មាន​សំបុត្រ​ពេទ្យ​មុន​ធ្វើដំណើរ ៧២ ម៉ោង បញ្ជាក់​ថា គ្មាន​ជំងឺ​នេះ និង​ធ្វើតេស្ត​ថា​គ្មាន​ជំងឺ​នេះ ក្នុង​ពេល​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ដំបូង​ក៏ដោយ បើ​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក គេ​មិន​អាច​រក​ឃើញ​ជំងឺ​នេះ ក្នុង​រយៈពេល​ខ្លី​បែបនេះ​ទេ ពោល​គឺ​ជំងឺ​កូវីដ​-១៩ នេះ​អាច​លាក់ខ្លួន​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​រហូតដល់ ១៤ ថ្ងៃ ឯណោះ។

កម្ពុជា​ខ្លួនឯង ក៏​មាន​ករណី​ជាច្រើន ដែល​អ្នកធ្វើ​ចត្តាឡីស័ក ទាល់តែ​ថ្ងៃ​ទី១៣ នៃ​រយៈពេល​ធ្វើ​ច​ត្តាឡីស័ក​នេះ ទើប​ធ្វើតេស្ត​រក​ឃើញ​ជំងឺ​នេះ​។ ជាក់ស្ដែង ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី៤ ខែធ្នូ បាន​រក​ឃើញ​អ្នក​ដំណើរ​មកពី​សហរដ្ឋ​អាមេរិក ៣​នាក់ ឆ្លង​ជំងឺ​កូវីដ​-១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​ពីរ នៅ​ថ្ងៃ​ទី១៣ នៃ​ចត្តាឡីស័ក។

ព្រឹត្តិការណ៍​ថ្ងៃ​ទី៣ ខែវិច្ឆិកា ដែល​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ រួម​ទាំង​លោក ហ៊ុន សែន ផង នាំគ្នា​បំពាន​គោលការណ៍​សុវត្ថិភាព ដោយ​បបួលគ្នា​អត់​ពាក់​ម៉ាស់ មិន​រក្សា​គម្លាត និង​ចាប់ដៃ​គ្នា ដោយសារ​ជឿជាក់​លើ​វិញ្ញាបនបត្រ​ពេទ្យ​មួយ​សន្លឹក​ថា គណៈប្រតិភូ​ហុង​គ្រី គ្មាន​ជំងឺ​នេះ ៧២ម៉ោង​មុន​មក​កម្ពុជា ធ្វើ​ឲ្យ​មនុស្ស​បួន​នាក់​នៅ​កម្ពុជា​ឆ្លង​ជំងឺ​នេះ និង​មាន​មនុស្ស​រាប់​ពាន់​នាក់ ត្រូវ​ធ្វើ​តេស្ត និង​ធ្វើ​ចត្តាឡីស័ក។ ព្រឹត្តិការណ៍​នោះ ត្រូវ​បាន​លោក ហ៊ុន សែន ប្រកាស​ឲ្យ​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​មែន ប៉ុន្តែ​មាន​មន្ត្រី​របប​នេះ​ជាច្រើន បាន​បំពាន​គោលការណ៍​ចត្តាឡីស័ក ដោយ​អ្នកខ្លះ​បាន​ចុះទៅ​មូលដ្ឋាន ជួប​ពលរដ្ឋ​តាម​ភូមិ។

បី​ថ្ងៃ​ក្រោយ​មក គឺ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នោះ ស្រាប់តែ​ផ្ទុះ​ករណី​ចម្លង​ក្នុង​សហគមន៍​។ ពលរដ្ឋ​សង្ស័យ​ថា ករណី​ចម្លង​ក្នុង​សហគមន៍​នោះ អាច​បណ្តាល​មក​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី៣ វិច្ឆិកា​នោះ ប៉ុន្តែ​ក្រសួង​សុខាភិបាល អះអាង​កាល​ពី​ថ្ងៃ​ទី៣ ធ្នូ ថាបើ​តាម​លទ្ធផល​សិក្សា​វត្ថុ​សំណាក​អ្នកជំងឺ បង្ហាញ​ថា មិន​មាន​ការទាក់ទង​គ្នា​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី៣ វិច្ឆិកា​នោះ​ទេ​។ ប៉ុន្តែ ក្រសួង​បន្ថែម​ថា ក្រុមការងារ​កំពុង​ស្រាវជ្រាវ​បន្ថែម អំពី​ប្រភព​ចម្លង​ជំងឺ​កូ​វីដ​-១៩ ដែល​បណ្ដាល​ឲ្យ​ផ្ទុះ​ករណី​ចម្លង​ក្នុង​សហគមន៍​កាលពី​ថ្ងៃ​ទី២៨ ខែ វិច្ឆិកា​នោះ។

ប្រហែល​អាច​មក​ពី​បទ​ពិសោធន៍​ថ្លោះធ្លោយ​ម្តង​ជា​ពីរ​ដង​នេះ​ហើយ ទើប​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី៤ ខែ ធ្នូ កំណត់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មកពី​ក្រៅ​ប្រទេស​ទាំងអស់ ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ ពេល​មក​ដល់​ប្រទេស​កម្ពុជា មិន​ថា​ពួកគាត់​មាន ឬ​គ្មាន​ជំងឺ​កូវីដ​-១៩​។ វិធានការ​ថ្មី​នេះ នឹង​ត្រូវ​អនុវត្ត ចាប់ពី​ថ្ងៃទី១២ ខែ​ធ្នូ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្រសួង​ក៏បាន​សម្រេច​បង្ហាញ​អត្តសញ្ញាណ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ទាំងអស់ ដោយ​ក្រសួង​អះអាង ថា​ធ្វើ​ដូច្នេះ​ដើម្បី​ងាយស្រួល​រក​អ្នក​ពាក់ព័ន្ធ ឲ្យ​បាន​ឆាប់រហ័ស​។ ក្រសួង​នឹង​ប្រកាស​អត្តសញ្ញាណ​នេះ នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​។​

កន្លងមក​ក្រសួងសុខាភិបាល រង​ការ​រិះគន់​ថា មិនបាន​ផ្តល់​ដំណឹង​ឲ្យ​បាន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល នៅ​ក្នុង​ព្រឹត្តិការណ៍​ចម្លង​ជំងឺ​ក្នុង​សហគមន៍​ថ្ងៃទី ២៨ ខែ វិច្ឆិកា​នោះ ដោយ​ក្រសួង​អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ នាំគ្នា​មក​ធ្វើតេស្ត និង​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ មិន​បាន​បញ្ជាក់​លម្អិត ថា​តើ​ពួកគាត់​ប៉ះពាល់​នឹង​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ដោយ​របៀប​ណា​នោះ​ឡើយ​។ ក្រសួង​បាន​ត្រឹមតែ​បញ្ជាក់​ថា អ្នក​ពាក់ព័ន្ធ​មាន​នៅ​ខេត្ត​ចំនួន​៧ និង​ក្រុងភ្នំពេញ​។ ខេត្ត​ទាំង ៧ នោះ​ទៀតសោត ក្រសួង​រាយ​ឈ្មោះ​បានតែ ៦ គឺ​មាន​ខេត្ត សៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង និង​មណ្ឌលគិរី​។ បាត់​ខេត្ត​កំពង់ចាម​មួយ ដែល​ទើប​បែក​ធ្លាយ​ដំណឹង ក្រោយ​រដ្ឋបាល​ខេត្ត​នេះ ចេញ​លិខិត​បំភ្លឺ រឿង​បែក​ធ្លាយ​ឯកសារ​អំពី​អ្នកជំងឺ​កូវីដ​-១៩ ចំនួន ៦នាក់ ដែល​បាន​ទៅលេង​បងប្អូន នៅ​ស្រុក​ព្រៃឈរ កាលពី​ថ្ងៃ​ទី២៤-២៥ ខែ វិច្ឆិកា គឺ​បី​ថ្ងៃ មុន​ក្រសួង​សុខាភិបាល​រក​ឃើញ​ថា ពួកគាត់​មាន​ផ្ទុក​ជំងឺ​នេះ​។​

អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ជុំវិញ​រឿង​នេះ​ជាច្រើនលើក​ច្រើន​សា ប៉ុន្តែ​មិន​បាន​ចម្លើយ​ចំ​សំណួរ​នោះ​ទេ។

ភាព​ខ្វះ​ព័ត៌មាន ខ្វះ​ភាព​ស្មោះត្រង់ និង​ខ្វះ​សេចក្តី​ក្លាហាន ក្នុង​ការ​ហ៊ាន​និយាយ​ការពិត ជុំវិញ​ស្ថានភាព​នៃ​ជំងឺ​នេះ គឺ​មិន​អាច​ជួយ​អ្វី​បាន​ដល់​វិធានការ​បង្ការ​នោះ​ទេ​។ លោក ហ៊ុន សែន ស្តី​បន្ទោស​អ្នក​ឆ្លើយ​មិន​ពិត និង​ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ហ៊ាន​និយាយ​ការពិត៖ «សុំ​ឲ្យ​មានការ​ស្មោះត្រង់ ឆ្លើយ​ឲ្យ​ត្រង់ៗ​ ពេលវេលា​នេះ គឺជា​ពេលវេលា​ចាំបាច់​បំផុត ដែល​ត្រូវតែ​ត្រូវ​ការ​បំភ្លឺ ឲ្យ​បាន​ច្បាស់លាស់ គឺ​មិន​អាច​ប្រើ​វិធី​តាម​បែប​ចង់​ឆ្លើយ​ក៏​ឆ្លើយ មិន​ចង់​ឆ្លើយ​ក៏​ហី»។

តាំងពី​ផ្ទុះ​ករណី​រីករាលដាល​ជា​សាកល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​មក កម្ពុជា​ទើបតែ​មាន​ករណី​ចម្លង​សហគមន៍​ជា​លើកដំបូង កាលពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នោះ​។ ទោះជា​មាន​ករណី​ធ្ងន់ធ្ងរ​បែបនេះ​ក្តី កម្ពុជា​មិន​ទាន់​ប្រកាស​បិទ​ខេត្ត ក្រុង ឬ​ប្រទេស​នៅ​ឡើយ​ទេ គ្រាន់តែ​កែសម្រួល​វិធានការ​បង្ការ​ខ្លះ​ប៉ុណ្ណោះ៕

2 comments:

Anonymous said...



ចុះយួនមិនព្រមរើតង់ បែជាសង់សំណង់រឹងតាមទល់ដែន
តើមកពីអ្វីដែរ ហ៊ុន សែន ​បុរស​សង្ហារ​ដើរ​បញ្ច្រាស​ទិស?


Anonymous said...

What happens Ah Norouk 31st February Hun Sen ?

Could it be the news of Mu Soch Huor's return to Cambodia trigger the COVID 19 ?

You (Ah Kwak Hun Sen ) have emulated so many tricks from your evil master Yuon. You are so cheap, cheaper than shit.