ដោយ ទីន ហ្សាការីយ៉ា
2020-12-07
អ្នកវិភាគថា ការចង់ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ជាការផ្ទេរអំណាចតវង្សត្រកូលជាងទប់ស្កាត់កូវីដ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបពិហ្វេសប៊ុកលោក ហ៊ុន សែន
ក្រុមអ្នកវិភាគលើកឡើងថា លោកហ៊ុន សែន ប្រកាសចង់ប្រើប្រាស់ច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្ន ទំនងជាហេតុផលនយោបាយច្រើនជាង ការទប់ស្កាត់ជំងឺកូវីដ១៩។
អ្នកវិភាគយល់ថា ក្នុងស្ថានភាពបែបនេះ របបលោក ហ៊ុន សែន គួរតែផ្តល់តួនាទីឲ្យអ្នកជំនាញឬក្រសួងសុខាភិបាលទទួលខុសត្រូវឲ្យបានច្រើន ក្នុងការពន្យល់ឲ្យបានច្បាស់លាស់អំពីការរាតត្បាតជំងឺកូវីដ១៩នេះ។
ក្រុមអ្នកវិភាគនិងអ្នកតាមដានស្ថានការណ៍នយោបាយជំរុញឲ្យមេដឹកនាំរបបក្រុងភ្នំពេញ កុំយករឿងនយោបាយមកលាយឡំនឹងរឿងជំងឺកូវីដ១៩។
ទីប្រឹក្សាអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ជំងឺកូវីដ១៩ កំពុងរាតត្បាតនៅកម្ពុជានៅពេលនេះ មិនទាន់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលចាំបាច់ត្រូវប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នឡើយ។ លោក គល់ បញ្ញា លើកឡើងថា លោក ហ៊ុន សែន ប្រកាសចង់ដាក់ប្រទេសនៅក្នុងភាពអាសន្ននេះ មិនមែនជាហេតុផលតែម្យ៉ាងដើម្បីចង់ទប់ស្កាត់ជំងឺកូវីដ១៩នោះទេ៖ «ព្រឹត្តិការណ៍ដែលកើតឡើងហ្នឹង ពាក់ព័ន្ធនឹងរឿងនយោបាយ អ្នកនយោបាយមិនមែនមិនឲ្យពាក់ព័ន្ធទេ តែអ្នកនយោបាយគួរតែឲ្យអ្នកឯកទេសគេធ្វើការ ហើយអ្នកឯកទេសមិនទាន់វាយតម្លៃអីផង អ្នកនយោបាយក៏មិនគួរប្រកាសណាមួយមុនអ្នកឯកទេសវាយតម្លៃរឿងជំងឺកូវីដ១៩នេះដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ថ្មីៗនេះ ថាជាព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍កូវីដឆ្លងចូលសហគមន៍ ២៨ វិច្ឆិកា។ លោកកំពុងតែព្រួយបារម្ភអំពីការរីកដាលជំងឺនេះកាន់តែធ្ងន់ធ្ងរនៅពេលខាងមុខ។
លោក ហ៊ុន សែន ឲ្យដឹងថា លោកបានត្រៀមព្រះរាជក្រឹត្យ សារលិខិតសម្រាប់ថ្វាយព្រះមហាក្សត្រ និងលិខិតដាក់ទៅប្រធានរដ្ឋសភា និងព្រឹទ្ធសភារួចហើយ ដើម្បីស្នើសុំដាក់ប្រទេសនៅក្នុងភាពអាសន្ន៖ «ពិតមែនហើយ ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសនៅក្នុងភាពអាសន្ន និងអនុក្រឹត្យដាក់ប្រធានសភា ព្រឹទ្ធសភា តែខ្ញុំមិនចង់ឈានដល់ចំណុចនេះដែរ ព្រោះវាបំផ្លាញសេដ្ឋកិច្ច»។
ទាក់ទងនិងបញ្ហានេះ លោក គល់ បញ្ញា មានប្រសាសន៍ថា មានប្រទេសមួយចំនួននៅលើពិភពលោកនេះ គេប្រើប្រាស់ច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្នដែរ ប៉ុន្តែប្រទេសទាំងនោះរដ្ឋាភិបាលគេជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩នេះ៖ «មានតែ២២ឬ២៣ប្រទេស ដែលអាចប្រើច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្ន តែរដ្ឋាភិបាលគេ គេប្រើដោយប្រុងប្រយ័ត្នដែរ ហើយគេមានថវិកាជាតិសម្រាប់ជួយដល់ពលរដ្ឋទាំងអ្នកក្រ ទាំងអ្នកបាត់បង់ការងារ រដ្ឋាភិបាលជាអ្នកចេញសង។ តែប្រទេសគេទំហំដែលគេអាចប្រើច្បាប់នេះ គឺវាធំពេកវាឆ្លងច្រើនពេក សម្រាប់កម្ពុជាវិញមិនទាន់ដល់កម្រិតនេះនៅឡើយទេ»។
វិបត្តិជំងឺកូវីដ១៩បានផ្ទុះឡើងនៅកម្ពុជាមិនខុសពីប្រទេសផ្សេងៗនៅលើពិភពលោកឡើយ ក៏ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអះអាងថា ជំងឺកូវីដ១៩នេះ រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ពលរដ្ឋដោយស្មើភាពឡើយ។ ពលរដ្ឋខ្លះទៀត ជំពាក់បំណុលធនាគារ និងខ្វះស្បៀងជាដើម។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី មានប្រសាសន៍ថា ពលរដ្ឋ និងអ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រឈមកំពុងប្រឈមនឹងបញ្ហាលំបាក។ លោកបន្ថែមថា សព្វថ្ងៃនេះ ទោះជារដ្ឋាភិបាលមិនទាន់ប្រើប្រាស់ប្រទេសនៅក្នុងភាពអាសន្នក្ដី តែអាជ្ញាធរតាមដាននិងគាបសង្កត់ក្រុមអ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងពេលពួកគាត់កំពុងប្រឈមនឹងបញ្ហាលំបាកផ្នែកជីវភាពនោះ៖ «កាន់តែធ្ងន់ទៅ បើសិនជាប្រកាសប្រើច្បាប់នេះ ហើយឥលូវនេះបិទច្រកព្រំដែន គឺយើងលំបាកខ្លាំងណាស់ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មករប្រាក់ចំណូលរបស់គាត់គឺចំណុចសូន្យតែម្ដង។ បើការដាក់ច្បាប់ប្រទេសនៅក្នុងភាពអាសន្ន រដ្ឋាភិបាលដាក់ទៅ តែត្រូវជួយដល់កម្មករផង កុំចែកតាមបក្សតាមពួក ព្រោះកម្មករធ្លាក់ខ្លួនដើររើសអេតចាយ និងដើរបេះត្រកួនដើម្បីជីវភាពប្រចាំថ្ងៃ»។
ច្បាប់ស្ដីពីដាក់ប្រទេសនៅក្នុងភាពអាសន្ន ត្រូវបានសភាឯកបក្សអនុម័តយ៉ាងប្រញាប់ប្រញាល់ដ៏ចម្រូងចម្រាសកាលពីខែមេសាឆ្នាំ២០២០។ អ្នកវិភាគបានលើកឡើងថា រដ្ឋាភិបាលធ្វើច្បាប់នេះឡើង ទុកជាឧបករណ៍នយោបាយរបស់ខ្លួនទុកប្រើប្រាស់ក្នុងពេលចាំបាច់ណាមួយ ដើម្បីបម្រើនយោបាយរបស់ខ្លួន។
ខ្លឹមសារច្បាប់ស្ដីពីប្រទេសនៅក្នុងភាពមានអាសន្ន ជាច្បាប់មួយដែលអ្នកវិភាគ និងសង្គមស៊ីវិលអះអាងថា ជាច្បាប់បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទាំងស្រុង ហើយអំណាចទាំងអស់ស្ថិតនៅក្នុងកណ្ដាប់ដៃរដ្ឋាភិបាល។ មាត្រា៥ ក្នុងកថាខណ្ឌចុងក្រោយចែងថា៖ «ក្នុងពេលសង្គ្រាម ឬក្នុងកាលៈទេសៈដទៃទៀត ដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរាជរដ្ឋាភិបាលឬលោក ហ៊ុន សែន អាចធ្វើឡើងតាមរបបអាជ្ញាសឹក»។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត សេង សារីមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ច្បាប់ដាក់ប្រទេសនៅក្នុងភាពអាសន្ននៅពេលនេះ មានផលហេតុនយោបាយជាច្រើនទៀត ក្រៅពីការទប់ស្កាត់ជំងឺកូវីដ១៩នេះ។ លោកបន្ថែមថា ការចង់ដាក់ប្រទេសនៅក្នុងភាពអាសន្ននេះ នៅស្របពេលបក្សប្រឆាំងវិលចូលស្រុក និងជាការចង់ទាញយកវិបត្តិកូវីដនេះទៅជាប្រយោជន៍នយោបាយ៖ «អាចជាយុទ្ធសាស្ត្របង្ហាញពីរបត់នយោបាយថ្មីនិងធំមួយនៅដើមឆ្នាំ២០២១ ដូច្នេះឱកាសប្រើប្រាស់កូវីដដើម្បីជាប្រយោជន៍នយោបាយក៏ជិតផុតទៅហើយដែរ ដោយសារតែមានវ៉ាក់សាំង ហើយអ្នកនយោបាយប្រើប្រាស់វិបត្តិនេះក៏មិនមែនជារឿងមិនតូចដែរ ហើយឱកាសទាញយកប្រយោជន៍ពីជំងឺកូវីដ១៩ក៏ជិតផុតទៅដែរ»។
អ្នកវិភាគលើកឡើងថា ជំងឺកូវីដ១៩ បានផ្ទុះឡើងនៅពេលនេះ ជាពេលវេលាសមស្រប ដែលលោក ហ៊ុន សែន យកមកធ្វើជាហេតុផលគ្រប់គ្រាន់ ក្នុងការប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្ន។ អ្នកវិភាគពន្យល់ថា លោក ហ៊ុន សែន អាចនឹងប្រកាសប្រើច្បាប់នេះនៅពេលឆាប់ៗនេះ ក្នុងគោលបំណង ដើម្បីសម្រេចគោលបំណងធំរបស់លោក ក្នុងការផ្ទេរអំណាចឲ្យកូនចៅតវង្សត្រកូល ក្នុងកាលៈទេសៈសមស្របណាមួយ ដោយយកច្បាប់នេះ “ជាឧបករណ៍ ដើម្បីប្រើកម្លាំងបាយស្របច្បាប់ បើសិនជាមានអ្នកហ៊ានងើបជំទាស់“៕
1 comment:
What happens to Ah Norouk 31st February Hun Sen ?
Could it be the news of Mu Soch Huor's return to Cambodia trigger the COVID 19 ?
You (Ah Kwak Hun Sen ) have emulated so many tricks from your evil master Yuon. You are so cheap, cheaper than shit.
Post a Comment